រដ្ឋាភិបាល​អះអាង​ថា ភ្ញៀវ​ទេសចរ​ចិន​កើន​ឡើង ២៤.៤​ភាគរយ

ដោយ អូន ភាព
2019-12-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទេសចរ​ដើរ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ឆ្នាំ​២០១៨។
ទេសចរ​ដើរ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ឆ្នាំ​២០១៨។
រូបថត​ក្រសួង​ទេសចរណ៍

ក្រសួង​ទេសចរណ៍​អះអាង​ថា ភ្ញៀវ​ទេសចរ​ចិន មានការ​កើន​ឡើង ២៤.៤​ភាគរយ​ក្នុង​រយៈពេល ១០​ខែ​ដើម​ឆ្នាំ ២០១៩​នេះ បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៨។ ប៉ុន្តែ​មន្ត្រី​សមាគម​មគ្គ​ទេស​ទេសចរ ថា ទេសចរ​ចិន​មាន​ចំនួន​តិច​នៅ​ខេត្ត​សៀមរាប ហើយ​ទេសចរ​ចិន​មិន​បាន​ផ្ដល់​ចំណូល​ដល់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។

របាយការណ៍​ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ជាង ២​លាន​នាក់ ក្នុងចំណោម ទេសចរ​សរុប​ចំនួន ៥​លាន​២​សែន ៩​ម៉ឺន លាន​នាក់ បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល ១០​ខែ​ដើម​ឆ្នាំនេះ។

លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បាន​ប្រាប់​សារព័ត៌មាន​ស៊ីនហួរ ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១៧ ធ្នូ ថា ប្រទេស​ចិន​គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​របស់​កម្ពុជា។

ចំណែក​ក្នុងអំឡុងពេល ១០ ខែ​ដើម​ឆ្នាំនេះ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ចំនួន ៥​លាន ២​សែន ៩​ម៉ឺន នាក់ បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា គឺ​កើន​ឡើង ៩.៧ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន។

ទោះ​បី​យ៉ាង​ណា ប្រធាន​សមាគម​មគ្គទេសក៍​អង្គរ​ខេត្ត​សៀម រាប លោក ខៀវ ធី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ពុធ​ទី​១៨​ធ្នូ​ថា លោក​កត់​សំ​កាល់​ថា ភ្ញៀវ​ទេសចរ​ចិន​ហាក់​ធ្លាក់​ចុះ​ខ្លាំង​នៅ​ក្នុង ខេត្ត​សៀមរាប ព្រោះ​ពួកគេ​ភាគច្រើន​បាន​ទៅលេង​នៅ​ក្រុងព្រះសីហនុ។

លោក​ថា ឆ្នាំមុន​មាន​យន្តហោះ​ចុះចត​នៅ​ខេត្ត​សៀម រាប យ៉ាងហោចណាស់​មាន ៣​គ្រឿងក្នុង​មួយថ្ងៃ ប៉ុន្តែ​ឆ្នាំនេះ​មានតែ​មួយ​គ្រឿង ហើយ​ថ្ងៃ​ខ្លះ​អត់​មានតែ​ម្ដង៖ «ភ្ញៀវ​ជនជាតិ​ចិន​ទៅលេង​ក្រុង​កំពង់សោម​ច្រើន។ បើ​ភ្ញៀវ​មកលេង​តំបន់​សៀមរាប​អង្គរ យើង​អត់​សូវ​ឃើញ​ច្រើន​ទេ ហើយ​ស្ងាត់​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុនៗ គឺ​ឆ្នាំនេះ​ស្ងាត់​ណាស់​នៅ​សៀមរាប​យើង»

លោក​បន្ត​ថា ភ្ញៀវ​ទេសចរ​ចិន​មិន​បាន​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទេ ព្រោះ​ពួកគេ​ច្រើន​មក​ជា​ក្រុម មាន​ចំនួន​ច្រើន ហើយ​ត្រូវការ​មគ្គទេសក៍ និង​អ្នកបើកបរ​ខ្មែរ​មាន​ចំនួន​តិចតួច៖ «ជនជាតិ​ចិន​គាត់​មក​ទៅ គាត់​ត្រូវការ Guide និង​តៃកុង​ឡាន​មួយ ហើយ​ដើរ​ចូល​ទៅ​ញ៉ាំ​អាហារ​ជន​ជាតិ​ចិន​របស់​គាត់ ហើយ​ចូល​ទៅ Shopping នៅ​ហៅ​ជនជាតិ​ចិន​របស់​គាត់ ហើយ​បើ​ជនជាតិ​មកពី​ប​ច្ចឹ​ម​ប្រទេស និង​ជនជាតិ​មកពី​ប្រទេស​ដទៃ​ទៀត តែងតែ​ដើរ​មើល​ផ្សារ ដើរ​ទិញ​តាម​តូប​មួយៗ​ទៅ គាត់​ជិះ​តាក់ស៊ី​ទៅ គឺ​វា​មានការ​ខុសគ្នា​អីចឹង»

បន្ទាប់​ពី​ភ្ញៀវ​ទេសចរ​ចិន​ដែល​មកលេង​នៅ​កម្ពុជា​ច្រើន​ជាងគេ គឺ​មាន​វៀតណាម ចំនួន​ជាង ៧១ ម៉ឺន​នាក់ ថៃ​ចំនួន​ជាង ៣៣ ម៉ឺន​នាក់ និង​ឡាវ​មាន​ជាង ២៦ ម៉ឺន​នាក់។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថោង ខុន បាន​បញ្ជាក់​ថា កាលពី​ឆ្នាំមុន​ប្រទេស​កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៦​លាន ២​សែន​(.) នាក់​ក្នុង​នោះ​មាន​ជនជាតិ​ចិន ២ លាន​នាក់​ដែល​មាន​ប្រាក់ចំណូល​សរុប ៤​ពាន់ ៣៥ (.៣៥) លាន​ដុល្លារ​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល