មន្ទីរ​ធម្មការ​និង​អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​ចាប់​ព្រះសង្ឃ​៣​អង្គ​ផ្សឹក​ដោយ​បង្ខំ

ដោយ ហង្ស សាវយុត
2015-01-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ ៣​អង្គ គង់នៅ​វត្ត​ធម្មសណ្ដោសពុទ្ធវិន័យ ក្រុង​សំរោង ដែល​អាជ្ញាធរ​ចាប់​ផ្សឹក​ដោយ​បង្ខំ នាំ​គ្នា​ទៅ​លុត​ជង្គង់​នៅ​មុខ​ផ្ទះ​អភិបាល​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ទាមទារ​រក​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​២៦ មករា ឆ្នាំ២០១៥។
ព្រះសង្ឃ ៣​អង្គ គង់នៅ​វត្ត​ធម្មសណ្ដោសពុទ្ធវិន័យ ក្រុង​សំរោង ដែល​អាជ្ញាធរ​ចាប់​ផ្សឹក​ដោយ​បង្ខំ នាំ​គ្នា​ទៅ​លុត​ជង្គង់​នៅ​មុខ​ផ្ទះ​អភិបាល​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ទាមទារ​រក​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​២៦ មករា ឆ្នាំ២០១៥។
Provided Photo

កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ព្រមទាំង​មន្ទីរ​ធម្មការ​និង​សាសនា បាន​រួម​គ្នា​ចាប់​ព្រះសង្ឃ​គណៈ​ធម្មយុត្ត​ចំនួន ៣​អង្គ ដែល​គង់នៅ​វត្ត​ធម្មសណ្ដោសពុទ្ធវិន័យ ហៅ​វត្ត​ធម្មយុត្ត ផ្សឹក​ដោយ​បង្ខំ។

ចាប់​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​មករា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ ក្រុម​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ទៀត​ដែល​គង់​នៅ​វត្ត​ធម្មយុត្ត​នោះ បាន​លើក​គ្នា​និមន្ត​ទៅ​គង់​នៅ​មុខ​ផ្ទះ​អភិបាល​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ទាមទារ​ឱ្យ​ផ្ដល់​យុត្តិធម៌​ត្រឹមត្រូវ​ក្នុង​ការ​ចាប់​ព្រះសង្ឃ​ផ្សឹក​ដោយ​បង្ខំ​នោះ។

ព្រះសង្ឃ​គណៈ​ធម្មយុត្ត​ចំនួន ៣​អង្គ ដែល​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ឧត្តរមានជ័យ ចាប់​ផ្សឹក​ដោយ​បង្ខំ កំពុង​បង្ហាញ​ការ​មិន​សុខចិត្ត ហើយ​ថា អាជ្ញាធរ​ដែល​ប្រើ​អំណាច​គ្រហស្ថ​ទៅ​ផ្សឹក​ព្រះសង្ឃ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ពុទ្ធបញ្ញត្តិ​ឡើយ។

​ព្រះសង្ឃ​ទាំង ៣​អង្គ​នោះ បាន​ចោទ​ប្រកាន់​ថា ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា ខេត្ត​ឧត្តរមានជ័យ ថា បាន​បង្កើត​រឿងរ៉ាវ​ជា​ច្រើន ហើយ​ធ្វើ​របាយការណ៍​មិន​ត្រឹមត្រូវ ពិតទូល​ទៅ​មន្ត្រី​សង្ឃ​ថ្នាក់​លើ បាន​ជា​មាន​ការ​បញ្ជា​ឱ្យ​ចាប់​ព្រះសង្ឃ​ផ្សឹក​ដោយ​បង្ខំ​យ៉ាង​ដូច្នេះ។

ភិក្ខុ​ព្រះនាម អ៊ុំ វិចិត្រ គឺ​ជា​ព្រះចៅ​អធិការ​ស្ដីទី​នៃ​វត្ត​ធម្មយុត្ត នៅ​ភូមិ​គោកគ សង្កាត់​សំរោង ក្នុង​ចំណោម​ភិក្ខុ ២​អង្គ​ទៀត ដែល​អាជ្ញាធរ​និង​មន្ទីរ​ធម្មការ​ចាប់​ផ្សឹក​ដោយ​បង្ខំ​នោះ។ ព្រះអង្គ​មាន​ថេរដីកា​កាល​ពី​រាត្រី​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​មករា ថា ព្រះអង្គ​ចង់​បាន​យុត្តិធម៌​ត្រឹមត្រូវ​ជុំវិញ​រឿង​អាជ្ញាធរ​ចាប់​បង្ខំ​ព្រះអង្គ និង​ភិក្ខុ ២​អង្គ​ទៀត​ផ្សឹក​នោះ។

ព្រះ​ភិក្ខុ​អះអាង​ថា ព្រះអង្គ​និង​ព្រះសង្ឃ ២​អង្គ​ទៀត មិន​មាន​កំហុស​អ្វី​ទាល់តែសោះ៖ «តា តឿ ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ហ្នឹង​គាត់​បង្ខូច​ឈ្មោះ​លោក ទៅ​លើ​ឱ្យ​គេ​ចេញ​ដីកា​ពី​លើ​មក​ផ្សឹក​ចេញ តា តឿ អ្នក​ផ្សឹក​ខ្លួន​ឯង។ លោក​មួយ​គ្រាន់តែ​បញ្ចេញមតិ និយាយ​ថា លោក​ឪ លោក​ចាស់​ហើយ​អត់​មាន​កម្លាំង​គ្រប់គ្រង​ទេ ប៉ុណ្ណឹង​គេ​ចាប់​លោក​ផ្សឹក​ដោយ​អត់​មាន​មូលហេតុ​ដែរ»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ឧត្តរមានជ័យ បាន​ចាប់​ផ្សឹក​ព្រះសង្ឃ​គណៈ​ធម្មយុត្ត​ចំនួន ៣​អង្គ ព្រះ​នាម អ៊ុំ វិចិត្រ ព្រះនាម ឡា ហួរ និង ឃុន ឆេ។

មហាជន​ខ្លះ​ដែល​ឃើញ​ក្រុម​ព្រះសង្ឃ​លើក​គ្នា​តវ៉ា បាន​រិះគន់​អាជ្ញាធរ​ថា គឺ​ជា​រឿង​ដែល​មិន​សម​ហេតុផល​មួយ​ដែល​អាជ្ញាធរ​បំពាន​ទៅ​លើ​ព្រះពុទ្ធ​សាសនា ក៏ប៉ុន្តែ​មន្ត្រី​មន្ទីរ​ធម្មការ និង​សាសនា​វិញ បញ្ជាក់​ថា ការ​ចាប់​ផ្សឹក​ព្រះសង្ឃ​ទាំង​នោះ គឺ​ធ្វើ​ឡើង​តាម​វិន័យ​ត្រឹមត្រូវ។

ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ឧត្តរមានជ័យ លោក ឈឹម តឿ មាន​ប្រសាសន៍​ថា ការ​ចាប់​ផ្សឹក​ព្រះសង្ឃ​នោះ គឺ​អនុវត្ត​ទៅតាម​ដីកា​របស់​គណៈ​សង្ឃ​នាយក​រង និង​ជា​ព្រះប្រធាន​ថេរសភា​ព្រះពុទ្ធសាសនា​គណៈ​ធម្មយុត្ត។

មន្ទីរ​ធម្មការ​មិន​បាន​ប្រើ​អំណាច​ទេ គឺ​មាន​មន្ត្រី​សង្ឃ​និង​ព្រះ​មេគណៈ គង់​នៅ​ជា​អធិបតី​ដើម្បី​ផ្សឹក ពីព្រោះ​ព្រះសង្ឃ​ទាំង​នោះ​បាន​ធ្វើ​ខុស​វិន័យ​ដោយ​បង្ក​បញ្ហា​ជា​ច្រើន៖ «មិន​គោរព​គោលការណ៍​ដឹក​នាំ​របស់​គណៈ​សង្ឃ​នាយក និង​មើលងាយ​ស្ថាប័ន​គណៈ​សង្ឃ​នាយក​ព្រះ​ថេរសភា ព្រះពុទ្ធ​សាសនា គណៈ​ធម្មយុត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ មិន​មែន​ជា​ព្រះសង្ឃ​ស្រែ​បុណ្យ​ទេ»

​អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ឱ្យ​ដឹង​ថា បញ្ហា​ចាប់​ផ្សឹក​ព្រះសង្ឃ​នោះ គឺ​បណ្ដាល​មក​ពី​ទំនាស់​រវាង​ព្រះសង្ឃ​១​ក្រុម​និង​គណៈកម្មការ​អាចារ្យ។ លោក ស្រី ណារ៉េន បញ្ជាក់​ថា កាល​ពី​ជាង ១​ខែ​មុន​លោក​ធ្លាប់​ទទួល​បណ្ដឹង​ជុំវិញ​រឿង​ព្រះចៅ​អធិការ​វត្ត​ស្ដីទី​គ្រប់គ្រង​លុយកាក់​ដោយ​ខ្លួន​ឯង និង​ការ​គ្រប់គ្រង​ពុំ​មាន​តម្លាភាព​ហើយ​បាត់​ប្រាក់ និង​របស់​ខ្លះ​ទៀត។ ការ​បាត់​លុយ​កាក់​នោះ​បណ្ដាល​ឱ្យ​ព្រះចៅ​អធិការ​ស្ដីទី ប្ដឹង​គណៈកម្មការ​វត្ត ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត ព្រម​ទាំង​ទំនាស់​ជាមួយ​ដូនជី​តាជី​ផង។

លោក ស្រី ណារ៉េន បញ្ជាក់​ថា វត្ត​ធម្មយុត្ត​នៅ​ក្រុង​សំរោង​នោះ កាល​ពី​ចៅ​អធិការ​មុន ឈ្មោះ ភី គង់​នៅ​មិន​ដែល​មាន​ទំនាស់​ទេ ប៉ុន្តែ​បន្ទាប់​ពី​ចៅអធិការ​លាចាក​សិក្ខាបទ ហើយ​ចៅ​អធិការ​ស្ដីទី​ឡើង​មក​គ្រប់គ្រង​ថ្មី ក៏​មាន​ទំនាស់​ជាមួយ​គណៈកម្មការ​វត្ត​និង​ដូនជី តាជី​ជា​ហូរហែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល