មន្ត្រី​យោធា​ចិន​មក​ទស្សនកិច្ច​ស្ងាត់ៗ​នៅ​កម្ពុជា មុន​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ្រូន​នៅ​កោះកុង

ដោយ សេក បណ្ឌិត
2020-02-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា
រូប៖ ហ្វេសប៊ុក General Tea Banh

សារព័ត៌មាន​អូស្ត្រាលី​មួយ​ផ្សាយ​ថា មន្ត្រី​យោធា​ចិន​មួយ​ក្រុម​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយ​អាថ៌កំបាំង​កាលពី​ចុង​ខែ​ធ្នូ កន្លង​ទៅ ពោល​គឺ​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​មុន​ពេល​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូន (Drone) ខ្នាត​ធំ​មួយ​គ្រឿង បាន​ធ្លាក់​នៅ​ជិតបង្កើយ​នឹង​ទីតាំង​ដែល​មាន​ការ​សង្ស័យ​ថា ក្រុមហ៊ុន​ចិន​កំពុង​សាងសង់​កំពង់​ផែ​ទឹក​ជ្រៅ និង​ព្រលាន​យន្តហោះ​បម្រើ​ឱ្យ​វិស័យ​យោធា​របស់​ចិន។

ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ្រូន (Drone) ដ៏​ធំ​មួយ​គ្រឿង​ដែល​ជា​ប្រភេទ​យន្តហោះ​ស៊ើបការណ៍​សម្ងាត់​ផលិត និង​ចែកចាយ​ដោយ​ក្រុមហ៊ុន​ចិន​កាលពី​ពាក់​កណ្ដាល​ខែ​មករា កន្លង​ទៅ​នោះ បាន​នាំ​ឱ្យ​មាន​ការ​ជជែក​វែក​ញែក​ឡើងវិញ អំពី​តួនាទី​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បន្ថែម​ពីលើ​ការ​លេច​លឺ​ព័ត៌មាន​ថា កម្ពុជា​បាន​ព្រមព្រៀង​ឱ្យ​យោធា​ចិន​មាន​ឈរជើង​នៅ​កម្ពុជា និង​រក្សាទុក​អាវុធ​យុទ្ធភណ្ឌ និង​បរិក្ខារ​យោធា​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម។

សារព័ត៌មាន (ABC) ល្បីល្បាញ​របស់​អូស្ត្រាលី​ផ្សាយ​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ ថា គណៈប្រតិភូ​ជាន់ខ្ពស់​ឯកទេស​ខាង​ផែនទី​របស់​កងទ័ព​ចិន​បាន​មក​បំពេញ​ទស្សនកិច្ច​ជា​សម្ងាត់​នៅ​កម្ពុជា ៣​សប្ដាហ៍ មុន​ពេល​មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ្រូន (Drone) នៅ​ក្បែរ​ក្រុមហ៊ុន​អភិវឌ្ឍ​របស់​ចិន​ឈ្មោះ UDG ក្នុង​ខេត្ត​កោះកុង។

ទំព័រ​មុខ​គេហទំព័រ​ ABC អូស្ត្រាលី ចុះផ្សាយពីមន្ត្រី​យោធា​ចិន​មក​ទស្សនកិច្ច​ស្ងាត់ៗ​នៅ​កម្ពុជា មុន​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ្រូន​នៅ​កោះកុង។
ទំព័រ​មុខ​គេហទំព័រ​ ABC អូស្ត្រាលី ចុះផ្សាយពីមន្ត្រី​យោធា​ចិន​មក​ទស្សនកិច្ច​ស្ងាត់ៗ​នៅ​កម្ពុជា មុន​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ្រូន​នៅ​កោះកុង។ Screenshot

ឯកសារ​ដែល​សារព័ត៌មាន​អន្តរជាតិ​មួយ​នេះ​ទទួល​បាន បង្ហាញ​ឱ្យ​ឃើញ​ពី​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​កងទ័ព​ជើង​អាកាស​កម្ពុជា និង​កងទ័ព​រំដោះ​ប្រជាជន​ចិន ដោយ​ក្នុង​នោះ​សរសេរ​ថា «​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​កម្ពុជា និង​ចិន គណៈប្រតិភូ​ផ្នែក​ផែនទី និង​អង្កេត​ការណ៍​កងទ័ព​របស់​ចិន​មួយ​ក្រុម​មាន​គ្នា ៦​ នាក់ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​ទោ សុង មីងវូ (Song Ming Wu) នាយករង​សាកលវិទ្យាល័យ​វិស្វកម្ម​ព័ត៌មានវិទ្យា​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ទី​២៤ ខែ​ធ្នូ»។ អនុព័ន្ធយោធា​ចិន​ប្រចាំ​កម្ពុជា វរសេនីយ៍ឯក លី នីងយ៉ា (Li Ningya) ដែល​ជា​អ្នក​សរសេរ​លិខិត​នោះ បាន​ស្នើ​សុំ​ឱ្យ​ភាគី​កម្ពុជា​រៀបចំ​បន្ទប់​ស្នាក់នៅ​ពិសេស​នៅ​ឯ​ព្រលាន​យន្តហោះ ភ្នាក់ងារ​ប៉ូលិស និង​អ្នកបកប្រែ​មួយ​ចំនួន ដើម្បី​ទទួល​គណៈប្រតិភូ​យោធា​ចិន​មួយ​ក្រុម​នេះ។

តាម​គម្រោង​ដែល​មាន​បញ្ជាក់​នៅ​ក្នុង​ឯកសារ​នោះ គឺ​គណៈប្រតិភូ​យោធា​ចិន​ត្រូវ​ចុះ​ទៅ​ពិនិត្យ​មូលដ្ឋាន​ទ័ព​រាម និង​ទីតាំង​ឈរជើង​របស់​កងទ័ព​ជើង​ទឹក​កម្ពុជា​នៅ​កោះ​តាគៀវ និង​កោះ​ពូលូវ៉ៃ។ ក្រៅ​ពី​នេះ ពួកគេ​ក៏​មាន​គម្រោង​ជួប​មន្ត្រី​យោធា​កម្ពុជា ២០​នាក់ ដែល​ទើបតែ​បញ្ចប់​វគ្គ​សិក្សា​រយៈពេល ៦​ខែ ជំនាញ​ខាង​ផែនទី ការរុករក និង​អង្កេត​ការណ៍​ផង​ដែរ មុននឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច ដោយ​ការ​ទៅ​ពិនិត្យមើល​ស្ថានីយ​ទទួល​រូបភាព​ផ្កាយរណប​របស់​ចិន​នៅ​ខេត្ត​សៀមរាប។

សាស្ត្រចារ្យ​នៅ​សាលា​យុទ្ធសាស្ត្រ និង​ការពារ​ជាតិ​នៃ​សាកលវិទ្យាល័យ​អូស្ត្រាលី លោក ចន ប្លេកស៍លែន (John Blaxland) ប្រាប់​សារព័ត៌មាន ABC ថា ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​យោធា​ចិន និង​ការ​ធ្លាក់​យន្តហោះ​ដ្រូន​នេះ ពិតជា​កើតឡើង​ក្នុង​កាល​វេលា​ផ្សេងគ្នា​មែន ប៉ុន្តែ​លោក​ជឿ​ថា ក្រុង​ប៉េកាំង​ជា​អ្នក​នៅ​ពីក្រោយ​រឿងហេតុ​ទាំងនេះ ក្នុង​បរិបទ​នៃ​ផែនការ​អភិវឌ្ឍ​សមត្ថភាព​គ្រប់គ្រង​តំបន់​អាស៊ីអាគ្នេយ៍​ដោយ​យក​កម្ពុជា​ជាទី​តាំង​ឈរជើង។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នកនាំពាក្យ​កងទ័ព​ជើង​អាកាស លោក ប្រាក់ សុខា ជាច្រើន​ដង តាម​លេខ​ទូរស័ព្ទ​ទាំងពីរ​ខ្សែ​របស់​លោក ក៏ ប៉ុន្តែ​មិន​មាន​អ្នកទទួល​ទូរស័ព្ទ​។ ចំណែក អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិ លោក ឈុំ សុជាត ក៏​មិន​លើក​ទូរស័ព្ទ​ដូចគ្នា​នៅ​ថ្ងៃ​ទី៥ កុម្ភៈ។

កាល​ពី​ថ្ងៃ​ទី​១៦ មករា កន្លង​ទៅ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​យន្តហោះ​ដ្រូន​មួយ​គ្រឿង​ប្រវែង​ប្រហែល​៥ ម៉ែត្រ និង​ប្រវែង​ស្លាប​ជាង ៩ ម៉ែត្រ បាន​ធ្លាក់​នៅ​លើ​ដី​មួយ​កន្លែង ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៧ គីឡូម៉ែត្រ​ពី​ក្រុមហ៊ុន UDG ក្នុង​ភូមិ​សាស្ត្រ​ស្រុក​គិរីសាគរ ខេត្ត​កោះកុង​។ UDG គឺជា​ក្រុមហ៊ុន​របស់​ចិន ដែល​ទទួល​បាន ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៤​ម៉ឺន ៥​ពាន់​ហិកតារ (៤៥.០០០) ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​អភិវឌ្ឍ​តំបន់​ទេសចរណ៍ ហើយ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​កំពុង​សាងសង់​ព្រលាន​យន្តហោះ​ខ្នាត​ធំ និង​កំពង់ផែ​ទឹក​ជ្រៅ​។ ក៏ប៉ុន្តែ សារព័ត៌មាន​អាមេរិក​ធ្លាប់​ចុះផ្សាយ​ថា តំបន់​នេះ​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​កងទ័ព​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​ទោះ​ជា​រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​បដិសេធ​រឿង​នេះ​ក្ដី។

ក្រោយ​ហេតុការណ៍​ធ្លាក់​ដ្រូន​ដែល​មិន​ដឹង​ប្រភព​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចុះទៅ​ពិនិត្យមើល​ដល់​ទី​តាំង ប៉ុន្តែ​មិន​អាច​បកស្រាយ​បាន​ថា យ៉ាងណា​នោះ​ទេ រួច​ក៏បាន​បញ្ជូន​ដ្រូន​នេះ​ទៅ​ស៊ើបអង្កេត​នៅ​ក្រសួង​ការពារជាតិ​វិញ​។ រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ លោក ទៀ បាញ់ ធ្លាប់​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​២២ មករា​ថា មន្ត្រី​ជំនាញ​កំពុង​ពិនិត្យមើល និង​ស្រាវជ្រាវ​រក​ម្ចាស់​របស់​នៃ​ឧបករណ៍​នេះ ក៏ប៉ុន្តែ ២​សប្តាហ៍​មកនេះ ក្រសួង​ការពារ​ជាត​មិន​ទាន់​បាន​បង្ហាញ​លទ្ធផល​នៃ​ការស៊ើបអង្កេត​ករណី​នេះ​នៅឡើយ​ទេ។

អ្នកស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត មាស នី ថ្លែង​ថា សាធារណជន​កំពុងតែ​ចង់​ដឹង​ចង់​លឺ​នេះ ព្រោះ​ជា​រឿង​ដ៏​ធំ​ពាក់ព័ន្ធ​នឹង​សន្តិសុខ និង​អធិបតេយ្យ​ជាតិ។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​លទ្ធផល​នៃ​ការស៊ើបអង្កេត​ទាក់ទង​នឹង​ការ​ធ្លាក់​យន្តហោះ​ដ្រូន ដែល​គេ​ដឹង​លឺ​ជាទូទៅ​ថា ជា​ប្រភេទ​ដ្រូន​ប្រើ​ក្នុង​វិស័យ​យោធា មិនមែន​ជា​ដ្រូន​ប្រើ​ក្នុង​វិស័យ​ស៊ីវិល​នោះ​ឡើយ៖ «នេះបើ​យើង​និយាយ​​​ថា លុក​លុយ​ចូល​អធិបតេយ្យភាពរបស់​កម្ពុជាហ្នឹងវាច្បាស់​​ហើយ ពិសេសគឺ​ដែន​​អាកាសហ្នឹងឯង​នៅពេល​ដែន​ដ្រូន​​​ធ្លាក់លើ​ហ្នឹង។ បើ​​ទោះបីជា​ដ្រូន​ហ្នឹង ជា​ដ្រូន​របស់​ប្រទេស​ជិត​ខាង​ ក៏​កម្ពុជា​អាច​ចោទ​បាន​ថា​ គឺ​ជា​ការ​រំលោភ​ទៅលើ​បូរណភាព​ទឹក​ដី​របស់​កម្ពុជា​ដែរ ប៉ុន្តែ​សម្រាប់​ករណី​មួយ​នេះ​ រដ្ឋាភិបាល​ខ្មែរ​យើង​ដូច​ជា​អត់​មាន​ឆ្លើយ​ អត់​មាន​ប្រតិកម្ម​អ្វី​​ទាំង​អស់។ អ៊ីចឹង​នេះ​ជាការ​សង្ស័យ​មួយ​ធំ​ណាស់​ពី​​សាធារណជន​ទៅលើ​ករណី​​នៃ​ការ​ធ្លាក់​ដ្រូន​ហ្នឹង»

យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ដែលគេ​ប្រទះ​ឃើញ ​ធ្លាក់​ក្នុង​ខេត្ត​កោះកុង។
យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ដែលគេ​ប្រទះ​ឃើញ ​ធ្លាក់​ក្នុង​ខេត្ត​កោះកុង។ Photo courtesy

សារព័ត៌មាន ABC អូស្ត្រាលី​បាន​បកស្រាយ​លម្អិត​ថា ដ្រូន​ដែល​ធ្លា​ក់​នៅ​ខេត្ត​កោះកុង​នេះ​មាន​រហស្សនាម​ថា ឥន្ធនូ អាច​ហោះ​បាន​រយៈ​ចម្ងាយ​២៥០ គីឡូម៉ែត្រ និង​ស្ថិត​លើ​អាកាស​បាន​ចន្លោះ​ពី​៨ ទៅ​១០ ម៉ោង ហើយ​បើ​ទំហំ​កាន់តែ​ធំ ដ្រូន​ឥន្ធនូ​នេះ​មាន​សមត្ថភាព​ផ្ទុក​អាវុធ​បាន​រហូតដល់ ៣០០​គីឡូក្រាម​។ ប្រភព​ដដែល​បន្ត​ថា ដ្រូន​ប្រភេទ​នេះ មានតម្លៃ​ចន្លោះ​ពី ២ សែន ទៅ​៣ សែន​ដុល្លារ ហើយ​ក្រុមហ៊ុន​ចិន​បាន​លក់​ដ្រូន​ប្រភេទ​នេះ​ទៅ​ឱ្យ​យោធា​នៅ​ប្រទេស​មួយ​ចំនួន ដូចជា ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ប៉ាគីស្ថាន អេហ្ស៊ីប និង​អារ៉ាប៊ីសាអូឌីត ជាដើម ក៏ប៉ុន្តែ​មិន​ឃើញ​លក់​ឱ្យ​ប្រទេស​កម្ពុជា​នោះ​ទេ។

ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​ជឿ​ថា ការ​បង្ហោះ​ដ្រូន​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​សម្ងាត់​បំផុត ហើយ​អ្នក​បង្ហោះ​គ្មាន​បំណង​ឱ្យ​អ្នកណាម្នាក់​ដឹង​រឿង​នេះ​ទេ​។ ទោះជា​យ៉ាងណា ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​វាយ​តម្លៃ​ថា រឿងហេតុ​ទាំងនេះ​កំពុងតែ​ដើរ​ផ្ទុយ​ទៅ​នឹង​ការសន្យា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ថា ខ្លួន​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​នោះ​ឡើយ។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។ RFA
អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។ RFA Photo: RFA

លោក មាស នី កត់សម្គាល់​ថា រដ្ឋាភិបាល​កម្ពុជា​មាន​តម្លាភាព​តែ​ជាមួយ​ភាគី​ចិន ប៉ុន្តែ​ខ្វះ​តម្លាភាព​ព័ត៌មាន​ជាមួយ​ប្រជាពលរដ្ឋ​ខ្លួនឯង ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន៖ សំឡេង៖ «រដ្ឋាភិបាល​តែង​តែ​ចេញ​សេចក្តីប្រកាស​ការពារ​ថា មិន​ឱ្យ​កម្ពុជា​​ធ្លាក់​ចូល​ទៅក្នុ​ងតំបន់​ភូមិសាស្ត្រ​នៃ​មហាអំណាច​ណាមួយ ក៏​ប៉ុន្តែ​អ្វី​ដែល​​យើងមាន​ការ​​សង្ស័យ​​កាន់​តែ​ច្រើនឡើងៗ​នោះ គឺការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ជា​សម្ងាត់ ឬក៏​ជា​ផ្លូវ​ការ​រវាង​គណៈប្រតិភូយោធា​នៃ​​ប្រទេស​ទាំងពីរ ដែល​​ហាក់​ដូច​ជាមានកាន់​តែ​ច្រើនឡើងៗ»

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បែរខ្នង​ដាក់​បស្ចិម​លោក​កាន់​ខ្លាំង ដោយ​ងាក​ទៅ​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​យោធា និង​នយោបាយ​ជាមួយ​ប្រទេស​ចិន​វិញ​។ ក្រុង​ប៉េកាំង​បាន​ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់​ឥត​សំណង និង​កម្ចី​ឥណទាន ព្រមទាំង​សម្ភារៈ​បរិក្ខារ​ផ្សេងៗ​។ ក្នុង​បរិបទ​បែបនេះ កិច្ច​សហប្រតិបត្តិការ​ជាច្រើន​រវាង​ភ្នំពេញ និង​ប៉េកាំង​ត្រូវ​បាន​រៀបចំ​ឡើងជា​បន្ត​បន្ទាប់ ដោយ​ខ្លះ​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ ប៉ុន្តែ​ខ្លះ​ទៀត​ត្រូវ​រក្សា​ការសម្ងាត់ តួយ៉ាង ការ​ហ្វឹកហ្វឺន​ជំនាញ​ផែនទី​ពី​សាកលវិទ្យាល័យ​វិស្វកម្ម​ព័ត៌មានវិទ្យា​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​នេះ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល