សមត្ថកិច្ច​ចាប់ខ្លួន​ជនជាតិ​ចិន ៣​នាក់ និង​ថៃ​ម្នាក់ ពី​បទ​ជួញដូរ​គ្រឿងញៀន​ជិត​ ៤០​គីឡូក្រាម

ដោយ អូន ភាព
2019-10-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនសង្ស័យ និង​គ្រឿងញៀន​ជិត ៤០គីឡូក្រាម ដែល​ត្រូវ​សមត្ថកិច្ចចាប់​បាន កាល​ពី​ថ្ងៃ​ទី២ តុលា ឆ្នាំ​២០១៩។
ជនសង្ស័យ និង​គ្រឿងញៀន​ជិត ៤០គីឡូក្រាម ដែល​ត្រូវ​សមត្ថកិច្ចចាប់​បាន កាល​ពី​ថ្ងៃ​ទី២ តុលា ឆ្នាំ​២០១៩។
រូប​គេហទំព័រ​អគ្គស្នងការ​នគរបាលជាតិ

សមត្ថកិច្ច​ចាប់ខ្លួន​ជនជាតិ​ចិន ៣​នាក់ និង​ថៃ​ម្នាក់ នៅ​ក្នុង​ខុនដូ (Condo) មួយ​កន្លែង នៅ​រាជធានី​ភ្នំពេញ ពី​បទ​ជួញដូរ​គ្រឿងញៀន ជិត​ ៤០​គីឡូក្រាម នៅ​យប់​ថ្ងៃ​ទី​២ តុលា។

អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក មាស វីរិទ្ធិ ប្រាប់​អាស៊ីសេរីថា ជនជាតិ​ចិន និង​ជនជាតិ​ថៃ ដែល​ត្រូវ​សមត្ថកិច្ច​​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​បទ​ចោទ​ចរាចរណ៍ និង​ដឹកជញ្ជូន​សារធាតុ​ញៀន សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​សាកសួរ​នៅឡើយ​។ លោក មាស វីរិទ្ធិ ប្រាប់​ថា គ្រឿងញៀន​ដែល​ចាប់​បាន​មាន​ទម្ងន់​សរុប ៣៨​គីឡូក្រាម ៦​ខាំ និង​មាន​ពីរ​ប្រភេទ គឺ​មេតំហ្វេតាមីន ទម្ងន់​ជាង ៣៦​គីឡូក្រាម និង​ហ្វេតាមីន ទម្ងន់​ជាង ២​គីឡូក្រាម។

សមត្ថកិច្ច​រក​ឃើញ​ថា ការ​ជួញដូរ​គ្រឿងញៀន​នេះ គឺ​ធ្វើ​ឡើង​ដោយមាន​អង្គការ​ចាត់តាំង​។ ឯ​មេខ្លោង​ធំ គឺជា​ជនជាតិ​ចិន បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ប្រទេស​ឡាវ​។ លោក មាស វីរិទ្ធិ បន្ត​ថា សមត្ថកិច្ច​កំពុង​សហការ​ស្នើសុំ​កិច្ចសហការ​ជាមួយ​បណ្ដា​ប្រទេស​ក្បែរ​ខាង​កម្ពុជា ដើម្បី​ចាប់ខ្លួន​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​នៃ​ការ​ជួញដូរ​គ្រឿងញៀន​នេះ៖ «យើង​កំពុង​បន្ត​នីតិវិធី​នៃ​ការ​ស៊ើបសួរ ដោយសារ​យើង​អត់​ទាន់​មាន​អ្នកបកប្រែ​ឱ្យ​បាន​ល្អ បកប្រែ​ភាសា​ណា ព្រោះថា គាត់​អត់​ចេះ​ភាសា​ខ្មែរ។ ទី​២ វា​ត្រូវ​បកប្រែ​២​ភាសា ភាសា​ចិន​ផង និង​ភាសា​ថៃ​ផង។ ទី​៣ ជនល្មើស​ជា​ក្រុម​ឧក្រិដ្ឋជន​មាន​អង្គការ​ចាត់តាំង យើង​ពិបាក​ប្រមូល​យក​ចម្លើយ​របស់​គាត់ ដើម្បី​ផ្ទៀង​។ អ៊ីចឹង​គាត់​ឆ្លើយ​ថា គាត់​នៅ តែ​ភ្នំពេញ​ហ្នឹង តែ​តាមពិត​គ្រឿងញៀន​ណា វា​ដែល​ហោះ​ចូល​ពីលើ​មេឃ ចូល​ក្នុង​ផ្ទះ វា​អត់​មាន។ អ៊ីចឹង យើង​បើក​ការស៊ើបអង្កេត​បឋម មាន​ជន​ដែល​ជាប់​ពាក់ព័ន្ធ យើង​នឹង​បន្ត​ការងារ​ទៀត នឹង​សហការ​ជាមួយ​ប្រទេស​ជាប់​ពាក់ព័ន្ធ​។ ប៉ិន​គ្រាន់​ដឹង​មេខ្លោង​គឺ​ជនជាតិ​ចិន នៅ​ប្រទេស​ឡាវ»

របាយការណ៍​របស់​នគរបាល​ប្រឆាំង​គ្រឿងញៀន បង្ហាញ​ថា ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ស្នាក់នៅ​ខុនដូ​មួយ​កន្លែង ជាន់​ទី​២៩ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។ លោក មាស វិរិទ្ធិ ប្រាប់​ថា សមត្ថកិច្ច​បាន​ស្រាវជ្រាវ​តាម​ខ្សែរយៈ អ្នក​ដែល​ធ្លាប់​ជួញដូរ​គ្រឿងញៀន​ក្នុង​មូលដ្ឋាន ទើប​រក​ឃើញ​ជនសង្ស័យ​ទាំង ៤​នាក់​នេះ​។ លោក​ថា សមត្ថកិច្ច​នឹង​បន្ត​ស៊ើប​តាមរយៈ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង ៤​នាក់​នេះ​ទៀត ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ការ​ធ្វើ​ចរាចរណ៍ និង​ដឹកជញ្ជូន​គ្រឿងញៀន​នេះ។ តែ​យ៉ាងណា លោក​ថា សមត្ថកិច្ច​កំពុង​ពិបាក​រឿង​បកប្រែ​ភាសា ព្រោះ​ជនសង្ស័យ​ទាំង ៤​នាក់ ជា​ជន​ជាតិ​ចិន និង​ជនជាតិ​ថៃ។

ស្រប​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​ជនជាតិ​ចិន ៣​នាក់ ជនជាតិ​ថៃ​ម្នាក់ ករណី​ចរាចរណ៍ និង​ដឹកជញ្ជូន​គ្រឿងញៀន នៅ​ក្នុង​ខុនដូ នៅ​រាជធានី​ភ្នំពេញ​នេះ នៅ​ឯ​ច្រក​ព្រំដែន​កម្ពុជា ឡាវ ក្នុង​ខេត្ត​ស្ទឹងត្រែង​វិញ នៅ​យប់​ថ្ងៃ​ទី​២ តុលា សមត្ថកិច្ច​​ចាប់បាន​​ជនជាតិ​ឡាវ​ម្នាក់​ដែរ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត ៣​គីឡូ​ក្រាម ក្បែរ​ច្រក​ព្រំដែន កម្ពុជា ឡាវ នៅ​ត្រពាំង​គ្រៀល បន្ទាប់ពី​ជនសង្ស័យ​បាន​ឆ្លង​ចូល​ទឹកដី​កម្ពុជា​។ របាយការណ៍​របស់​សមត្ថកិច្ច បង្ហាញ​ថា ជន​សង្ស័យ​​ជន​ជាតិ​ឡាវ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ឡាក់សៅ ស្រុក​ខាំកឺប ខេត្ត​បូលីខាំសៃ ប្រទេស​ឡាវ។

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ចុះផ្សាយ​ថា ជនសង្ស័យ​ជនជាតិ​ឡាវ និង​វត្ថុ​តាង​ត្រូវ​បាន បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​ច្បាប់។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ឃើញ​ថា ការ​បណ្ដែតបណ្ដោយ​ឱ្យ​ឧក្រិដ្ឋជន មានលទ្ធភាព​នាំចូល​គ្រឿង​ញៀន​ក្នុង​រូបភាព​ធំ គឺ​ច្រើន​គីឡូក្រាម​មកដល់​ក្នុង​ក្រុងភ្នំពេញ​នេះ បណ្ដាល​មក​ពី​សមត្ថកិច្ច​មិន​មាន​ជំនាញ និង​លទ្ធភាព​គ្រប់គ្រាន់​។ លោក សន ជ័យ ជឿ​ថា ការ​ធ្វើ​ចរាចរណ៍​គ្រឿងញៀន​ធំ​សម្បើម​បែបនេះ គឺ​មាន​ការ​សហការ​គ្នា​ជា​ប្រព័ន្ធ ដូច្នេះ​សមត្ថកិច្ច​ត្រូវ​មាន​វិធានការ​បង្ក្រាប​បញ្ហា​ខាងក្នុង​ប្រទេស​ផង​ដែរ៖ «យើង​មានការ​មន្ទិល​ថា សមត្ថកិច្ច​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ក្នុង​ការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន ដែល​ឆ្លងដែន​ចូល​ក្នុង​ប្រទេស​កម្ពុជា​ទេ ជាពិសេស​ច្រក​សំខាន់ៗ ដូចជា ច្រក​ភ្នំ ហើយ​និង​ច្រក​ផ្លូវទឹក​។ មួយ​រយៈ​ចុងក្រោយ​នេះ ចំណុច​ដែល​មាន​ការចាប់អារម្មណ៍​ច្រើន គឺ​ព្រំដែន​កម្ពុជា​ឡាវ ព្រំដែន​កម្ពុជា​ថៃ ជា​ច្រក​មួយ ដែល​អាច​ថា មាន​ភូមិសាស្ត្រ​មួយ​ស្មុគស្មាញ តែ​ឧក្រិដ្ឋជន គេ​អាច​មាន​មធ្យោបាយ​យក​គ្រឿងញៀន​មក​បាន»

គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បង្ហាញ​របាយការណ៍​ថា រយៈពេល​ជិត ៣​ខែ​ដំបូង ដើម​ឆ្នាំ២០១៩ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿង​ញៀន ជនជាតិ​ខ្មែរ​ជិន ៤​ពាន់ (.៧៧៧)​ នាក់ ជនបរទេស​ជាង ១​រយ (១០០)​នាក់​។ ចំណែក​គ្រឿងញៀន សមត្ថកិច្ច​បង្ក្រាប​បាន​ជិត ២​ពាន់ (.៧២៩) ករណី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល