អាជីវករ​ផ្សារ​កំពង់ត្រាច​តវ៉ា​ចំពោះ​ការ​ហាម​លក់​ដូរ​លើ​កន្លែង​ធ្លាប់​លក់​ដូរ​សព្វថ្ងៃ

ដោយ វោហារ ជាតិ
2015-02-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អាជីវករ​ផ្សារ​កំពង់ត្រាច ខេត្ត​កំពត មួយ​ចំនួន តវ៉ា​អាជ្ញាធរ​ដែល​បាន​បណ្ដេញ​ពួក​គាត់​មិន​ឲ្យ​លក់​ដូរ ក៏ប៉ុន្តែ​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ឆ្លើយ​ថា ជា​ការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍។

អាជីវករ​ផ្សារ​កំពង់ត្រាច ប្រមាណ ១០០​នាក់ តវ៉ា​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ថា អាជ្ញាធរ​ស្រុក​កំពង់ត្រាច បាន​បញ្ជា​ឲ្យ​ប៉ូលិស និង​ប៉េអិម បណ្ដេញ​ពួក​គាត់​មិន​ឲ្យ​លក់​ដូរ​នៅ​ទីតាំង​ទីប្រជុំជន​ផ្សារ​មុខ​វត្ត​កំពង់ត្រាច ហើយ​បាន​ចាប់​រឹប​អូស​យក​អីវ៉ាន់​ពួក​គាត់​ទៅ​ដាក់​នៅ​មន្ទីរ​ស្រុក​អស់។

«សំឡេង​អាជីវករ​តវ៉ា​រួម​គ្នា»

ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​នេះ អភិបាល​ស្រុក​កំពង់ត្រាច លោក អ៊ុំ ស៊ីណាត បញ្ជាក់​ថា អាជីវករ​ទាំង​នោះ​លក់​ដូរ​លើ​ផ្លូវ​សាធារណៈ បណ្ដាល​ឲ្យ​កក​ស្ទះ​ចរាចរណ៍ ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ៖ «ព្រោះ​កន្លែង​ហ្នឹង​គាត់​លក់​នៅ​លើ​ផ្លូវ​រណប​លើ​ផ្លូវ​គេ ផ្លូវ​ហ្នឹង​យើង​ធ្វើ​អត់​ទាន់​ហើយ​ទេ វា​ត្រូវ​ឲ្យ​ខាង​សាធារណការ​រៀបចំ។ អ៊ីចឹង​ហើយ​យើង​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ខាង​មុខ​ផ្សារ​ហ្នឹង​ចេញ ដើម្បី​ទី​១ ឲ្យ​គេ​រៀបចំ​ធ្វើ​ផ្លូវ​រណប​បន្ត ព្រោះ​អា​ហ្នឹង​គេ​សង​ផល​ប៉ះពាល់​រួច​ហើយ។ ទី​២ យើង​ចង់​រៀបចំ​សណ្ដាប់ធ្នាប់ ដោយ​មិន​ចង់​ឲ្យ​បងប្អូន​គាត់​លក់​ដូរ​នៅ​ហ្នឹង​ទេ វា​អាច​មាន​គ្រោះថ្នាក់​អី​ពេល​រថយន្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​ណា»

លោក​អភិបាល​ស្រុក​បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន​កំពុង​រៀបចំ​បេនឡាន​មួយ​កន្លែង​នៅ​ក្បែរ​នោះ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍​លើ​ផ្លូវ​ជាតិ​លេខ​៣៣ ដែល​ឆ្លង​កាត់​ផ្សារ​កំពង់ត្រាច ចំណែក​អាជីវករ​ដែល​ត្រូវ​បាន​ហាម​មិន​ឲ្យ​លក់​ដូរ​នៅ​ទីប្រជុំជន​មុខ​វត្ត​កំពង់ត្រាច ពេល​នេះ អាជ្ញាធរ​នឹង​អនុញ្ញាត​ឲ្យ​ចូល​លក់​ដូរ​នៅ​កន្លែង​បេនឡាន​ថ្មី​វិញ នៅ​ពេល​សាងសង់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល