ពលរដ្ឋ​ជំពាក់​ប្រាក់​កម្ចី​ស្នើ​ឱ្យ​មាន​ការ​អនុគ្រោះ​បន្ថែម​ទៀត​ដើម្បី​​សម្រួល​ការ​លំបាក​ក្នុង​ពេល​នេះ

ដោយ ទីន ហ្សាការីយ៉ា
2020-05-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​ចលនា ខ្មែរថាវរៈ ធ្វើ​កូដកម្ម​បង្អត់​អាហារ និង​ធម្មយាត្រា​ដោយ​សន្តិវិធី នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០២០ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ឱ្យ​ពន្យារ​ពេល​ទារ​ប្រាក់​ពី​ប្រជា​ពលរដ្ឋ ក្នុង​គ្រា​ជំងឺ covid-19 កំពុង​រាតត្បាត។
សកម្មជន​ចលនា ខ្មែរថាវរៈ ធ្វើ​កូដកម្ម​បង្អត់​អាហារ និង​ធម្មយាត្រា​ដោយ​សន្តិវិធី នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០២០ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ឱ្យ​ពន្យារ​ពេល​ទារ​ប្រាក់​ពី​ប្រជា​ពលរដ្ឋ ក្នុង​គ្រា​ជំងឺ covid-19 កំពុង​រាតត្បាត។
រូប៖ សកម្មជន​ចលនា​ខ្មែរ​ថាវរៈ

ពលរដ្ឋ​ជំពាក់​ប្រាក់ គ្រឹះស្ថាន​សមាគម​មីក្រូហិរញ្ញវត្ថុ​លើកឡើង​ថា ទោះបីជា​ស្ថាប័ន​នេះ បាន​រៀប​កម្មវិធី​កម្ចី​ឡើងវិញ ឬ​ពន្យារពេល​បង់​ប្រាក់​ដល់​ពួកគេ ប៉ុន្តែ​មិនទាន់​បន្ធូរបន្ថយ​ស្របតាម​ស្ថានភាព​ជាក់ស្ដែង​របស់​ពលរដ្ឋ​នៅ​ឡើយ​ទេ​។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​គ្រឹះស្ថាន​សមាគម​មីក្រូហិរញ្ញវត្ថុ​គួរ​ពង្រីក​យន្តការ របស់​ខ្លួន​ឱ្យ​ទូលំទូលាយ​ជាង​នេះ​ទៀត។

អ្នក​រត់​រ៉ឺម៉ក​ទេសចរណ៍​ភ្នំពេញ​ម្នាក់ លោក ឈួន ឆាត ឱ្យ​អាស៊ីសេរី​ដឹង​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​(LOLC) ដែល​លោក​ជំពាក់​លុយ បាន​អនុញ្ញាត​ឱ្យ​លោក​ពន្យារ​រ​ពេល​សង​ប្រាក់​ទាំង​ដើម​ទាំង​ការ រយៈពេល​ពី ៣​ខែ​ទៅ ៦​ខែ ដោយសារតែ ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ-១៩៖ «ក្រុម​មីក្រូ​តូច​(​មីក្រូហិរញ្ញវត្ថុ )​អត់​អី​ទេ គេ​ថា បង​មាន​លុយ​ថ្ងៃ​ណា​បង់​ថ្ងៃ​ហ្នឹង​ចុះ​អត់​ទេ គេ​ពន្យារ​ឱ្យ​រហូត​គេ​ជួយ​យើង​ទេ​ថា​គេ​មាន​ប៉ុន្មាន​បង់​ប៉ុណ្ណឹង​មក​។ ស្នើ​ជួយ​ដោះស្រាយ​រឿង​ខាង​ធនាគារ​ជួយ​បន្ធូរបន្ថយ​ឱ្យ​ខាន​បង់​មួយ​ខែ ឬ​ពីរ​ខែ​អីចឹង​ទៅ​ល្មម​យើង​ចប់​កូវីដ​វិញ»

ប៉ុន្តែ​លោក ឈួន ឆាត បន្ត​ថា ទោះបី​លោក​ទទួល​បាន​ការ​យោគយល់​ពី ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ​ក្ដី ប៉ុន្តែ​លោក​នៅ​ជំពាក់​បំណុល​ធនាគារ​មួយទៀត គឺ​ធនាគារ​អេស៊ីលីដា មិន​បាន​បន្ធូរបន្ថយ​ឬ​យោគយល់​ដល់​លោក​ទេ និង​នៅតែ​តាម​ទារ​ប្រាក់​លោក​រាល់ថ្ងៃ បើ​ទោះ​ជា​លោក​ប្រាប់​ថា លោក​មិន​ទាន់​មាន​លទ្ធភាព​អាច​បង់​ប្រាក់​ក្នុង​ពេលនេះ​ក្ដី។

ពលរដ្ឋ​ជំពាក់​ប្រាក់ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ម្នាក់ទៀត លោក ប៊ុន តឹង ប្រាប់​ថា ស្ថាប័ន​ដែល​ជំពាក់​អនុញ្ញាត​ឱ្យ​លោក​បង់​ប្រាក់​តែ ៥០​ភាគរយ​នៃ​ប្រាក់​ដែល​លោក​ត្រូវ​បង់​ប្រចាំខែ​។ ប៉ុន្តែ​លោក​ថា ការ​បន្ធូរបន្ថយ​នេះ​នៅតែ​ធ្វើ​ឱ្យ​លោក​ជួប​ពិបាក​ដដែល ខណៈ​លោក​សព្វថ្ងៃ​ស្ទើរតែ​ប្រាក់​ទិញ​អង្ករ​មិនបាន​ផង​នោះ។ ពលរដ្ឋ​ស្នើ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឬ​អ្នក​ពាក់ព័ន្ធ​មាន​យោគយល់​ដល់​ពលរដ្ឋ​ថែមទៀត​៖ «ព្រោះ​ឥឡូវ​សេដ្ឋកិច្ច​ពិបាក​មែនទែន​បង​ពិបាក​រក​មែន​ចង់​ស្នើ​ឱ្យ​បង់​ទាំង​ដើម​ទាំង​ការ​បង់​មួយ​ខែ ត្រឹម​ហាសិប​អី​(៥០​ដុល្លារ) អ៊ីចឹង​ណា​បង​ចាំ​ខែក្រោយ​បង់​ហាសិប​អី​ទៀត អ៊ីចឹង​ណា​បង​ព្រោះ​ឥឡូវ​ពិបាក​មែនទែន​បង​បង​ឃើញស្រាប់​ហើយ​ស្រុក​ខ្មែរ​អ្នក​គេ​មាន​នៅតែ​មានតែ​អ្នកយើង​រក​កង់​បី​តាម​ដង​ផ្លូវ​ចឹ​ង​ពិបាក​ឥឡូវ​គេ​ឱ្យ​ធ្វើ​ប័ណ្ណបើកបរ​ទៀត​បង​មិន​ដឹង​ម៉េច​ម៉ា​ទេ»

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ស៊ី អឹម អេ (CMA) កាលពី​ថ្ងៃ​ទី​១៣ ឧសភា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ថា មាន​អតិថិជន​ប្រមាណ​ជាង ១៣​ម៉ឺន​នាក់ (១៣៧.១៥៨) បាន​ធ្វើ​ការ​ស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​។​ក្នុង​នោះ​មាន​អតិថិជន​ប្រមាណ ៩០% ត្រូវ​បាន​ធនាគារ ឬ​ស្ថាប័ន មីក្រូហិរញ្ញវត្ថុ​បាន​ពិនិត្យ ឥណទាន​សរុប​ជិត​៥​រយ​លាន​ដុល្លារ​អាមេរិក​រួច​ហើយ។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អះអាង​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អាច​រៀបចំ​ឥណទាន​ឡើងវិញ​ជូន​អតិថិជន​បាន​លុះត្រាតែ​មានការ​ស្នើសុំ​ពី​អតិថិជន​ដោយ​យោង​តាម​កិច្ចសន្យា​រវាង​គ្រឹះស្ថាន និង​អតិថិជន​គោលការណ៍​ការពារ​អតិថិជន​ក៏ដូចជា​លក្ខខណ្ឌ​ផ្លូវច្បាប់​មួយ​ចំនួន​ទៀត។

អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៤ ខែ​ឧសភា ថា សមាគម​មីក្រូហិរញ្ញវត្ថុ​បាន​ព្យាយាម​ដោះស្រាយ​ជូន​ពលរដ្ឋ​ដោយមាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​តាម​ករណី​នីមួយៗ​។ លោក​អះអាង​ទៀតថា ដំណោះស្រាយ​នេះ​គឺ​ធ្វើតាម​ការណែនាំ​របស់​ធនាគារ​ជាតិ ហើយ​ការ​ព្រម​ទទួល​នៃ​ពលរដ្ឋ​ជិត ៩០​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​ស្នើសុំ​លោក​យល់ថា​នេះ​ចំនួន​មួយ​ដែល​អាច​ទទួល​បាន៖ «យើង​យល់​ថា ក្នុង​កាលៈទេសៈ​នេះ គ្រប់គ្នា​ជួប​ការ​លំបាក​ទាំង​អតិថិជន​ទាំង​គ្រឹះស្ថាន​អ៊ីចឹង​មានតែ​ទាំងពីរ​ផ្នែក​នេះ​ប្រឹងប្រែង​ដោះស្រាយ​ជាមួយគ្នា​តាម​ករណី​ជាក់ស្ដែង​ប្រកបដោយ​ការ​គោរព និង​ភាព​ស្មោះត្រង់​ទៅវិញទៅមក​ទេ ទើប​យើង​អា​ចរក​ដំណោះស្រាយ​មួយ​ដែល​ឈ្នះ​ឈ្នះ​បាន​ទាំងអស់​គ្នា»

រីឯ​នាយករង​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់ថា ចំនួន​នេះ​គឺ​តិចតួច​ណាស់ បើ​ធៀប​ទៅ​នឹង​ចំនួន​ពលរដ្ឋ​ជាង ២​លាន ៥​សែន​នាក់ ដែល​ជំពាក់​លុយ​គ្រឹះស្ថាន។ លោក​បន្ត​ថា ការ​តម្រូវ​ដាក់​ពាក្យ​ពន្យារពេល​បង់​ប្រាក់​មិនទាន់ គឺ​មិនមែន​ជា​ការ​បើក​ទូលាយ​នោះ​ទេ លោក​ចង់​ឃើញ​ការ​ដោះស្រាយ​បើក​ទូលាយ​ជាង​នេះ៖ «យើង​យល់​ថា ក្នុង​កាលៈទេសៈ​នេះ គ្រប់គ្នា​ជួប​ការ​លំបាក​ទាំង​អតិថិជន​ទាំង​គ្រឹះស្ថាន អ៊ីចឹង​មានតែ​ទាំងពីរ​ផ្នែក​នេះ​ប្រឹងប្រែង​ដោះស្រាយ​ជាមួយគ្នា​តាម​ករណី​ជាក់ស្ដែង​ប្រកបដោយ​ការ​គោរព និង​ភាព​ស្មោះត្រង់​ទៅវិញទៅមក​ទេ ទើប​យើង​អា​ចរក​ដំណោះស្រាយ​មួយ​ដែល​ឈ្នះ​ឈ្នះ​បាន​ទាំងអស់​គ្នា»

កាល​ពី​ខែ​មេសា​កន្លង​ទៅ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ចេញ​លិខិតស្នើ​ទៅ​ធនាគារ​ឯកជន​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លើកលែង​ការ​ផាកពិន័យ​ចំពោះ​អតិថិជន​របស់​ខ្លួន​ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺឆ្លង​រាតត្បាត​នេះ​រហូតដល់​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០២០​។ ប៉ុន្តែ​ពលរដ្ឋ​លើកឡើង​ធនាគារ​ឯកជន​មួយ​ចំនួន​មិន​បាន​យោគយល់​ឬ​ពន្យារពេល​បង់​ប្រាក់​ដល់ ពលរដ្ឋ​នោះ​ទេ។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អគ្គនាយក​បច្ចេកទេស​និង​ជា​អ្នកនាំពាក្យ​ធនាគារ​ជាតិ​អ្នកស្រី ជា សិរី តាម​ទូរស័ព្ទ​ជាច្រើន​ដង​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ប៉ុន្តែ ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ យល់ថា​ក្នុង​ស្ថានភាព​នេះ ធនាគារជាតិ​ចេញ​វិធានការ​ជា​ផ្លូវច្បាប់ ជាជាង​ត្រឹម​លិខិត​ស្នើសុំ​ដោយ​លោក​លើកឡើង​ថា ការ​ស្នើ​សុំ​នេះ​បើ​ធនាគារ​ឯកជន និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​បាន​អនុវត្ត​តាម​ក៏​អាច​សម្ពាធ​លើ​ស្ថាប័ន​ទាំងនោះ​បាន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល