AIP បារម្ភ​ជា​ថ្មី​ចំពោះ​អត្រា​ស្លាប់​និង​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

ដោយ ដែន អយុធ្យា
2015-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ចុះ​អប់រំ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នៅ​តាម​ផ្លូវ​ឯករាជ្យ ខេត្ត​ព្រះសីហនុ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥។
កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ចុះ​អប់រំ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នៅ​តាម​ផ្លូវ​ឯករាជ្យ ខេត្ត​ព្រះសីហនុ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Den Ayuthyea

អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ហៅ​កាត់​ថា អេ.អាយ.ភី (AIP) បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត​ចំពោះ​អត្រា​ស្លាប់ និង​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៥។ កង្វល់​នេះ បង្ហាញ​នៅ​ក្នុង​សិក្ខា​សាលា​ពង្រឹង​សមត្ថភាព​ដល់​តំណាង​អង្គភាព​សារព័ត៌មាន​ចំនួន ៤០​ស្ថាប័ន រៀបចំ​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ នា​ខេត្ត​ព្រះសីហនុ។

នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី អេ.អាយ.ភី ប្រចាំ​កម្ពុជា លោក គឹម បញ្ញា ដែល​ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ឲ្យ​មាន​សិក្ខាសាលា​ជួប​ជាមួយ​បណ្ដាញ​សារព័ត៌មាន​មក​ពី ៤០​ស្ថាប័ន ដោយ​មាន​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ក្រសួង​ព័ត៌មាន និង​មន្ត្រី​ស្ថាប័ន​ជំនាញ​ដទៃ​ទៀត ចូលរួម​ផ្តល់​បទ​បង្ហាញ។ លោក​ឲ្យ​ដឹង​ថា សិក្ខាសាលា​នេះ មាន​គោល​បំណង​ផ្តល់​ជំនាញ និង​ចំណេះ​ដឹង​បន្ថែម​ទាក់ទង​ការ​សរសេរ​អត្ថបទ​ផ្សព្វផ្សាយ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​លើក​កម្ពស់​ការ​អប់រំ​ដល់​ប្រជាពលរដ្ឋ ឲ្យ​យល់​ដឹង​ពី​សារសំខាន់​នៃ​ការ​ពាក់​មួក​សុវត្ថិភាព សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ ពិសេស​កុមារ​តូចៗ។ លោក គឹម បញ្ញា បាន​អំពាវនាវ​ដល់​អ្នក​ជិះ​ម៉ូតូ ត្រូវ​ពាក់​មួក​ការពារ​សុវត្ថិភាព​ទាំង​ក្មេង​ចាស់​ឲ្យ​បាន​ទាំងអស់​គ្នា ទោះ​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ជិត ឬ​ឆ្ងាយ​ក្តី ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។

ផ្តល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ចម្រុះ ពេល​ចុះ​ពិនិត្យ​មើល​សកម្មភាព​របស់​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ចុះ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ពាក់​មួក​សុវត្ថិភាព ទៅ​លើ​អ្នក​ប្រើ​មធ្យោបាយ​ម៉ូតូ​តាម​ផ្លូវ​ឯករាជ្យ ខេត្ត​ព្រះសីហនុ ល្ងាច​ថ្ងៃ​ពុធ ទី​២៣ ខែ​ធ្នូ លោក គឹម បញ្ញា ឲ្យដឹង​ថា តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ អេ.អាយ.ភី រក​ឃើញ​ថា ឆ្នាំ​២០១៥ នេះ អ្នក​បើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ដែល​ពាក់​មួក​សុវត្ថិភាព​មាន​ចំនួន​ត្រឹម​តែ ១៥​ភាគរយ​ទេ៖ «យើង​គាំទ្រ និង​លើក​ទឹក​ចិត្ត​ឲ្យ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ភាព​ម៉ឺងម៉ាត់ ជាប់លាប់ ស្មើ​ភាព និង​ឲ្យ​មាន​តម្លាភាព ព្រោះ​ថា មាន​តែ​ការ​ពង្រឹង​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ អាច​ជំរុញ​ឲ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ឈាន​ដល់​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​ទាំងអស់​គ្នា»

ផ្ដើម​ពី​បញ្ហា​នេះ នាយក​អង្គការ អេ.អាយ.ភី លោក គឹម បញ្ញា បញ្ជាក់​បន្ថែម​ថា លទ្ធផល​ដែល​កើត​មាន​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព ឬ​អ្នក​ជិះ​ម៉ូតូ​បាន​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន ១០០​ភាគរយ គឺ​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស និង​ការពារ​ការ​ខាតបង់​ថវិកា​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ដែល​កំណត់​ឲ្យ​អ្នក​រួម​ដំណើរ​ត្រូវ​តែ​ពាក់​មួក​សុវត្ថិភាព បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ ប៉ុន្តែ​ច្បាប់​នេះ​នៅ​មិន​ទាន់​បាន​អនុវត្ត ឬ​ឈាន​ដល់​សមត្ថកិច្ច​ផាក​ពិន័យ​នៅ​ឡើយ​ទេ។ លោក​ថា ក្នុង​ឆ្នាំ​២០១៥ នេះ មាន​មនុស្ស​ស្លាប់​ចំនួន ៦​នាក់​ជា​រៀង​រាល់​ថ្ងៃ ហើយ​អត្រា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នឹង​បន្ត​កើន​ថែម​ទៀត ប្រសិន​បើ​អ្នក​ប្រើប្រាស់​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ។

ត្រង់​ចំណុច​នេះ ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ លោក អ៊ី សុខា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ពិសេស​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ម៉ូតូ ទាំង​អ្នក​បើកបរ និង​រួម​ដំណើរ រស់នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​ពាក់​មួក​ការពារ​សុវត្ថិភាព​ឲ្យ​បាន​ទាំងអស់​គ្នា។ លោក​ថា បើ​មិន​ដូច្នេះ​ទេ នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ ខាង​មុខ នគរបាល​ចរាចរណ៍​ដែល​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​នានា នឹង​ចាប់​ផាក​ពិន័យ​ចំនួន ១៥.០០០រៀល​ក្នុង​មនុស្ស​ម្នាក់​ដែល​មិន​ពាក់​មួក​សុវត្ថិភាព៖ «ខ្ញុំ​បាន​រៀបចំ​កម្លាំង​ចុះ​តាម​គោលដៅ​មួយ​ចំនួន​នៅ​ពេល​យប់ ដើម្បី​អប់រំ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​សារសំខាន់​នៃ​ការ​ពាក់​មួក​សុវត្ថិភាព មុន​នឹង​ចុះ​ផាក​ពិន័យ​អ្នក​ជិះ​ម៉ូតូ​ដែល​មិន​ពាក់​មួក​សុវត្ថិភាព ក្នុង​ម្នាក់​ផាក​លុយ ១​ម៉ឺន ៥​ពាន់​រៀល នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ ខាង​មុខ។ រាល់​ថ្ងៃ​នេះ កម្លាំង​ជំនាញ​នគរបាល​ទេសចរណ៍​ចំនួន ៤០​នាក់ បាន​ពង្រាយ​តាម​ផ្លូវ​សាធារណៈ ដើម្បី​អប់រំ​អ្នក​ជិះ​ម៉ូតូ​ឲ្យ​ពាក់​មួក​សុវត្ថិភាព។ សកម្មភាព​នេះ ក៏​ដើម្បី​ឆ្លើយ​តប​បទបញ្ជា ឬ​ផែនការ​លេខ​០៣៥ របស់​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ បាន​ដាក់​ឲ្យ​អនុវត្ត មុន​នឹង​ឈាន​ទៅ​អនុវត្ត​ការ​ផាក​ពិន័យ​ចំពោះ​អ្នក​ជិះ​ម៉ូតូ និង​អ្នក​អម​ដំណើរ ដែល​មិន​ពាក់​មួក​សុវត្ថិភាព នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦»

បញ្ហា​នេះ​ដែរ អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក សុខ ផន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់​ម៉ូតូ ទាំង​អ្នក​បើកបរ និង​ធ្វើ​ដំណើរ​តាម​ម៉ូតូ ត្រូវ​ការពារ​អាយុ​ជីវិត​របស់​ខ្លួន​តាម​រយៈ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវ​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​គ្នា​ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូ៖ «សូម​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំងអស់​គ្នា មាន​ន័យ​ថា ការពារ​អាយុ​ជីវិត​យើង គ្មាន​អ្នក​ណា​ផ្សេង​ក្រៅ​ពី​ខ្លួន​យើង​នោះ​ទេ។ ដូច្នេះ គ្រោះថ្នាក់​ចរាចរណ៍​អាច​ឲ្យ​យើង​ធ្លាក់​ខ្លួន​ពិការ​អស់​មួយ​ជីវិត ប៉ុន្តែ​បើ​មនុស្ស​យើង​មាន​លុយ​មាន​មាស​ប្រាក់ ប៉ុន្តែ​បើ​មិន​មាន​សុខភាព​ល្អ ឬ​ធ្លាក់​ខ្លួន​ពិការ យើង​មិន​អាច​ប្រកប​កិច្ច​ការងារ​អ្វី​បាន​ដែរ។ ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន មិន​គួរ​ឲ្យ​មាន​គេ​ដាស់តឿន​ច្រើន​ពេក​ទេ»

របាយការណ៍​របស់​អង្គការ អេ.អាយ.ភី បង្ហាញ​ថា ការ​ពាក់​មួក​សុវត្ថិភាព​អាច​បង្ការ​ហានិភ័យ​ដែល​ឈាន​ដល់​ការ​ស្លាប់​ដល់​ទៅ ៤២​ភាគរយ និង​ការ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​រហូត​ដល់ ៦៩​ភាគរយ​ក្នុង​ករណី​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍។ របាយការណ៍​ដែល​មាន​ការ​គាំទ្រ​បច្ចេកទេស​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លង ហៅ​កាត់​ថា ស៊ី.ឌី.ស៊ី (CDC) បាន​បញ្ជាក់​ថា ប្រសិន​បើ​ច្បាប់​កំណត់​ឲ្យ​អ្នក​រួម​ដំណើរ​ជាមួយ ពិសេស​កុមារ​ពាក់​មួក​សុវត្ថិភាព អនុវត្ត​មាន​ប្រសិទ្ធភាព នោះ​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ចំនួន ៥៦១​នាក់។ បង្ការ​របួស​ក្បាល​បាន​ចំនួន ១០.៥៧៤​នាក់ និង​សន្សំ​ថវិកា​ជិត ១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (៩៨. ៦១៨.៤២២​ដុល្លារ) គិត​ត្រឹម​ឆ្នាំ​២០២០។

អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ៦​ខែ​ដើម​ឆ្នាំ​២០១៥ មាន​ចំនួន ២១៧​ករណី មាន​អ្នក​ស្លាប់​ចំនួន ១​ពាន់ ២៣​នាក់ និង​របួស​ធ្ងន់​ស្រាល​ចំនួន ៣.៧៦០​នាក់ ក្នុង​នោះ​ជន​រងគ្រោះ​ជា​អ្នក​ជិះ​ម៉ូតូ​ដែល​មិន​ពាក់​មួក​សុវត្ថិភាព​ក្នុង​ពេល​មាន​គ្រោះថ្នាក់ មាន​តួលេខ​កើន​ខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

>. ការ សំខាន់ រៀនច្បាប់ ចរាចរ ទាំងអស់គ្នា ( កុំសូកលុយទិញប័ណ្ណបើកបរ )
>.. បើកបរ ត្រូវ យោគយល់ អធ្យាស្រ័យគ្នា !
>... ពាក់មួកសុវត្ថិភាព ជួយពេល បើកបរ ដួលខ្លួនអែង បាន 100 ភាគរយ , ប៉ុន្តែ បើបុកគ្នា ជួយបានតែ 20 ភាគរយប៉ុណ្ណោះ !

Dec 25, 2015 03:49 AM

គេហទំព័រ​ទាំងមូល