ប៉ូលិស​ស្វែង​រក​ម្ចាស់​ឡាន​កែច្នៃ​ដឹក​កម្មករ​ក្រឡាប់​ស្លាប់​៨​នាក់

ដោយ ប្រាជ្ញ ចេវ
2015-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សមត្ថកិច្ច​ខេត្ត​ក្រចេះ កំពុង​សាកសួរ​អ្នក​បើកបរ​រថយន្ត​ដើម្បី​រក​ម្ចាស់​ឡាន​កែច្នៃ​ដែល​មាន​គ្រោះថ្នាក់​ក្រឡាប់​ស្លាប់​កម្មករ ៨​នាក់ និង​របួស ១២​នាក់ ឲ្យ​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ។ សមត្ថកិច្ច​ថា ម្ចាស់​រថយន្ត​នោះ​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​សំណង ព្រោះ​ជា​អ្នក​ប្រមូល​កម្មករ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា គ្រោះថ្នាក់​ចរាចរណ៍​មួយ​​​កើត​ឡើង​ក្នុង​ស្រុក​ស្នួល ចំ​ពេល​រថយន្ត​នោះ​ចុះ​ចំណោត ហើយ​ដាច់​ហ្វ្រាំង ដែល​បណ្ដាល​ឲ្យ​ក្រឡាប់​ជា​ច្រើន​ជុំ។

សមត្ថកិច្ច​ខេត្ត​ក្រចេះ បញ្ជាក់​ថា ពេល​នេះ​អ្នក​របួស​ទាំង​ធ្ងន់ និង​ស្រាល កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ហើយ​សព​ជន​រងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

ស្នងការ​រង​ខេត្ត​ក្រចេះ ទទួល​បន្ទុក​សណ្ដាប់ធ្នាប់ លោក ហន តូច ឲ្យ​ដឹង​ថា អ្នក​បើក​បរ​រថយន្ត​ដែល​របួស​ធ្ងន់​ដោយ​បាក់​ជើង​ទាំង​ពីរ និង​បាក់​ដៃ ជា​អ្នក​ស៊ី​ឈ្នួល​បើក​ឡាន ចំណែក​ថៅកែ​ឡាន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្លាំង​លើ​រឿង​នេះ។
លោក​ស្នងការ​រង​បន្ត​ទៀត​ថា សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង និង​សាកសួរ​ទៅ​អ្នក​បើក​បរ​ឡាន៖ «យើង​ត្រូវ​ស្រាវជ្រាវ​រក​ម្ចាស់​ដែល​ដឹកនាំ​ប្រមូល​កម្មករ​ទៅ»

សមត្ថកិច្ច​សន្និដ្ឋាន​ដំបូង​ថា ឡាន​នោះ​ដឹក​កម្មករ​ចូល​ព្រៃ ព្រោះ​ក្នុង​ឡាន​នោះ មាន​អង្ករ រណា​អារ​ឈើ ម៉ូតូ ដោយ​ញាត់​សម្ភារៈ​ណែន​ពេញ​រថយន្ត និង​មាន​មនុស្ស​ជិះ​ជាង ៣០​នាក់។ ក្នុង​ពេល​គ្រោះថ្នាក់​ មនុស្ស ៦​នាក់​ស្លាប់​ភា្លមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ និង ២​នាក់​ទៀត ស្លាប់​ពេល​ដឹក​មក​ដល់​មន្ទីរពេទ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល