អង្គការ​សង្គម​ស៊ីវិល​៣​ស្នើ​ឲ្យ​ក្រសួង​លើកលែង​ថ្លៃ​ផ្ញើ​កង់​នៅ​តាម​សាលារៀន​រដ្ឋ

ដោយ ចេង ម៉េងជូ
2015-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្ស​សាលា​ជិះ​កង់​ចេញ​ពី​សាលារៀន​មួយ នៅ​ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥។
សិស្ស​សាលា​ជិះ​កង់​ចេញ​ពី​សាលារៀន​មួយ នៅ​ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Chum Rasy

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ អំពាវនាវ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រម​ទាំង​ក្រសួង​អប់រំ​យុវជន និង​កីឡា ឲ្យ​ពិចារណា​លុបចោល​ទាំង​ស្រុង​នូវ​ថ្លៃ​ផ្ញើ​កង់​នៅ​តាម​សាលារៀន​រដ្ឋ ចាប់​ពី​ឆ្នាំ​២០១៦ ត​ទៅ ក្នុង​បំណង​សម្រាល​បន្ទុក​ចំណាយ​របស់​សិស្ស​និស្សិត​ក្រីក្រ។

នៅ​ក្នុង​សេចក្ដី​អំពាវនាវ​ចុះ​ថ្ងៃ​ទី​២២ ខែ​ធ្នូ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣ រួមមាន សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA-CAMBODIA) វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ (KIND) និង​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ស្នើ​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា រួម​ទាំង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិចារណា​ការ​លើកលែង​ថ្លៃ​ផ្ញើ​កង់​ដល់​សិស្ស និស្សិត​នៅ​តាម​សាលារៀន​របស់​រដ្ឋ​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ឆ្នាំ​២០១៦ ត​ទៅ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ លើក​ឡើង​ថា ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ដោយសារ​មើល​ឃើញ​ថា ការ​មិន​គិត​ថ្លៃ​ផ្ញើ​កង់​នៅ​តាម​សាលារៀន​រដ្ឋ​អាច​នឹង​ជួយ​កាត់​បន្ថយ​បន្ទុក​ចំណាយ​របស់​សិស្ស​និស្សិត​មក​ពី​គ្រួសារ​ក្រីក្រ ពិសេស​នៅ​តាម​ទី​ជនបទ​បាន​មួយ​កម្រិត៖ «មើល​ទៅ លុយ​វា​តិច ប៉ុន្តែ​កុំ​ភ្លេច​ថា អ្នក​ក្រ​នៅ​ស្រុក​យើង​ក៏​មាន​ចំនួន​ច្រើន​ដែរ ហើយ​កង់​គឺ​ជា​មធ្យោបាយ​មួយ​ដែល​ឲ្យ​គាត់​ទៅ​រៀន​អ៊ីចឹង ហើយ​អ្នក​ដែល​ជិះ​កង់ គឺ​ទី​មួយ​គាត់​មិន​សូវ​មាន​ធនធាន ហើយ​រដ្ឋ​មាន​មធ្យោបាយ​លើក​លែង​ពន្ធ​ច្រើន​ដែរ​កន្លង​មក។ អ៊ីចឹង​គួរ​តែ​លើកលែង​អា​ហ្នឹង​មួយ​ទៀត​ទៅ»

​ឆ្លើយតប​នឹង​ការ​អំពាវនាវ​នេះ អគ្គនាយក​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ហែល ចម្រើន មាន​ប្រសាសន៍​ថា ក្រសួង​បើក​ចំហ​ទទួល​យក​សេចក្ដី​ស្នើ​ពី​សាធារណជន​និង​អង្គការ​សង្គម​ស៊ីវិល។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ក្រសួង​មិន​អាច​ផ្ដល់​ចម្លើយ​ចំពោះ​សេចក្ដី​ស្នើ​របស់​អង្គការ​សង្គម​ស៊ីវិល​លើ​បញ្ហា​នេះ​បាន​ភ្លាមៗ​នោះ​ទេ។

​លោក ហែល ចម្រើន៖ «យើង​មិន​បិទ​ទេ ព្រោះ​ស្ថិត​នៅ​ក្នុង​ការ​ពិនិត្យ និង​ឆ្លើយតប​នានា​តាម​ការ​ជាក់ស្ដែង​នីមួយៗ ព្រោះ​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​យើង​រាល់​ថ្ងៃ យើង​កំពុង​គិត និង​កែ​លម្អ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ក្នុង​ហ្នឹង​គឺ​មាន​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ។ ចំណុច​ហ្នឹង​គឺ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ការ​គ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ ប៉ុន្តែ​រាល់​ការដែល​ដក​អី ដាក់​អី គិតគូរ​អី គឺ​ត្រូវ​គិត​ជា​ក្របខ័ណ្ឌ​រួម​សិន។ អ៊ីចឹង​មិន​អាច​ថា គ្រាន់តែ​ស្នើ​ភ្លាម​យើង​អាច​ឆ្លើយ​បាន​ភ្លាម យើង​ប្រហែល​ជា​មិនទាន់​អាច​ធ្វើ​បាន​លឿន​អ៊ីចឹង​ទេ មើល​ទៅ»

​ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សាលីន មាន​ប្រសាសន៍​ថា ការ​គិត​ថ្លៃ​ផ្ញើ​កង់​របស់​សិស្ស​និស្សិត​នៅ​តាម​សាលារៀន​រដ្ឋ គឺ​អាស្រ័យ​លើ​សាលារៀន​នីមួយៗ។ លោក​បាន​លើក​ករណី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​ឧទាហរណ៍៖ «ចំពោះ​ករណី​នេះ គឺ​សាលា​នីមួយៗ​តែម្ដង ព្រោះ​គាត់​ជា​អ្នក​មាន​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​ផ្ទាល់​នៅ​ក្នុង​ដំណើរការ​ប្រចាំថ្ងៃ។ ក្រសួង​អាច​ថា នៅ​ពេល​ដែល​សាលា​ផ្ទាល់​តែម្ដង​រៀបចំ​ពិនិត្យ​មើល​​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង ហើយ​មាន​ការ​ស្នើ​ច្បាស់លាស់​មួយ អា​ហ្នឹង​យើង​អាច​មាន​មូលដ្ឋាន​ការងារ​បន្ត​បាន។ សាលា​មួយ​ចំនួន ដូចជា​សាកលវិទ្យាល័យ​មួយ​ចំនួន​ហ្នឹង សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជាដើម មិន​បាន​យក​ប្រាក់​ឈ្នួល​ផ្ញើ​កង់​ទេ ប៉ុន្តែ​ម៉ូតូ ឡាន​បង់​ធម្មតា តែ​ករណី​កង់ គាត់​មិន​យក​ទេ»

​ក្នុង​ការ​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ រដ្ឋាភិបាល នៅ​ពេល​ថ្មីៗ​នេះ បាន​សម្រេច​លើក​លែង​ពន្ធ​ប្រចាំ​ឆ្នាំ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ជា​ទោចក្រយានយន្ត ឬ​ម៉ូតូ​ចាប់​ពី​ឆ្នាំ​២០១៦ ត​ទៅ និង​មិន​គិត​ថ្លៃ​ឆ្លង​ទូកដ​ពី​សិស្ស​និស្សិត​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពី ភ្នំំំពេញ

បាទត្រឹមត្រូវ ខ្ញុំសូមកោតសរសើរ ដែលជួយដល់់សិស្សក្រីក្រ វាថែមទាំងជួយអោយមានបរិស្ថានកាន់តែល្អ ខ្ញុំសូមគាំទ្រ អរគុណ

Dec 22, 2015 05:23 PM

គេហទំព័រ​ទាំងមូល