កម្ពុជា​ចំណាយ​លុយ​១៨​ម៉ឺន​ដុល្លារ​ដើម្បី​រៀបចំ​មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ

ដោយ ម៉ម មុនីរតន៍
2015-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ធ្វើ​សន្និសីទ​សារព័ត៌មាន ស្ដីពី​ មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ​អាស៊ាន កាល​ពី​ថ្ងៃ​ទី៣០ មីនា ២០១៥។
ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ធ្វើ​សន្និសីទ​សារព័ត៌មាន ស្ដីពី​ មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ​អាស៊ាន កាល​ពី​ថ្ងៃ​ទី៣០ មីនា ២០១៥។
RFA/Morm Moniroth

មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​រៀបចំ​ពិធី​មហោស្រព​នៃ​វប្បធម៌​យុវជន​អន្តរជាតិ និយាយ​ថា នៅ​សល់​ត្រឹម ១៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធី​ដ៏​ធំ​មួយ​នេះ​នឹង​ត្រូវ​ប្រារព្ធ​ឡើង​ហើយ នៅ​លើ​ទឹកដី​អង្គរ ក្នុង​ខេត្ត​សៀមរាប។

តាម​ការ​ប៉ាន់​ប្រមាណ មន្ត្រី​រៀបចំ​ពិធី​បាន​អះអាង​ថា មាន​យុវជន​នៅ​ក្នុង​សហគមន៍​អាស៊ាន និង​ប្រទេស​ជា​ដៃគូ​ចំនួន ១៨​ប្រទេស នឹង​ត្រូវ​ចូល​រួម​សម្រាប់​ការ​បង្ហាញ​វប្បធម៌​ចម្រុះ​នេះ។

យុវជន​មក​ពី​ប្រទេស​អាស៊ាន និង​ប្រទេស​ដៃគូ​កម្ពុជា ប្រមាណ ១៨០​នាក់ មាន​គម្រោង​មក​ជួបជុំ​គ្នា​នៅ​ប្រទេស​កម្ពុជា ដើម្បី​ប្រារព្ធ​ពិធី​មហោស្រព​នៃ​វប្បធម៌​យុវជន​អន្តរជាតិ នៅ​ពាក់​កណ្ដាល​ខែ​មេសា។

អគ្គនាយក​យុវជន​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា ទទួល​បន្ទុក​មហោស្រព​ជា​លើក​ទី​១​នេះ មាន​ប្រសាសន៍​ថា ក្រសួង​អប់រំ​នឹង​ត្រូវ​ចំណាយ​លុយ​ប្រមាណ ១៨​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​រៀបចំ​ពិធី​មួយ​នេះ ទៅ​លើ​សេវាកម្ម​ដឹក​ជញ្ជូន​ផ្នែក​ខាង​ក្នុង ថ្លៃ​រៀបចំ​កម្មវិធី និង​ដំណើរ​ទស្សនកិច្ច​នៅ​តាម​អង្គរ​ដែល​ជា​តំបន់​វប្បធម៌។

ការ​ថ្លែង​ដូច​នេះ របស់​អគ្គនាយក​យុវជន​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក តូច ជឿន ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​ក្រសួង​អប់រំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា។លោក​បន្ត​ថា កិច្ច​ផ្ដួចផ្ដើម​ដែល​នាំ​ឲ្យ​មាន​មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ​នេះ​ឡើង គឺ​ផ្អែក​ទៅ​លើ​គោលនយោបាយ​ជាតិ​ស្ដីពី​យុវជន ដែល​កម្ពុជា បាន​ដាក់​ចេញ​រួច​មក​ហើយ។ម្យ៉ាង​ទៀត មហោស្រព​នេះ មិន​ត្រឹម​តែ​បង្កើន​សាមគ្គីភាព​រវាង​ប្រទេស​នៅ​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ថែម​ទាំង​ជា​ការ​បង្ហាញ​មួយ​ដ៏​កម្រ និង​ពុំ​ធ្លាប់​មាន​អំពី​វប្បធម៌​របស់​ខ្លួន​ឲ្យ​ពិភព​បាន​ដឹង​ថា កម្ពុជា​កំពុង​មាន​អ្វី​ផង​ដែរ ជា​ពិសេស យុវជន​ដែល​ចូលរួម ក៏​អាច​ចែក​រំលែក​នូវ​វប្បធម៌​ដ៏​ចម្រុះ​ជាតិសាសន៍​នេះ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​​ថែម​ទៀត​ផង៖ «ការ​រស់នៅ​ខុស​គ្នា។ ដើម្បី​ធ្វើ​ការ​ឲ្យ​ស៊ី​សង្វាក់​គ្នា គឺ​ត្រូវ​យល់​ពី​វប្បធម៌​ដូច​គ្នា ជជែក​គ្នា​ហើយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​ខុស​គ្នា​ហ្នឹង​គឺ​ផល​ប្រយោជន៍​ទីពីរ។ ទី​បី​គឺ​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌​ដ៏​រុងរឿង​របស់​កម្ពុជា​យើង»

លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា ថ្លែង​មុន​បិទ​បញ្ចប់​សន្និសីទ​កាសែត​ថា ការ​ពិត​មហោស្រព​វប្បធម៌​យុវជន​អាស៊ាន ដែល​កម្ពុជា ផ្ដួចផ្ដើម​គំនិត​នៅ​ពេល​នេះ គឺ​ជា​ការ​អនុវត្ត​កម្រិត​ថ្នាក់​ជាតិ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​ថា អ្វី​ដែល​ប្រទេស​កម្ពុជា ចាប់​អនុវត្ត​មុន​គេ​នេះ គឺ​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្របខ័ណ្ឌ​នៃ​ធម្មនុញ្ញ​អាស៊ាន ដែល​បាន​សម្រេច​រួច​ហើយ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ឆ្នាំ​២០០៧ ថា ប្រទេស​ទាំង​១០ នឹង​រួម​បញ្ចូល​គ្នា​ឲ្យ​ទៅ​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​​តែ​មួយ នៅ​ចុង​ឆ្នាំ​២០១៥​នេះ៖ «ថ្វី​ត្បិត​តែ​ពេល​នេះ​យើង​មិន​មែន​ជា​ម្ចាស់​ផ្ទះ​នៃ​អាស៊ាន​មែន ប៉ុន្តែ​ជា​ដំណើរ​មួយ​ដែល​យើង​ឈាន​ដើរ​ទៅ​មុខ។ យើង​ផ្ដួចផ្ដើម​ដោយ​ខ្លួន​យើង ស្ថិត​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ ប៉ុន្តែ​តម្រង់ និង​សម្រប​ទៅ​​តាម​ស្មារតី​អាស៊ាន​ទាំង​មូល»

តាម​ការ​គ្រោង​ទុក​នឹង​មាន​យុវជន​មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​ជា​ដៃគូ​ចំនួន ១៨​ប្រទេស​ចូល​រួម បើ​ទោះ​ណា​ជា​មាន​ប្រទេស ៣ មិន​ទាន់​បាន​បញ្ជាក់​ច្បាស់លាស់​អំពី​ការ​ចូល​រួម​នោះ​ក៏ដោយ។ ប្រទេស​ទាំង ៣ នោះ​រួម​មាន សហរដ្ឋអាមេរិក (USA) ប្រ៊ុយណេ (Brunei) និង នូវែលហ្សេឡង់ (New Zealand)។

ថ្វី​បើ​វេទិកា​នេះ រៀបចំ​ឡើង​ដោយ​ចំហ ប៉ុន្តែ​ក៏​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​ដែរ។ ឯកសារ​ដែល​ផ្ដល់​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ជា​ក្រុម​ការងារ​រៀបចំ​មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ បញ្ជាក់​ថា យុវជន​ដែល​ត្រូវ​ចូលរួម​ពី​បណ្ដា​ប្រទេស​នីមួយៗ មិន​ឲ្យ​លើស​ពី ១០​នាក់ និង​មាន​អាយុ​ចាប់​ពី ១៨ រហូត​ដល់ ៣៥​ឆ្នាំ។ លើស​ពី​នេះ​ទៀត ត្រូវ​ចេះ​ភាសា​អង់គ្លេស ចំណេះដឹង​ផ្នែក​វប្បធម៌ និង​សិល្បៈ​របស់​ជាតិ​ខ្លួន​ផង។

លោក សួន ប៊ុនស័ក្ដិ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម និង​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា យល់​ឃើញ​ថា ទំហំ​ទឹកប្រាក់​នៃ​ការ​ចំណាយ​ហាក់​ច្រើន​បន្តិច​មែន ក៏​ប៉ុន្តែ​ថា វា​សក្ដិសម​ទៅ​នឹង​ពិធី​ដ៏​ធំ​បែប​នេះ។ បើ​ទោះ​ជា​បែប​ណា លោក​គាំទ្រ​ឲ្យ​មាន​វេទិកា​ដូច​នេះ ព្រោះ​អាច​បង្ហាញ​ឲ្យ​អន្តរជាតិ​ដឹង​ពី​សិល្បៈ និង​វប្បធម៌​របស់​កម្ពុជា កាន់​តែ​ច្រើន​ថែម​ទៀត៖ «ខ្ញុំ​សង្ឃឹម​ថា ការ​ចំណាយ​នេះ​វា​អាច​សក្ដិសម​​ទៅ​នឹង​ទំហំ​នៃ​ពិធី ហើយ​ទំហំ​នៃ​សកម្មភាព​ហ្នឹង​ទៅ​ចុះ។ ប៉ុន្តែ​និយាយ​ថា ពិធី​ដែល​បាន​គ្រោង​រៀបចំ​ហ្នឹង គឺ​ខ្ញុំ​គាំទ្រ និង​ឯកភាព ព្រោះ​ថា ពិធី​ហ្នឹង​អាច​បណ្ដុះបណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ជា​ទូទៅ​បាន​យល់​ដឹង​អំពី​ចលនា​បច្ចុប្បន្ន លើក​កម្ពស់​ការ​យល់​ដឹង​នៃ​វឌ្ឍនភាព​អង្គការ​អន្តរជាតិ​រួម»

មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ​នេះ គឺ​រៀបចំ​ឡើង​ដំណាល​គ្នា​នឹង​ពិធី​អង្គរ​សង្ក្រាន្ត ក៏ប៉ុន្តែ​ជា​ពិធី ២ ដាច់​ដាច់​ឡែក​ពី​គ្នា។ ប្រទេស​ទាំង ១០ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន​នេះ នឹង​រួម​បញ្ចូល​ទៅ​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​តែ​មួយ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

អីមានមេស!​ ខ្ចីពីណាគេ? អ្នកណាអ្នកសង? ដើម្បីយកមុខរឺជំនួញ? អ្វីដែលគេចងដឺងអគ់មាននិយាអីម៉ាម៉ាត់ យ៉ាប់។

Mar 30, 2015 11:33 PM

គេហទំព័រ​ទាំងមូល