កម្មករ​កាត់​ដេរ​ប្រមាណ ៧រយ​នាក់ នៅ​ខេត្ត​កំពង់ស្ពឺ តវ៉ា​ឲ្យ​ថៅកែ​ចិន​បើក​ប្រាក់​ខែ​និង​ប្រាក់​បំណាច់​ឆ្នាំ ក្រោយ​ពី​ព្យួរ​ការងារ ១ខែ

ដោយ វ៉ែន សុមេធ
2020-03-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​កាត់​ដេរ​ប្រមាណ ៧រយ​នាក់ នៅ​រោងចក្រ ញូវប៉េស គ្លូប៊ល ធិចធៀល (New Best Global Textile Co., Ltd) ស្ថិត​នៅ​ឃុំ​កាហែង ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ២០២០ តវ៉ា​ឲ្យ​ថៅកែ​ចិន​បើក​ប្រាក់​ខែ និង​ប្រាក់​បំណាច់​ឆ្នាំ ក្រោយ​ពី​ព្យួរ​ការងារ ១ខែ។
កម្មករ​កាត់​ដេរ​ប្រមាណ ៧រយ​នាក់ នៅ​រោងចក្រ ញូវប៉េស គ្លូប៊ល ធិចធៀល (New Best Global Textile Co., Ltd) ស្ថិត​នៅ​ឃុំ​កាហែង ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ២០២០ តវ៉ា​ឲ្យ​ថៅកែ​ចិន​បើក​ប្រាក់​ខែ និង​ប្រាក់​បំណាច់​ឆ្នាំ ក្រោយ​ពី​ព្យួរ​ការងារ ១ខែ។
រូប៖ អង្គការ CENTRAL

កម្មករ​កាត់​ដេរ​ប្រមាណ ៧រយ​នាក់ នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់​ស្ពឺ​ នាំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​ចិន​ បើក​ប្រាក់​ឈ្នួល​ និង​ប្រាក់​បំណាច់​ឆ្នាំ​ឲ្យ​ពួកគេ​ ក្រោយ​ពី​រោងចក្រ​ស្នើ​សុំ​មន្ទីរ​ការងារ​ខេត្ត ​ព្យួរ​កិច្ច​សន្យា​ការងារ​កម្មករ ​រយៈពេល ១ខែ ដោយ​សារ​ខ្វះ​ក្រណាត់។

ក្រុម​កម្មករ​នៃ​រោងចក្រ​កាត់​ដេរ​ខោរ​អាវ​ ឈ្មោះ ញូវប៉េស គ្លូប៊ល ធិចធៀល (New Best Global Textile Co., Ltd) នៅ​ថ្ងៃ​ទី១១ ខែ​មីនា ផ្ទុះ​ការ​ទាម​ទារ​បើក​ប្រាក់​ខែ និង​ប្រាក់​បំណាច់​ឆ្នាំ​រយៈ​ពេល ៦ខែ​ម្ដង ពី​ថៅកែ​ជន​ជាតិ​តៃវ៉ាន់។

កម្មការិនី​ធ្វើ​ការ​ផ្នែក​ជំនួយ​ការ​ចិន លោកស្រី ថូ ស្រីល័ក្ខ ឲ្យ​ដឹង​ថា​ ថៅកែ​រោងចក្រ​បាន​ព្យួរ​ការងារ​កម្មករ​អស់​រយៈ​ពេល​១ខែ​ហើយ គឺ​ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​១០ ខែ​មីនា។ លោកស្រី បន្ត​ថា​ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា គឺ​ដល់​ពេល ​ដែល​កម្មករ​ទាំង​អស់​ ត្រូវ​វិល​ចូល​ធ្វើ​ការ និង​បើក​ប្រាក់ឈ្នួល​រយៈពេល​១០​ថ្ងៃ សម្រាប់​ខែ​កុម្ភៈ បូក​នឹង​ប្រាក់​បំណាច់​ឆ្នាំ​មួយ​ចំនួន​ទៀត ប៉ុន្តែ​បែរ​មិន​ឃើញ​មុខ​ថៅកែ ហើយ​រោងចក្រ​ត្រូវ​បិទទ្វារ​ថែមទៀត។

លោកស្រី មិន​ប្រាកដ​ថា​ រោងចក្រ​មួយ​នេះ នៅ​ដំណើរការ​ត​ទៅ​មុខ​ទៀត ឬ​ត្រូវ​បិទ​ទ្វារ​នោះ​ទេ ព្រោះ​មាន​ដំណឹង​លេច​ឮ​តៗ​គ្នា​មក​ថា ​ថៅកែ​បាន​បិទ​រោងចក្រ​នេះ​ហើយ។ ទោះបីជា​យ៉ាង​ណា កម្មការិនី​រូប​នេះ​ស្នើ​សុំ​មន្ទីរ​ការងារ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ធ្វើ​យ៉ាង​ណា ដាក់​សម្ពាធ​ឲ្យ​ថៅកែ​រោងចក្រ​ គិត​គូរ​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​ឲ្យ​ខាង​តែ​បាន ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ៖ «ខ្ញុំ​ចង់​ឲ្យ​ក្រសួង​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ថា​តើ​ រោងចក្រ​បិទ​ប្រាកដ​មិច​អី​មិច ហើយ​រឿង​លុយ​ពួក​ខ្ញុំ​ប៉ុន្មាន​ថ្ងៃ រឿង​លុយ​អ្នក​កូន​ខ្ចី​ដែល​គាត់​សម្រាល​។ គាត់​ត្រូវ​មាន​លុយ​កូន​ខ្ចី​របស់​គាត់​។ ហើយ​និង​លុយ​ធ្វើ​ការ​ប៉ុន្មាន​ថ្ងៃ និង​បំណាច់​ឆ្នាំ​ដែល​ពួក​ខ្ញុំ​ត្រូវ​បើក​ក្នុង​ចូល​ឆ្នាំ​នេះ។ អ្នក​ខ្លះ​គាត់​កូន​ខ្ចី គាត់​ចូល​មក​ បំណាច់​ឆ្នាំ​ត្រូវ​បាន​បើក​ពេល​ភ្ជុំ​ហ្នឹង តែ​គាត់​អត់​ទាន់​បាន​បើ​ទេ»

រោងចក្រ ញូវប៉េស គ្លូប៊ល ធិចធៀល (New Best Global Textile Co., Ltd) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​កាហែង ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ គឺ​ជា​រោងចក្រ​ផលិត​ខោ​អាវ បុរស ស្ត្រី និង​ក្មេង ម៉ាក ព្រីម៉ាក អែន អាឌែន (Primark & Ardene) ហើយ​មាន​កម្មករ​ធ្វើ​ការ​សរុប ៧៦៤នាក់ ក្នុង​នោះ​កម្មករ ៥៥២នាក់ ជា​ស្ត្រី។

អ្នក​គ្រប់គ្រង​ទូទៅ​នៃ​រោងចក្រ​ ញូវប៉េស ហ្គូប៊ល លោក លី អែនឌី អះអាងប្រាប់​អាស៊ី​សេរី​ថា ថៅកែ​រោងចក្រ​ដែល​ជា​ជនជាតិ​ចិន​តៃវ៉ាន់ បាន​រត់​គេច​ខ្លួន​ទៅ​ស្រុក​ចិន​វិញ​ហើយ ក្រោយ​ពេល​ដែល​រោងចក្រ​មួយ​នេះ ស្នើ​សុំ​មន្ទីរ​ការងារ​ព្យួរ​កិច្ច​សន្យា​ការងារ​កម្មករ​រយៈពេល​១​ខែ ក្រោមហេតុ​ផល​ថា​ខ្វះ​វត្ថុ​ធាតុ​ដើម មិន​អាច​ដំណើរ​ការ​បាន។

លោក​បញ្ជាក់​ថា លោក​បាន​ទាក់​ទង​ទៅ​ថៅកែ​ចិន​តៃវ៉ាន់ ជា​ច្រើន​ដង​ដែរ អំពី​ការ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ ប៉ុន្តែ​ថៅកែ​ថា​កំពុង​រក​ប្រាក់​ដោះ​ស្រាយ​បញ្ហា​នេះ។ លោក​ថា រហូត​មក​ដល់​ពេល​នេះ មិន​មាន​ដំណឹង​ណា​មួយ​ពី​ថៅកែ​នៅ​ឡើយ​ទេ។

លោក លី អែនឌី បន្ត​អះអាង​ថា បើ​តាម​ដំណឹង​ពី​ក្រុម​សន្តិសុខ​យាម​រោងចក្រ ប្រាប់​ថា ថៅកែ​ចិន​រូប​នោះ​ កំពុង​ទាក់ទង​មិត្ត​ភក្តិ​ជា​ជន​ជាតិ​ចិន​ដូច​គ្នា មក​ធ្វើ​ជា​ថៅកែ​ជំនួស​វិញ ដោយ​ប្រើ​រូបភាព​ទិញ​យក​រោងចក្រ​នោះ​បន្ត​ពី​ខ្លួន ហើយ​ដាក់​ឈ្មោះ​រោងចក្រ​ថ្មី ដើម្បី​គេច​ពី​ការ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ និង​គេច​ពី​ពន្ធ​រដ្ឋ។

អ្នកគ្រប់គ្រង​រោងចក្រ​រូប​នេះ ​ដែល​នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់​ខែ​ដូច​កម្មករ​ដែរ​នោះ បញ្ជាក់​ថា ខាង​លោក​បាន​ជូន​ដំណឹង​នេះ ទៅ​អង្គការ​ពលកម្ម​អន្តរជាតិ ហៅ​កាត់​ថា អាយឡូ (ILO) និង​ក្រុម​អ្នក​បញ្ជា​ទិញ​មួយ​ចំនួន ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​នេះ៖ «ខ្ញុំ​អាច​សន្និដ្ឋាន​ថា អ្នក​ជួល​ក្រោយ​ហ្នឹង ហើយ​និង​គាត់​ហ្នឹង មាន​ទាក់ទង​នឹង​គ្នា។ អ៊ីចឹង! ពាក្យ​ក្រសួង​ច្រើន​និយាយ​ថា​ ប្រែ​កាយ​ នៅ​ខាង​ពន្ធដារ​ គេ​ឧស្សាហ៍​និយាយ​ថា​ប្រែកាយ។ រោងចក្រ​មាន​បញ្ហា​ពន្ធដារ​ខ្លាំង​អ៊ីចឹង​ទៅ​ គាត​បំបាត់​ឈ្មោះ​រោងចក្រ​គាត់។ អ៊ីចឹង​ហើយ​ គាត់​ហៅ​មនុស្ស​មួយ​ទៀត​មក​ឈរ​ឈ្មោះ​ជំនួស​គាត់ ហើយ​គាត់​បញ្ជា​ពី​ក្រោយ ហើយ​ដូរ​ឈ្មោះ​ទៅ​ជា​រោងចក្រ​ផ្សេង។ អ៊ីចឹង! គាត់​នឹង​អាច​រួច​ពន្ធ រួច​ពី​ថ្លៃ​កម្មករ​ រួច​ពី​អ្វីៗ ទាំង​អស់។ ខ្ញុំ​អាណិត​កម្មករ​ខ្ញុំ​ដែរ គ្នា​អត់​ដែរ។ និយាយ​ទៅ​ទាំង​ខ្ញុំ​អី​ហ្នឹង ប្រាក់​ខែ​ខ្ញុំ​អត់​បាន​ប្រាក់​ខែ​១០​ថ្ងៃ​ហ្នឹង​ដែរ»

ទន្ទឹម​គ្នា​នេះ ក្រុម​កម្មករ​នាំ​គ្នា​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​មន្ទីរ​ក្រសួង​ការងារ​ខេត្ត​កំពង់ស្ពឺ​ នៅ​ថ្ងៃ​ដដែល​នេះ ប៉ុន្តែ​ខាង​មន្ទីរ​ប្រាប់​ឲ្យ​កម្មករ​រង់ចាំ​មន្ត្រី​ចុះ​ដោះ​ស្រាយ​នៅ​ព្រឹក​ថ្ងៃ​ស្អែក ទី១២ ខែ​មីនា។

ជុំវិញ​រឿង​នេះ អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធានមន្ទីរ​ការងារ​ខេត្ត​កំពង់​ស្ពឺ លោក ចិត្រ បូរិន បាន​ទេ ដោយ​សារ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា មើល​ឃើញ​ថា ស្ថិត​ក្នុង​ស្ថានភាព​ខ្វះ​វត្ថុ​ធាតុ​ដើម​ ពិត​មាន​ជា​ថៅកែ​រោងចក្រ​មួយ​ចំនួន ដែល​មាន​គំនិត​មិន​ល្អ យក​ឱកាស​នេះ ដើម្បី​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​ផ្លូវ​ច្បាប់ ដោយ​មិន​ជូន​ដំណឹង​ពី​ការ​បិទ​រោងចក្រ ​ហើយ​មិន​គិត​គូរ​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​ជា​ដើម។

លោក​យល់​ថា ក្រសួង​ការ​ងារ​គួរ​ដាក់​ចេញ​វិធានការ​ឲ្យ​ច្បាស់លាស់ និង​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​ក្នុង​រឿង​អនុញ្ញាត​ឲ្យ​ថៅកែ​ព្យួរ​ការងារ​កម្មករ​ នៅ​ពេល​នេះ​ ដើម្បី​ធានា​កម្មករ​នឹង​មិន​បាត់​បង់​អត្ថប្រយោជន៍​ការងារ​ណា​មួយ​នោះ​ទេ បើ​ទោះ​បី​ជា​មាន​ថៅកែ​បិទ​ទ្វារ​រោងចក្រ​ក៏​ដោយ៖ «ទន្ទឹម​នឹង​នេះ យើង​ក៏​ឃើញ​ដែរ​ ទាំង​រដ្ឋាភិបាល​ ទាំង​អី​ទាំង​អស់ គឺ​បាន​ស្រែក​ក្ដែងៗ អំពី​វិធានការ​ក៏​ដូចជា​ការ​ហាមប្រាម​មិន​ឲ្យ​និយោជក ក្នុង​ការ​យក​លេស​នេះ ឱកាស​នេះ រត់​ចោល​កម្មករ ព្យួរ​កម្មករ បញ្ឈប់​កម្មករ​។ វា​ជា​រឿង​ដែល​យើង​ត្រូវ​ពិនិត្យ​មើល​ ហើយ​យើង​ត្រូវ​រួម​ចំណែក​ដោះស្រាយ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​ជា​ ប្រយោជន៍​របស់​បងប្អូន​កម្មករ​ ដែល​គាត់​រង​នូវ​ការ​គេចវេះ​ពី​ថៅកែ រហូត​ធ្វើ​ឲ្យ​បាត់បង់​ប្រយោជន៍​កម្មករ​ជា​ច្រើន​នោះ»

ក្រសួង​ការងារ ព្យាករណ៍​ថា ​រោង​ចក្រ​កាត់​ដេរ ជិត ២០០​រោងចក្រ អាច​ប្រឈម​នឹង​ការ​បិទ​ទ្វារ​បណ្ដោះ​អាសន្ន ហើយ​កម្មករ​ប្រមាណ ១៦ម៉ឺន​នាក់ ត្រូវ​ព្យួរ​ការងារ ដោយ​សារ​តែ​ខ្វះ​វត្ថុធាតុ​ដើម​ពី​ប្រទេស​ចិន។

ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បែប​នេះ លោក ប៉ាវ ស៊ីណា ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​បញ្ចេញ​កញ្ចប់​ថវិកា​បម្រុង​ណា​មួយ ដើម្បី​ជួយ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ភ្លាមៗ ដល់​កម្មករ ដែល​ត្រូវ​ថៅកែ​មិន​ប្រាក់​ខែ​ឲ្យ ដោយ​យក​លេស​ព្យួរ​ការងារ​ព្រោះ​ខ្វះ​វត្ថុ​ធាតុ​ដើម ហើយ​រត់​គេច​ពី​ការ​ទទួលខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល