ក្រុម​សហជីព​លោក អាត់ ធន់ កំណត់​ប្រាក់​ឈ្នួល​១៧៧​ដុល្លារ​ដល់​កម្មករ

ដោយ ប្រាជ្ញ ចេវ
2015-06-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​តំណាង​សហជីព​ប្រមាណ ៥០នាក់ ចាប់​ផ្ដើម​លើក​បដា​តវ៉ា សម្ដែង​មតិ​ពី​តម្រូវ​ការប្រាក់​ឈ្នួល​គោល​របស់​កម្មករ​នៅ​មុខ​ក្រសួង​ការងារ នៅ​រសៀល​ថ្ងៃ​ទី ២៦ កញ្ញា ឆ្នាំ ២០១៤។
ក្រុម​តំណាង​សហជីព​ប្រមាណ ៥០នាក់ ចាប់​ផ្ដើម​លើក​បដា​តវ៉ា សម្ដែង​មតិ​ពី​តម្រូវ​ការប្រាក់​ឈ្នួល​គោល​របស់​កម្មករ​នៅ​មុខ​ក្រសួង​ការងារ នៅ​រសៀល​ថ្ងៃ​ទី ២៦ កញ្ញា ឆ្នាំ ២០១៤។
RFA/Leng Maly

ក្រុម​សហជីព​របស់ លោក អាត់ ធន់ គឺ​សហជីព​ស៊ីខាវឌូ (C-CAWDU) បាន​ប្រជុំ​សម្រេច​យក​ប្រាក់ ១៧៧​ដុល្លារ​ជា​ប្រាក់​ឈ្នួល​គោល​ជូន​ដល់​កម្មករ ដាក់​ទៅ​ជជែក​នឹង​ភាគី​ពាក់ព័ន្ធ។ ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត មិន​ទាន់​បង្ហាញ​ជំហរ​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ថា​ការ​កំណត់​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​របស់ លោក អាត់ ធន់ នៅ​ពេល​នេះ គឺ​ធ្វើ​ខុស​ពី​អ្វី​ដែល​លោក​បាន​ព្រមព្រៀង​គ្នា​នា​ពេល​កន្លង​មក។

តំណាង​សហជីព​វិស័យ​កាត់​ដេរ​ជាង ១០០​រោងចក្រ​នៅ​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​ដូចជា ខេត្ត​កណ្ដាល កំពង់ស្ពឺ តាកែវ និង​ខេត្ត​ព្រះសីហនុ បាន​ព្រមព្រៀង​គ្នា​កំណត់​ទាមទារ​ប្រាក់​សុំ​ឡើង​ប្រាក់​ឈ្នួល​គោល​ជូន​កម្មករ​ចំនួន ១៧៧​ឆ្នាំ​ក្នុង ១​ខែ។

កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា នៅ​ទីស្នាក់ការ​របស់​សហជីព​ស៊ីខាវឌូ មិន​មែន​ទាមទារ​ដាច់​ណាត់​នោះ​ទេ គេ​អាច​បន្ធូរបន្ថយ​ខ្លះ ប្រសិន​ស្ថានភាព​តានតឹង​ខ្លាំង។

ប្រធាន​សហជីព​ស៊ីខាវឌូ លោក អាត់ ធន់ និយាយ​ថា បន្ទាប់​ពី​ការ​កំណត់​ប្រាក់​ឈ្នួល​នេះ លោក​នឹង​យក​ទៅ​ជជែក​ជាមួយ​សហជីព​ពិភពលោក សហជីព​មួយ​ចំនួន និង​អង្គការ​ដៃគូ​ពេល​ក្រោយ​ទៀត មុន​នឹង​យក​ការ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​ឲ្យ​បាន ១៧៧​ដុល្លារ​ក្នុង ១​ខែ​នេះ​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល។ លោក​រំពឹង​ថា សហជីព​ផ្សេង​ទៀត​នឹង​ឯកភាព​ដូច​អ្វី​ដែល​ក្រុម​លោក​កំណត់​យក​ប្រាក់​ឈ្នួល​គោល ១៧៧​ដុល្លារ​នេះ៖ «ក្នុង​ការ​ចរចា​ដំបូង គឺ​យើង​ចរចា​ជាមួយ​និយោជក​ផ្ទាល់ បន្ទាប់​មក​យើង​ចរចា​ជា​លក្ខណៈ​ត្រី​ភាគី​ជាមួយ​រដ្ឋាភិបាល សហជីព និង​អ្នក​ពាក់ព័ន្ធ»

នៅ​ឆ្នាំ​២០១៥ នេះ រដ្ឋាភិបាល​សម្រេច​ផ្តល់​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​ចំនួន ១២៨​ដុល្លារ​ក្នុង​មួយ​ខែ ក្រោយ​ពី​ក្រុម​កម្មករ និង​សហជីព បាន​ធ្វើ​បាតុកម្ម​សុំ​ដំឡើង​ប្រាក់​ខែ​នេះ​ជា​បន្តបន្ទាប់។ តែ​យ៉ាង​នេះ​ក្ដី ក្រុម​សហជីព​មួយ​ចំនួន​នៅ​តែ​ទាមទារ​លើស​ពី​នេះ ពីព្រោះ​ថា ការ​ផ្ដល់​ប្រាក់​ខែ​ជូន​កម្មករ​ចំនួន ១២៨​ដុល្លារ​នេះ មិន​អាច​ឲ្យ​កម្មករ​ចាយ​គ្រប់​នោះ​ទេ នៅ​គ្រា​ដែល​អតិផរណា​ទំនិញ​កាន់​តែ​ឡើង​ថ្លៃ​ឥត​ឈប់​ឈរ​នោះ។

ប្រធាន​ក្រុមប្រឹក្សា​សហជីព​កម្ពុជា លោក សោម អូន ដែល​គេ​ស្គាល់​ថា ជា​សហជីព​គាំទ្រ​រដ្ឋាភិបាល​នោះ លោក​មិន​ទាន់​បង្ហាញ​ជំហរ​ការ​កំណត់​ប្រាក់​ឈ្នួល​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ក្រុម​សហជីព​លោក​រង់ចាំ​ការ​ប្រជុំ​ជជែក​ពិភាក្សា ដែល​មាន​ភាគី​ពាក់ព័ន្ធ​ចូលរួម​នៅ​ខែ​កក្កដា ជា​មុន​សិន៖ «យើង​រង់ចាំ​អង្គការ​អាយឡូ (ILO) គាត់​ជួយ​ជា​បច្ចេកទេស ឬ​ការ​កំណត់​តួលេខ​ណា​មួយ ដើម្បី​យក​ទៅ​ជជែក​ជាមួយ​និយោជក»

កិច្ច​ព្រមព្រៀង​រួម​រវាង​អ្នក​ធ្វើ​ការ​ទាក់ទង​កម្មករ នឹង​ជជែក​ពិភាក្សា​គ្នា​នៅ​ក្នុង​ខែ​កក្កដា ដើម្បី​ពិនិត្យ​ធាតុ​ផ្សំ​ចំនួន ៧​ចំណុច ទាក់ទង​សេដ្ឋកិច្ច ដូចជា អត្រា​អតិផរណា កម្រិត​ជីវភាព​រស់នៅ​កម្មករ ស្ថានភាព​គ្រួសារ កម្លាំង​ពលកម្ម កត្តា​ផលិតភាព ភាព​ប្រកួត​ប្រជែង​នៃ​ប្រទេស​ក្នុង​តំបន់ ផល​ប៉ះពាល់​នៃ​កំណើន​ប្រាក់​ឈ្នួល​កន្លង​មក​ទៅ​លើ​ទីផ្សារ​ការងារ និង​ចំណុច​ចុង​ក្រោយ គឺ​អត្រា​ចំណេញ​នៅ​ក្នុង​វិស័យ​រោងចក្រ។

អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ខេន លូ ថ្លែង​ថា ការ​កំណត់​យក​ប្រាក់​ឈ្នួល​នេះ​ជា​សិទ្ធិ​របស់​ក្រុម លោក អាត់ ធន់៖ «នេះ​ជា​សិទ្ធិ​របស់​គាត់​ទេ (លោក អាត់ ធន់) ខ្ញុំ​អត់​ទាន់​ជជែក​គ្នា​ទេ»

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​ការងារ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវ​ការ ដែល​មាន​សហព័ន្ធ​សហជីព​ចំនួន ៨០ ទូទាំង​ប្រទេស បាន​ព្រមព្រៀង​គ្នា​ថា នៅ​ក្នុង​ខែ​កក្កដា ភាគី​ទាំងអស់​ត្រូវ​អង្គុយ​ជុំ​គ្នា​ដើម្បី​ពិនិត្យ​ឡើង​វិញ​ទាក់ទង​រឿង​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ។

នៅ​ខែ​សីហា ខាង​មុខ ភាគី​នីមួយៗ​នឹង​ទទួល​បាន​គោល​ជំហរ​មួយ​ក្រោយ​កិច្ច​ប្រជុំ​នោះ នឹង​លើក​ទៅ​ជជែក។ បន្ទាប់​មក​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៥ ភាគី​សហជីព ក្រសួង​ការងារ និង​អង្គការ​អាយឡូ អង្គុយ​ជុំ​គ្នា​ថ្លឹងថ្លែង​ចំពោះ​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​រួម​គ្នា។ ដំណាក់​កាល​ចុង​ ក្រោយ​នៅ​ខែ​តុលា ក្រុម​ការងារ​នឹង​សម្រេច​ប្រាក់​ឈ្នួល​គោល​ជូន​កម្មករ​តែ​ម្ដង។

ទាក់ទង​នឹង​ដំណាក់​កាល​ចុង​ក្រោយ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួ និយាយ​ថា ការ​កំណត់​សុំ​ដំឡើង​ប្រាក់​ឈ្នួល​របស់​ក្រុម លោក អាត់ ធន់ នៅ​ពេល​នេះ គឺ​ខុស​ទៅ​នឹង​អ្វី​ដែល​អ្នក​ធ្វើ​ការងារ​ទាក់ទង​កម្មករ ដែល​កាល​ណោះ​រួម​ទាំង លោក អាត់ ធន់ ផង បាន​ព្រមព្រៀង​គ្នា​រួច​ហើយ។ លោក​បន្ត​ថា មុន​ដល់​ការ​ប្រកាស​បែប​នេះ ត្រូវ​ឆ្លង​កាត់​ការ​ប្រជុំ​ដែល​មាន​អង្គការ​អាយឡូ ជា​អ្នក​ផ្តល់​បច្ចេកទេស៖ «យន្តការ​របស់​យើង​មាន​ពេលវេលា និង​កាលវិភាគ គឺ​មាន​ទាំងអស់ ចឹង​សុំ​ឲ្យ​គ្រប់​គ្នា​ត្រឡប់​ទៅ​មើល​កាលវិភាគ​យើង​ឡើង​វិញ»

ទោះ​ជា​បែប​នេះ​ក្ដី លោក អាត់ ធន់ បញ្ជាក់​ថា ការ​កំណត់​យក​ប្រាក់​ឈ្នួល ១៧៧​ដុល្លារ​ក្នុង​១​ខែ បើ​ធៀប​ទៅ​នឹង​តម្រូវ​ការ​កម្មករ និង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ ជា​ប្រាក់​ឈ្នួល​ដែល​ធ្វើ​ឲ្យ​កម្មករ​អាច​រស់នៅ​បាន​សមរម្យ។ លោក​អះអាង​ថា ប្រសិន​ការ​ទាមទារ​នេះ​មិន​អាច​ធ្វើ​ទៅ​បាន ក្រុម​លោក​នឹង​រក​វិធីសាស្ត្រ​ផ្សេង​ទៀត ដើម្បី​អាច​ឲ្យ​ភាគី​ពាក់ព័ន្ធ​យល់ព្រម​ពី​ស្នើសុំ​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល