អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កោះ​ហៅ​ស្នងការ​ខេត្ត​កំពង់ចាម​ចូល​បំភ្លឺ​រឿង​ទុក​ម៉ូតូ​ពលរដ្ឋ

ដោយ សូត សុខប្រាថ្នា
2015-02-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម។ រូបថត​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥
ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម។ រូបថត​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥
RFA/Saut Sokprathna

មន្ត្រី​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ត្រៀម​ខ្លួន​ចូល​ទៅ​បំភ្លឺ​តាម​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចំពោះ​ភាព​មិន​ប្រក្រតី​ក្នុង​ករណី​រក្សា​ទុក​ម៉ូតូ​របស់​ពលរដ្ឋ ក្នុង​សំណុំ​រឿង​ទទួល​ផល​ចោរកម្ម។

លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​កំពង់ចាម ដោយ​តម្រូវ​ឲ្យ​មន្ត្រី​រូប​នោះ​ចូល​ទៅ​បំភ្លឺ​ក្នុង​ពេល​ឆាប់​បំផុត ជុំវិញ​ករណី​ម៉ូតូ​របស់​ពលរដ្ឋ​ជិត ១០​គ្រឿង។ លិខិត​បញ្ជាក់​ថា តុលាការ​សម្រេច​ប្រគល់​ម៉ូតូ​ទាំង​នោះ​ឲ្យ​ទៅ​ម្ចាស់​គេ​ប្រើប្រាស់​បណ្ដោះអាសន្ន តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ប្រគល់​ឲ្យ​ពលរដ្ឋ​ឡើយ។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម គ្រោង​ថា​នឹង​ចូល​ទៅ​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ នៅ​ពេល​ដែល​ឯកសារ​ពាក់ព័ន្ធ​រៀបចំ​រួច​រាល់។

ក្នុង​លិខិត​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ និង​បាន​បញ្ជូន​ទៅ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៩ កុម្ភៈ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ តម្រូវ​ឲ្យ​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ គឺ​លោក សាន សុភា បំភ្លឺ​ពាក់ព័ន្ធ​រឿង​មិន​ព្រម​ប្រគល់​ម៉ូតូ ៦​គ្រឿង​ឲ្យ​ពលរដ្ឋ ៦​នាក់​នៅ​ស្រុក​តំបែរ ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បើ​ទោះ​បី​ជា​មាន​ដីកា​សម្រេច​ពី​តុលាការ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ តម្រូវ​ឲ្យ​ប្រគល់​ម៉ូតូ​ទាំង​នោះ​ជូន​ពួក​គាត់​វិញ​ក៏ដោយ។ ក្នុង​លិខិត​ដដែល​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​កំពង់ចាម បាន​ដក​ហូត​ម៉ូតូ​ពី​ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ ចំនួន ១០​គ្រឿង យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​ខេត្ត​កំពង់ចាម ដោយ​សង្ស័យ​ថា​ពាក់ព័ន្ធ​ករណី​ចោរ​លួច​ពី​កន្លែង​ផ្សេង​យក​មក​លក់​បន្ត។

ទាក់ទង​បញ្ហា​នេះ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ លោក សាន សុភា មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ខាង​លោក​មិន​ទាន់​ប្រគល់​ម៉ូតូ ៧​គ្រឿង​ជូន​ពលរដ្ឋ​នៅ​ស្រុក​តំបែរ ពីព្រោះ​ម៉ូតូ​ទាំង​នោះ​ឋិត​នៅ​ក្នុង​ភាព​សង្ស័យ​នៅ​ឡើយ ដោយ​អាជ្ញាធរ​កំពុង​ស្វែងរក​ម្ចាស់​ដើម​ពិត​ប្រាកដ។ លោក​បន្ត​ថា ក្នុង​ចំណោម​ម៉ូតូ ១០​គ្រឿង គឺ​មាន ៣​គ្រឿង សមត្ថកិច្ច​ប្រគល់​ឲ្យ​ម្ចាស់​ដើម​នៅ​ខេត្ត​កំពត និង​ខេត្ត​សៀមរាប រួច​ហើយ បន្ទាប់​ពី​រក​ឃើញ​ថា ម៉ូតូ​ទាំង​នោះ​ពិត​ជា​ត្រូវ​បាន​គេ​លួច​ពី​ពលរដ្ឋ​នៅ​ខេត្ត​ទាំង​នោះ យក​មក​លក់​បន្ត​ឲ្យ​ពលរដ្ឋ​នៅ​ស្រុក​តំបែរ មែន។ រីឯ​ម៉ូតូ​មួយ​គ្រឿង​ទៀត ម្ចាស់​ដើម​នៅ​ខេត្ត​សៀមរាប កំពុង​ធ្វើ​សំណុំ​បែបបទ​ដើម្បី​យក​ម៉ូតូ​គេ​ទៅ​វិញ។ យ៉ាង​ណា ម៉ូតូ ៦​គ្រឿង​ទៀត​ដែល​ពុំ​ទាន់​រក​ម្ចាស់​ដើម​ពិត​ប្រាកដ​ឃើញ លោក​ថា​នឹង​ប្រគល់​ជូន​ពលរដ្ឋ​នៅ​ស្រុក​តំបែរ ប្រសិន​ពួក​គាត់​មាន​លិខិត​បញ្ជាក់​ណា​មួយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ច្បាស់​លាស់​នោះ៖ «ខ្ញុំ​អត់​ជំទាស់​ទេ បើ​លោក​ព្រះរាជ​អាជ្ញា​សម្រេច​ហើយ សូម​ឲ្យ​បងប្អូន​ធ្វើ​ពាក្យ​សុំ​មក ដើម្បី​ឲ្យ​ខ្ញុំ​មាន​ភស្តុតាង​ខ្ញុំ»

ចំណែក​ការ​បារម្ភ​របស់​ពលរដ្ឋ​នៅ​ស្រុក​តំបែរ ដែល​ខ្លាច​ក្រែង​តែ​សមត្ថកិច្ច​ស៊ី​ដាច់​ម៉ូតូ​ពួក​គាត់​យ៉ាង​ណា​នោះ លោក សាន សុភា អះអាង​ថា ម៉ូតូ ៧​គ្រឿង គឺ​ថែរក្សា​ទុក​នៅ​ស្នងការ​ខេត្ត​កំពង់ចាម ដដែល ដោយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ។

យ៉ាង​ណា ពលរដ្ឋ​ម្នាក់​នៅ​ឃុំ​ត្រពាំងព្រីង លោក ព្រុំ ពុធ បញ្ជាក់​ថា សំណុំ​បែបបទ​ពី​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ស្នើសុំ​យក​ម៉ូតូ​ទៅ​ប្រើប្រាស់ គឺ​ពួក​គាត់​បាន​បញ្ជូន​ទៅ​តុលាការ​រួច​រាល់​ហើយ ទើប​តុលាការ​ហ៊ាន​សម្រេច​ប្រគល់​ម៉ូតូ​ទាំង​នោះ​មក​ឲ្យ​ពួក​លោក ដើម្បី​យក​ទៅ​ប្រើប្រាស់​បណ្ដោះអាសន្ន។ តែ​ចម្លែក​ត្រង់​ថា សមត្ថកិច្ច​បែរ​ជា​ប្រឆាំង​នឹង​សេចក្តី​សម្រេច​នោះ​ទៅ​វិញ៖ «មិន​ដឹង​ស្នងការ​ធំ​ជាង​ព្រះរាជ​អាជ្ញា ឬ​យ៉ាង​ម៉េច? ខ្ញុំ​អត់​ដឹង​ទេ។ ខ្ញុំ​ចេះ​តែ​យល់​ថា ចេញ​អ៊ីចឹង​ហើយ សម​តែ​ស្នងការ​គេ​ឲ្យ»

ពលរដ្ឋ​ដដែល​ឲ្យ​ដឹង​ថា កន្លង​មក​ពួក​គាត់​ធ្លាប់​សុំ​សមត្ថកិច្ច​ទៅ​មើល​ម៉ូតូ​របស់​ខ្លួន ដើម្បី​ប្រាកដ​ថា ម៉ូតូ​ទាំង​នោះ​ពិត​ជា​នៅ​ស្នងការ​មែន ឬ​យ៉ាង​ណា ប៉ុន្តែ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ចូល​មើល​ឡើយ ហាក់​ដូចជា​មាន​អាថ៌កំបាំង។

ដោយ​ឡែក​មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នាង សុវ៉ាត យល់​ថា ករណី​នេះ​សមត្ថកិច្ច​ប៉ូលិស​គ្មាន​សិទ្ធិ​សម្រេច​បង្គាប់​ឲ្យ​ពលរដ្ឋ​ធ្វើ​យ៉ាង​ណា​ទៀត​នោះ​ទេ គឺ​មាន​តួនាទី​មើល​ថែ​ម៉ូតូ​ទាំង​នោះ​តែ​ប៉ុណ្ណោះ ព្រោះ​ផុត​ដែន​សមត្ថកិច្ច​របស់​ពួក​គេ​ហើយ។ ចំណែក​អ្នក​មាន​សិទ្ធិ​សម្រេច គឺ​តុលាការ។ ដូច​នេះ លោក​ថា សមត្ថកិច្ច​គឺ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​តុលាការ៖ «ទី​មួយ​ខូច​កិត្តិយស​គេ។ ទី​ពីរ គេ​បាន​អី​ប្រើប្រាស់​រយៈ​ប៉ុន្មាន​ខែ តាំង​នៅ​ចាប់​មក។ ទី​បី ប្រឆាំង​ដីកា​របស់​តុលាការ»

លោក​បន្ថែម​ថា ប្រសិន​បើ​ពលរដ្ឋ​ពិត​ជា​ទទួល​ផល​ចោរកម្ម​មែន ម្ល៉េះ​ប្រហែល​ជា​ពួក​គាត់​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ មិន​នៅ​ទាមទារ​ទ្រព្យ​របស់​ខ្លួន​ទៀត​នោះ​ទេ។ លោក​ថា ម៉ូតូ​ទាំង​នោះ​សមត្ថកិច្ច​គប្បី​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​តំបែរ ដូច​សេចក្តី​សម្រេច​របស់​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល