ក្រុមហ៊ុន​ចិន​វិនិយោគ​លើ​ដំណាំ​ល្ហុង​ប្រេង​ផ្ដល់​ឱកាស​ឲ្យ​យោធិន​ពិការ​ខេត្ត​សៀមរាប

ដោយ ហង្ស សាវយុត
2015-09-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ដើម​ល្ហុង​ប្រេង​ដែល​ដាំ​សាកល្បង​លើ​ផ្ទៃដី ១២០​ហិកតារ នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន លឹម ប៊ុន គ្រុប (Lim Bun Group)។ រូបថត​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥
ដើម​ល្ហុង​ប្រេង​ដែល​ដាំ​សាកល្បង​លើ​ផ្ទៃដី ១២០​ហិកតារ នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន លឹម ប៊ុន គ្រុប (Lim Bun Group)។ រូបថត​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥
RFA/Hang Savyouth

ទាញ​យក​កម្មវីធី

ក្រុមហ៊ុន​ចិន ដែល​ជំនាញ​ខាង​ផលិតផល​ល្ហុង​ប្រេង បាន​សម្លឹង​ឃើញ​ផ្ទៃដី​ជាច្រើន​ពាន់​ហិកតារ​នៅ​ជាប់​ជើង​ភ្នំ​គូលែន នៃ​ខេត្ត​សៀមរាប ថា​វា​មាន​ជីជាតិ​សម្រាប់​ដំណាំ​ល្ហុង​ប្រេង​ឲ្យ​ទទួល​បាន​ផល​ច្រើន និង​គុណភាព​ល្អ។ ដោយសារ​ការ​សម្លឹង​ឃើញ​កន្លែង​អំណោយ​ផល​សម្រាប់​ដំណាំ​ល្ហុង​ប្រេង​នេះ ក្រុមហ៊ុន​ចិន មាន​គម្រោង​ជំរុញ​កសិករ​ខ្មែរ​ឲ្យ​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ ១​ម៉ឺន​ហិកតារ នៅ​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ​ទៀត។

ក្រុមហ៊ុន​ចិន ឈ្មោះ លឹម ប៊ុន គ្រុប (Lim Bun Group) បាន​ចំណាយ​ដើម​ទុន​ប្រមាណ ១​លាន និង ៥​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​ឲ្យ​យោធិន​ពិការ​ដែល​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ នៃ​ខេត្ត​សៀមរាប ខ្ចី​សម្រាប់​ដាំ​ដុះ​ដំណាំ​ល្ហុង​ប្រេង​រយៈពេល ៥​ឆ្នាំ ដោយ​មិន​គិត​ការប្រាក់។

ការ​បោះ​ទុន​ឲ្យ​ខ្ចី​នេះ គឺ​ក្រុមហ៊ុន​មាន​គោល​បំណង​បំផុស​ឲ្យ​ក្រុម​យោធិន​ពិការ នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​៣១៧ ទាំងអស់ ព្រម​ទាំង​ប្រជា​កសិករ​ដែល​រស់នៅ​ជុំវិញ​ជាច្រើន​ទៀត ចាប់​អារម្មណ៍​ទៅ​លើ​ការ​ដាំ​ល្ហុង​ប្រេង ហើយ​ក្រុមហ៊ុន​នឹង​ប្រមូល​ទិញ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ។

ប្រធាន​ក្រុមហ៊ុន​ចិន លឹម ប៊ុន គ្រុប គឺ​លោក លឹម ជុង ប៊ុន (Lim Jung Bun) លោក​មាន​ប្រសាសន៍​ក្នុង​ពេល​ចុះ​ពិនិត្យ​មើល​ដំណាំ​ល្ហុង​ប្រេង​ចំនួន ១២០​ហិកតារ ដែល​ដាំ​សាកល្បង​ជំហាន​ទី​១ នៅ​មជ្ឈមណ្ឌល​យោធិន​ពិការ​៣១៧ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ថា អ្នក​ជំនាញ​របស់​ក្រុមហ៊ុន​បាន​មើល​ឃើញ​ថា ជីជាតិ​ដី​ត្រង់​តំបន់​មជ្ឈមណ្ឌល​យោធិន​ពិការ​៣១៧ នៅ​ជិត​ជើង​ភ្នំ​គូលែន ខេត្ត​សៀមរាប គឺ​មាន​អំណោយ​ផល​សម្រាប់​ដំណាំ​ល្ហុង​ប្រេង​បាន​ល្អ។ ដោយសារ​មើល​ឃើញ​សក្ដានុពល​បែប​នេះ ព្រម​ទាំង​ចង់​ឲ្យ​យោធិន​ពិការ​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​៣១៧ មាន​ប្រាក់​ចំណូល​ផង​នោះ ទើប​ក្រុមហ៊ុន លឹម ប៊ុន គ្រុប សម្រេច​ផ្ដល់​ទុន​ឲ្យ​យោធិន​ពិការ​ខ្ចី ដោយ​មិន​គិត​ការប្រាក់ និង​យក​ទៅ​ដាំ​ដំណាំ​ល្ហុង​ប្រេង​លើ​ផ្ទៃដី​ទំហំ ៣.០០០​ហិកតារ សម្រាប់​ជំហាន​ដំបូង​ក្នុង​រយៈពេល ៥​ឆ្នាំ។ ប្រធាន​ក្រុមហ៊ុន លឹម ប៊ុន គ្រុប បាន​អះអាង​ទៀត​ថា  ក្នុង​ការ​ផ្ដល់​កម្ចី​ឲ្យ​យោធិន​ពិការ​ដាំ​ល្ហុង​ប្រេង​នេះ ប្រសិន​បើ​មាន​ហានិភ័យ​កើត​ឡើង​ដោយសារ​តែ​គ្រោះ​ធម្មជាតិ គឺ​ក្រុមហ៊ុន​នឹង​មិន​ទាមទារ​យក​ប្រាក់​បំណុល​វិញ​ឡើយ៖ «យើង​បាន​មក​ដល់​កម្ពុជា តាំង​ពី ៤​ឆ្នាំ​មុន ដោយ​ក្រុមហ៊ុន​របស់​យើង​បាន​ដើរ​មើល​ស្ថានភាព​ដី​ជាច្រើន​កន្លែង​នៅ​ជុំវិញ​ប្រទេស​កម្ពុជា។ យើង​បាន​យក​ដី​ជាច្រើន​ប្រភេទ​ទៅ​ធ្វើ​ការ​ពិសោធ ហើយ​នៅ​ទីបំផុត យើង​សម្រេច​ជ្រើស​យក​ដី​នៅ​តំបន់​ជើង​ភ្នំ​គូលែន ព្រម​ទាំង​ជ្រើស​រើស​យក​កិច្ច​សហការ​ជាមួយ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ ធ្វើ​ជា​ដៃគូ​អនុវត្តន៍​ដំណាំ​ល្ហុង​ប្រេង​នេះ»

ក្រុមហ៊ុន​ចិន លឹម ប៊ុន គ្រុប ដែល​មាន​ជំនាញ​ផ្នែក​ផលិតផល​ល្ហុង​ប្រេង បាន​សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដូចជា​វៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និង​តៃវ៉ាន់ ជាដើម ដើម្បី​នាំ​ផលិតផល​ល្ហុង​ប្រេង​នេះ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ ក្រុមហ៊ុន លឹម ប៊ុន គ្រុប រំពឹង​ទុក​ថា ប្រសិន​បើ​ដី​នៅ​តំបន់​ជើង​ភ្នំ​គូលែន មាន​អំណោយ​ផល​ល្អ​សម្រាប់​ដំណាំ​ល្ហុង​ប្រេង គឺ​គេ​មាន​គម្រោង​នឹង​ជំរុញ​កសិករ​ខ្មែរ​នៅ​ខេត្ត​សៀមរាប ឲ្យ​ដាំ​ល្ហុង​ប្រេង​លើ​ផ្ទៃ​ដី​រហូត​ដល់ ១​ម៉ឺន​ហិកតារ​ក្នុង​រយៈពេល ៥​ឆ្នាំ​ទៅ​មុខ។

នាយក​រង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ លោក អ៊ូច នីរ័ត្ន ថ្លែង​ថា រយៈពេល ៥​ខែ​មក​ហើយ ក្រុមហ៊ុន និង​គ្រួសារ​យោធិន​ពិការ​ប្រមាណ ១០០​នាក់ បាន​ដាំ​ល្ហុង​ប្រេង​សាកល្បង​លើ​ផ្ទៃ​ដី ១២០​ហិកតារ ដោយ​វា​បាន​ចាប់​ផ្តើម​មាន​ផ្លែ​ផ្កា​ខ្លះៗ​ហើយ។ នាយក​រង​មជ្ឈមណ្ឌល​យោធិន​ពិការ​ដដែល​បញ្ជាក់​ថា ដំណាំ​ល្ហុង​ប្រេង​នេះ​វា​ក៏​ជួយ​ដល់​យោធិន​ពិការ ឲ្យ​រក​ចំណូល​បាន​ដែរ ពីព្រោះ​ក្រុមហ៊ុន​បាន​សន្យា​ទិញ​យក​ភោគផល​តម្លៃ​ពី ៣០០​ដុល្លារ​ទៅ ៣៥០​ដុល្លារ​ក្នុង ១​តោន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ក៏​អាច​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​កសិករ​ដែល​រស់នៅ​ស្រុក​ប្រាសាទបាគង ស្រុក​បន្ទាយស្រី និង​ស្រុក​ស្វាយលើ ជុំវិញ​មជ្ឈមណ្ឌល​យោធិន​ពិការ បែរ​មក​ដាំ​ដុះ​ដំណាំ​ល្ហុង​ប្រេង ដោយ​រក​បាន​ចំណូល​បាន​សមរម្យ ព្រម​ទាំង​អាច​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​ទៀត​ផង៖ «នៅ​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​នេះ គឺ​យើង​មាន​ដី​ទំហំ ៨០០​ហិកតារ តំបន់​ជុំវិញ​ប្រមាណ ៨.០០០​ហិកតារ ទៅ ១​ម៉ឺន​ហិកតារ ដែល​អាច​ផលិត និង​ដាំ​ល្ហុង​ប្រេង​បាន គឺ​ជា​ដី​ដែល​មាន​ជីជាតិ​ល្អ»

នេះ​ជា​ការ​វិនិយោគ​ផ្នែក​កសិកម្ម​របស់​ក្រុមហ៊ុន​ចិន មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចិន ជាច្រើន​ទៀត ដែល​កំពុង​បោះ​ទុន​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត ដូចជា​វិស័យ​ធនធាន​រ៉ែ និង​ដី​សម្បទាន​សេដ្ឋកិច្ច ជាដើម។

គេហទំព័រ​ជា​ភាសា​អង់គ្លេស​មួយ​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​១៩៩៤ រហូត​មក​ដល់​បច្ចុប្បន្ន ចិន បាន​ពង្រីក​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា នូវ​ទឹក​ប្រាក់​ប្រមាណ​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក។

ទោះ​យ៉ាង​ណា អ្នក​វិភាគ​បញ្ហា​សង្គម នៅ​តែ​មិន​ទាន់​ត្រេកអរ​ចំពោះ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា នៅ​ឡើយ​ទេ ដោយ​គេ​ចាត់​ទុក​ថា ការ​វិនិយោគ​ខ្លះ​មិន​មែន​ជា​រូបភាព​នៃ​ការ​រីក​ចម្រើន​ខាង​ទីផ្សារ​សេរី​ទេ គឺ​មាន​លក្ខណៈ​នយោបាយ​ច្រើន​ជាង។

អ្នក​វិភាគ​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ពេល​បច្ចុប្បន្ន លោក​បាន​សម្គាល់​ឃើញ​ក្រុមហ៊ុន​ចិន ជាច្រើន បាន​មក​វិនិយោគ​ផ្នែក​រ៉ែ ផ្នែក​ដី​សម្បទាន​សេដ្ឋកិច្ច និង​ផ្នែក​កម្មន្តសាល ជាដើម ក៏ប៉ុន្តែ​ក្រុមហ៊ុន​ចិន ទាំង​នោះ ភាគ​ច្រើន​គឺ​ជា​របស់​រដ្ឋ ហើយ​ការ​មក​វិនិយោគ​ភាគ​ច្រើន គឺ​នៅ​មិន​ទាន់​ស្អាតស្អំ ដូចជា​ក្រុមហ៊ុន​មក​ពី​អាមេរិក ឬ​ក៏​សហគមន៍​អឺរ៉ុប ឡើយ៖ «មាន​ច្រើន​តែ​មក​បន្លំ​ជាមួយ​រដ្ឋាភិបាល លាយ​ឡំ​គ្នា​ជាមួយ​នយោបាយ ជាមួយ​សប្បុរសធម៌ ជាមួយ​នឹង​ការ​គាំទ្រ​នយោបាយ​ចិន តែ​មួយ​ជាដើម»

លោក កែម ឡី បញ្ជាក់​ថា បើ​ទោះ​បី​ជា​បច្ចុប្បន្ន​គេ​មើល​ឃើញ​រូបភាព​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ចិន មក​វិនិយោគ ព្រម​ទាំង​ផ្ដល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ជា​ហូរហែ​ក៏ដោយ តែ​បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ រហូត​មក​ដល់​ឆ្នាំ​២០១២ គឺ​ជំនួយ​ពី​ប្រទេស​ចិន មាន​តែ ៤% ទេ បើ​ប្រៀបធៀប​ទៅ​នឹង​ទឹក​ប្រាក់​ជំនួយ​សរុប ១២​ពាន់​លាន​ដុល្លារ ដែល​ប្រទេស​ជប៉ុន សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​សហគមន៍​អឺរ៉ុប ផ្ដល់​មក​ឲ្យ​កម្ពុជា នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល