សារសំខាន់​នៃ​ការ​កំណត់​ម៉ាក​យីហោ​ស្រូវ​អង្ករ​កម្ពុជា​ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ

ដោយ សាន សែល
2015-10-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​អន្តរ​ក្រសួង ជាមួយ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា នា​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៥។
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​អន្តរ​ក្រសួង ជាមួយ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា នា​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Um Rainsey

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ប្រេសិត​ផ្នែក​ពាណិជ្ជកម្ម​នៃ​ចក្រភព​អង់គ្លេស រួម​ទាំង​ក្រុម​ពាណិជ្ជករ និង​ដៃគូ​ផ្សេង​ទៀត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា រិះរក​យុទ្ធសាស្ត្រ​ធ្វើ​យ៉ាង​ណា លើក​តម្លៃ​នៃ​ម៉ាក​យីហោ​ស្រូវ​អង្ករ​កម្ពុជា ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ។ ជា​លទ្ធផល កិច្ច​ពិភាក្សា​នេះ​បាន​រក​ឃើញ​នូវ​ដំណោះស្រាយ និង​អនុសាសន៍​មួយ​ចំនួន ពី​សារសំខាន់​នៃ​ការ​កំណត់​ម៉ាក​យីហោ​ស្រូវ​អង្ករ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ថ្លែង​ថា ម៉ាក​យីហោ​មាន​សារសំខាន់​សម្រាប់​ការ​នាំ​ចេញ ដោយ​លោក​ថា នៅ​ពេល​ផលិតផល​មាន​ម៉ាក​ត្រឹមត្រូវ ធ្វើ​ឲ្យ​ផលិតផល​អាច​លក់​បាន​ថ្លៃ​លើ​ទីផ្សារ។ លោក​ថា ការ​កំណត់​ឈ្មោះ​ផលិតផល គួរ​ជា​ជំហាន​ទី​មួយ​ដើម្បី​ដាក់​ម៉ាក​ផលិតផល សម្រាប់​ជំរុញ​ការ​នាំ​ចេញ ស្រប​ពេល​ដែល​ការ​វេច​ខ្ចប់ និង​ការ​រចនា​សម្បក​កញ្ចប់ ក៏​ដើរ​តួនាទី​សំខាន់​សម្រាប់​ការ​លើក​តម្កើង​ម៉ាក​យីហោ។

ចំពោះ​ផលិតផល​អង្ករ លោក ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ថា អង្ករ​កម្ពុជា មាន​ច្រើន​ប្រភេទ ដែល​តម្រូវ​ឲ្យ​ធ្វើ​ការ​ជ្រើស​រើស​ប្រភេទ​អង្ករ​ណា​មួយ​សិន ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ម៉ាក​យីហោ ដូចជា ថា​តើ​គួរ​ប្រើប្រាស់​ម៉ាក​អង្ករ​ផ្កា​ម្លិះ ឬ​ក៏ Jasmine Rice។ យ៉ាង​ណា​ក៏ដោយ លោក​ស្នើ​ថា កម្ពុជា គួរ​ផ្សព្វផ្សាយ​ពី​ម៉ាក​អង្ករ​ដែល​ទទួល​បាន​ពាន​រង្វាន់។

អង្ករ​ផ្កា​ម្លិះ​របស់​កម្ពុជា ទទួល​បាន​ពាន​រង្វាន់​ផ្នែក​អង្ករ​ល្អ​ផ្ដាច់​គេ​លើ​ពិភពលោក បី​ឆ្នាំ​ជាប់​គ្នា ចាប់​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤។

ប្រេសិត​ផ្នែក​ពាណិជ្ជកម្ម​នៃ​ចក្រភព​អង់គ្លេស ប្រចាំ​ប្រទេស​កម្ពុជា លោក ឡ ពុតណាំ (Lord Puttnum) ស្នើ​ឡើង​ថា អង្ករ​ដែល​ត្រូវ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស គួរ​មាន​លើក​ទឹក​ចិត្ត​ពី​ក្រសួង​ពាណិជ្ជកម្ម។ លោក​ថា ក្រសួង គួរ​ចារ​ពាក្យ​សម្គាល់​ទទួល​ស្គាល់​គុណភាព​នៅ​លើ​កញ្ចប់​អង្ករ ដើម្បី​បង្កើន​ការ​ទុក​ចិត្ត​ពី​អតិថិជន។

ស្រដៀង​គ្នា​នេះ​ដែរ លោក ស៊ុន ចាន់ថុល ស្នើ​ដល់​ក្រុម​អ្នក​នាំ​ចេញ​អង្ករ ឲ្យ​ធានា​ថា អង្ករ​ដែល​យក​ទៅ​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​អន្តរជាតិ ជា​ផលិតផល​មាន​គុណភាព​សុទ្ធ។ លោក​បញ្ជាក់​ថា ពាណិជ្ជករ​គួរ​ចៀសវាង​ការ​យក​អង្ករ​ប្រទេស​ជិត​ខាង មក​លាយ​ជាមួយ​អង្ករ​ក្នុង​ស្រុក ហើយ​ដាក់​ម៉ាក​យីហោ​ថា ជា​អង្ករ​កម្ពុជា។ បើ​តាម លោក ចាន់ថុល ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​អតិថិជន​បាត់បង់​ទំនុក​ចិត្ត​លើ​ផលិតផល​កម្ពុជា។

លោក ស៊ុន ចាន់ថុល ក៏​បាន​ច្រាន​ចោល​ព័ត៌មាន​ពី​វត្តមាន​អង្ករ​ប្លាស្ទិក​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា គ្មាន​ទេ​អង្ករ​ប្លាស្ទិក​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា។ លោក ស៊ុន ចាន់ថុល បង្ហាញ​ថា កង្វះ​រោង​ម៉ាស៊ីន​កិន​ស្រូវ អគ្គិសនី និង​ការ​ដឹក​ជញ្ជូន​មាន​តម្លៃ​ថ្លៃ និង​ខ្វះខាត​ឃ្លាំង​ស្តុក​ស្រូវ​អង្ករ ជា​ឧបសគ្គ​ដែល​រារាំង​កម្ពុជា មិន​អាច​នាំ​ចេញ​អង្ករ​បាន​តាម​ផែនការ៖ «ភ្លើង សម្ដេច (ហ៊ុន សែន) បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ម៉េច​ឲ្យ​ចុះ​ជា​បន្តបន្ទាប់ មិន​អាច​ចុះ​ទម្លាក់​ម្ដង​បាន​ទេ ហើយ​ខាង Logistic (ដឹក​ជញ្ជូន) ក៏​យើង​ខិតខំ​ប្រឹងប្រែង​ជាមួយ​ក្រុម​ការងារ​យើង ដើម្បី​ពិនិត្យ​គ្រប់​ជ្រុង ដើម្បី​បញ្ចុះ​តម្លៃ​ផង​ដែរ»

អ្នក​សេដ្ឋកិច្ច និង​អ្នក​ជំនាញ​ផ្នែក​កសិកម្ម គាំទ្រ​ការ​លើក​តម្កើង​ម៉ាក​យីហោ​ស្រូវ​អង្ករ​កម្ពុជា ដើម្បី​ជំរុញ​ការ​នាំ​ចេញ។ ក៏ប៉ុន្តែ ពួក​គាត់​ស្នើ​ឲ្យ​មាន​យុទ្ធសាស្ត្រ​បន្ថែម​ទៀត។

ប្រធាន​វិទ្យាស្ថាន​កម្ពុជា ដើម្បី​សិក្សា​ការ​អភិវឌ្ឍ លោក កង ច័ន្ទតារារ័ត្ន គូស​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​ពង្រឹង​ការ​ផលិត​ស្រូវ​ដែល​មាន​គុណភាព ស្រប​តាម​តម្រូវ​ការ​ទីផ្សារ។ លោក​ថា នៅ​កម្ពុជា កសិករ​ពិបាក​នឹង​រក​ពូជ​ស្រូវ​សុទ្ធ​ដែល​មាន​គុណភាព ដើម្បី​ដាំ​ដុះ៖ «នៅ​ក្នុង​ភូមិ​មួយ យើង​មិន​ដឹង​ថា​មាន​ពូជ​ស្រូវ​ប៉ុន្មាន សូម្បី​តែ​យើង​ជួប​មេ​ភូមិ ជួប​កសិករ​ខ្លួន​ឯង​ក៏ដោយ ក៏​គាត់​ចេះ​តែ​ថា ពូជ​នេះ​ពូជ​នោះ តែ​ធាតុ​ពិត ពូជ​ក្លាយ​រាប់​ឆ្នាំ​រួច​មក​ហើយ»

បន្ថែម​ពី​លើ​នេះ ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា សេដាក (CEDAC) លោក យ៉ង សាំងកុមារ ឲ្យ​ដឹង​ថា គួរ​មាន​ការ​វាយ​តម្លៃ​លើ​ការ​កំណត់​ថ្លៃ​លក់ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង ហើយ​ត្រូវ​រក​ចំណុច​ពិសេស​ដាច់​ដោយឡែក ដើម្បី​សម្គាល់​ភាព​ខុស​គ្នា​រវាង​អង្ករ​កម្ពុជា និង​អង្ករ​ប្រទេស​ផ្សេង​ទៀត៖ «ពូជ​អី​ហ្នឹង។ ឧទាហរណ៍ យើង​ត្រូវ​មាន​ពូជ​ពិសេស​សម្រាប់​អង្ករ​កម្ពុជា។ ខាង​ខ្ញុំ (សេដាក) ជំរុញ​ស្រូវ​អង្ករ​កម្ពុជា ផ្នែក​សរីរាង្គ។ ចឹង​គេ​យល់​ឃើញ​ថា អង្ករ​សរីរាង្គ​មក​ពី​កម្ពុជា ល្អ»

ផែនការ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ គឺ​នាំ​ចេញ​អង្ករ​ទៅ​បរទេស​ចំនួន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ ក៏ប៉ុន្តែ​បើ​តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រយៈពេល ៩​ខែ​ដើម​ឆ្នាំ​២០១៥ ប្រទេស​កម្ពុជា បាន​នាំ​ចេញ​អង្ករ​ចំនួន​ជិត ៣៧​ម៉ឺន​តោន (៣៦៩.១០៥​តោន) ដែល​កើន​ឡើង​ជាង ៣៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល