អាយប៉ា​ជំរុញ​ឲ្យ​ប្រទេស​សមាជិក​អភិរក្ស​ធម្មជាតិ​និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍

ដោយ ហង្ស សាវយុត
2015-07-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​អ្នក​នយោបាយ​នៃ​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា អាយ​ប៉ា (AIPA) មក​ពី ៩​ប្រទេស ជួប​ប្រជុំ​នៅ​ក្នុង​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។
ក្រុម​អ្នក​នយោបាយ​នៃ​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា អាយ​ប៉ា (AIPA) មក​ពី ៩​ប្រទេស ជួប​ប្រជុំ​នៅ​ក្នុង​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ក្រុម​អ្នក​នយោបាយ​នៃ​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា អាយប៉ា (AIPA) បាន​មើល​ឃើញ​ថា នៅ​ពេល​អនាគត សហគមន៍​អាស៊ាន​មិន​ត្រឹម​តែ​ជា​ទីផ្សារ​សេដ្ឋកិច្ច​ដ៏​ធំ​ប៉ុណ្ណោះ​ទេ គឺ​អាស៊ាន​ដែល​សម្បូរ​ដោយ​ធម្មជាតិ​ចម្រុះ និង​វប្បធម៌​ដ៏​ចំណាស់ ក៏​នឹង​ក្លាយ​ទៅ​ជា​ប៉ូល​ទេសចរណ៍​ដែល​មាន​ភាព​ទាក់ទាញ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោក​ទៀត​ផង។

ដោយសារ​ការ​មើល​ឃើញ​សក្ដានុពល​ផ្នែក​ទេសចរណ៍​នេះ ក្រុម​អន្តរ​សភា​អាស៊ាន​បាន​រៀបចំ​ផែនការ​មួយ​ចំនួន ដើម្បី​ជំរុញ​ឲ្យ​រដ្ឋ​ដែល​ជា​សមាជិក ចាប់​ផ្ដើម​អភិរក្ស​ធម្មជាតិ និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​សម្រាប់​អនាគត។

ក្រុម​អ្នក​នយោបាយ​នៃ​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា អាយ​ប៉ា មក​ពី ៩​ប្រទេស កំពុង​ជួប​ប្រជុំ​គ្នា​រយៈពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​កក្កដា។

កិច្ច​ប្រជុំ​លើក​ទី​៧ ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​មាន​ការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​អាស៊ាន​ឲ្យ​មាន​ចិរភាព​នោះ គឺ​មាន​សមាជិក​សភា​អាស៊ាន​មក​ពី ៩​ប្រទេស​ចូលរួម ដូចជា​កម្ពុជា ប្រទេស​ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ឬ​ភូមា សិង្ហបុរី ឥណ្ឌូនេស៊ី ប្រ៊ុយណេ​ដារ៉ូសាឡឹម និង​ប្រទេស​ម៉ាឡេស៊ី។

អនុប្រធាន​ទី​២ នៃ​រដ្ឋសភា​កម្ពុជា គឺ​លោក ងួន ញ៉ិល។ លោក​ថ្លែង​នៅ​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​ក្រុម​អ្នក​នយោបាយ​នៃ​អន្តរ​សភា​អាស៊ាន កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​កក្កដា ថា វិស័យ​ទេសចរណ៍​ជា​សក្ដានុពល​ដ៏​ធំ​មួយ​ទៀត​សម្រាប់​សេដ្ឋកិច្ច​អាស៊ាន។ នៅ​ពេល​អនាគត សហគមន៍​អាស៊ាន​មិន​មែន​ត្រឹម​តែ​ជា​ទីផ្សារ​សេដ្ឋកិច្ច​ដ៏​ធំ​ប៉ុណ្ណោះ​ទេ អាស៊ាន​ដែល​សម្បូរ​ទៅ​ដោយ​ធម្មជាតិ​ចម្រុះ និង​វប្បធម៌​ដ៏​ចំណាស់ ក៏​នឹង​ក្លាយ​ទៅ​ជា​ប៉ូល​ទេសចរណ៍​ដែល​មាន​ភាព​ទាក់ទាញ ចំពោះ​ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោក​ទៀត​ផង។ លោក ងួន ញ៉ិល បញ្ជាក់​ថា ការ​ជួប​ប្រជុំ​គ្នា​របស់​ក្រុម​អ្នក​នយោបាយ​នៃ​អន្តរ​សភា​អាស៊ាន​នៅ​ពេល​នេះ គឺ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​អភិរក្ស​ធម្មជាតិ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​ចិរភាព ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​អាស៊ាន​ក្លាយ​ទៅ​ជា​គោលដៅ​ទេសចរណ៍​តែ​មួយ និង​ឲ្យ​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក កោត​សរសើរ​វប្បធម៌ និង​បេតិកភណ្ឌ​ដ៏​សម្បូរ​បែប​នេះ៖ «ទេសចរណ៍ គឺ​ជា​វិស័យ​នាំ​មុខ​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ដែល​ផ្ដល់​ការងារ​យ៉ាង​ច្រើន​សម្បូរ​បែប​ដល់​សង្គម​ជាតិ​ទាំង​មូល»

ក្រុម​អ្នក​នយោបាយ​នៃ​អន្តរ​សភា​អាស៊ាន បាន​យល់​ស្រប​គ្នា​ថា នឹង​ប្រឹងប្រែង​លើក​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​តំបន់​អាស៊ាន​ឲ្យ​ប្រសើរ​ឡើង ដើម្បី​ឲ្យ​អាស៊ាន​សម្រេច​បាន​ជោគជ័យ​សេដ្ឋកិច្ច​នៅ​ក្នុង​ពេល​ដែល​ធ្វើ​សមាហរណកម្ម នៅ​ចុង​ឆ្នាំ​២០១៥ ខាង​មុខ។

ភ្ញៀវ​ទេសចរ​បរទេស​នាំ​គ្នា​ទៅ​ទស្សនា​ប្រាសាទ​បាយ័ន នៃ​បរិវេណ​អង្គរធំ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥ RFA
ភ្ញៀវ​ទេសចរ​បរទេស​នាំ​គ្នា​ទៅ​ទស្សនា​ប្រាសាទ​បាយ័ន នៃ​បរិវេណ​អង្គរធំ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥ RFA

អគ្គលេខាធិការ​អាយប៉ា លោក ភីអូ រ៉ាំ (P.O Ram) បាន​ថ្លែង​ថា ក្រុម​អ្នក​នយោបាយ​នៃ​អន្តរ​សភា​អាស៊ាន ព្រម​ទាំង​រដ្ឋ​ដែល​ជា​សមាជិក គួរ​តែ​ធ្វើ​យ៉ាង​ណា​តាក់តែង​ច្បាប់​ដែល​អាច​ជួយ​ដល់​ការ​អភិវឌ្ឍ​ឲ្យ​បាន​ត្រឹមត្រូវ ព្រម​ទាំង​គ្រប់គ្រង​លើ​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​ឲ្យ​មាន​ចិរភាព៖ «ការ​ប៉ះ​ទង្គិច​វិស័យ​ទេសចរណ៍ បរិស្ថាន ហើយ​និង​វប្បធម៌ បាន​ក្លាយ​ទៅ​ជា​ការ​រិះគន់ ហើយ​ក៏​ជា​ប្រធានបទ​ដ៏​អាក្រក់ ដែល​ទាំង​វេទិកា​ជាតិ និង​អន្តរជាតិ តែង​ដេញដោល​គ្នា។ ប៉ុន្តែ​ការ​ជួប​ប្រជុំ​របស់​អាយប៉ា ពេល​នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ថា អាស៊ាន​មាន​ធនធាន​ផ្សេង​គ្នា​ជាច្រើន ហើយ​ចែក​រំលែក​គ្នា​នូវ​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ក្នុង​តំបន់»

ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ផែនការ ហិរញ្ញវត្ថុ សវនកម្ម និង​ធនាគារ​នៃ​រដ្ឋសភា លោក ជាម យៀប មាន​ប្រសាសន៍​ថា នៅ​ប្រទេស​កម្ពុជា វិស័យ​ទេសចរណ៍ គឺ​ជា​សក្ដានុពល​ដ៏​សំខាន់​ជួយ​ដល់​កំណើន​នៃ​សេដ្ឋកិច្ច​ជាតិ។ លោក ជាម យៀប បញ្ជាក់​ថា លោក​នឹង​តាមដាន​មើល​របាយការណ៍​វិស័យ​ទេសចរណ៍​កម្ពុជា ហើយ​បើ​ចាំបាច់ គឺ​រដ្ឋសភា​អាច​នឹង​អនុម័ត​ថវិកា​បន្ថែម​សម្រាប់​ការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

អ្នក​ការពារ​បរិស្ថាន រិះគន់​ថា នៅ​គ្រា​ដែល​អ្នក​នយោបាយ​អន្តរ​អាស៊ាន​លើក​ពី​ការ​អភិរក្ស​ធម្មជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នោះ គឺ​កម្ពុជា កំពុង​តែ​ហិនហោច​ព្រៃ​ឈើ​ដោយសារ​ការ​កាប់​បំផ្លាញ ធ្វើ​ឲ្យ​បាត់បង់​ធនធាន​ធម្មជាតិ ដែល​រដ្ឋាភិបាល​មិន​ទាន់​មាន​យន្តការ​ការពារ​ច្បាស់លាស់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល