គណបក្សសង្គ្រោះជាតិ ប្រកាស​មិន​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​ប្រទេស​កម្ពុជា និង​វៀតណាម

មួង ណារ៉េត
2019-10-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន និង នាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀន សួនហ្វ៊ុក ក្នុងពិធីចុះហត្ថលេខាព្រមព្រៀងលើការបោះបង្គោលព្រំដែន រវាងកម្ពុជា និងវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។
លោក ហ៊ុន សែន និង នាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀន សួនហ្វ៊ុក ក្នុងពិធីចុះហត្ថលេខាព្រមព្រៀងលើការបោះបង្គោលព្រំដែន រវាងកម្ពុជា និងវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។
រូប​ភាព​ពីទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន

គណបក្សសង្គ្រោះជាតិ ប្រកាសមិន​ទទួល​ស្គាល់ការ​បោះ​បង្គោលព្រំដែនប្រទេស​កម្ពុជា-វៀតណាម ដោយ​​​ប្តេជ្ញា​​ថា នឹង​​​សើរើ​​ឡើង​​វិញ នូវ​​​សន្ធិសញ្ញា​​ព្រំដែន ដែល​គណបក្សនេះ​អះអាង​ថា​ ខុសច្បាប់។ ប៉ុន្តែលោក ហ៊ុន សែន ថា​ការ​​​ឯកភាព​​លើ​​​ការ​​​បោះ​​បង្គោល​​ព្រំដែន​​នេះ គឺ​រឹត​ចំណង​​ទំនាក់ទំនង​​ល្អ​រ​វាង​​ប្រទេស​​ទាំង​ពីរ។

គណបក្សសង្គ្រោះជាតិ ដែលតំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរកន្លះប្រទេស ចាត់ទុកការ​ចុះ​កិច្ច​ព្រមព្រៀង​គ្នា​​រឿង​​បោះ​​បង្គោល​​ព្រំដែន​​រវាង​​កម្ពុជា និង​វៀតណាម ដែល​បាន​​បោះ​រួច​​ចំនួន ៨៤%នោះ​ថា ជា​ការ​​ចុះ​ហត្ថលេខា​កាត់​ទឹក​ដី​ខ្មែរ​​​ឲ្យ​​​វៀតណាម​​ដោយ​​​ស្រប​​ច្បាប់។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃទី៥ ខែ​តុលា ចេញ​ភ្លាមៗ ក្រោយ​​លោក ហ៊ុន សែន និង​នាយក​រដ្ឋ​មន្រ្តី​វៀតណាម ង្វៀន សួនហ្វ៊ុក មូលមាត់​​គ្នា​​រឿង​ព្រំដែន​នេះ គណបក្ស​សង្គ្រោះ​ជាតិ​​ប្រកាស​​​ជា​ឱឡារិក មិន​​ទទួល​​ស្គាល់ និង​​មិន​​​អាច​​ទទួល​យក​​បាន​​ជា​​ដាច់ខាត នូវ​ការ​ព្រមព្រៀង​គ្នា​ លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន ដែល​ធ្វើ​តាម​​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ១៩៨៥ ដែល​​គណបក្ស​​នេះ​​ចាត់​​ទុក​​ថា ជា​សន្ធិសញ្ញា​​ខុស​ច្បាប់​នោះ។

ការណ៍ដែលគណបក្សសង្គ្រោះជាតិ ប្រឆាំង​ដាច់ខាតទៅនឹង​ការ​ព្រមព្រៀងគ្នា​ រឿង​​បោះ​បង្គោល​ព្រំដែន ដែល​យក​​សន្ធិសញ្ញា​មាន​បញ្ហា​មក​ធ្វើ​ជា​គោល​នោះ គឺ​ដោយសារ​​សន្ធិសញ្ញា​ឆ្នាំ១៩៨៥ នោះ​ ត្រូវ​បាន​​ធ្វើ​​មោឃភាព (ឬ ប្រកាស​លុប​ចោល)  ដោយ​​កិច្ច​ព្រមព្រៀង​​សន្តិភាព​​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ និង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ឆ្នាំ១៩៩៣ ទៅ​ហើយ។

ប្រតិកម្ម​របស់​គណបក្សប្រឆាំងនេះ ធ្វើឡើង​តប​ទៅនឹង​ចំណុចទី៣ និង ៤ នៃ​​សេចក្តីថ្លែងការណ៍រួម ដែលមាន​ ២៣ចំណុច​​រវាង​កម្ពុជា និងវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោក​ ហ៊ុន សែន នៅ​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី៥ ខែតុលា។ ក្នុង​ចំណុចទាំងពីរនេះ ខាង​លោក ហ៊ុន សែន និង​ភាគី​វៀតណាម យល់​ព្រម​​ចុះ​ហត្ថលេខា​លើ​ឯកសារ​ច្បាប់​ចំនួន២ ទាក់ទង​នឹង​បញ្ហា​ព្រំដែន រួម​មាន (១)៖ សន្ធិសញ្ញា​​បំពេញ​​បន្ថែម​​លើ​សន្ធិសញ្ញា​​កំណត់​​ព្រំដែន​​រដ្ឋ​ឆ្នាំ១៩៨៥ និង​​សន្ធិសញ្ញា​​បំពេញ​បន្ថែម​​ឆ្នាំ២០០៥ រវាង​​កម្ពុជា និង​វៀតណាម និង (២)៖ ពិធីសារ​ខណ្ឌ​សីមា និង​​បោះ​​បង្គោល​​ព្រំដែន​គោក រវាង​​កម្ពុជា និង​​វៀតណាម ដែល​ភាគី​ទាំង​ពីរ​​បញ្ជាក់​​ជា​ថ្មី​នូវ​​ការ​ព្រមព្រៀង​​​រឿង​​ព្រំដែន​នេះ និងទទួលស្គាល់ពីវឌ្ឍនភាពនៃ​ខណ្ឌសីមា និង​ការ​បោះ​បង្គោល​ព្រំដែន​គោក ដែល​​សម្រេច​​បាន​​មក​ដល់​បច្ចុប្បន្ន ប្រមាណ ៨៤%។

ការចុះកិច្ចព្រមពៀង​ទទួល​ស្គាល់បញ្ហាព្រំដែន ដែលកំពុង​ចម្រូងចម្រាសនេះ ត្រូវ​បាន​​ប្រធាន​ក្រុម​ប្រឹក្សា​​ឃ្លាំមើល​កម្ពុជា​លោក ម៉ែន ណាត ជំទាស់​ដែរ ដោយ​​លើក​ឡើង​ថា ការ​ព្រមព្រៀង​​គ្នា​​ក្នុង​​ស្ថានភាព​បែប​នេះ គឺ​ជា​គ្រោះថ្នាក់​បំផុត។ លោក​ថា​មេ​ដឹក​នាំ និង​អ្នកដែលចូលរួម​​ចុះកិច្ចព្រមព្រៀង ដែល​ធ្វើ​ឲ្យ​បាត់​ទឹក​ដី​​របស់​ខ្លួន​​បែប​នេះ គឺ​​ចៀស​​មិន​​ផុត​​ពីរងការ​​រិះគន់ថា ​ជា​អ្នក​មិន​ស្មោះ​ត្រង់​​នឹង​​ជាតិ៖ «ជា​មេ​ដឹក​នាំ​ក្បត់​ជាតិ គេថាអ‍៊‍ីចឹងមិន​ខុសទេ ដោយសារ​​តែ​​គាត់​​ខំ​ការពារ​​វៀតណាម ការពារ​បរទេស​ពេក ភ្លេច​គិត​​អំពី​ថា តើ​​កូន​ចៅ​គាត់​​​ទៅ​​ថ្ងៃ​​ក្រោយ​ ប្រជាពលរដ្ឋ​​​​​ថ្ងៃ​​ក្រោយ​​​ទៅ ប្រសិន​​បើ​​ក្លាយ​​ជាជនជាតិ​ភាគ​តិច​​នៅ​​លើ​​ទឹក​ដី​​របស់​​ខ្លួន​​ឯង តើ​​មាន​​ការ​​ឈឺ​ចាប់​​ប៉ុន​ណា?​»។

លោក ម៉ែន ណាត ស្នើឲ្យ​ភាគីកម្ពុជា គួរ​រក​យន្តការអន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ ជា​ជាង​សម្រេច​តែ​ភាគី​វិវាទ ដោយ​គ្មាន​អាជ្ញាកណ្តាលឯករាជ្យ។ លោក​គ្មានសង្ឃឹមថា របបសព្វថ្ងៃ ខ្វល់រឿង​នេះ​ឡើយ គឺ​​មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ឈឺ​ឆ្អាល​រឿង​នេះ បន្ត​​តស៊ូ​មតិ​ឲ្យ​​ខ្លាំង​ក្លា​ត​ទៅ​ទៀត​តែ​ប៉ុណ្ណោះ។

អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺ ជុំវិញរឿងនេះ ពីខាង​មន្រ្តីនាំពាក្យ​របបលោក ហ៊ុន សែន បាន​នៅឡើយទេ។ ប៉ុន្តែ លោក ហ៊ុន សែន សរសេរ​នៅក្នុង​ទំព័រហ្វេសប៊ុករបស់​លោក ក្រោយ​ចុះហត្ថលេខារួច​​ថា ​កិច្ចព្រមព្រៀង​ទទួល​​​​​​ស្គាល់​​ការ​បោះ​បង្គោល​ព្រំដែន​នេះ គឺជាផ្នែកមួយ​នៃការប្រែក្លាយ​ខ្សែព្រំដែននៃ​ប្រទេស​ទាំង​ពីរ ឲ្យ​ទៅ​ជា​ព្រំដែន​សន្តិភាព មិត្ត​ភាព សហប្រតិបត្តិការ និងការ​អវិវឌ្ឍ។ ជាងនេះទៅទៀត ភាគីទាំងពីរបានឯកភាពដែរ​ថា នឹង​បញ្ចប់​​​ការ​​បោះ​​បង្គោល​​ព្រំដែន ដែល​​​នៅ​​​សេសសល់​​​ជិត ១៦% ទៀត​​​នេះ ឲ្យ​​​​បាន​​​​ចប់​​​​សព្វគ្រប់ នា​​​ពេល​​​ឆាប់ៗ ខាង​​​​មុខ។

គណបក្សសង្គ្រោះជាតិ ប្រកាសថា គណបក្សនេះនឹង​សើរើឡើងវិញ នូវ​សន្ធិសញ្ញាព្រំដែន ដែល​គណបក្ស​នេះ​អះអាង​ថា ខុស​ច្បាប់​ និង​ការ​បោះ​បង្គោល​ព្រំដែន​កន្លង​មក​ជាមួយ​​ប្រទេស​​វៀតណាម។

បញ្ហា​ព្រំដែនរវាងកម្ពុជានិង​វៀតណាមនេះ គឺជារឿង​ដ៏រសើប និងចម្រូងចម្រាសមួយ។ របបលោក ហ៊ុន សែន តែងតែ​​បង្ក្រាប​អ្នក​ទាំង​ឡាយ​ណា ដែលហ៊ាន​រិះគន់ ឬ​ប្រឆាំង​របបនេះ។ មន្ត្រីអង្គការ​សង្គមស៊ីវិល​ជា​ច្រើន​ ដែល​ឈឺ​ឆ្អាល​រឿង​​ព្រំដែន​នេះ ត្រូវ​​ជាប់​​គុក ឬ​រង​ការ​​ចោទ​ប្រកាន់​តាម​​ផ្លូវ​​តុលាការ ពី​​​អាជ្ញាធរ​​​របប​​លោក ហ៊ុន សែន។

លោក ហ៊ុន សែន ដែលតែងតែ​អួត ​ថាលោកគោរព និងដង្ហែតាម​ព្រះមហាក្សត្រ និង​ប្តូរ​​ផ្តាច់​ការ​ពារ​​របប​រាជានិយម​យ៉ាង​​ណា​ក៏​ដោយ លោកថែមទាំង​ហ៊ាន​គម្រាមរម្លាយ​របបរាជានិយម​ទៅ​ទៀត បើ​​ព្រះមហាក្សត្រ​ខ្មែរ​​មិន​​ព្រម​តាម​​គាត់៖ «ខ្ញុំ​និយាយ​ជាមួយ​សម្ដេច​ក្រុមព្រះហើយ​ ខ្ញុំ​ថាព្រះអង្គ ​និយាយ​ប្រាប់​ឯកឧត្ដម ស៊ុន ចាន់ថុល កុល ផេង អ៊ឹង កន្ថាផាវី ម៉េច ស៊ីសុវត្ថិ ប៉ាណារ៉ា លើ​យន្តហោះ ហើយ​ខ្ញុំ​ប្រាប់​សម្ដេច​ក្រុមព្រះ​ពេល​ដែល​ជួប​តាម​ទូរស័ព្ទ ថា​ព្រះអង្គ​​បើ​លើកនេះវាពិបាកស៊ីញ៉េ ត្រូវ​ពិនិត្យ​ឡើង​វិញ​ យើង​គួរ​ទុករាជានិយម ឬ​ធ្វើ​​សាធារណរដ្ឋ​ ឲ្យ​​វា​មាន​​ប្រធានាធិបតី​តែ​ម្តង ឬហោចណាស់​ ដាក់បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ នៅ​​មាត្រាណាមួយ តែកាលណា​ដាក់ទៅ ក្នុង​រង្វង់​ប៉ុន្មាន​​ថ្ងៃ ត្រូវ​​ចុះ​​ហត្ថលេខា ឬ​ឡាយ​ព្រះហត្ថលេខា ឬ​ចុះហត្ថលេខាក្នុង​រង្វង់​ប៉ុន្មាន​ថ្ងៃ។ បើ​​មិន​ចុះ​ហត្ថលេខា ឬ​ឡាយព្រះហត្ថលេខាទេ គឺនឹង​ចូល​ជាធរមាន»។​

លោក ហ៊ុន សែន មិន​ដែលរងការ​ស៊ើបអង្កេត ឬ ចាត់​ការ​ពីសំណាក់អាជ្ញាធរ​ និង តុលាការ​​នៃ​​របប​ក្រុង​ភ្នំពេញ ជុំវិញ​សារ​ធ្ងន់ៗ ​លើ​​អង្គ​ព្រះមហាក្សត្រ​នេះ​ទេ។​ ប៉ុន្តែ អ្នកដទៃដែលហ៊ាននិយាយប៉ះពាល់ដល់​អង្គ​ព្រះមហាក្សត្រ កុំ​ថា ដល់​ព្រមាន​​រម្លាយ​របប​រាជានិយម សូម្បី​តែ​ការ​រិះគន់ព្រះមហាក្សត្រ​បច្ចុប្បន្ន ត្រឹម​ថាព្រះអង្គមិន​សូវមានឥទ្ធិពលក្នុងការ​ដោះស្រាយ​បញ្ហា​នយោបាយ​ខ្មែរ ដូចព្រះបិតាព្រះអង្គ ដែលសោយទីវង្គត​ទៅហើយ​នោះក្តី ក៏រងការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ដូចជាចាប់ដាក់ពន្ធនាគារ ឬ​​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​​ជា​ច្រើន​​ករណី ដោយ​ចោទ​​ថា ​ប្រមាថ​​អង្គ​ព្រះមហាក្សត្រ។

ជុំវិញរឿងព្រំដែននេះដែរ រដ្ឋធម្មនុញ្ញមាត្រា ៨ ចែងអំពីព្រះរាជតួនាទី​​របស់​ព្រះមហាក្សត្រ​ ដែល​​ទ្រង់​​​ជា​​​អ្នក​​​ធានា​​​​បូរណ​ភាព​​​​ទឹក​​ដី។ អាស៊ីសេរី​មិន​ទាន់អាចសុំការបំភ្លឺពីខាង​ព្រះបរម​រាជវាំង​បាន​នៅ​ឡើយ​ទេ ជុំវិញ​បញ្ហា​ព្រំដែន​នេះ។

ទោះជាយ៉ាងនេះក្តី គណបក្សសង្គ្រោះជាតិ​ប្រកាស​ថា គណបក្សនេះនឹង​​សើរើ​ឡើង​វិញ នូវ​​សន្ធិសញ្ញា​ព្រំដែន ដែល​គណបក្ស​នេះ​អះអាង​ថា ខុស​ច្បាប់​ និង​​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​​ប្រទេស​​វៀតណាម​កន្លង​មក ដើម្បី​ធានា​ការពារ​​បូរណភាព​ទឹ​ក​ដី​កម្ពុជា ស្រប​​តាម​​ស្មារតី នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​​ទីក្រុង​​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល