នាយិកា​សាលា​បឋម​សិក្សា​គំរូ​ក្រុង​រង​ការ​ចោទ​ថា​ក្ដោបក្ដាប់​ថវិកា​ចំណាយ​ចំណូល​តែ​ឯង

ដោយ ជិន ជេដ្ឋា
2015-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយិកា​សាលា​បឋម​សិក្សា​គំរូ​ក្រុង ខេត្ត​កំពង់ឆ្នាំង អ្នកស្រី ក្រូច សុគន្ធា (ឆ្វេង) ឡើង​ធ្វើ​បទ​បង្ហាញ​អំពី​ខ្ទង់​ចំណាយ និង​ចំណូល​របស់​សាលា​នៅ​ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៥។
នាយិកា​សាលា​បឋម​សិក្សា​គំរូ​ក្រុង ខេត្ត​កំពង់ឆ្នាំង អ្នកស្រី ក្រូច សុគន្ធា (ឆ្វេង) ឡើង​ធ្វើ​បទ​បង្ហាញ​អំពី​ខ្ទង់​ចំណាយ និង​ចំណូល​របស់​សាលា​នៅ​ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Chin Chetha

នាយិកា និង​នាយិកា​រង​នៃ​សាលា​បឋម​សិក្សា​គំរូ​ក្រុង ខេត្ត​កំពង់ឆ្នាំង ប្រកែក​តឹង​សរសៃ​ក​ដាក់​គ្នា​ជុំវិញ​ការ​ចាត់​ចែង​ថវិកា​សាលា និង​គ្រប់គ្រង​បុគ្គលិក​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​រដ្ឋបាល។ នាយិកា​រង គឺ​កញ្ញា សន សុខសុន ចោទ​នាយិកា​សាលា គឺ​អ្នកស្រី ក្រូច សុគន្ធា ថា​មាន​ចរិត​ដឹក​នាំ​បែប​ផ្ដាច់​ការ និង​ក្ដោប​ការងារ​ចំណាយ​ចំណូល​ថវិកា​តែ​ម្នាក់​ឯង​មិន​ឲ្យ​បុគ្គលិក​ដឹង។

នៅ​ក្នុង​កិច្ច​ប្រជុំ​ជាង ៣​ម៉ោង បកស្រាយ​លើ​ការ​ចំណាយ និង​ចំណូល​របស់​សាលា​បឋម​សិក្សា​គំរូ​ក្រុង នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា នាយិកា និង​នាយិកា​រង បាន​បក​អាក្រាត​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ចំពោះ​មុខ​គ្រូបង្រៀន​ចំនួន ៥៧​នាក់។ នៅ​ក្នុង​ឱកាស​នោះ អ្នកស្រី ក្រូច សុគន្ធា ព្យាយាម​បកស្រាយ​ទៅ​ក្រុម​គ្រូបង្រៀន​អំពី​ខ្ទង់​ចំណាយ និង​ចំណូល​ភ្ជាប់​ជាមួយ​វិក្កយបត្រ​ដែល​អ្នកស្រី​ជា​នាយិកា​គ្រប់គ្រង​ផ្ទាល់។

អ្នកស្រី ក្រូច សុគន្ធា ដែល​ទើប​ឡើង​កាន់​តំណែង​ជា​នាយិកា​បាន​ពីរ​ឆ្នាំ​មាន​ប្រសាសន៍​ថា រាល់​ការ​ចំណាយ និង​ចំណូល​នៅ​ក្នុង​សាលា សុទ្ធតែ​មាន​វិក្កយបត្រ និង​អំណះអំណាង​ត្រឹមត្រូវ។ ប៉ុន្តែ​អ្នកស្រី​ទទួល​ស្គាល់​ថា ការ​ចំណាយ​ខ្លះ គឺ​ខុស​ខ្ទង់​តែ​មាន​ភាព​ចាំបាច់ ដូចជា​ប្រាក់​ជាង ៥​លាន​រៀល (៥.០៦៩.៥០០​រៀល) បាន​មក​ពី​ការ​អំពាវនាវ​សុំ​ជំនួយ​ពី​អាណាព្យាបាល​សិស្ស​ក្នុង​ម្នាក់ៗ ៣​ពាន់​រៀល កាល​ពី​ចូល​កង​ឆ្នាំ​២០១៥ ដែល​ថា​នឹង​ចំណាយ​លុយ​នោះ​ទៅ​លើ​កម្មករ​សម្អាត​បង្គន់ និង​អនាម័យ​ក្នុង​សាលា ប៉ុន្តែ​បាន​បង្វែរ​ទៅ​ជួសជុល​ប្រព័ន្ធ​ទឹក​ស្អាត និង​សន្តិសុខ​ក្នុង​មួយ​ខែ​អស់ ៣០​ម៉ឺន​រៀល​វិញ៖ «អត់​មាន​រឿង​ចំណាយ​សោះ ឃើញ​តែ​ពី​ចំណូល​ហ្មង! ហើយ​ឥឡូវ​យក​ការ​ពិត​មក​បកស្រាយ​ហើយ តិច​ទៀត​ឃើញ​ប្រតិកម្ម​តប​វិញ អ៊ីចឹង​ខ្ញុំ​ជម្រាប​លោក​កាសែត​ថា ដើម​ចម​នៃ​រឿង​គឺ​មាន​ខ្ញុំ និង​គាត់ (នាយិកា​រង កញ្ញា សន សុខសុន) ចម្រូងចម្រាស​គ្នា។ អ៊ីចឹង​ខ្ញុំ​អត់​នៅ​ទេ បក​ម៉េច​បក​ទៅ ខ្ញុំ​លែង​ទទួល ព្រោះ​ស្អុយ​ឈ្មោះ​បាត់​ហើយ»

កិច្ច​ប្រជុំ​បកស្រាយ​របស់​នាយិកា​សាលា​បឋម​សិក្សា​គំរូ​ក្រុង អ្នកស្រី ក្រូច សុគន្ធា គឺ​បន្ទាប់​ពី​គ្រូបង្រៀន​ជាង ៥០​នាក់ ក្នុង​ចំណោម​បុគ្គលិក​សរុប​នៅ​ក្នុង​សាលា ៨១​នាក់ ទាមទារ​ឲ្យ​ពន្យល់​នូវ​ខ្ទង់​ចំណាយ​ថវិកា​របស់​សាលា​ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥។ ខ្ទង់​ចំណាយ និង​ចំណូល​ដែល​អ្នកស្រី​នាយិកា​បាន​លើក​មក​បកស្រាយ​លម្អិត តាម​សំណើ​របស់​ក្រុម​គ្រូបង្រៀន​រួម​មាន ថវិកា​ភីប៊ី (PB) ឬ​ថវិកា​ដំណើរ​ការ​សាលា​រៀន និង​ភាស៊ី​ផ្សេងៗ​នៅ​ក្នុង​សាលា។

តំណាង​ក្រុម​គ្រូបង្រៀន និង​ជា​នាយិកា​រង​សាលា​បឋម​សិក្សា​គំរូ​ក្រុង កញ្ញា សន សុខសុន ឲ្យ​ដឹង​ថា ការ​ពន្យល់​លើ​ខ្ទង់​ចំណាយ​ខ្លះ​នៅ​មិន​ច្បាស់លាស់ ដែល​កញ្ញា និង​គ្រូ​ផ្សេង​ទៀត​មិន​អាច​ទទួល​យក​បាន។ កញ្ញា​ថា បុគ្គលិក​ខ្លះ​អន់​ចិត្ត​នឹង​អ្នកស្រី​នាយិកា ដោយ​បង្ហើរ​ពាក្យ​សម្ដី​ថា ធ្វើ​ការងារ​នៅ​សាលា​ពោរពេញ​ដោយ​ភាព​ឈឺ​ចាប់ និង​ទឹក​ភ្នែក ដោយ​នាយិកា​គាប​សង្កត់ និង​ប្រមាថ​កាត​ទាន៖ «ខ្ញុំ​មិន​ចង់​កកូរ​កកាយ ប៉ុន្តែ​ផល​ប្រយោជន៍​ទាំងឡាយ​នៅ​ក្នុង​អង្គភាព​នេះ ត្រូវ​បាន​បុគ្គល​មាន​អំណាច​ម្នាក់​កំពុង​ក្ដោប​ក្ដាប់ និង​កាន់​កាប់​ប្រើប្រាស់​ខុស​នីតិវិធី​នៃ​ការងារ ហើយ​អ្នក​ទាំងអស់​គ្នា​ក៏​ត្រូវ​រងគ្រោះ ខ្ញុំ​ដែល​ធ្វើ​ជាមួយ​ក៏​ត្រូវ​រងគ្រោះ។ ក្នុង​ការ​អនុវត្ត​ការងារ​ខ្ញុំ​លំបាក​ខ្លាំង​បំផុត រហូត​ដល់​ថ្ងៃ​ទី​១ ខែ​កញ្ញា នេះ ពួក​ខ្ញុំ​ត្រូវ​ចេញ​ហើយ (សុំ​ប្ដូរ​ការងារ​ទៅ​មន្ទីរ​អប់រំ វិញ)»

ក្រុម​គ្រូបង្រៀន​ដែល​បាន​ចូលរួម​ស្ដាប់​ការ​បកស្រាយ​លើ​ខ្ទង់​ចំណាយ និង​ចំណូល​របស់​សាលា​មាន​ភាព​អល់អែក និង​ខ្លាច​មិន​សូវ​ហ៊ាន​បញ្ចេញ​មតិ​ចំពោះ​ភាព​ចម្រូងចម្រាស​នៃ​ការ​គ្រប់គ្រង​នេះ។

កិច្ច​ប្រជុំ​បាន​បញ្ចប់​នៅ​ម៉ោង​ប្រហែល ១១​ព្រឹក ហើយ​គ្រូ​ខ្លះ​សង្ឃឹម​ថា នាយិកា​សាលា​បឋម​សិក្សា​គំរូ​ក្រុង អ្នកស្រី ក្រូច សុគន្ធា នឹង​ប្ដូរ​ឥរិយាបថ និង​របៀប​ដឹក​នាំ​ជា​ថ្មី ក្រោយ​ពី​មាន​រឿងរ៉ាវ​ដូច​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល