ស្ត្រី​ពលករ​ខ្មែរ​៧​នាក់​ដែល​ធ្វើ​ដំណើរ​ពី​ប្រទេស​ហ្សំប៊ី (Zambia) ហើយ​ត្រូវ​ជាប់​គាំង​នៅ​ចំណត​យន្តហោះ​កូរ៉េ បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ

ដោយ ខែ សុណង
2020-05-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រីខ្មែរ ៧នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​ឃាត់ដំណើរ​ពេល​វិល​ត្រឡប់​ពី​ប្រទេស​ហ្សំប៊ី កាល​ពី​ថ្ងៃ​ទី២៤ ឧសភា ដោយសារ​គ្មាន​លិខិត​ធ្វើតេស្ត​ជំងឺ​កូវីដ១៩ បាន​ទៅ​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ២០២០។
ស្ត្រីខ្មែរ ៧នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​ឃាត់ដំណើរ​ពេល​វិល​ត្រឡប់​ពី​ប្រទេស​ហ្សំប៊ី កាល​ពី​ថ្ងៃ​ទី២៤ ឧសភា ដោយសារ​គ្មាន​លិខិត​ធ្វើតេស្ត​ជំងឺ​កូវីដ១៩ បាន​ទៅ​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក Jee NY

ស្ត្រី​ពលករ​ខ្មែរ ៧នាក់​ដែល​ធ្វើ​ដំណើរ​ពី​ប្រទេស​ហ្សំប៊ី (Zambia) ហើយ​ត្រូវ​ជាប់​គាំង​នៅ​ចំណត​យន្តហោះ​កូរ៉េ ព្រោះ​គ្មាន​លិខិត​តេស្ត​សុខភាព​រក​ជំងឺ​កូវីដ-១៩ បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ថ្ងៃ​ទី២៨ ឧសភា ក្រោយ​អន្តរាគមន៍​ពី​រដ្ឋាភិបាល។ សង្គម​ស៊ីវិល​សិទ្ធិ​ការងារ​ចង់​ឃើញ​រដ្ឋាភិបាល​ចាត់វិធានការ​ដូចគ្នា​ចំពោះ​អ្នក​កំពុង​ជាប់​គាំង​នៅ​ប្រទេស​ដទៃ​ទៀត។

ស្ត្រី​ជា​ពលករ​ទាំង​នោះ កំពុង​រង់ចាំ​លទ្ធផល​តេស្ត​សុខភាព​នៅមណ្ឌល​សុខភាព​ចាក់អង្រែក្រោម រាជធានី​ភ្នំពេញ និង​សង្ឃឹម​ថា ពួកគេ​នឹង​ឆាប់​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​រៀងៗខ្លួន​វិញ។

ពលករ​មួយ​រូប​ក្នុង​ចំណោម​អ្នក​ទាំង ៧នាក់ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង កញ្ញា មាស ធីតា ថ្លែង​ថា នាង​អរ​សប្បាយ​គ្មាន​ពាក្យ​អ្វី​និយាយ ព្រោះ​បាន​ធ្វើ​ដំណើរ​បន្ត​មក​ដល់​ប្រទេស​កម្ពុជា។ កញ្ញា​ថា ពួកគាត់​ចាញ់​បោក​ថៅកែ​ចិន​ចូល​ធ្វើការ​នៅ​សណ្ឋាគារ​កាស៊ីណូ ផ្នែក​ហ្គេម ដោយ​លិខិត​ឆ្លងដែន​របស់​ពួកគាត់​បាន​ផុត​ទិដ្ឋាការ​រស់នៅ​​ប្រទេស​ហ្សំប៊ី (Zambia) ១ឆ្នាំ​ហើយ។ កញ្ញា​បន្ត​ថា ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ កាស៊ីណូ​នោះ​ត្រូវ​បាន​បិទ​រយៈពេល​២​ខែ​ហើយ ដែល​ធ្វើ​ឲ្យ​ពួកគេ​ខ្វះខាត​ជីវភាព ព្រោះ​បាន​ចំណាយ​ថ្លៃ​ផាក​ពិន័យ​ទៅ​ប្រទេស​នេះ​ម្នាក់​ ៥​រយ​ដុល្លារ​រួច​ទិញ​សំបុត្រ​យន្តហោះ​ទើប​បាន​ចេញ​មក៖ «ពួក​ខ្ញុំ​មក​ពី​នោះ​ហ្នឹង​វា​ពិបាក​ហើយ​បង ពួក​ខ្ញុំ​ចេញ​មក​នេះ​តាំង​ពី​ថ្ងៃ​ទី២២ ម៉ោង ១២ ខ្ញុំ​ធ្វើ​ដំណើរ​ឆ្ងាយ​ជិះ​ឡាន ទម្រាំ​ដល់​កន្លែង​ព្រលាន​ហ្នឹង​ជិះ​ឡាន​ឡើង ៦, ៧ម៉ោង ចូល​ស្នាក់​ផ្ទះ​គេ​ហ្នឹង ចាំ​ឡើង ៤ម៉ោង ៥ម៉ោង បាន​ទៅ​ឡើង​ព្រលាន​នៅ​នោះ។ ថៅកែ​ខ្ញុំ​គាត់​វាយ​វីសា​ខ្ញុំ​បាន​តែ​មួយ​ខែ​ហ្នឹង​តែ​ខែ​ក្រោយៗ មក​គាត់​អត់​វៃ​ឲ្យ​ពួក​ខ្ញុំ​ណា និយាយ​ទៅ​គាត់​អត់​ល្អ​ហ្មង​បង យើង​ទុក​ចិត្ត​គាត់​ថា​គាត់​រត់ការ​អី ដល់​ពួក​ខ្ញុំ​សុំ​មក​ផ្ទះ​នេះ​អត់​ចង់​ឲ្យ​ពួក​ខ្ញុំ​មក​អត់​ចង់​ឲ្យ​ពួក​ខ្ញុំ​មក​ទៀត​ពួក​ខ្ញុំ​រៀបរាប់​ប្រាប់​ហេតុផល​ឲ្យ​គាត់​អ៊ីចឹង​ទៅ​គាត់​ក៏​ព្រម ប៉ុន្តែ​ព្រម​ឲ្យ​មក​ហ្នឹង​គឺ​យើង​រត់ការ​ចេញ​លុយ​ខ្លួន​ឯង​ទាំង​អស់»

ពលករ​ខ្មែរ ៧នាក់​ជា​អ្នកបម្រើ​ការងារ​នៅ​សណ្ឋាគារ​កាស៊ីណូ​របស់​ចិន បាន​ចេញ​ដំណើរ​ពី​ប្រទេស​ហ្សំប៊ី (Zambia) តាំង​ពី​ថ្ងៃ​ទី២៣ ឧសភា ក្នុង​គោលដៅ​ត្រឡប់​មក​ស្រុកខ្មែរ​វិញ ហើយ​មក​ដល់​ប្រទេស​កូរ៉េ​នៅ​ថ្ងៃ​ទី២៤ ខែឧសភា តែ​ត្រូវ​បាន​អាជ្ញាធរ​កូរ៉េ​ឃាត់​ស្ទាក់​នៅ​ចំណត​យន្ត​ហោះ ដោយ​ព្រោះ​តែ​ពួកគេ​គ្មាន​លិខិត​បញ្ជាក់​ធ្វើ​តេស្ត​ជំងឺ​កូវីដ-១៩។ អ្នក​ទាំង​នោះ មិន​បាន​ដឹង​ថា កម្ពុជា​តម្រូវ​ឲ្យ​ធ្វើ​តេស្ដ​សុខភាព​មុន​ចេញ​ដំណើរ​ឡើយ ហើយ​ម្យ៉ាង​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​ហ្សំប៊ី​ដែល​ពួកគេ​ស្នាក់នៅ​នឹង​មិន​ធ្វើ​តេស្ត​ឲ្យ​ឡើយ​ប្រសិន​ជា​គ្មាន​រោគសញ្ញា​ឬ​អាការៈ​សង្ស័យ។

យ៉ាង​ណា​អ្នក​ទាំង​នេះ បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ពាក់​កណ្ដាល​យប់​ថ្ងៃ​ទី២៧ ឧសភា ក្រោយ​ដេក​រង់ចាំ​នៅ​ចំណត​យន្តហោះ​កូរ៉េ ៣យប់ ៣ថ្ងៃ។

ឯក​អគ្គ​រាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ប្រទេស​កូរ៉េ​ឃាត់​សួរ​រក​លិខិត​បញ្ជាក់​បាន​តេស្ត​សុខភាព​រក​ជំងឺ​កូវីដ-១៩ ពី​ប្រទេស​ហ្សំប៊ី (Zambia) ដោយសារ​តែ​ជា​ច្បាប់​តម្រូវ​របស់​រដ្ឋាភិបាល​ខ្មែរ។ លោក​ថា នេះ​ជា​ករណី​ពិសេស​ដែល​ទាមទារ​ឲ្យ​មាន​ការ​អន្តរាគមន៍​បន្ទាន់៖ «គាត់​បាន​ស្នាក់នៅ​ប្រទេស​ហ្សំប៊ី​ហ្នឹង​ក៏​ហួស​ដែរ ខុស​ច្បាប់​ដែរ ហួស​ទិដ្ឋាការ​ច្បាប់​អន្តោប្រវេសន៍​របស់​គេ​គឺ​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ចូល​ប្រទេស​ហ្សំប៊ី​វិញ​ទេ អ៊ីចឹង​ស្មើ​នឹង​គាត់​អត់​កន្លែង​ទៅ​ខ្មែរ​ទៅ​អត់​កើត​នៅ​កូរ៉េ​ក៏​អត់​កើត។ ខ្ញុំ​ក៏​រាយការណ៍​ទៅ​ឯកឧត្តម​ឧបនាយក លោក​ក៏​បាន​ស្នើ​សុំ​គោលការណ៍​បន្ត​ទៅ​សម្ដេចតេជោ នាយករដ្ឋមន្ត្រី​ដើម្បី​សុំ​ការ​អនុញ្ញាត​លក្ខណៈ​ពិសេស​នេះ រហូត​ដល់​ចេញ​វិធានការ​ថ្មី រាល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​មិន​ចាំបាច់​មាន​តេស្ត​កូវីដ​ទេ ពួកគាត់​ទៅ​ដល់​គេ​ធ្វើ​តេស្ត​គាត់​ស្រាប់​ហើយ និង​ធ្វើ​ចត្តាឡីស័ក ១៤ថ្ងៃ​ទៀត»

មន្ត្រី​កម្មវិធី​ផ្នែក​ទេសន្តរប្រវេសក៍​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា សាទរ​ចំណាត់​ការ​នេះ។ ប៉ុន្តែ​លោក​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​សម្របសម្រួល​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់​គាំង​នៅ​ប្រទេស​ដទៃ​ទៀត ដូច​ជា​ពលករ និង​និស្សិត​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​ពេល​នេះ​កំពុង​មាន​បញ្ហា​ប្រឈម​ជីវភាព​ខ្លាំង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​លើ​ហ្វេសប៊ុក​ថា ចាប់​ពី​ថ្ងៃ​ទី២៧ ខែ​ឧសភា តទៅ ពលរដ្ឋ​ខ្មែរ​ដែល​កាន់​លិខិត​ឆ្លង​ដែន​កម្ពុជា ហើយ​មាន​បំណង​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ គឺ​មិន​តម្រូវ​ឲ្យ​មាន​វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព​ថា គ្មាន​ជំងឺ​ឆ្លង​កូវីដ-១៩ ដូច​មុន​ឡើយ។ លោក​ថា ការ​ផ្លាស់​ប្ដូរ​ចិត្ត​របស់​លោក​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស ឲ្យ​ឆាប់​បាន​វិល​ត្រឡប់​មក​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​វិញ។

ការ​ផ្លាស់​ប្តូរ​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​ដែល ជាប់​គាំង​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​ប្រទេស​ម៉ាឡេស៊ី រិះគន់​ផង និង​ទទូច​ស្នើសុំ​ម្ដង​ហើយ ម្ដង​ទៀត​ផង ឲ្យ​រដ្ឋាភិបាល​របស់​លោក​ជួយ​សម្រប​សម្រួល​បញ្ជូន​ពួក​គេ​ត្រឡប់​មក​កម្ពុជា​វិញ​ឲ្យ​បាន​ឆាប់ ព្រោះ​ពួក​គេ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព និង​ពុំ​មាន​ថវិកា​សម្រាប់​ចំណាយ​ថ្លៃ ធ្វើ​តេស្ត​សុខភាព។

ស្ត្រី​ទាំង ៧នាក់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​តេស្ត​នៅ​មណ្ឌល​សុខភាព​នោះ​ហើយ ពួកគេ​នឹង​មិន​ទាន់​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ភ្លាមៗ​ឡើយ ដោយ​បាន​ជួល​បន្ទប់​ស្នាក់នៅ​ដើម្បី​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ចំនួន ១៤ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល