សហជីព​ធំៗ​៨​បារម្ភ​ពី​ការ​រឹត​បន្តឹង​ការ​ចុះ​បញ្ជី​បង្កើត​សហជីព​នៅ​តាម​មូលដ្ឋាន

ដោយ ទេព សុរ៉ាវី
2015-01-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ ទី ២៩ មករា ២០១៥។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ ទី ២៩ មករា ២០១៥។
RFA/Tep Soravy

សហជីព​ធំៗ​ចំនួន​៨ ដែល​សកម្ម​ក្នុង​ការ​តវ៉ា​សុំ​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ឲ្យ​កម្មករ​បាន ១៦០​ដុល្លារ កាល​ពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ កំពុងតែ​ប្រឈម​នឹង​ការ​រឹត​បន្តឹង​ការ​ចុះ​បញ្ជិកា​បង្កើត​សហជីព​នៅ​តាម​មូលដ្ឋាន។ មន្ត្រី​សហជីព​ទាំង​នោះ​បន្ទោស​ទៅ​លើ​នីតិវិធី​ស្មុគស្មាញ​របស់​ក្រសួង​ការងារ ហើយ​ព្រមាន​ថា នឹង​ធ្វើ​យុទ្ធនាការ​តវ៉ា​ទ្រង់ទ្រាយ​ធំ ប្រសិនបើ​មិន​មាន​ដំណោះ​ស្រាយ ឬ​សម្រួល​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​ការ​ឲ្យ​បាន​ប្រសើរ​ដូច​មុន​ទេ​នោះ។

​សហជីព​ធំៗ​ចំនួន​៨ បរាជ័យ​ក្នុង​ការ​ស្នើសុំ​ចុះ​បញ្ជិកា​សហជីព​ដោយសារ​លក្ខខណ្ឌ​នៃ​ការ​ចុះ​បញ្ជិកា​មាន​ភាព​ស្មុគស្មាញ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​២៩ មករា ថា ការ​ចុះ​បញ្ជី​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​តឹងតែង​ពេញ​មួយ​ឆ្នាំ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​កម្មករ​ដោយ​ហិង្សា​កាល​ពី​ដើម​ឆ្នាំ​២០១៤ នៅ​ពេល​ដែល​កម្មករ​ងើប​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ។ ការ​រឹត​បន្តឹង​នោះ​ធ្វើ​ឡើង​ដោយ​ខាង​និយោជក និង​មន្ត្រី​ចុះ​បញ្ជិកា​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

ឧបសគ្គ​ដែល​ជា​ការ​រាំង​ស្ទះ​ដល់​ដំណើរការ​នៃ​ការ​ចុះ​បញ្ជិកា​សហជីព​នោះ គឺ​ខាង​ក្រសួង​ការងារ តម្រូវ​ឱ្យ​ថ្នាក់ដឹកនាំ​សហជីព​ថ្មី​មាន​លិខិត​ថ្កោលទោស​ពី​ក្រសួងយុត្តិធម៌ ពេល​ចុះ​បញ្ជិកា។ រូបភាព​មួយ​ទៀត​ដែល​និយោជក​មិន​ចង់​ឲ្យ​សហជីព​ណា​ចុះ​បញ្ជិកា​បាន​នោះ គឺ​យក​ប្រព័ន្ធ​តុលាការ​ជា​ខែល​ប្តឹង​បុគ្គល​ដែល​ឈរ​ឈ្មោះ​ឲ្យ​តំណាង​សហជីព។ រាល់​លិខិត​ជូន​ដំណឹង​ស្នើសុំ​បង្កើត​សហជីព​ខាង​រោងចក្រ​មិន​ទទួល​យក​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរ​ការ​នៃ​ការ​សុំ​ចុះ​បញ្ជិកា​សហជីព៖ «ក្រសួង​យុត្តិធម៌​តម្រូវ​ឲ្យ​អ្នក​ធ្វើ​លិខិត​ថ្កោលទោស​ចំណាយ​ពេល ២០​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ ត្រូវ​បង់លុយ ៣​ម៉ឺន ៤​ពាន់​រៀល​ក្នុង​ម្នាក់ តម្រូវ​ឲ្យ​មាន​ឯកសារ​ដូចជា​អត្តសញ្ញាណប័ណ្ណ ប័ណ្ណ​គ្រួសារ លិខិត​កំណើត បើ​ក្រសួង​តម្រូវ​ឲ្យ​គ្រប់​ឯកសារ​អ៊ីចឹង តើ​អ្នកនោះ​អាច​ចុះ​បញ្ជី​បាន​ទេ មិន​អាច​ធ្វើ​លិខិត​ថ្កោលទោស​បាន ក៏​មិន​អាច​ចុះ​បញ្ជិកា​បាន​ដែរ»

​ជា​ទូទៅ​រាល់​ការ​បង្កើត​សហជីព​នៅ​តាម​ស្ថាប័ន រោងចក្រ សហគ្រាស ឬ​ក្រុមហ៊ុន​ណា​នោះ សហជីព ត្រូវ​ស្នើសុំ​ចុះ​បញ្ជិកា​នៅ​ក្រសួង​ការងារ​ជា​មុន។ តាម​ច្បាប់​ការងារ​ការ​សុំ​ចុះ​បញ្ជិកា​មិន​ចាំបាច់​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន​ជា​មុន។ ប៉ុន្តែ​ជាក់ស្ដែង​ប្រសិនបើ​មិន​មាន​ការ​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន ឬ​រោងចក្រ​ទេ​នោះ ខាង​ក្រសួង​ការងារ​នឹង​មិន​ទទួល​យក​លិខិត​ស្នើ​សុំ​ចុះ​បញ្ជិកា​ឡើយ។

​ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ លោក សៀង សម្បត្តិ បញ្ជាក់​ថា ភាព​ស្មុគស្មាញ​មួយ​ទៀត​ដែល​ក្រសួង​ការងារ​អនុវត្ត​លើស​ពី​ច្បាប់​កំណត់ គឺ​ការ​តម្រូវ​ឲ្យ​សហជីព​ថត​រូប​បុគ្គល​គ្រប់រូប​ដែល​ចូល​រួម​បោះ​ឆ្នោត​បង្កើត​សហជីព​នៅ​តាម​រោងចក្រ ឬ​ក្រុមហ៊ុន ឬ​មាន​ន័យ​ថា បើ​អ្នក​បោះឆ្នោត​មាន ២០០​នាក់ ឬ ១​ពាន់​នាក់ ត្រូវ​មាន​រូបថត ២០០ ឬ ១​ពាន់​សន្លឹក ភ្ជាប់​ក្នុង​ឯកសារ​ស្នើសុំ​ចុះ​បញ្ជិកា​ដោយ​រូបថត​ទាំង​នោះ​មាន​ភ្ជាប់​នូវ​ថ្ងៃ​ខែ​ថែម​ទៀត៖ «គ្រាន់តែ​យក​កម្មករ​ម្នាក់​ពី​ខេត្ត​មក​ធ្វើ​លិខិត​ថ្កោលទោស​នៅ​ភ្នំពេញ មិន​ក្រោម ១០០​ដុល្លារ​ទេ ក្នុង​ម្នាក់​ខាង​សហព័ន្ធ​មាន​លុយ​មក​ពី​ណា។ ខ្ញុំ​គិត​ថា វា​ជា​រូបភាព​មួយ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ចុះ​បញ្ជី​របស់​សហជីព ពិសេស​សហជីព​ឯករាជ្យ​ដែល​ចេញ​មុខ​តវ៉ា​នឹង​រដ្ឋាភិបាល​រឿង​ដំឡើង​ប្រាក់​ឈ្នួល»

មន្ត្រី​សហជីព​ទាំង​នោះ​បញ្ជាក់​ថា ច្បាប់​ស្តី​ពី​ការងារ​កំពុង​ដើរ​ថយ​ក្រោយ​ក្នុង​រយៈ​ពេល ១​ឆ្នាំ​ចុង​ក្រោយ ហើយ​ស្ថានភាព​សិទ្ធិ​សេរីភាព​កម្មករ​ធ្លាក់​ចុះ​លើស​ពី​ការ​ស្មាន។

មន្ត្រី​សហជីព​ទាំង​នោះ​ស្នើ​សុំ​ឲ្យ​ក្រសួង​ការងារ​អនុវត្ត​នីតិវិធី​ចុះ​បញ្ជិកា​សហជីព ដូច​មុន ឬ​មាន​ន័យ​ថា អនុវត្ត​ដូច​មុន​ចុង​ឆ្នាំ​២០១៣ ដោយ​មិន​តម្រូវ​ឲ្យ​មាន​លិខិត​ថ្កោលទោស និង​ជួយ​សម្រួល​ដំណើរ​ការ​ចុះបញ្ជី​ការ​ឲ្យ​បាន​រលូត។

ពាក់ព័ន្ធ​នឹង​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ទេ នៅ​ថ្ងៃ​ទី​២៩ មករា ដោយ​លោក​បិទ​ទូរស័ព្ទ។ ប៉ុន្តែ​កន្លង​មក អនុប្រធាន​នាយកដ្ឋាន​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ លោក ហួន សឿ ធ្លាប់​ទទួល​ញត្តិ​ពី​កម្មករ​ជាង ២០០​នាក់ ដែល​ស្នើសុំ​ឲ្យ​ក្រសួង​លុប​លក្ខខណ្ឌ​មួយ​ចំនួន​នៃ​ការ​ចុះ​បញ្ជិកា​ថ្មី​សហជីព រួម​ទាំង​ការ​តម្រូវ​ឲ្យ​មាន​លិខិត​ថ្កោលទោស​ពី​ក្រសួង​យុត្តិធម៌។ យ៉ាងណា​រហូត​មក​ដល់​ពេល​នេះ ខាង​ក្រសួង​ការងារ​នៅ​មិន​ទាន់​ឆ្លើយ​តប​ណា​មួយ​ចំពោះ​ញត្តិ​ស្នើ​សុំ​នោះ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល