ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ជាង​៣០០​នាក់​តវ៉ា​មិន​ឲ្យ​ដក​ព្រះចៅ​អធិការ​វត្ត​អង្គឫស្សី

ដោយ ម៉ែន សុធីរ
2015-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១១-ឧសភា-២០១៤៖ ទី​រួម​ខេត្ត​ស្វាយរៀង។
១១-ឧសភា-២០១៤៖ ទី​រួម​ខេត្ត​ស្វាយរៀង។
RFA/Chum Rasy

ពលរដ្ឋ​ជាង ៣០០​នាក់ រស់នៅ​ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា បន្ត​ជួប​ជុំ​គ្នា​ក្នុង​បរិវេណ​វត្ត តវ៉ា​រារាំង​មិន​ឲ្យ​មាន​ការ​បណ្ដេញ​ព្រះចៅ​អធិការ​វត្ត​អង្គឫស្សី ចេញ​ពី​វត្ត។

ការ​ទាមទារ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​អ្នក​ភូមិ​ទទួល​ដំណឹង​ថា ព្រះចៅ​អធិការ​វត្ត​អង្គឫស្សី ព្រះនាម ភ្លុក សុខឃឿន ត្រូវ​បាន​មេគណ​ខេត្ត​ស្វាយរៀង ចេញ​លិខិត​បញ្ឈប់​ព្រះអង្គ​ពី​តំណែង​ព្រះចៅ​អធិការ​វត្ត និង​ហាម​ព្រះអង្គ​មិន​ឲ្យ​គង់​នៅ​តាម​វត្ត​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ឡើយ។ ចំណែក​ប្រធាន​ការិយាល័យ​ធម្មការ​ស្រុក​ស្វាយជ្រុំ ចាត់​ទុក​ថា ចំណាត់​ការ​នេះ​មិន​សម​ហេតុផល។

ពលរដ្ឋ​ចំនួន ៣៣៦​នាក់ រស់នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង បាន​ផ្ដិត​មេដៃ​រួច​រាល់​ហើយ​ទាមទារ​ឲ្យ​សាលា​ខេត្ត​ស្វាយរៀង អន្តរាគមន៍​ចំពោះ​ការ​បណ្ដេញ​ព្រះចៅ​អធិការ​វត្ត​អង្គឫស្សី។ បន្ថែម​ពី​លើ​នេះ អ្នក​ភូមិ​ចាត់​ទុក​ថា ការ​សម្រេច​ដក​ព្រះចៅ​អធិការ​វត្ត​ចេញ ធ្វើ​ឡើង​ដោយ​គ្មាន​ហេតុផល។

តំណាង​ពលរដ្ឋ​ម្នាក់​ដែល​ជា​ពុទ្ធបរិស័ទ លោក ឃឹម ខេង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ឧសភា ថា អ្នក​ភូមិ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ការពារ ប្រសិន​បើ​មាន​កម្លាំង​ប្រដាប់​អាវុធ​បង្ខំ​ព្រះចៅ​អធិការ​វត្ត​ចេញ​ពី​វត្ត​ដោយ​គ្មាន​ហេតុផល។ លោក​បន្ត​ថា ព្រះចៅ​អធិការ​វត្ត​អង្គឫស្សី ព្រះនាម ភ្លុក សុខឃឿន គង់​នៅ​វត្ត​អង្គឫស្សី ប្រហែល​ជា ២​ឆ្នាំ​កន្លង​ទៅ ពុំ​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ ជាង​នេះ​ទៅ​ទៀត ព្រះចៅ​អធិការ​វត្ត​អង្គឫស្សី កំពុង​ដឹក​នាំ​ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ​កសាង​វត្ត​នេះ​ឲ្យ​មាន​ការ​រីក​ចម្រើន៖ «៣០០​នាក់​ជាង​វា​ចូល ៤០០​ហើយ គេ​ស្រឡាញ់​លោក​តា​ណាស់ ទោះ​បី​ពី​ណា​មក​ធ្វើ​អី ក៏​គេ​មិន​ឲ្យ​ធ្វើ​បាប​លោក​តា​ដែរ គេ​គាំទ្រ»

កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា ព្រះ​មេគណ​ខេត្ត​ស្វាយរៀង ព្រះនាម ជេត ឌិន បាន​ចេញ​លិខិត​ធ្វើ​ត្រ័យ​ប្រណាម ឬ​បណ្ដេញ​ព្រះចៅ​អធិការ​វត្ត​ចេញ​ពី​វត្ត​ដោយ​ឥត​លក្ខខណ្ឌ ដោយ​ចោទ​ព្រះចៅ​អធិការ​វត្ត​អង្គឫស្សី ព្រះនាម ភ្លុក សុខឃឿន ថា​មិន​គោរព​មន្ត្រី​ថ្នាក់​ខេត្ត អភិបាល​ស្រុក និង​ធម្មការ​ខេត្ត ក្នុង​ការ​សង​ប្រាក់​ជាង​ធ្វើ​វិហារ និង​សម្ភារៈ​សំណង់​តាម​កិច្ចសន្យា។ ជាង​នេះ​ទៅ​ទៀត ក្នុង​លិខិត​បញ្ជាក់​ថា ការ​បណ្ដេញ​ព្រះចៅ​អធិការ​វត្ត​ចេញ​ពី​សហគមន៍​ខេត្ត​ស្វាយរៀង មាន​ប្រសិទ្ធភាព​ចាប់​ពី​ចុះ​ហត្ថលេខា​នេះ​ត​ទៅ។

ក្នុង​ករណី​នេះ ព្រះចៅ​អធិការ​វត្ត​អង្គឫស្សី ព្រះនាម ភ្លុក សុខឃឿន មាន​ថេរ​ដីកា​ថា មន្ត្រី​សង្ឃ​ខេត្ត​ស្វាយរៀង បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​អ្នក​លក់​គ្រឿង​សំណង់​ម្នាក់ ដែល​អះអាង​ថា វត្ត​អង្គឫស្សី ជំពាក់​ប្រាក់​រូប​គាត់​ចំនួន​ជាង ៤៦​លាន​រៀល​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដែល​ព្រះចៅ​អធិការ​វត្ត​មុនៗ​ចំនួន ២​ជំនាន់​មក​ហើយ បាន​យក​សម្ភារៈ​ប្រើប្រាស់​ដើម្បី​កសាង​ព្រះវិហារ។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា ព្រះអង្គ​ទាមទារ​ឲ្យ​មាន​វិក្កយបត្រ​បញ្ជាក់​ពី​ចំនួន​ទឹក​ប្រាក់​ឲ្យ​ច្បាស់លាស់ ទើប​ព្រះអង្គ​សម្រេច​សង​ប្រាក់៖ «មេគណ​ហ្នឹង​ឈ្មោះ ជេត ឌិន ប៉ុន្តែ​លោក​ចាស់​ហើយ លោក​បាត់បង់​សតិ​ហើយ នៅ​សល់​តែ ៤០​ភាគរយ ប៉ុន្តែ​គេ​យក​មក​ឲ្យ​អង្គុយ​នៅ​ហ្នឹង បង្កើត​ថេរ​សភា​សង្ឃ​កាត់​ក្តី​អាត្មា​ហ្នឹង​ពរ! ចោទ​ប្រកាន់​អាត្មា គេ​ដេញ​អាត្មា​ពី​ខេត្ត​ស្វាយរៀង ហ្នឹង​ពរ!»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ទាក់ទិន​បញ្ហា​នេះ​ពី​ព្រះ​មេគណ​ខេត្ត​ស្វាយរៀង ព្រះនាម ជេត ឌិន បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ឧសភា។ ចំណែក​ដើម​បណ្ដឹង​ដែល​អះអាង​ថា វត្ត​អង្គឫស្សី ជំពាក់​ប្រាក់​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

ដោយ​ឡែក​ប្រធាន​ការិយាល័យ​ធម្មការ​ស្រុក​ស្វាយជ្រុំ លោក រស់ យាន ទទួល​ស្គាល់​ថា ព្រះចៅ​អធិការ​វត្ត​អង្គឫស្សី ព្រះនាម ភ្លុក សុខឃឿន បាន​បំពេញ​ភារកិច្ច​ចំពោះ​ការ​កសាង​វត្ត​អង្គឫស្សី មាន​ការ​រីក​ចម្រើន និង​មាន​ពុទ្ធបរិស័ទ​ច្រើន​គាំទ្រ​ព្រះអង្គ​ដឹក​នាំ​វត្ត​នេះ។ ចំណែក​ថវិកា​វត្ត​ដែល​ព្រះចៅ​អធិការ​វត្ត​មុនៗ​ជំពាក់​គេ ព្រះចៅ​អធិការ​វត្ត​ទាមទារ​ឲ្យ​មាន​វិក្កយបត្រ​ត្រឹមត្រូវ​ជា​មុន​សិន។ លោក​ថា បញ្ហា​នេះ គួរ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី។ លោក​ចាត់​ទុក​ការ​បណ្ដេញ​ព្រះចៅ​អធិការ​វត្ត​ចេញ គឺ​មិន​សមស្រប​តាម​ច្បាប់​ក្រសួង​ធម្មការ និង​ធម៌​វិន័យ​សង្ឃ​ឡើយ៖ «រឿង​នេះ​រឿង​មន្ត្រី​សង្ឃ​ទេ មន្ត្រី​សង្ឃ​នេះ គឺ​ចង់​និយាយ​ថា លោក​មិន​ព្រម​សង​លុយ​គេ​វា​ពិបាក​អ៊ីចឹង​អ្ហា៎ ការ​គិត​វា​ខុស​គ្នា ទិញ​ដូរ​ជំពាក់​ហ្នឹង​ចៅ​អធិការ​មុន លោក​មិន​មែន​មិន​សង​ទេ! លោក​ទាមទារ​ធ្វើ​ម៉េច​ឲ្យ​បាន​ត្រឹមត្រូវ»

វត្ត​អង្គឫស្សី ឋិត​ក្នុង​ភូមិ​អង្គឫស្សី ឃុំ​ស្វាយជ្រុំ ស្រុក​ស្វាយជ្រុំ មាន​ព្រះសង្ឃ​គង់​នៅ​ចំនួន ៤​អង្គ។ ចំណែក​ព្រះចៅ​អធិការ​វត្ត​ព្រះនាម ភ្លុក សុខឃឿន បាន​ធ្វើ​ជា​ព្រះចៅ​អធិការ​វត្ត​នេះ​ចំនួន ២​ឆ្នាំ​កន្លង​មក។ ការ​តវ៉ា​របស់​អ្នក​ភូមិ បាន​បន្ត​រយៈពេល ២​ថ្ងៃ​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​ឧសភា។ អ្នក​ភូមិ​បាន​សម្រេច​ផ្អាក​ការ​តវ៉ា នៅ​ពេល​មាន​ការ​សម្របសម្រួល​របស់​គណៈកម្មការ​វត្ត។ ចំណែក​មន្ត្រី​នគរបាល​មួយ​ចំនួន បាន​ដាក់​ពង្រាយ​ការពារ​សន្តិសុខ នៅ​ពេល​ដែល​មាន​ការ​តវ៉ា​ពី​អ្នក​ភូមិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល