របបក្រុងភ្នំពេញរងការរិះគន់ ថាបងើ្កតឲ្យមានភាពរើសអើងជនជាតិចាម តាមរយៈរបាយការណ៍អ្នកផ្ទុកជំងឺកូវីដ-១៩

លោក មួង ណារ៉េត
2020-03-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្រ្តីខ្មែរ​ដើមកំណើតចាម ថ្លែង​សារ​តាម​បណ្តាញសង្គមហ្វេសប៊ុក លើកពីក្តីបារម្ភអំពីការរើសអើង និង​សំណូមសុំ​ឲ្យបញ្ឈប់ការ​រើសអើងនេះ។​
ស្រ្តីខ្មែរ​ដើមកំណើតចាម ថ្លែង​សារ​តាម​បណ្តាញសង្គមហ្វេសប៊ុក លើកពីក្តីបារម្ភអំពីការរើសអើង និង​សំណូមសុំ​ឲ្យបញ្ឈប់ការ​រើសអើងនេះ។​
រូបភាពពីបណ្តាញសង្គម

ទាំង​​អ្នក​វិភាគ​នយោបាយ​ និង​​សង្គម​ និង​​​មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​ប្រឆាំង​ សុទ្ធ​តែ​យល់​ស្រប​គ្នា​ ថា​ភាព​រើស​អើង​ពូជ​សាសន៍​នេះ​ មិន​មែន​កើត​ចេញ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឯក​ឯង​នោះ​ទេ ​ប៉ុន្តែ​ កើត​ចេញ​ពី​ការ​​បែង​ចែក​ពូជ​សាសន៍​ នៅ​ក្នុង​របាយការណ៍​ស្តី​ពី​អ្នក​ផ្ទុក​ជំងឺ​កូវីដ​-​១៩​ ដែល​ក្រសួង​សុខា​ភិបាល​ បាន​ផ្សាយ​តាំង​ពី​ថ្ងៃ​ទី​ ១៥​ ខែ​ មីនា​នោះ​។​

ការ​លើក​ឡើង​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​ពលរដ្ឋ​ខ្មែរ​ ដែល​មាន​ដើម​កំណើត​ចាម​ជា​ច្រើន​ បាន​​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ និង​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ បង្ហាញ​​អំពី​ការ​ព្រួយ​បារម្ភ​របស់​ពួក​គាត់​ ដោយសារ​តែ​មាន​ការ​រើស​អើស​ជន​ជាតិ​ចាម​យ៉ាង​ខ្លាំង​ ក្នុង​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ​ ពោល​គឺ​ចាប់​តាំង​ពី​ក្រសួង​សុខា​ភិបាល​ ចាត់​ចំណាក់​ថ្នាក់​​ពលរដ្ឋ​ខ្មែរ​ ដែល​មាន​ដើម​កំណើត​ចាម​ ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ​-​១៩​ទាំង​នោះ​ ថា​ជា​ខ្មែរ​ឥស្លាម​។​

អ្នក​វិភាគ​នយោបាយ​ និង​​សង្គម​ លោក​ គឹម​ សុខ​ ថា​តាម​ពិត​ប្រជា​ពលរដ្ឋ​ខ្មែរ​ មិន​ដែល​មាន​ចិត្ត​​រើស​ជន​ជាតិ​​ចាម​នោះ​ទេ​ បើ​កុំ​តែ​មាន​ការ​បែង​ចែក​ពលរដ្ឋ​ខ្មែរ​បែប​នេះ​នោះ​ <<​តាម​ពិត​​ទៅ​​អ្នក​បង្កើត​ការ​រើស​អើង​ គឺ​ក្រុម​លោក​ ហ៊ុន​ សែន​ ទៅ​វិញ​ទេ​ សូម្បី​តែ​នៅ​ក្នុង​​របាយការណ៍​របស់ក្រសួង​​សុខាភិបាល​​ ក៏​បែង​ចែក​រវាង​​ខ្មែរ​​ និង​​ខ្មែរ​​អ៊ីស្លាម​ដែរ​​។​ ក៏​ប៉ុន្តែ​ ក្នុង​ចិត្ត​​ខ្មែរ​​ទូទៅ​​អត់​​មាន​​ខ្មែរ​ ឬ​ក៏​ខ្មែរ​អ៊ី​ស្លាម​ដែល​ដាច់​ដោយ​​ឡែក​​ពី​គ្នា​ទេ​។​ យើង​​ទាំង​អស់​គ្នា​​ទទួល​​ស្គាល់​ថា​ ជា​ខ្មែរ​។ ក៏​ប៉ុន្តែ​ គឺ​​ក្រុម​​លោក​​ ហ៊ុន​ សែន​ ខ្លួន​​ឯង​​ទេ​ ដែល​​បាន​​បែង​ចែក​​ថា​នេះ​ជា​ខ្មែរ​ ថា​​នោះ​ជា​​ខ្មែរ​អ៊ីស្លាម​>>​។​

នៅ​រាល់​របាយការណ៍​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ១៥​ ខែ​ មីនា​ ដែល​ចាប់​ផ្តើម​រក​ឃើញ​ជន​ជាតិ​​ខ្មែរ​ ដើមកំណើត​ចាម​ ដែល​មាន​​អ្នក​ផ្ទុក​ជំងឺ​កូវីដ​-​១៩​ នោះ​ ក្រសួង​​សុខា​ភិបាល​ ហៅ​ជន​ជាតិ​ខ្មែរ​​ដើម​កំណើត​ចាម​ទាំង​នោះ​ ថា​ជា​ខ្មែរ​អ៊ីស្លាម​គ្រប់​ពេល​។

ទើប​តែ​មាន​ប្រតិកម្ម​ខ្លាំង​ ពី​ការ​បែង​ចែក​ពូជសាសន៍​​នេះ​ ទើប​ក្រសួង​សុខាភិបាល​លែង​ហៅ​​ពួក​គាត់​​ថា​ជា​ខ្មែរ​អ៊ី​ស្លាម​ ដោយ​​ដាក់​ត្រឹម​ថា​ជន​ជាតិ​ខ្មែរ​វិញ​។ ការ​ឈប់​ហៅ​ជន​ជាតិ​ខ្មែរ​ ដែល​មាន​ដើម​កំណើត​ចាម​ ដែល​មាន​ផ្ទុក​ជំងឺ​នេះ​ ថា​ជា​ខ្មែរ​អ៊ីស្លាម​ ចាប់​ផ្តើម​ធ្វើ​កាល​ពី​ថ្ងៃ​ទី​ ២១​ ខែ ​មីនា​ មក​។​

អា​ស៊ី​សេរី​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​ ជុំវិញ​ការ​កែ​ប្រែ​ ដោយ​គ្មាន​ការ​ពន្យល់​ហេតុផល​នេះ​ បាន​នៅ​ឡើយ​ទេ​។​

មុន​នឹង​ប្តូរ​មក​ប្រើ​តែ​ជន​ជាតិ​ខ្មែរ​វិញ​នេះ​ ក្រសួង​សុខា​ភិបាល​ ក៏​បាន​រម្លេច​ថា​ជន​ជាតិ​​ខ្មែរ​ ដើម​កំណើត​ចាម​ទាំង​នោះ​ មក​ពី​ចូល​រួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​ ការ​សង្កត់​ធ្ងន់​ថា​​​អ្នក​ទាំង​នោះ​ ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី​នេះ​ ក៏​រង​ការរិះ​គន់​ថា​ របប​ក្រុង​ភ្នំពេញ​ ព្យាយាម​​បង្ហាញ​ថា​ជំងឺ​ឆ្លង​នេះ​ គឺ​នាំ​ចូល​ពី​ក្រៅ​ ជាពិសេស​ពី​ម៉ាឡេស៊ី​ និង​អឺរ៉ុប​ មិន​មែន​មក​ពី​ចិន​ទេ​។ ​

ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រង្ស៊ី​ ថា​មិន​ថា​របប​ក្រុង​ភ្នំពេញ​ ចង់​ទម្លាក់​កំហុស​រឿង​ឆ្លង​មេរោគ​នេះ​ ទៅ​លើ​ប្រទេស​ដទៃ​ក្រៅពី​ប្រទេស​ចិន​ក៏​ដោយ​ ក៏​ការ​ពិត​គឺ​ប្រភព​ដើម​នៃ​មេរោគ​នេះ​ គឺ​ឆ្លង​ពី​ប្រទេស​ចិន​នោះ​ឯង​ <<​ដូច្នេះ​​កុំ​​ទៅ​​ឆ្លើយ​​ដាក់​​អី​ណា​ម៉ា​ឡេ​​ស៊ី​ ចាម​ហ្នឹង​នោះ​ បើ​​ចង់​មើល​ប្រភព​​ដើម​​ថា​​ជំងឺ​​ហ្នឹង​​ចេញ​​មក​ពី​ណា​​ គឺ​​ចេញ​​មក​​ពី​​ប្រទេស​​ចិន​ ហើយ​​អ្នក​​ណា​​ដែល​បើ​ក​​ជើង​​យន្ត​ហោះ​​ ពី​ប្រទេស​​ចិន​​បើ​ក​​ចំហ​ឲ្យ​​ពួក​ជន​ជាតិ​​ចិន​ ជាពិសេស​​មក​​ពី​​ទី​ក្រុង​​វូហាន​ ដែល​ជាដើម​​កំណើត​​នៃ​ជំងឺ​នោះ​ ឲ្យ​​ចូល​​មក​​ប្រទេស​​កម្ពុជា​​តាម​ចិត្ត​ ដែល​មក​នូវ​​ហានិភ័យ​ធំ​ជាង​​គេ​​បំផុត​ គឺ​អ្នក​​ដែល​​បើក​​ជើង​​យន្តហោះ​​ពី​​ប្រទេស​​ចិន​​មក​ប្រទេស​​កម្ពុជា​ ឲ្យ​​ចិន​​ និង​​មេរោគ​​មក​ពី​​ប្រទេស​​ចូល​​មក​តាម​ចិត្ត​ គឺ​លោក​ ហ៊ុន​ សែន​ តែ​ម្តង​​។​ ដូច្នេះ​​កុំ​ទៅ​​បង្វែង​ដាន​​ឆ្លើយ​​ដាក់​​ម៉ា​ឡេ​ស៊ី​ ឬ​ចាម​​អី​នោះ​។​ អ្នក​​ដែល​​ទទួល​​កំហុស​​ជាង​គេ​​ បើ​​មាន​គ្រោះ​ថ្នាក់​ធំ​​នៅ​ប្រទេស​កម្ពុជា​​ គឺ​​លោក​​ ហ៊ុន​ សែន​ តែ​​ម្តង​>>​

មេរោគ​កូរ៉ូណា​ថ្មី​ ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​កូវីដ​-​១៩​ នេះ​ ផ្ទុះ​រាត​ត្បាត​ដំបូងនៅទីក្រុងវូហាន (Wuhan) ខេត្ត​ហ៊ូ​​បេ​ (Hubei) ប្រទេស​ចិន​ តាំង​ពី​ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​ មក​ម្ល៉េះ​។ ទោះ​ជា​មានការ​រាត​ត្បាត​នៃ​ជំងឺ​នេះ ​ក៏​កម្ពុជា​មិន​បិទ​ជើង​យន្ត​ពី​ក្រុង​វូ​ហាន​ នោះ​ដែរ​។ អ្នក​ជំងឺ​ដំបូង​ ដែលនាំ​មេរោគ​នេះ​ មក​កម្ពុជា​ គឺ​ជន​ជាតិ​ចិន​ ដែល​ធ្វើ​ដំណើរ​មក​ពីទី​ក្រុង​វូហាន​នោះ​ ជាមួយ​នឹង​ក្រុម​គ្រួ​សារ​។​

ក្នុង​ខែ​មករា​ ជន​ជាតិ​ជាង​ ៣​ ពាន់​នាក់​ ក៏​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​វូ​ហាន​ មក​ដល់​កម្ពុជា​ដែរ​​ ដោយ​សារ​តែ​កម្ពុជា​មិន​បិទ​ជើង​យន្ត​ហោះ​ត្រង់​ពី​ទី​ក្រុង​វូ​ហាន​នោះ​។​ គ្មាន​សេចក្តី​រាយការណ៍​ណា​មួយ​ អំពី​ស្ថានភាព​ជន​ជាតិ​ចិន​ទាំង​ជាង​ ៣​ ពាន់​នោះ​ទេ​ ហើយ​ក៏​គ្មាន​សេចក្តី​រាយការណ៍​​ណា​មួយ​ ថា​របប​ក្រុង​ភ្នំពេញ​ បាន​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព​ ដើម្បី​រក​មើល​មេរោគ​កូរ៉ូណា​ លើ​ជន​ជាតិ​ចិន​ទាំង​នោះ​ដែរ​។​

របប​ក្រុង​ភ្នំពេញ​ រង​ការ​រិះ​គន់​ ថា​ព្យាយាម​លាក់​ព័ត៌មាន​ អំពី​ស្ថានភាព​​របស់​​ជន​ជាតិ​ ដែល​នៅតែ​បន្ត​ធ្វើ​ដំណើរ​មក​កម្ពុជា​ ទោះ​ជំងឺ​រាត​ត្បាត​នេះ​ កំពុង​តែ​កើន​ឡើង​ពេញ​បន្ទុក​នៅ​លើ​ពិភពលោក​។​

ឥឡូវ​ការ​ឆ្លង​រាត​ត្បាត​នេះ​ បាន​កើត​មាន​នៅ​ ១៨៨​ ប្រទេស​​នៅ​ទូទាំង​ពិភព​លោក​។​ ប្រទេសកម្ពុជា​ ដែល​លោក​ ហ៊ុន​ សែន​ ធ្លាប់​​ប្រកាស​អួត​ថា​ ទាល់​តែ​មាន​ថ្ងៃ​ទី​ ៣១​ ខែ​ កុម្ភៈ​ ឬ​ចាំ​ទា​ល់តែ​សេះដុះ​ស្នែង​ ទើប​មាន​កើត​ជំងឺ​នេះ​ ក៏​ចាប់​ផ្តើម​កើត​មាន​ជា​បន្ត​បន្ទាប់​។​

ការ​ភ័យ​ខ្លាច​ និង​​ការ​រើស​អើង​ពូជ​សាសន៍​ ក៏​ចាប់​ផ្តើម​កើន​ឡើង​ខ្លាំង​ដែរ​ ប៉ុន្តែ​ គ្មាន​សេចក្តី​រាយការណ៍​ណា​មួយ​ ថា​ជន​ជាតិ​ចិន​នៅ​កម្ពុជា​រង​ការរើស​អើង​នោះ​ឡើយ​ លើក​លែង​តែ​ជន​ជាតិ​​ខ្មែរ​​ដើម​កំណើត​ចាម​ប៉ុណ្ណោះ​។​

លោក​ សម​ រង្ស៊ី​ អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ ជា​ពិសេស​​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ កុំ​មានការ​រើស​អើង​លើ​ពលរដ្ឋ​ខ្មែរ​ ដើម​កំណើត​ចាម​ទាំង​នេះ​។  លោក​ថា​ មេរោគ​ណា​ក៏ដោយ​​ វា​​មិន​ចេះ​រើស​អើង​​អត់​ពូជ​សាសន៍​ ឬ​សាសនា​នោះ​ទេ​។ លើក​ស្នើ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ កុំយក​ជន​ជាតិ​ ឬ​ សាសនា​​យក​និយាយ​ ក្នុង​ការ​​រួម​កម្លាំង​គ្នា​​ ដើម្បី​កម្ចាត់​មេរោគ​កូរ៉ូណា​ថ្មី​នេះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល