សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ​ថា ជនជាតិ​​ចិន​​កំពុង​​ប្រព្រឹត្ត​​បទ​ល្មើស​​​​ធំៗ​ ដល់​បទ​ល្មើស​​តូច​តាច

ដោយ ជីវិតា
2019-10-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ចិន ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​សង្ស័យ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​កន្លែង​ស្នាក់នៅ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥។
ជនជាតិ​ចិន ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​សង្ស័យ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​កន្លែង​ស្នាក់នៅ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥។
Photo: RFA

សង្គម​ស៊ីវិល​នៅ​ខេត្ត​ព្រះសីហនុ​ថា ជន​ជាតិ​ចិន​កំពុង​ប្រព្រឹត្តិ​បទល្មើស​នៅ​ក្នុង​ខេត្ត​នេះ តាំងពី​បទល្មើស​ធំៗ​ ដល់​បទល្មើស​តូចតាច ប៉ុន្តែ​អ្នកនាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​អះអាង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​តែងតែ​ខិតខំ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ពលរដ្ឋ ពិសេស​បង្ក្រាប​បទល្មើស​នៅ​ក្នុង​ខេត្ត​នេះ​ជានិច្ច។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធា​រី ឱ្យ​អាស៊ីសេរី​ដឹង​ថា សព្វថ្ងៃ​នេះ​នៅ​ខេត្ត​ព្រះសីហនុ​ជនជាតិ​ចិន​បាន​ប្រព្រឹត្ត​បទល្មើស​ជាច្រើន ហើយ​អ្នក​ទាំងនោះ​ភាគច្រើន​គ្មាន​ឯកសារ​រស់នៅ​ស្របច្បាប់​នោះ​ទេ។ អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា ពេលនេះ​សូម្បី​បទល្មើស​លួច​ឡាន ឬ​លួច​ម៉ូតូ​ក៏​មាន​ជន​ជាតិ​ចិន​ប្រព្រឹត្ត​ដែរ៖ «បទល្មើស​ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន យើង​គិត​ទៅ​ចង់​ច្រើនជាង​បទល្មើស​ដែល​បង្កឡើង​ដោយ​ជន​ជាតិ​ខ្មែរ​យើង​ទៀត ហើយ​នៅ​ពេល​នេះ​មាន​បញ្ហា​ពួកគាត់​ចូលចិត្ត​បញ្ចេញ​ចរិត​ដេញ​វាយ​គ្នា»

ចំណែក នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា មូល​ហេតុ​ដែល​នៅ​តែ​មាន​ជន​ជាតិ​ចិន​ប្រព្រឹត្ត​បទល្មើស គឺ​មកពី​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ឱ្យ​ជន​ប្រព្រឹត្ត​ទាំងនោះ​ជាប់​ទោស​នៅ​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ចង់​ឃើញ​អាជ្ញាធរ យក​ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​ល្មើស​ទាំង​នោះ​មក​អនុវត្ត​ទោស ឬ​ជាប់ពន្ធនាគារ​នៅ​កម្ពុជា​ក្នុង​កម្រិត​ណាមួយ​សិន មុននឹង​ត្រូវ​បញ្ជូន​ទៅ​ចិន​វិញ៖ «ដើម្បី​កុំ​ឱ្យ​មាន​ភាព​ងាយស្រួល​ពេក​សម្រាប់​ជនល្មើស​ជនជាតិ​ចិន​ការ​សាកល្បង​ឱ្យ​ជនជាតិ​ចិន​ជាប់ពន្ធនាគារ នៅ​ប្រទេស​កម្ពុជា​គួរ​ជា​ចំណុច​មួយ​ដែល​សាកល្បង​ដែរ»

ទាក់ទង​ការ​លើកឡើង​ពី​បញ្ហា​សន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​នេះ អាស៊ីសេរី​មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជូន ណារិន្ទ បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ក៏ប៉ុន្តែ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ អះអាង​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​តែង តែ​អនុវត្ត​ការងារ​របស់​ខ្លួន​ដោយ​យកចិត្ត​ទុក​ក្នុង​កិច្ចការពារ​សន្តិសុខ​ជូន​ពលរដ្ឋ អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ខេត្ត​នេះ៖ «បទល្មើស​យើង​នៅតែ​បន្ត​តាមដាន​ដើម្បី​បង្ក្រាប»

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​អះអាង​ថា អាជ្ញាធរ​ខ្មែរ​បាន​បណ្ដេញ​ជនជាតិ​ខ្លួន​ជាង ១.០០០​នាក់​ចេញពី​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នេះ​។

របាយការណ៍​ចុះផ្សាយ​ដោយ​ស្ថាន​ចិន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា បញ្ជាក់​ថា ជនជាតិ​ចិន​ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បញ្ជូន​ចេញ​នោះ បាន​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​អំពើ​ពេស្យាចារ ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត គ្រឿងញៀន សង្គម​ងងឹត និង​បទល្មើស​ផ្សេងៗ​ទៀត​។​

អ្នកវិភាគ​នយោបាយ និង​ជា​សាស្ត្រាចារ្យ​កិច្ចការ​ពិភពលោក នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល វាយតម្លៃ​ថា ជនជាតិ​ចិន​បាន​កាន់កាប់​សេដ្ឋកិច្ច​នៅ​ក្រុងព្រះសីហនុ​ស្ទើរតែ​ទាំងស្រុង​ព្រោះ​ពួកគេ​មាន​សណ្ឋាគារ​ចំនួន​១៥០ ក្នុងចំណោម​ ១៥៦ ភោជនីយដ្ឋាន ៤១៤ ក្នុងចំណោម​ ៤៣៥​កន្លែង កាស៊ីណូ ៤៨ ក្នុង​ចំណោម ​៦២​កន្លែង ក្លិប​​ខារ៉ាអូខេ ៤១ និង​ហាង​ម៉ាស្សា​៤៦​។ ជនជាតិ​ចិន​កើន​ឡើង​នៅ​កម្ពុជា​ខ្លាំង​ក្នុង​ឆ្នាំ​២០១៧ គឺ​កើន​ឡើង​នៅ​ខេត្ត​ព្រះសីហនុ​។ ចំណែក​ឆ្នាំ​២០១៩ ​ជនជាតិ​ចិន​ហូរ​ចូល​កាន់តែ​ច្រើន​តាម​ខេត្ត​ផ្សេងទៀត​ដូចជា ខេត្ត​កំពត កែប តាកែវ សៀមរាប​និង​បន្ទាយមានជ័យ​ជាដើម ខណៈ​ពលរដ្ឋ និង​អាជីវករ​ឱ្យ​ដឹង​ថា ​ជនជាតិ​ចិន​នៅ​ក្រុងព្រះសីហនុ​សឹងតែ​មាន​ចំនួន​ច្រើនជាង​ពលរដ្ឋ​ខ្មែរ​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល