សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ជួយ​ពលករ​ខ្មែរ​៤​នាក់​ដែល​ថៃ​ចាប់​ខ្លួន​

ដោយ ហ៊ុំ ចំរើន
2015-04-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ដោះលែង ព្រម​ទាំង​សាច់ញាតិ​ឈរ​នៅ​ខាង​មុខ​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២២ មេសា ឆ្នាំ​២០១៥
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ដោះលែង ព្រម​ទាំង​សាច់ញាតិ​ឈរ​នៅ​ខាង​មុខ​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២២ មេសា ឆ្នាំ​២០១៥
Provided Photo

ពលករ​ខ្មែរ ៤​នាក់ ដែល​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ មេសា កន្លង​ទៅ​ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ ទាក់ទង​ជាមួយ​​អាជ្ញាធរ​​ថៃ បញ្ជូន​​ត្រឡប់​មក​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​២២ មេសា។

ការ​បញ្ជូន​ពលករ​ត្រឡប់​មក​កម្ពុជា នេះ ធ្វើ​ឡើង​បន្ទាប់ពី​​សាច់ញាតិ​​តវ៉ា​ឲ្យ​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ថៃ ឲ្យ​ដោះ​លេង​​ពួកគេ​​ជា​បន្ត​បន្ទាប់​​មក​​វិញ។

ពលករ​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​នោះ​ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​អាជ្ញាធរ​ថៃ ដែល​ចាប់​ខ្លួន​ពួកគេ​ធ្វើ​​ឲ្យ​ខាត​បង់​ការងារ និង​ជាប់​ពន្ធនាគារ​ក្នុង​ទឹក​ដី​ថៃ អស់​ជាង​២​សប្ដាហ៍។

តំណាង​ពលករ​ម្នាក់​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ គឺ​លោក មោង វ៉ាន់ឌី ថ្លែង​នៅ​ថ្ងៃ​ទី​២២ មេសា ថា​ ពួកគេ​ធ្វើ​ការងារ​ស្រប​ច្បាប់​នៅ​ផ្សារ​រុងក្លឿ ខេត្ត​ស្រះកែវ ប្រទេស​ថៃ អស់​រយៈ​ពេល​ជាង ២​ឆ្នាំ​មក​ហើយ ដោយ​ពួកគាត់​ពុំ​មាន​កំហុស​អ្វី​ទេ។ ទោះ​យ៉ាង​នេះ​ក្ដី​លោក​ថា អាជ្ញាធរ​​ថៃ មិន​គួរ​ចាប់​ខ្លួន​ពួកគេ​​បញ្ជូន​ទៅ​​ពន្ធនាគារ​ខណៈ​ដែល​កំពុង​ធ្វើការ​នៅ​ផ្សារ​រុងក្លឿ កាល​ពី​ថ្ងៃ​ទី​៤ មេសា កន្លង​ទៅ​នោះ​ឡើយ។ យ៉ាង​ណា​លោក​ត្រេកអរ​ចំពោះ​កិច្ច​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ធ្វើ​ឲ្យ​ពួកគេ​ត្រឡប់​មក​កម្ពុជា​វិញ៖ «បាទ! គេ​នាំ​ខ្ញុំ​ទៅ​គុក​នៅ​អារញ្ញ​រហូត​ដល់​គេ​បញ្ជូន​ពួក​ខ្ញុំ​ទៅ​ដាក់​គុក​ធំ​នៅ​ខេត្ត​ស្រះកែវ។ ខ្ញុំ​នៅ​ក្នុង​គុក​ប្រទេស​ថៃ នោះ​ដេក​ពិបាក​ណាស់ ហើយ​គេ​ថែម​ទាំង​ចាត់​វេន​ឲ្យ​ពួក​ខ្ញុំ​យាម​នៅ​ក្នុង​គុក​នោះ​ទៀត​ផង»

លោក​បន្ត​ថា ពលករ​ដែល​អាជ្ញាធរ​ថៃ ​ដោះលែង​មក​កម្ពុជា វិញ​នោះ​ រួម​មាន​​​ឈ្មោះ​លោក ម៉ៅ វ៉ាន់ឌី អាយុ ២៧​ឆ្នាំ​ លោក នេត ចន​ អាយុ ៣១​ឆ្នាំ​ លោក ណាន សំនៀង​ អាយុ ២៤​ឆ្នាំ​ និង​លោក ណាន ​ស៊ីណាក់ អាយុ ២៣​ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ ទាក់ទង​ជាមួយ​អាជ្ញាធរ​ថៃ ដោះលែង​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​រសៀល​ថ្ងៃ​ទី​២២ មេសា។

អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ​ លោក​ អ៊ុំ រាត្រី​ មាន​ប្រសាសន៍​ថា​ ពលករ​ខ្មែរ​ទាំង ៤​នាក់​នោះ​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ពី​បទ​ធ្វើ​ការងារ​ក្នុង​ទឹក​ដី​ថៃ ដោយ​ខុស​ច្បាប់។ យ៉ាង​ណា​លោក​​ថា បន្ទាប់​ពី​អាជ្ញាធរ​ថៃ ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ភ្លាម​ គឺ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ទាក់ទង​ជាមួយ​​សមត្ថកិច្ច​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជា​បន្តបន្ទាប់ រហូត​ឈាន​ដល់​ការ​ដោះលែង៖ «យើង​ពិនិត្យ​មើល​ទៅ​ឃើញ​ថា​ពិត​ជា​ខុស​ច្បាប់​មែន ព្រោះ​ប័ណ្ណ​ការងារ​របស់​ពលករ​ទាំង ៤ នោះ​ហួស​សុពលភាព ប្រើ​ការ​មិន​បាន​ទេ។ ប៉ុន្តែ​ពួក​គាត់​មាន​ប័ណ្ណ​ព្រំដែន​ជា​ប័ណ្ណ​សម្រាប់​ឆ្លង​ទៅ​ប្រទេស​ថៃ មួយ​សប្ដាហ៍ ដែល​ប័ណ្ណ​នោះ​មិន​អាច​ធ្វើ​ការងារ​ក្នុង​ទឹក​ដី​គេ​បាន​ទេ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក​ ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ស្វាគមន៍​ចំពោះ​កិច្ច​ខិតខំ​របស់​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ ដែល​ព្យាយាម​ទាក់ទង​ទៅ​ភាគ​ថៃ ឲ្យ​ដោះលែង​ប្រជាពលរដ្ឋ​ពី​ពន្ធនាគារ​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ៖ «អាជ្ញាធរ​ខ្មែរ​ធ្វើ​នេះ​ជា​រឿង​ប្រសើរ​ហើយ កុំ​ឲ្យ​តែ​ធ្វើ​ការងារ​លុះ​ណា​មាន​ប្រជាពលរដ្ឋ​តវ៉ា​នោះ វា​មិន​ល្អ​ទេ។ ខ្ញុំ​សំណូមពរ​ឲ្យ​មន្ត្រី​ប្រចាំ​ការ​តាម​ព្រំដែន​ខ្មែរ​ទាំងអស់ គប្បី​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ក្នុង​ទឹក​ដី​ថៃ ឲ្យ​បាន​ឆាប់ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ពួក​គេ​ទៅ​ដាក់​ពន្ធនាគារ​ទាន់»

ទោះ​យ៉ាង​នេះ​ក្ដី​ កន្លង​មក​សាច់ញាតិ​ពលករ​ដែល​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​នោះ​ ពួកគេ​ធ្លាប់​តវ៉ា​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់​ព័ន្ធ​​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ភាគី​ថៃ ដោះលែង​ពលករ​ទាំង ៤​នាក់​​តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន​នោះ​ជា​បន្តបន្ទាប់​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល