អាជ្ញាធរ​អប្សរា​កំណត់​ចំនួន​ភ្ញៀវ​ទេសចរ​ឡើង​ទៅ​ទស្សនា​ប្រាសាទ​ភ្នំ​បាខែង​និង​បាកាន

ដោយ ហង្ស សាវយុត
2017-03-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​នាំ​គ្នា​អង្គុយ​គយគន់​ទេសភាព និង​ថត​ថ្ងៃ​រៀប​លិច​នៅ​លើ​កំពូល​ប្រាសាទ​ភ្នំបាខែង ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៧។
ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​នាំ​គ្នា​អង្គុយ​គយគន់​ទេសភាព និង​ថត​ថ្ងៃ​រៀប​លិច​នៅ​លើ​កំពូល​ប្រាសាទ​ភ្នំបាខែង ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA

មន្ត្រី​ក្រសួង​ទេសចរណ៍ ធ្លាប់​ប៉ាន់​ប្រមាណ​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា ឆ្នាំ​២០១៧ អាច​នឹង​កើន​ឡើង​លើស​ពី ៥​លាន​នាក់ ហើយ​ភាគច្រើន​សំដៅ​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​ភ្នំ​បាខែង និង​អង្គរវត្ត។ ស្រប​គ្នា​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ជាតិ​ក៏​កើន​ឡើង​ដែរ​នោះ ក្រុម​អ្នក​ជំនាញ​ផ្នែក​ការពារ និង​ថែរក្សា​ប្រាសាទ​បុរាណ ក៏​គិត​ទៅ​ដល់​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ចំពោះ​និរន្តរភាព​របស់​ប្រាសាទ​បុរាណ​ទាំងនោះ​ដែរ។

តើ​មាន​វិធី​បែប​ណា​ដើម្បី​ឲ្យ​បាន​ចំណូល​ជាតិ​ក៏​កាន់​តែ​ច្រើន​ពី​វិស័យ​ទេសចរណ៍ ប៉ុន្តែ​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​ប្រាសាទ​បុរាណ​នានា​នោះ?

អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ និង​ថែរក្សា​ប្រាសាទ​បុរាណ​នៅ​ខេត្ត​សៀមរាប បាន​ដឹង​ថា បច្ចុប្បន្ន​នេះ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រាសាទ​បុរាណ គឺ​បាន​នាំ​គ្នា​សម្រុក​ទៅ​មើល​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ភ្នំបាខែង ច្រើន​ជាង​គេ។

ទាំង​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​មន្ត្រី​អាជ្ញាធរ​អប្សរា ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ដែល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ភ្នំបាខែង ចំនួន​ពី ១.៥០០​នាក់​ទៅ ៣.០០០​នាក់​ដែរ​ក្នុង​មួយ​ថ្ងៃៗ។ ដោយសារ​មើល​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ប្រាសាទ​ទាំង​ពីរ​នេះ​ច្រើន​ជាង​គេ ក្រុម​អ្នក​អភិរក្ស​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង​ដល់​ប្រាសាទ​បុរាណ ដោយសារ​តែ​ចំនួន​អ្នក​ទេសចរ​ច្រើន​លើសលប់ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​និរន្តរភាព​របស់​ប្រាសាទ។

សព្វថ្ងៃ​នេះ នៅ​ប្រាសាទ​ភ្នំបាខែង គឺ​ឈប់​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ឡើង​ទៅ​ទស្សនា​នៅ​លើ​កំពូល​ដោយ​សេរី​ទៀត​ហើយ គឺ​មាន​ន័យ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ឡើង​ទៅ​ទស្សនា​ត្រូវ​មាន​ចំនួន​កំណត់​ត្រឹមត្រូវ។

ប្រធាន​ភ្នាក់ងារ​គ្រប់គ្រង​ទេសចរណ៍​របស់​អាជ្ញាធរ​អប្សរា ប្រចាំ​នៅ​ប្រាសាទ​ភ្នំបាខែង គឺ​លោក ភឿន សោភ័ណ។ លោក​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ​មីនា ថា បច្ចុប្បន្ន​អាជ្ញាធរ​អប្សរា​បាន​កំណត់​ឲ្យ​ភ្ញៀវ​ទេសចរ​ចំនួន​តែ ៣០០​នាក់​ទេ​ដែល​ឡើង​ទៅ​លើ​កំពូល​ប្រាសាទ​ភ្នំបាខែង ក្នុង​ពេល​ទស្សនា​ម្ដងៗ។ ចំណែក​ឯ​ភ្ញៀវ​ទេសចរ​ដទៃ​ទៀត​ដែល​ចង់​ឡើង​ទៅ​ទស្សនា​នៅ​កំពូល​ប្រាសាទ​ភ្នំបាខែង​ដែរ គឺ​ត្រូវ​រង់ចាំ​ដល់​ពេល​ដែល​អ្នក​ឡើង​មុនៗ​ចុះ​មក​វិញ ទើប​អាច​អនុញ្ញាត​ឲ្យ​អ្នក​ថ្មី​ឡើង​បន្ត​ទៀត​បាន គឺ​ផ្លាស់ប្ដូរ​គ្នា។

ប្រធាន​ភ្នាក់ងារ​គ្រប់គ្រង​ទេសចរណ៍​ដដែល បញ្ជាក់​ឲ្យ​ដឹង​ពី​មូលហេតុ​ជាច្រើន​ដែល​អាជ្ញាធរ​អប្សរា​បាន​កំណត់​ចំនួន​ភ្ញៀវ​ឲ្យ​ឡើង​ទៅ​ទស្សនា​ប្រាសាទ​ភ្នំបាខែង​ដូចនេះ៖ «ក្នុង​ការ​កំណត់​នេះ អាជ្ញាធរ​អប្សរា​រៀបចំ​ឡើង​ដើម្បី​ការពារ​ប្រាសាទ។ បើ​សិន​ជា​យើង​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ឡើង​ទស្សនា​លើ​ប្រាសាទ​ច្រើន​ពេក គឺ​វា​ប៉ះពាល់​ដល់​ប្រាសាទ និង​រំខាន​ដល់​ការ​អភិរក្ស​ផង​ដែរ»

ជា​រៀង​រាល់​ថ្ងៃ​ចាប់​ពី​ម៉ោង ៣​រសៀល រហូត​ទៅ​ដល់​ម៉ោង ៥​ល្ងាច ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​តែង​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំបាខែង។

កម្លាំង​របស់​អាជ្ញាធរ​អប្សរា​បាន​រាយ​បណ្ដាក់​គ្នា​ពិនិត្យ​សំបុត្រ និង​រាប់​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ឡើង​ទៅ​លើ​កំពូល​ភ្នំបាខែង ចាប់​តាំង​តែ​ពី​ជើង​ភ្នំ​រហូត​ទៅ​ដល់​ជើង​ជណ្ដើរ​នៃ​ប្រាសាទ​បុរាណ។ នៅ​ឯ​ជើង​ជណ្ដើរ​នៃ​ប្រាសាទ​ភ្នំបាខែង គឺ​មាន​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិត ១​ពាន់​នាក់​ដែល​ឈរ​តម្រង់​ជួរ ដើម្បី​រង់ចាំ​ឡើង​ទៅ​ទស្សនា​នៅ​លើ​កំពូល​ភ្នំ។

តើ​ប្រាសាទ​ភ្នំបាខែង មាន​មន្ត​ស្នេហ៍​អ្វី បាន​ជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ឲ្យ​ចង់​ឡើង​ទៅ​ទស្សនា​រហូត​ដល់​ថ្នាក់​នាំ​គ្នា​ឈរ​តម្រង់​ជួរ​ចាំ​វេន​ដូច្នេះ?

មគ្គុទ្ទេសក៍​ជនជាតិ​ខ្មែរ​និយាយ​ភាសា​អង់គ្លេស​ម្នាក់ ដែល​តែង​នាំ​ភ្ញៀវ​ទេសចរ​ឡើង​ទៅ​ទស្សនា​ប្រាសាទ​ភ្នំបាខែង លោក សុវណ្ណ មាន​ប្រសាសន៍​ថា ប្រាសាទ​ភ្នំបាខែង គឺ​ជា​ប្រាសាទ​ដ៏​មាន​ចំណាស់​ជាង​គេ​នៅ​ក្នុង​ចំណោម​ប្រាសាទ​ទាំងឡាយ​របស់​អតីត​រាជធានី​អង្គរ។ លោក​យល់​ថា ភ្ញៀវ​ទេសចរ​ដែល​ចូល​ចិត្ត​ឡើង​ទៅ​មើល​ប្រាសាទ​ភ្នំបាខែង គឺ​ដោយសារ​តែ​ភាព​ទាក់ទាញ​ច្រើន​យ៉ាង ដូចជា​ទេសភាព​នៅ​ពេល​ព្រះអាទិត្យ​រៀប​លិច ព្រម​ទាំង​អ្នក​ទេសចរ​អាច​មើល​ឃើញ​ទេសភាព​ជាច្រើន​នៅ​ជុំវិញ​ទីក្រុង​អង្គរ​យ៉ាង​ច្បាស់​ផង៖ «អ្វី​ដែល​ស្អាត​បំផុត គឺ​ទេសភាព​ថ្ងៃ​លិច​នៅ​ទីនេះ​ផ្ទាល់​តែ​ម្ដង។ យើង​ក៏​អាច​និយាយ​ថា ប្រាសាទ​នៅ​ទីនេះ​វា​ក៏​ជា​ប្រាសាទ​ដែល​មាន​អាយុ​ចាស់​ជាង​គេ​ដែរ ដោយសារ​តែ​ប្រាសាទ​នេះ​កសាង​មុន​គេ​នៅ​ក្នុង​រាជ​ព្រះបាទ​យសោវរ្ម័ន»

ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ឈរ​តម្រៀប​ជួរ​គ្នា​នៅ​ជើង​ជណ្ដើរ ដើម្បី​រង់ចាំ​ឡើង​ទៅ​ទស្សនា​នៅ​លើ​កំពូល​នៃ​ប្រាសាទ​ភ្នំបាខែង ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth
ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ឈរ​តម្រៀប​ជួរ​គ្នា​នៅ​ជើង​ជណ្ដើរ ដើម្បី​រង់ចាំ​ឡើង​ទៅ​ទស្សនា​នៅ​លើ​កំពូល​នៃ​ប្រាសាទ​ភ្នំបាខែង ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth

ទោះ​ជា​យ៉ាង​ណា ភ្ញៀវ​ទេសចរ​បរទេស​ខ្លះ​បង្ហាញ​ឲ្យ​ដឹង​ពី​ការ​ឡើង​ទៅ​ទស្សនា​ប្រាសាទ​ភ្នំបាខែង​នេះ​ផ្សេងៗ​ពី​គ្នា ដោយ​អ្នក​ខ្លះ​ថា​ដោយសារ​តែ​ក្រុមហ៊ុន​ទេសចរណ៍​បាន​លក់​កញ្ចប់​មក​ឲ្យ​ពួក​គេ​ដូច្នេះ ឯ​អ្នក​ខ្លះ​ទៀត​ថា គេ​ឡើង​ទៅ​លើ​កំពូល​ភ្នំបាខែង ពីព្រោះ​តែ​ចង់​ឃើញ​ប្រាសាទ​បុរាណ​បែប​ព្រហ្មញ្ញ​ដ៏​អស្ចារ្យ។

អ្នក​ទេសចរ​ជនជាតិ​អាល្លឺម៉ង់ ម្នាក់​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ មាន​ប្រសាសន៍​ថា គាត់​បាន​អាន​សៀវភៅ​ស្ដីពី​ប្រាសាទ​ភ្នំបាខែង​នេះ​យូរ​ហើយ។ គោល​បំណង​ដែល​គាត់​ឡើង​ភ្នំ​បាខែង មិន​មែន​មើល​ថ្ងៃ​រៀប​លិច​ទេ គឺ​ចង់​ឃើញ​ប្រាសាទ​បុរាណ​ដែល​គាត់​បាន​អាន​ក្នុង​សៀវភៅ​នោះ៖ «ខ្ញុំ​សង្ឃឹម​ថា​នឹង​ឃើញ​ប្រាសាទ​បុរាណ​ដ៏​ស្រស់​ស្អាត​នៅ​ពេល​នេះ។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​អាស៊ាន​ខ្លះ ដូចជា​វៀតណាម ហើយ​ពេល​នេះ​ខ្ញុំ​បាន​មក​ដល់​ខេត្ត​សៀមរាប រយៈពេល ២​ថ្ងៃ​ហើយ សង្ឃឹម​ថា​នេះ​ជា​លើក​ចុង​ក្រោយ​នៃ​ជីវិត ដែល​ខ្ញុំ​បាន​មក​មើល​ប្រាសាទ​ភ្នំបាខែង»

ភ្នំបាខែង មាន​កម្ពស់ ៦៥​ម៉ែត្រ ដែល​ទីនោះ​មាន​ប្រាសាទ​បុរាណ​កំពូល​ចំនួន ១០៩ តំណាង​ឲ្យ​ភ្នំ​កៃលាស សម្រាប់​ឧទ្ទិស​ថ្វាយ​ព្រះសិវៈ ដែល​ជា​អាទិទេព​នៃ​ព្រហ្មញ្ញសាសនា។ ប្រាសាទ​នេះ​កសាង​ដោយ​អតីត​ព្រះមហាក្សត្រ​ព្រះនាម​យសោវរ្ម័ន នៅ​ចន្លោះ​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ នៃ​គ្រិស្តសករាជ។

មគ្គទេសក៍​ទេសចរណ៍​ជនជាតិ​ខ្មែរ​និយាយ​ភាសា​ថៃ លោក រ៉េត សាមុត អធិប្បាយ​ថា ភាព​ទាក់ទាញ​របស់​ប្រាសាទ​ភ្នំបាខែង​យ៉ាង​សំខាន់ គឺ​មើល​ព្រះអាទិត្យ​រៀប​លិច ពីព្រោះ​នៅ​ក្នុង​ចំណោម​ប្រាសាទ​បុរាណ​ទាំងអស់​ដែល​នៅ​ក្នុង​ខេត្ត​សៀមរាប មិន​មាន​ប្រាសាទ​ណា​អាច​បង្ហាញ​ទិដ្ឋភាព​ពេល​ព្រះអាទិត្យ​រៀប​លិច​ស្អាត​ជាង​ប្រាសាទ​ភ្នំបាខែង​ទេ ព្រម​ទាំង​ភាព​ពិសេស​ជាច្រើន​ទៀត អាច​ឲ្យ​អ្នក​ទេសចរ​គយគន់​ឃើញ​ទេសភាព​នៃ​អតីត​រាជធានី​អង្គរ​នៅ​លើ​ផ្ទៃដី​ជាង ៤០០​គីឡូម៉ែត្រ​ក្រឡា​បាន​យ៉ាង​ច្បាស់​ដោយ​ផ្ទាល់​ភ្នែក៖ «ទី​២ គឺ​បរទេស​ចូល​ចិត្ត​កីឡា កាលណា​គេ​ឡើង​ភ្នំ​បាខែង គឺ​ធ្វើ​ឲ្យ​គេ​មាន​សុខភាព​ល្អ។ ចំណែក​ទី​៣ គឺ​មើល​ឃើញ​ភ្នំ​គូលែន ដ៏​វែង​អន្លាយ មើល​ឃើញ​ប្រាសាទ​អង្គរវត្ត​ពី​លើ គឺ​ច្បាស់​ស្អាត​តែ​ម្ដង»

មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល ឲ្យ​ដឹង​ថា ចាប់​តាំង​តែ​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១១ អាជ្ញាធរ​អប្សរា​បាន​ចេញ​សេចក្តី​ប្រកាស​ឲ្យ​អនុវត្ត​ទៅ​លើ​ការ​កំណត់​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ឡើង​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​នៅ​ភ្នំបាខែង និង​នៅ​បាកាន ដែល​ជា​កំពូល​កណ្ដាល​របស់​ប្រាសាទ​អង្គរវត្ត។ ការ​បញ្ញត្តិ​កំណត់​ចំនួន​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​ទស្សនា​ប្រាសាទ​ទាំង​ពីរ​នេះ ដោយសារ​តែ​ជា​រៀង​រាល់​ថ្ងៃ មាន​អ្នក​ទេសចរ​ចន្លោះ​ពី ១.៥០០​នាក់​ទៅ ៣.០០០​នាក់ តែង​នាំ​គ្នា​ទៅ​ទស្សនា​ក្នុង​មួយ​ថ្ងៃៗ ដែល​ចំនួន​នេះ​ច្រើន​ពេក​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដល់​ការ​បែកបាក់​របស់​ប្រាសាទ​បុរាណ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល