ជន​សង្ស័យ​៤​នាក់​ត្រូវ​ឃាត់​ខ្លួន​ចោទ​ពី​បទ​ឆបោក​និង​រំលោភ​សេពសន្ថវៈ​នៅ​កំពង់ចាម

នាយការិយាល័យ​ព័ត៌មាន​ទូទៅ និង​បញ្ជា​ការដ្ឋាន​នៃ​កង​រាជ​អាវុធហត្ថ​នៅ​ខេត្ត​កំពង់ចាម លោក ងួន ចាន់ បាន​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៣ គាត់​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​សំណាក់​ជន​រងគ្រោះ ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​នឹង​ឈ្មោះ ស៊ីន ស៊ឹមឡេង ហៅ ហេង ពី​បទ​ឆបោក​គ្រឿង​អលង្ការ និង​លុយ​ជាច្រើន​ពាន់​ដុល្លារ និង​ពី​បទ​រំលោភ​សេពសន្ថវៈ ហើយ​ត្រូវ​បាន​ខាង​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ចាប់​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​២៨ តុលា។
ដោយ សូត សុខប្រាថ្នា
2013-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក​បន្ត​ថា ដំបូង ឈ្មោះ ស៊ីន ស៊ឹមឡេង ហៅ ហេង នោះ​បាន​ទាក់ទង​ជាមួយ​ស្ត្រី​រងគ្រោះ ដោយ​បោក​ថា មាន​វត្ថុ​សក្ដិសិទ្ធិ គឺ​គ្រាប់​រន្ទះ​ដែល​អាច​លក់​ក្នុង​តម្លៃ ១២​ម៉ឺន​ដុល្លារ សម្រាប់​ជន​បរទេស និង ២​ម៉ឺន​ដុល្លារ សម្រាប់​ជនជាតិ​ខ្មែរ ទើប​ធ្វើ​ឱ្យ​ស្ត្រី​ជន​រងគ្រោះ​នោះ​ជឿ ហើយ​បាន​ណាត់​ជួប​គ្នា​នៅ​ផ្ទះ​សំណាក់។ បន្ទាប់​មក ជន​សង្ស័យ ស៊ីន ស៊ឹមឡេង ហៅ ហេង អាយុ ៥២​ឆ្នាំ បាន​រំលោភ​ជន​រងគ្រោះ​បាន​សម្រេច។

ជន​រងគ្រោះ​រស់​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​ពាក្យ​ប្ដឹង​ទាក់ទិន​ទៅ​នឹង​ករណី​ឆបោក​ប្រាក់​ជាច្រើន​ពាន់​ដុល្លារ និង​រំលោភ​សេពសន្ថវៈ កាល​ពី​ពេល​កន្លង​ទៅ។

ចំពោះ​គ្រឿង​អលង្ការ និង​ទឹក​ប្រាក់ ដែល​ជន​សង្ស័យ​ឆបោក​ស្ត្រី​ជន​រងគ្រោះ សរុប​ប្រហែល​ជា ៣​ពាន់​ដុល្លារ​អាមេរិក ដែល​ជន​សង្ស័យ​បាន​បើក​រថយន្ត​ទៅ​យក​ដល់​ផ្ទះ​ស្ត្រី​នោះ នៅ​ខេត្ត​បន្ទាយមានជ័យ។ ក្នុង​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​នោះ គឺ​មាន​ជន​ដែល​ពាក់ព័ន្ធ​ចំនួន ៣​នាក់ ដែល​ក្រុម​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​នា​ថ្ងៃ​បន្តបន្ទាប់។

លោក ងួន ចាន់៖ «ក្រោយ​ការ​សាកសួរ គាត់​ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​ជន​រងគ្រោះ​អ៊ីចឹង​មែន។ បោក​ប្រាក់ ហើយ​និង​បាន​រំលោភ​សេពសន្ថវៈ​លើ​ជន​រងគ្រោះ​មែន ហើយ​ក៏​មាន​បក្ខពួក​បី​នាក់​ទៀត ហើយ​យើង​ក៏​បាន​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​បាន​ជា​បន្តបន្ទាប់ ដែល​រួម​មាន​ឈ្មោះ ចឹក សុខា ហៅ យឺត រស់​នៅ​ភូមិ​៧​មករា ឃុំ​ដា ស្រុក​មេមត់។ ហើយ​ទី​២ ឈ្មោះ ស៊ាន សាវ៉ាន់ រស់​នៅ​ភូមិ​រមូល ឃុំ​រអាង ស្រុក​កំពង់សៀម និង​ទី​៣ ឈ្មោះ សួន សុផុន រស់​នៅ​ភូមិ​ព្រែកក្របៅ ឃុំ​ព្រែកក្របៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម។ ហើយ​បច្ចុប្បន្ន ជន​សង្ស័យ​កំពុង​តែ​ការ​សាកសួរ ដើម្បី​បន្ត​សំណុំ​រឿង​ទៅ​តាម​នីតិវិធី»

លោក​ក៏​សូម​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ឆបោក​នេះ មិន​ត្រូវ​ជឿ​រឿង​ដែល​មិន​ត្រូវ​ជឿ​ហួស​ហេតុ​នោះ​ទេ ដូច​ជា​ករណី​គ្រាប់​រន្ទះ​ដែល​ថា​ជា​វត្ថុ​សក្ដិសិទ្ធិ និង​ថា​មាន​គោបា​ជា​រឿង​មន្ត​អាគម​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល