សង្គមស៊ីវិល​ ប្រារព្ធ​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ក្រោម​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ

ដោយ ថន ថារ៉ូ
2019-10-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​ ប្រារព្ធ​ពិធី​រំលឹក​ខួប​២៨​ឆ្នាំ​ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៩ នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី។
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​ ប្រារព្ធ​ពិធី​រំលឹក​ខួប​២៨​ឆ្នាំ​ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៩ នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី។
Photo: RFA

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​ នាំគ្នា​ប្រារព្ធ​ពិធី​រំលឹក​ខួប២៨ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​ សន្តិភាព​ទីក្រុង​ប៉ារីស​ នៅ​ថ្ងៃទី២៣​ ខែតុលា​ ក្រោម​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ​។ ពួកគេ​ អំពាវនាវ​ ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​និង​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ឲ្យបាន​ល្អ​ ត្រឹមត្រូវ​ ព្រោះ​កិច្ច​ព្រមព្រៀង​នេះ​ ជា​ឫសគល់​នាំឲ្យ​កម្ពុជា​មាន​សន្តិភាព​ ការ​ផ្សះ​ផ្សារ​ជាតិ​ និង​ការ​រីកចម្រើន​។ ​

ក្នុង​ពិធី​រំលឹក​ខួប២៨​ ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​ សន្តិភាព​ទីក្រុង​ប៉ារីស​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ ស្ថិត​ក្នុង​ខណ្ឌ​ឬស្សី​កែវ​ មាន​អ្នកចូលរួម​ប្រមាណ​ជិត១ពាន់​នាក់​ មក​ពី​អង្គការ​សង្គម​ស៊ីវិល​ សហជីព​ សហគមន៍​ដីធ្លី​ ក្រុម​អ្នកវិភាគ​ឯករាជ្យ​ និង​ក្រុម​យុវជន​ ព្រមទាំង​តំណាង​មក​ពី​ស្ថានទូត​អាមេរិក​ និង​ស្ថានទូត​សហភាព​អឺរ៉ុប​។ របប​ក្រុងភ្នំពេញ​ ក៏បាន​ពង្រាយ​កង​សន្ដិ​សុខ​ស្លៀកពាក់​ស៊ីវិល​ និង​ឯកសណ្ឋាន​រាប់​សិប​នាក់​ តាម​ឃ្លាំមើល​ផង​ដែរ​។​

ក្នុង​ពិធី​នេះ​ អ្នកវិភាគ​និង​អ្នក​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ​ ព្រមទាំង​មន្ត្រី​សង្គម​ស៊ីវិល​ បាន​លើកឡើង​ អំពី​ប្រវត្តិ​ និង​ខ្លឹមសារ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ព្រមទាំង​ការអនុវត្ត​របស់​រដ្ឋាភិបាល​ នា​ពេល​កន្លងមក​។ ចំណែក​តំណាង​កម្មករ​ កសិករ​ និង​យុវជន​ ក៏បាន​ឡើង​បញ្ចេញមតិ​ អំពី​ស្ថានភាព​អា​ក្រ​ក់ៗ​ ដែល​ពួកគេ​បាន​ជួបប្រទះ​ដូចជា​ការរំលោភ​សិទ្ធិ​ដីធ្លី​ និង​សិទ្ធិ​ការងារ​ជាដើម​។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ លោក​ ប៉ា​ ច័ន្ទ​រឿន​ មានប្រសាសន៍​ថា​ កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ ក្រុងប៉ារីស​គឺជា​ឯកសារ​ប្រវត្តិសាស្ត្រ​ដ៏​មានតម្លៃ​បំផុត​។ កិច្ច​ព្រមព្រៀង​នេះ​ បាន​នាំឲ្យ​កម្ពុជា​ រៀបចំ​ការបោះឆ្នោត​ជាតិ​ នៅ​ឆ្នាំ១៩៩៣​ នាំមក​នូវ​លទ្ធិប្រជាធិបតេយ្យ​ សន្តិភាព​ ការ​បង្រួបបង្រួម​ជាតិ​ គ្មាន​វត្តមាន​កងទ័ព​បរទេស​នៅ​កម្ពុជា​ មាន​អធិបតេយ្យ​ភាព​ បូរណភាពទឹកដី​ និង​ធ្វើឲ្យ​កម្ពុជា​ មានការ​អភិវឌ្ឍ​រីកចម្រើន​ ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​។ ទោះ​យ៉ាងណា​ក្តី​ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​ កត់សម្គាល់​ថា​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ រដ្ឋាភិបាល​ និង​អ្នក​ពាក់ព័ន្ធ​ មិនបាន​គោរព​ និង​អនុវត្ត​តាម​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ឲ្យបាន​ល្អ​នោះ​ទេ​ ធ្វើឲ្យ​ស្ថានភាព​មួយ​ ចំនួន​វិវត្តន៍​ថយក្រោយ​ ដូចជា​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​ និង​ការគោរព​សិទ្ធិមនុស្ស​ជាដើម​។

«យើង​មានដៃ​គួរ​អភិវឌ្ឍ​ យើង​មាន​សហគមន៍​អន្តរជាតិ​ជួយ​ ជួយ​ទាំង​ជំនួយ​ផ្នែក​មនុស្សធម៌​ ការ​អភិវឌ្ឍ​ រហូតដល់​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ទៀត​ ដូចជា​ រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ របស់​សហភាព​អឺរ៉ុប​ និង​GSP​ របស់​អាមេរិក​ ជាដើម​។គេ​មិន​ដេក​យល់​សប្តិ​យប់​នេះ​ស្អែកឡើង​គេ​ឲ្យ​ទេ​គឺ​គេ​បាន​គិត​គួរ​ហើយ​មានការ​ទទួលខុសត្រូវ​តាម​ បែប​ផ្លូវច្បាប់​ ជាពិសេស​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ទន្ទឹមគ្នា​នេះ​ យើង​មានឱកាស​នៅ​ពេល​ដែល​ខ្មែរយើង​រួបរួម​គ្នា​ អត់​រវល់​ច្បាំង​គ្នា​ អត់​រវល់​ចាប់គ្នា​ អត់​រវល់​ធ្វើទុក្ខបុកម្នេញ​គ្នា​ គឺ​យើង​មានឱកាស​គ្រប់គ្រាន់​ក្នុង​ការ​អភិវឌ្ឍ​ កសាង​សមត្ថភាព​ និង​ធ្វើឲ្យ​ជីវភាពរស់នៅ​របស់​យើង​ល្អ​ប្រសើរ​។»

ថ្ងៃទី២៣​ តុលា​នេះ​ ជាគម្រប់​ខួប២៨ឆ្នាំ​ នៃ​កិច្ច​ព្រមព្រៀង​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ របស់​ក្រុម​ចលនា​ប្រដាប់​អាវុធ​ខ្មែរ​ ៤ក្រុម​ រួមមាន​ក្រុម​ចល​នា​ហ៊្វុន​ស៊ិន​ប៉ិច​របស់​ ព្រះបាទ​នរោត្តម​សីហនុ​ ក្រុម​ចលនា​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ របស់​លោក​ សឺន​ សាន​ ក្រុម​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​ និង​របប​រដ្ឋកម្ពុជា​ របស់​លោក​ ហ៊ុន​ សែន​។ កិច្ច​ព្រមព្រៀង​នេះ​ ត្រូវ​បាន​ចុះហត្ថលេខា​ កាលពី​ឆ្នាំ១៩៩១​ នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ក្រោម​ការសម្រប​សម្រួល​ពី​សហគមន៍​អន្ដរ​ជាតិ​។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក​ វន់​ ពៅ​ ថ្លែង​ថា​ ក្នុង​ពីធី​រំលឹក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ អ្នកចូលរួម​ទាំង​សុទ្ធតែ​បញ្ចេញមតិ​ស្រ​ដៀង​ៗគ្នា​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ និង​អ្នកនយោបាយ​ទាំងអស់​ឈប់​ឈ្លោះ​គ្នា​ ហើយ​បង្រួបបង្រួម​ឯកភាពជាតិ​ នាំមក​នូវ​ការ​អភិវឌ្ឍ​ ការគោរព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ ដូចដែល​បាន​ចែង​ក្នុង​កិច្ច​ព្រម​ ព្រៀង​នេះ​។ លោក​ យល់ថា​ ការ​បន្ត​ឈ្លោះ​បែកបាក់​គ្នា​ ក្នុងចំណោម​អ្នកនយោបាយ​ខ្មែរ​ គឺជា​ការអនុវត្ត​ផ្ទុយពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ហើយ​ធ្វើ​ប្រជាធិបតេយ្យ​ដើរថយក្រោយ​ ព្រមទាំង​នាំឲ្យ​កម្ពុជា​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ផង​ដែរ​។ ​

«គោលបំណង​រួម​យើង​ដាក់​ថា​ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ យើង​ត្រូវការ​សន្តិភាព​ ការ​អភិវឌ្ឍ​ ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស។»

ការ​ប្រារព្ធ​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ មិនបាន​ដង្ហែក្បួន​ តាម​ការ​គ្រោងទុក​នោះ​ទេ​ដោយសារ​មាន​បំរាម​ពី​អាជ្ញាធរ​ បន្ទាប់ពី​កាលពី​ឆ្នាំ២០១៨​ ក្រុម​អង្គការ​ ស៊ីវិល​ បាន​ខកខាន​ប្រារព្ធ​ពិធី​នេះ​ម្តង​ហើយដោយ​សារ​តែ​ពិបាក​សុំច្បាប់​ពី​អាជ្ញាធរ​។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥសាន​ មានប្រសាសន៍​ថា​ ការដែល​អង្គការ​សង្គម​ស៊ីវិល​ ជួបជុំ​ប្រារព្ធ​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ គឺ​បង្ហាញថា​ កម្ពុជា​មាន​សិទ្ធិ​សេរីភាព​ ហើយ​កម្ពុជា​គ្មាន​ជម្លោះ​នយោបាយ​នោះ​ទេ​។ លោក​អះអាង​ថា​ អ្វី​ដែល​កើតឡើង​ចំពោះ​ គណបក្ស​សង្គ្រោះ​ជាតិ​ គឺជា​ការអនុវត្ត​ច្បាប់​។ សមាជិកព្រឹទ្ធសភា​បក្ស​កាន់អំណាច​រូប​នេះ​ បន្ត​ថា​ រយៈពេល២៨ឆ្នាំនេះ​ រដ្ឋាភិបាល​កម្ពុជា​ អនុវត្ត​តាម​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ បន​ លទ្ធផល​ផ្លែផ្កា​គួរ​ជា​ទី​មោទ​នៈ​បំផុត​។

«រយៈ២៨ឆ្នាំ​យើង​បាន​សន្តិភាព​ពេញលេញ​ហើយ​ ក្រោមម្លប់​ដ៏​ជាក់​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​ ដែល​បាន​មក​ពី​ស្មារតី​នៃ​ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ទី២​ គឺ​ឯករាជ្យ​ភាព​អធិបតេយ្យ​ភាព​ បូរណភាពទឹកដី​កម្ពុជា​ ត្រូវ​បាន​ពង្រឹង​ថែមទៀត​ តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ ក្នុង​ការ​បោះ​បង្គោល​ ព្រំដែន​ជាមួយ​ប្រទេសជិតខាង​។»

ផ្ទុយពី​ការ​លើកឡើង​នេះ​ ក្រុម​សង្គម​ស៊ីវិល​ និង​អ្នកវិភាគ​មួយចំនួន​ លើកឡើង​ថា​ ប្រសិនបើ​រដ្ឋាភិបាល​ លោក​ ហ៊ុន​ សែន​ អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ល្អ​មែន​នោះ​ គឺ​នឹង​មិន​ធ្វើឲ្យ​ខ្មែរ​បែកបាក់​គ្នា​ជា​ក្រុម​ៗ និង​រើសអើង​គ្នា​ ព្រមទាំង​ការរិះគន់​ថ្កោលទោស​ពី​សហគមន៍​ជាតិ​-និង​អន្តរជាតិ​ជុំ​ទិស​ ដូចសព្វថ្ងៃ​នេះ​ នោះ​ទេ​។ លើស​ពីនេះ​ទៀត​ ការ​បោះបង្គោល​ព្រំដែន​កន្លងមក​ របប​ក្រុងភ្នំពេញ​ បាន​ធ្វើឡើង​ដោយ​លាក់លៀម​បំផុត​ ធ្វើឡើង​ស្រេចតែចិត្ត​របស់​លោក​ ហ៊ុន​ សែន​ ម្នាក់ឯង​ គ្មាន​ការ​ឯកភាព​យល់ព្រម​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ប្រទេស​នោះ​ទេ​ ខណៈ​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ តែងតែ​ស្រែក​ទ្រ​ហ៊ោ​យំ​ ពី​រឿង​បាត់បង់​ដី​ ដោយសារតែ​ការ​បោះបង្គោល​ព្រំដែន​នេះ​។

ក្រុម​អ្នក​ប្រារព្ធ​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ លើកឡើង​ថា​ របប​ក្រុងភ្នំពេញ​ គួរតែ​ទទួល​ ស្គាល់​ការពិត​ ហើយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ​ ដើម្បី​តម្កល់​ផល​ ប្រយោជន៍ជាតិ​ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល