បក្ស​ប្រឆាំង​នឹង​បង្សុកូល​ឧទ្ទិស​កុសល​ជូន​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​ឆ្នាំ​៩៧

គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​រៀប​ចំ​ពិធី​បុណ្យ​បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​បាតុករ​ដែល​បាន​ស្លាប់​ដោយ​អំពើ​ភេរវកម្ម​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ នៅ​ចេតិយ​មុខ​អតីត​មន្ទីរ​រដ្ឋសភា កាល​ពី​ឆ្នាំ​១៩៩៧។ ពិធី​នេះ លោក សម រង្ស៊ី ក៏​នឹង​មក​គោរព​វិញ្ញាណក្ខន្ធ​ដោយ​ផ្ទាល់​ដល់​ជន​រងគ្រោះ ដែល​សមត្ថកិច្ច​មិន​ទាន់​រក​យុត្តិធម៌​ជូន​នៅ​ឡើយ​នោះ។
ដោយ ដែន អយុធ្យា
2013-09-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបថត​របស់​អ្នក​បាត់​បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​បោក​គ្រាប់​បែក កាល​ពី​ថៃ្ង​៣០ មីនា ឆ្នាំ​១៩៩៧។
រូបថត​របស់​អ្នក​បាត់​បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​បោក​គ្រាប់​បែក កាល​ពី​ថៃ្ង​៣០ មីនា ឆ្នាំ​១៩៩៧។
Photo: RFA

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី៣០ ខែ​កញ្ញា នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ នឹង​និមន្ត​ព្រះសង្ឃ​ចំនួន ២៧​អង្គ ដើម្បី​រាប់បាត្រ​បង្សុកូល និង​ឧទ្ទិស​កុសល​ជូន​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ មុខ​អតីត​មន្ទីរ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។

លោក ហូរ វ៉ាន់ មន្ត្រី​រៀប​ចំ​កម្មវិធី​បុណ្យ និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ គណបក្ស​សង្គ្រោះ​ជាតិ។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៨ ខែ​កញ្ញា ថា ពិធី​បុណ្យ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​បាតុករ​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ខាង​មុខ​នឹង​មាន​ពលរដ្ឋ អ្នក​តំណាង​រាស្ត្រ សមាជិក​ព្រឹទ្ធសភា និង​គ្រួសារ​ជន​រងគ្រោះ​ប្រមាណ ៥០០​នាក់​ចូល​រួម។ លោក​ថា ពិធី​បុណ្យ​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៧ ដល់​ម៉ោង ១១​ព្រឹក​ថ្ងៃ​ទី៣០ ខែ​កញ្ញា នៅ​ចេតិយ​ពី​ខាង​ត្បូង​របង​ព្រះបរមរាជវាំង។

លោក ហូរ វ៉ាន់ បន្ត​ថា អំពើ​ភេរវកម្ម​នេះ សមត្ថកិច្ច​មិន​ទាន់​វែក​រក​មុខ​ជន​ដៃ​ដល់ ឬ​អ្នក​នៅ​ពី​ក្រោយ​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។ មន្ត្រី​រូប​នេះ បាន​រំឭក​ថា អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា អាច​មាន​មនុស្ស​ស្លាប់​ចន្លោះ​ពី​ជិត ២០​នាក់ ទៅ ៣០​នាក់ និង​រង​របួស​ប្រមាណ ២០០​នាក់។ ប៉ុន្តែ លោក​ថា រយៈពេល ១៦​ឆ្នាំ​ទៅ​ហើយ ជន​រងគ្រោះ​ទាំង​នោះ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ទេ។

លោក ហូរ វ៉ាន់ ឲ្យ​ដឹង​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់ និង​មាន​ថ្លែង​សារ​នយោបាយ​ជុំវិញ​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​លើ​ហ្វូង​បាតុករ​អហិង្សា​ថែម​ទៀត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​មហាផ្ទៃ តាម​ទូរស័ព្ទ ដើម្បី​បំភ្លឺ​លើ​សំណុំ​រឿង​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ ទៅ​លើ​ហ្វូង​បាតុករ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ បាន​ទេ។

ករណី​នេះ​ដែរ លោក សម រង្ស៊ី ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​តុលាការ​សហរដ្ឋ​អាមេរិក ក្នុង​ឱកាស​ដែល លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ញីវយ៉ក (New York) ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី និង​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ក្រោយ​មក លោក សម រង្ស៊ី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​សម្រេច​ព្យួរ​បណ្ដឹង​ប្រឆាំង លោក ហ៊ុន សែន ដោយសារ​លោក​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ហើយ​ថា លោក ហ៊ុន សែន បាន​សន្យា​ឈប់​បង្ក​បញ្ហា​ជាមួយ​លោក​ជា​បន្ត​ទៀត។

យ៉ាង​ណា​ក៏ដោយ លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ធ្លាប់​បាន​បដិសេធ និង​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​របស់ លោក សម រង្ស៊ី ដែល​ចោទ​ថា លោក ហ៊ុន សែន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បោក​គ្រាប់​បែក​ឆ្នាំ​១៩៩៧ ជា​រឿង​មិន​ពិត។

ទោះ​ជា​បែប​ណា លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ករណី​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​ឆ្នាំ​១៩៩៧ នៅ​មិន​ទាន់​បាន​បង្ហាញ​ជា​សាធារណៈ​ទេ ទោះ​បី​ការ​ស៊ើប​អង្កេត​របស់​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ អេហ្វ.ប៊ី.អាយ (FBI) របស់​សហរដ្ឋ​អាមេរិក ត្រូវ​បាន​បញ្ចប់​ជាច្រើន​ឆ្នាំ​មក​ហើយ​ក្តី។

អ្នក​តាម​ដាន​ការ​ស៊ើប​អង្កេត​ករណី​វាយ​ប្រហារ​គ្រាប់​បែក​ឆ្នាំ​១៩៩៧ បាន​អះអាង​ថា ការ​ស៊ើប​អង្កេត​ឯករាជ្យ​របស់ អេហ្វ.ប៊ី.អាយ ត្រូវ​បាន​រារាំង ហើយ​មន្ត្រី​របស់ អេហ្វ.ប៊ី.អាយ ក៏​ត្រូវ​បាន​គំរាម​កំហែង។

បញ្ហា​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) ក៏​ធ្លាប់​បាន​ធ្វើ​ការ​រិះគន់​រដ្ឋាភិបាល​កម្ពុជា ថា​មិន​បាន​នាំ​ខ្លួន​ជន​សង្ស័យ​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ យក​មក​ផ្ដន្ទាទោស ផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នេះ​ដែរ។ អង្គការ យូមែន រ៉ៃត៍ វច្ឆ៍ ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ គឺ​ថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ក្រុម​អង្គរក្ស​របស់ លោក ហ៊ុន សែន ដែល​ពេល​នោះ​ជា​កង​ពល​តូច​លេខ​៧០ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​កន្លែង​ធ្វើ​បាតុកម្ម មុន​ពេល​ផ្ទុះ​គ្រាប់​បែក។ ហើយ​ថា ក្រោយ​គ្រាប់​បែក​បាន​ផ្ទុះ ក្រុម​អង្គរក្ស លោក ហ៊ុន សែន មិន​បាន​ជួយ​ចាប់​ជន​សង្ស័យ​ទេ ដោយ​បណ្តោយ​ឲ្យ​ជន​សង្ស័យ​រត់​គេច​ខ្លួន ហើយ​បាន​គំរាម​បាញ់​អ្នក​ដែល​ចង់​ចាប់​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​នោះ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

កម្ពុជាពិតជាអស្ចារ្យណាស់ដែលអាចគំរាមកំហែង FBI បាន។

Sep 28, 2013 10:29 PM

អ្នក​អាន​អនាមិក

អ្នករស់បានអំណាច លុយ ឡាន វីឡា ស្រីក្មេង ប្រពន្ធចុង.......ងអ្នកស្លាប់បានត្រឹមបាយបិណ្ឌយ៉ងនេះឬ?

Sep 28, 2013 09:40 PM

Kon Khmer

You are right. Neay Sy made it happen. So sat for Cambodian people who listened to Neay Sy instigation in the past and dead for nothing. Now Neay Sy starting to us the same method to kill Khmer for his power again. Watch out Khmer people...

Sep 29, 2013 07:43 AM

Piseth

ពី MA

I almost die because of that. If I go to shopping, I will pass that road and hit by those booms. I knew this is how Hun Sen's government solve the problem.

Sep 28, 2013 01:45 PM

Kon Khmer

You are lia to get asylum to stay in USA, don't you?

Sep 29, 2013 07:45 AM

អ្នក​អាន​អនាមិក

RFA, can you tell us why FBI did not issue the statement for their investigation the case of attacks to the protestors on March 1997?

Sep 28, 2013 11:31 AM

អ្នក​អាន​អនាមិក

One of the killers was dead by helicopter crash and another one is still sleeping in jail.

Sep 28, 2013 05:25 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល