រោងចក្រ​ស៊ីម៉ងត៍​ចក្រី​ទីង​នៅ​កំពត​យល់ព្រម​លក្ខខណ្ឌ​ការងារ​តាម​ការ​ទាមទារ​របស់​កម្មករ

ដោយ វោហារ ជាតិ
2015-01-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ភាគី​ថៅកែ​រោងចក្រ​ស៊ីម៉ងត៍​ចក្រី​ទីង នៅ​ខេត្ត​កំពត បាន​យល់ព្រម​ផ្ដល់​លក្ខខណ្ឌ​ការងារ​ចំនួន ៤​ចំណុច តាម​ការ​ទាមទារ​របស់​កម្មករ ដែល​បាន​ធ្វើ​បាតុកម្ម​ទាមទារ​អស់​រយៈពេល ២​ខែ​កន្លង​មក​ហើយ​នោះ។

អនុប្រធាន​សហជីព​ចក្រី​ទីង ដើម្បី​សិទ្ធិ​សេរីភាព និង​តម្លាភាព​កម្មករ​និយោជិក លោក ហេង ចិន នៅ​ថ្ងៃ​ទី​២៩ មករា បាន​អបអរ​សាទរ​ចំពោះ​ការ​ប្រកាស​របស់​ភាគី​រោងចក្រ​នេះ​ថា ជា​ការ​ជោគជ័យ​មួយ​កម្រ​មាន៖ «ក្រុមហ៊ុន​បាន​យល់ព្រម​ទី​១ ប្រុង​ថា​ផ្ដល់​ប្រាក់​បំណាច់​ឆ្នាំ​ពីរ​ដំណាក់​កាល គឺ​នៅ​ចុង​ខែ​កុម្ភៈ គឺ​ផ្ដល់​ជូន​ពី​លើ​ប្រាក់​ខែ​៥០​ភាគរយ ហើយ​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គឺ​ផ្ដល់​ជូន ៥០​ភាគរយ​ទៀត ហើយ​ចំណុច​មួយ​ទៀត ក្រុមហ៊ុន​បាន​យល់ព្រម​ឲ្យ​បុគ្គលិក​ដែល​បាន​បញ្ឈប់ ឲ្យ​ចូល​ធ្វើ​ការ​វិញ ហើយ​ធានា​រ៉ាប់រង​អាយុ​ជីវិត​សុខភាព​អី​ហ្នឹង គាត់​ក៏​ព្រម ហើយ​គាត់​បាន​សន្យា​ថា​នឹង​ធានា​ស្ថិរភាព​ការងារ​ជូន​បុគ្គលិក​ខ្មែរ​ទាំងអស់ ឲ្យ​ចៀស​ផុត​ពី​ការ​បញ្ឈប់​ការងារ ការ​គំរាម​កំហែង​ណា​មួយ​ដែល​ខុស​ច្បាប់​ពី​សំណាក់​បុគ្គលិក​ជនជាតិ​ចិន»

រោងចក្រ​ស៊ីម៉ងត៍​ចក្រី​ទីង មាន​កម្មករ​ប្រមាណ ៣០០​នាក់។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ កម្មករ​រោងចក្រ​ចក្រី​ទីង បាន​ធ្វើ​កូដកម្ម​អហិង្សា​ទាមទារ​លក្ខខណ្ឌ​ការងារ ៤​ចំណុច គឺ​ទាមទារ​បើក​ប្រាក់​បំណាច់​ឆ្នាំ ឬ​ហៅ​ថា​ប្រាក់​ខែ​ទី​១៣ ទាមទារ​សេវា​ធានា​រ៉ាប់រង​សុខភាព​ពេល​ឈឺ ឬ​គ្រោះថ្នាក់​ពេល​បំពេញ​ការងារ និង​សុំ​ឲ្យ​បុគ្គលិក​ជនជាតិ​ចិន ឈប់​គំរាម​បណ្ដេញ​កម្មករ​ខ្មែរ​ចេញ​ពី​ការងារ និង​សុំ​ឲ្យ​ភាគី​រោងចក្រ​ទទួល​យក​កម្មករ​ដែល​បាន​បណ្ដេញ​ចេញ​កន្លង​មក ឲ្យ​ចូល​ធ្វើ​ការ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Richard

ពី Modesto, CA, USA

Victory for workers, it ought to done fairly by employer or any employers. Workers are the one who make company grows, why treat workers badly in the first place?

Jan 29, 2015 05:32 PM

គេហទំព័រ​ទាំងមូល