អ្នក​ភូមិ​នៅ​ឧត្ដរមានជ័យ​អះអាង​ថា​ទាហាន​ថៃ​បាញ់​សម្លាប់​ខ្មែរ​៦​នាក់

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​​អូរស្វាយ ឃុំ​អូរស្វាយ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ​បាន​ឱ្យ​ដឹង​ថា ទាហាន​ថៃ ​​​ស្រុក​ឃុនហាន ខេត្ត​ស៊ីសាកេត បាន​បាញ់​សម្លាប់​អ្នក​ភូមិ​ខ្មែរ​ចំនួន ៦​នាក់ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៣។
ដោយ ហង្ស សាវយុត
2013-09-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ការ​បាញ់​រះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សិប​នាក់​នាំ​គ្នា​ឆ្លង​ដែន​ទៅ​កាប់​​និង​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ខុស​ច្បាប់​ពី​ក្នុង​ទឹក​ដី​ថៃ។

បុរស​ម្នាក់​ជា​អ្នក​ភូមិ​អូរស្វាយ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​កញ្ញា ថា កាល​ពី ២​ថ្ងៃ​មុន មាន​អ្នក​ភូមិ​ខ្មែរ​ចំនួន ៦​នាក់​បាន​ស្លាប់​ដោយសារ​ទាហាន​ថៃ បាញ់។ បុរស​ដដែល​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​តាម​ច្រក​ព្រំដែន​ខ្មែរ-​ថៃ​ខ្លះ បើ​ទោះ​បី​​ជា​មាន​អ្នក​ស្លាប់​និង​របួស​ដោយសារ​ទាហាន​ថៃ បាញ់​ក៏ដោយ ក៏​ក្រុម​ឈ្មួញ​នៅ​តែ​ជួល​ប្រជាពលរដ្ឋ​ខ្មែរ​ រាប់​សិប​នាក់​ក្នុង​១​ថ្ងៃៗ ឱ្យ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​យក​មក​លក់​ឱ្យ​ពួកគេ។

អ្នក​ភូមិ​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «ស្រី​មួយ​នោះ​ស្លាប់​ដាច់​ខ្លួន​ជា​ពីរ ហើយ​ប្រុស ៥​នាក់។ វា​ចំនៀរ​ខាង​ម្ដុំ​ចំបក់​កោង។ ខ្ញុំ​មាន​កូន​ប្រុសៗ ដែល​ធ្លាប់​ឡើង​ទៅ​ធ្វើ​ដល់​ទៅ ៣​នាក់​ឯ​ណោះ ប៉ុន្តែ​ឥឡូវ​ហ្នឹង​ ខ្ញុំ​អង្វរករ​វា​មិន​ឱ្យ​វា​ទៅ​ធ្វើ​ទៀត​ទេ។ ឡើង​ទៅ​ទាំង​ខ្សែៗ​រាល់​ថ្ងៃ មាន​អ្នក​ស្កាត់​ទៅ​លក់​​ចេក​ចៀន លក់​ស្រា ហើយ​មាន​ទាំង​វង់​ល្បែង គេ​លេង​នៅ​លើ​ហ្នឹង​ច្រើន​ទៀត»

ក៏​ប៉ុន្តែ​អាជ្ញាធរ​ និង​មន្ត្រី​​​ការងារ​ព្រំដែន​នៅ​ទី​នោះ​បាន​បដិសេធ​ថា គេ​ពុំ​បាន​​ទទួល​ព័ត៌មាន​អំពី​ ការ​ស្លាប់​​នោះ​ឡើយ។

អនុ​ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ ច្រក​ជាំសាង៉ាំ ស្រុក​អន្លង់វែង លោក​ វរសេនីយ៍ តូច រ៉ា បាន​មាន​ប្រសាសន៍​ថា លោក​ទើប​តែ​បាន​សាក​សួរ​ព័ត៌មាន​ទៅ​ខាង​ភាគី​ថៃ ក៏​ប៉ុន្តែ​ទាហាន​ថៃ បាន​ឆ្លើយ​ថា គេ​មិន​បាន​បាញ់​សម្លាប់​អ្នក​ភូមិ​ខ្មែរ​ទេ។ មន្ត្រី​ដដែល​បាន​បង្វែរ​បញ្ហា​នេះ​ឱ្យ​សួរ​ទៅ​អាជ្ញាធរ​ភូមិ​ ឃុំ វិញ ប្រហែល​ជា​អាច​ដឹង​ច្បាស់។

ចំណែក​អភិបាល​ស្រុក​ត្រពាំងប្រាសាទ លោក នៅ សំតារារិទ្ធ បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ព័ត៌មាន​ដែល​ថា ប្រជាពលរដ្ឋ​ខ្មែរ ៦​នាក់​បាន​ស្លាប់​ដោយសារ​ទាហាន​ថៃ បាញ់​នោះ​នៅ​ឡើយ​ទេ។

អភិបាល​ស្រុក​ដដែល​បាន​បញ្ជាក់​ថា លោក​តែង​ដាក់​មន្ត្រី​ដើម្បី​ឱ្យ​រាយការណ៍​អំពី​ព័ត៌មាន​នោះ​ជា​ប្រចាំ៖ «ដូច​អត់​ឃើញ​មាន​អី​រាយការណ៍​មក​ខ្ញុំ​ផង ហើយ​កាល​ពី​ថ្ងៃ​សុក្រ ឯកឧត្ដម​អភិបាល​ខេត្ត​គាត់​បាន​អញ្ជើញ​ទៅ​ដល់​ចំណុច​អូរស្វាយ​ហ្នឹង​ដែរ បើក​វេទិកា​សាធារណៈ។ ដូច​ជា​អត់​មាន​ព័ត៌មាន​អី​ទេ»

ទោះ​យ៉ាង​ណា មន្ត្រី​ប៉ូលិស​នៅ​ក្នុង​ស្រុក​ត្រពាំងប្រាសាទ មួយ​រូប ដែល​សុំ​មិន​ចេញ​ឈ្មោះ​បាន​ឱ្យ​​ដឹង​ថា ពិត​ជា​មាន​ប្រជាពលរដ្ឋ​ខ្មែរ ៦​នាក់​បាន​ស្លាប់​ដោយសារ​ទាហាន​ថៃ បាញ់​មែន។ ប៉ូលិស​ដដែល​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល ៦​ថ្ងៃ កាល​ពី​សប្ដាហ៍​មុន គឺ​ទាហាន​ថៃ បាន​បាញ់​សម្លាប់​ប្រជាព​លរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ចំនួន ២​លើក។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា កន្លង​ទៅ ​ទាហាន​ថៃ ស្រុក​កាន់ថារៈឡាក់ ខេត្ត​ស៊ីសាកេត ​បាន​បាញ់​រះ ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​ ​បណ្ដាល​ឱ្យ​យុវជន​ម្នាក់​ឈ្មោះ​ ម៉ៅ ម៉ាប់ អាយុ ២៥​ឆ្នាំ ជា​អ្នក​ភូមិ​ត្រាំប៉ោង ឃុំ​ព្រះប្រឡាយ ស្រុក​ត្រពាំងប្រាសាទ​ បាន​ស្លាប់ និង ១៥​នាក់​ផ្សេង​ទៀត​រង​របួស។ ការ​បាញ់​រះ​​នេះ គឺ​នៅ​ក្នុង​ទឹក​ដី​ថៃ ជាប់​គ្នា​នឹង​ភូមិសាស្ត្រ​ព្រំដែន​ខ្មែរ​ម្ដុំ​ចំណុច​ត្រពាំង ៥២ នៅ​ពេល​​ ដែល​អ្នក​ភូមិ​ខ្មែរ​កំពុង​នាំ​គ្នា​សម្រាក​ដាំ​បាយ​ហូប។

ប្រភព​ពី​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា សកម្មភាព​ជួល​ប្រជាពលរដ្ឋ​ឱ្យ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ ​កំពុង​កម្រើក​ឡើង​វិញ ដោយ​វិធានការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ខ្មែរ មិន​មាន​ប្រសិទ្ធភាព​ទេ ពីព្រោះ​តែ​អ្នក​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ឈើ​គ្រញូង​ខ្លះ គឺ​​ជា​មន្ត្រី​យោធា​នៅ​តាម​ព្រំដែន ដោយ​មាន​អ្នក​មាន​អំណាច​​ក្នុង​ជួរ​រដ្ឋាភិបាល​ខ្លះ​ធ្វើ​ជា​ខ្នង​បង្អែក​ផង៕​​​​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

យើងថោកចូលដីគេអត់ច្បាប់វាយ៉ាងនេះហើយ តែសំខាន់បាត់ពួកអាសិទ្ធមនុស្សដែលពូកែព្រុះតែខ្មែរគ្នាងងអោយឈឹង។ មួយទៀតអា human right Wach មិនដែលជួយខ្មែរសោះ កាន់ជើងតែខាងសៀម ចង់សៀមសម្លាប់ខ្មែរប៉ុន្មានកវាមិនឈឺក្បាលដែរ។ ដូចគ្នា RFA កអញ្ចឹងដែរ បុគ្គលិកស្ទើរតែទាំងអស់មានឈាមជរជាខ្មែរ តែមានខួរជាសៀម ជាបរទេស ភ្លេចកំណើត កាន់ជើងអាសៀមជារៀងរហូតមក។

Oct 01, 2013 06:08 AM

អ្នក​អាន​អនាមិក

ពី Renton WA

ចុះទឹកក្រពើ ឡើងលើខ្លា ខាងលិចហ៊ួណា​ ខាង​កើតអុងឡឺង។ សៀមបានព្យាយាមសម្លាប់ខ្មែរតាំងពីឆ្នាំ១៩៧៩ រហូតសព្វ
ថ្ងៃ តើរដ្ឌាភិបាលថ្មីលោក ហុន សែន មានវិធានការណ៏
ការពាប្រជាជនខ្មែរយ៉ាងណាដែរ សូមមេត្តាជួយវិនិច្ច័យ។

Sep 30, 2013 12:28 PM

koy

ពី Phnom Penh

It was time for government to take serious action for Kragnoung buyers if no demand there is no supply. Khmer citizens are not animal or birth, and pouk human rights local and international invest this case phorng !

Sep 30, 2013 10:45 AM

គេហទំព័រ​ទាំងមូល