សិស្ស​ជាង​៤០០​នាក់​នៅ​ខេត្ត​ពោធិ៍សាត់​រៀន​ក្រោម​ដើម​ឈើ​ដោយសារ​ថ្នាក់​រៀន​ទ្រុឌទ្រោម

ដោយ ជិន ជេដ្ឋា
2015-10-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សិស្ស​ចំនួន ៤០៨​នាក់ ធ្លាប់​រៀន​នៅ​ក្នុង​បន្ទប់​នៃ​សាលា​បឋម​សិក្សា​ដំណាក់​ត្រប់ ឋិត​នៅ​ឃុំ​តាលោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ នឹង​បន្ត​ការ​សិក្សា​នៅ​ក្រោម​ដើម​ឈើ និង​កុដិ​លោក​នៅ​ឆ្នាំ​សិក្សា​២០១៥ ដល់​ឆ្នាំ​២០១៦ ខាង​មុខ។ នាយក​សាលា បាន​អំពាវនាវ​ឲ្យ​សប្បុរសជន ឬ​រាជ​រដ្ឋាភិបាល ផ្ដល់​ជំនួយ​សាងសង់​ថ្នាក់​រៀន ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស។

គ្រូបង្រៀន និង​កូន​សិស្ស​ចំនួន ១០​បន្ទប់ បង្ខំ​ចិត្ត​រើ​តុ​កៅអី និង​ក្ដារខៀន​ទៅ​រៀន​ក្រោម​ដើម​ឈើ និង​ខ្លះ​នៅ​ក្រោម​កុដិ​លោក​ក្បែរ​នោះ តាំង​ពី​ដើម​ឆ្នាំ​២០១៥ បន្ទាប់​ពី​ថ្នាក់​រៀន​របស់​ពួក​គេ​ទ្រុឌទ្រោម​ខ្លាំង។

នាយក​សាលា​បឋម​សិក្សា​ដំណាក់​ត្រប់ លោក ឈឹម វុទ្ធី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ថា រូប​លោក និង​ក្រុម​គ្រូបង្រៀន បាន​អំពាវនាវ​ជា​បន្តបន្ទាប់​តាំង​ពី​ពេល​ដែល​ថ្នាក់​រៀន​មាន​បញ្ហា ហើយ​បច្ចុប្បន្ន ខាង​ក្រសួង​អប់រំ ថា​នឹង​ផ្ដល់​អគារ​មួយ​ខ្នង ៥​បន្ទប់ ប៉ុន្តែ​មិន​ទាន់​ដឹក​គ្រឿង​សំណង់​ចូល​សាងសង់​នៅ​ឡើយ។ លោក​ថា នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ គឺ​នៅ​ពេល​ដែល​សិស្ស​ចូល​រៀន​វិញ​នោះ នឹង​ត្រូវ​រៀន​នៅ​ក្រោម​ដើម​ឈើ ឬ​កុដិ​លោក​ដដែល​សិន៖ «ខាង​នាយកដ្ឋាន​សំណង់​យើង​បាន​ឲ្យ​ប្រាំ​បន្ទប់ បើ​គាត់​ជួយ​ប្រាំ​បន្ទប់​ទៀត​កាន់​តែ​ត្រេកអរ។ ដល់​ពេល​បាន​សាលា​រៀន​ទៅ យ៉ាង​ម៉េច​ក៏​គ្រាន់​បើ​ជាង​មុន​ដែរ នៅ​តំបន់​ហ្នឹង​កូន​គេ​អ្នក​អត់ ប៉ុន្តែ​ឲ្យ​កូន​គេ​មក​រៀន​សូត្រ​ធម្មតា មិន​សូវ​ឲ្យ​កូន​ទៅ​ថៃ ទៅ​អី​ទេ»

អគារ​ដែល​ទើប​ទទួល​បាន នឹង​ត្រូវ​សង់​លើ​ទីតាំង​ថ្មី​ក្បែរ​បរិវេណ​សាលា​ចាស់​ក្នុង​ទំហំ​ដី​ទទឹង ៥២​ម៉ែត្រ និង​បណ្ដោយ ៧៥​ម៉ែត្រ ហើយ​សាលា​ត្រូវ​ការ​ជំនួយ​ជា​អគារ​យ៉ាង​ហោច ១​អគារ ៥​បន្ទប់​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​ចំនួន​សិស្ស។ លោក​ថា សិស្ស​មក​រៀន​នៅ​សាលា​បឋម​សិក្សា​ដំណាក់​ត្រប់ ភាគ​ច្រើន​មក​ពី​ភូមិ​ចំនួន​៤ គឺ​ភូមិ​បឹងកក់ តាំងគោក រហាទិល និង​ភូមិ​ថ្មី នៃ​ឃុំ​តាលោ ស្រុក​បាកាន។

មេ​ឃុំ​តាលោ លោក យ៉ាំ យ៉េន ថ្លែង​ថា ក្នុង​នាម​លោក​ជា​អាជ្ញាធរ​មូលដ្ឋាន មិន​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​នេះ​ឡើយ ដោយ​បាន​ស្វែងរក​ជំនួយ​ពី​សប្បុរសជន អង្គការ​ក្រៅ​រដ្ឋាភិបាល និង​រដ្ឋាភិបាល ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​អប់រំ​នៅ​ក្នុង​ឃុំ៖ «ក្រសួង​អប់រំ មាន​គម្រោង​សុំ​សាលា​ណា​ឲ្យ​បាន​មួយ​យក​មក​ដាក់​នៅ​កន្លែង​ហ្នឹង នៅ​ឯណា​ខាង​តាំងគោក បឹង​ត្នោត ធ្វើ​រួច​អស់​ហើយ ប៉ុន្តែ​អា​នេះ​មួយ​វា​ចន្លោះ។ ដោយសារ​កំណើន​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន យើង​ខំ​ប្រឹង​រក​សាលា​បឋម​សិក្សា​បឋម»

បន្ថែម​លើ​នេះ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ពោធិ៍សាត់ លោក សួង សុភី បញ្ជាក់​កាល​ពី​ចុង​ខែ​មេសា ថា នៅ​ចំពោះ​មុខ គណៈ​គ្រប់គ្រង​សាលា​បាន​សុំ​កុដិ​លោក​បង្រៀន​សិស្ស​បណ្ដោះ​អាសន្ន ហើយ​លោក​បាន​ធ្វើ​សំណើ​មួយ​តាម​រយៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និង​ដោះស្រាយ ខណៈ​ដែល​មាន​សប្បុរសជន​មួយ​ចំនួន​ត្រៀម​ខ្លួន​ជួយ​សាលា​នេះ​ដែរ។

អគារ​សាលា​រៀន​សង់​អំពី​ឈើ​ចំនួន​ពីរ​ខ្នង ជា​ជំនួយ​សប្បុរសជន​នៅ​សហរដ្ឋ​អាមេរិក និង​សហគមន៍​ភូមិ​ថ្មី បាន​កសាង​នៅ​ចន្លោះ​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៥ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។ គ្រូបង្រៀន និង​សិស្ស​សាលា​បឋម​សិក្សា​នេះ មាន​ការ​លំបាក​ក្នុង​ការ​លើក​តុ កៅអី និង​ក្ដារខៀន ដើម្បី​រៀន​តាម​ម្លប់​ឈើ ហាល​ភ្លៀង​ខ្យល់ និង​ពេល​ខ្លះ មេ​ស្រាំង​ធ្លាក់​លើ​សិស្ស​ទិច​ហើម​មុខ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

DEJO PEN

It doesn't sound right because in Cambodia there are plenty of generals,his excellency,samdach,oknhas,chumteav, bandith,....uncountable, why there is no school for kids ? ! are those kids belong to not CPP....????

Nov 01, 2015 10:18 AM

ដើមត្នោត

ពី ដើមត្នោត

នេះហើយជាប្រទេសដែលវិស័យអប់រំមានគុណភាពនោះ ។ បើរៀនមិនកើតទេ មិនបាច់រៀនទេ ខំរំដោះពីខ្មែរក្រហមឲ្យបានរស់ប៉ុណ្ណឹងហើយ នៅចង់ចេះអីទៀត ?

Oct 26, 2015 04:14 AM

គេហទំព័រ​ទាំងមូល