មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ​អះអាង​ថា​បទល្មើស​ព្រហ្មទណ្ឌ​៣​ខែ​ដើម​ឆ្នាំ​២០១៥​ថយ​ចុះ

ដោយ ដែន អយុធ្យា
2015-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ស៊ាង កុសល ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៥។
ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ស៊ាង កុសល ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា បទល្មើស ឬ​គ្រោះថ្នាក់​ទូទៅ​ដែល​កើត​មាន​នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៥ នា​ខេត្ត​ទេសចរណ៍​មួយ​នេះ បាន​កើត​មាន ៧៦​ករណី ប៉ុន្តែ​បទល្មើស​នេះ​បាន​ថយ​ចុះ​ជាង​ឆ្នាំ​មុន។

យ៉ាង​នេះ​ក្តី មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ខេត្ត​នេះ បាន​កត់​សម្គាល់​ថា បទល្មើស​ជាក់ស្តែង​អាច​មាន​ចំនួន​ច្រើន​ជាង​របាយការណ៍​ប៉ូលិស ព្រោះ​សង្កេត​ឃើញ​មាន​បទល្មើស​ឆក់​ប្លន់ និង​បាញ់​បោះ​សេរី​ជាដើម បាន​កើត​ច្រើន​ករណី​នៅ​ក្នុង​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០១៥ នេះ។

ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ លោក ម៉ាត្រ សូត្រ បាន​ឲ្យ​ដឹង​ថា ចំនួន​បទល្មើស​ទាំង​នេះ​គិត​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៤ មក​ដល់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដោយ​មាន​បទល្មើស​ព្រហ្មទណ្ឌ​កើត​មាន​ចំនួន ១៥​ករណី និង​កើត​ទៅ​លើ​ជន​បរទេស​ចំនួន ៨​ករណី។ ចំនួន​នេះ​បើ​ប្រៀបធៀប​ឆ្នាំ​មុន​ថយ​ចុះ ១០​ករណី។ ឆ្នាំ​២០១៤ បទល្មើស​ព្រហ្មទណ្ឌ​កើត​មាន ២៥​ករណី។

លោក​បន្ត​ថា បទល្មើស​គ្រឿង​ញៀន​បាន​កើត​មាន ៨​ករណី ហើយ​ប៉ូលិស​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ១៣​នាក់ ព្រម​ទាំង​វត្ថុ​តាង​បញ្ជូន​ទៅ​កាន់​តុលាការ។ ទោះ​យ៉ាង​ណា លោក ម៉ាត្រ សូត្រ បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើត​មាន ៣​ខែ​ដើម​ឆ្នាំ​២០១៥ មាន ៦៣​ករណី ស្លាប់​មនុស្ស​ចំនួន ១៦​នាក់ និង​របួស​ធ្ងន់​ស្រាល​ជាង ១០០​នាក់។ ប៉ុន្តែ​លោក​ថា បើ​ប្រៀបធៀប​ឆ្នាំ​មុន គ្រោះថ្នាក់​នេះ គឺ​បាន​ថយ​ចុះ ៨​ករណី។ ឆ្នាំ​២០១៤ គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន ៧១​លើក៖ «ជា​ទិសដៅ​បន្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពុង​រៀបចំ​កម្លាំង​ដើម្បី​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​ប្ដូរ​ប្រាក់ និង​លក់​គ្រឿង​អលង្ការ​នៅ​ក្នុង​ផ្សារ ឬ​តាម​ទីប្រជុំជន​ជាដើម ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ»

យ៉ាង​នេះ​ក្តី មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ មាន​ការ​លាក់លៀម និង​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទេ​ជុំវិញ​បទល្មើស​បាញ់​បោះ​សេរី ដែល​បង្ក​ដោយ​ជន​បរទេស​មាន​ជនជាតិ​រុស្ស៊ី និង​អ៊ុយក្រែន ជាដើម ប៉ុន្តែ​បាន​បញ្ជាក់​ខ្លី​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​នេះ​កំពុង​មាន​វិធានការ​បង្ក្រាប​បទល្មើស​ផ្សេងៗ បង្ក​ដោយ​ជន​បរទេស​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។

ទាក់ទិន​បញ្ហា​នេះ លោក ឃុន សាវឿន មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​កត់​សម្គាល់​ថា ៣​ខែ​ដើម​ឆ្នាំ​២០១៥ ឃើញ​មាន​បទល្មើស​ធំៗ​បង្ក​ដោយ​ជន​សង្ស័យ​ជា​ជន​បរទេស​មាន​ជនជាតិ​រុស្ស៊ី និង​អ៊ុយក្រែន ជាដើម គឺ​បាន​ឈាន​ដល់​ប្រើប្រាស់​អាវុធ និង​កាំបិត​វាយ​ប្រហារ​គ្នា ឬ​ប្លន់ មាន​រូបភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ។ លោក ឃុន សាវឿន បាន​ឲ្យ​ដឹង​ថា ករណី​បែប​នេះ​មាន​មិន​តិច​ជាង ៥​ករណី​ទេ ហើយ​បទល្មើស​ទាំង​នេះ​ជន​សង្ស័យ​បាន​ប្រើ​កាំភ្លើង​ខ្លី​ប្រភេទ​ទំនើបៗ ដើម្បី​វាយ​ប្រហារ​គ្នា​កក្រើក​ខេត្ត​ទេសចរណ៍​មួយ​នេះ ដោយ​មិន​ញញើត​សមត្ថកិច្ច​ទេ​។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​រូប​នេះ​ព្រួយ​បារម្ភ​ថា បទល្មើស​បង្ក​ដោយ​ជន​បរទេស ឬ​ហៅ​ថា​ក្រុម​ម៉ាហ្វីយ៉ា​ឆ្លង​ដែន ដែល​យក​ខេត្ត​ព្រះសីហនុ សម្រាប់​ឈ្លោះ​ទាល់​ទែង​គ្នា អាច​កើត​មាន​បញ្ហា​អសន្តិសុខ​ធ្ងន់ធ្ងរ ជាពិសេស​អាច​ប៉ះពាល់​ដល់​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​អនាគត បើ​ថ្នាក់​ដឹក​នាំ​ក្រសួង​មហាផ្ទៃ ឬ​ផ្នែក​ពាក់ព័ន្ធ មិន​មាន​វិធានការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ៖ «កន្លង​មក​នេះ គឺ​នៅ​ដើម​ត្រីមាស​ទី​១​ដើម​ឆ្នាំ​២០១៥ នេះ ឃើញ​កើត​មាន​ភាព​អនាធិបតេយ្យ​បង្ក​ដោយ​ជន​បរទេស​នៅ​ខេត្ត​នេះ រហូត​ដល់​ជន​បរទេស​អាច​កាន់​អាវុធ​បាញ់​បោះ​សេរី គឺ​មាន​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ។ បទល្មើស​ទាំង​នេះ គឺ​អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុម​ជំនួញ ឬ​ពាក់ព័ន្ធ​អ្នក​រក​ស៊ី​ធំៗ​ជា​ជន​បរទេស ដែល​អាង​ទឹក​លុយ​ច្រើន ហើយ​បាន​ធ្វើ​សកម្មភាព​បាញ់​បោះ​សេរី​ដោយ​មិន​ញញើត​កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ទេ​កន្លង​មក»

ត្រង់​ចំណុច​នេះ លោក ឃុន សាវឿន បាន​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​ក្រសួង​មហាផ្ទៃ ជួយ​មាន​វិធានការ ឬ​ត្រួត​ពិនិត្យ​ទៅ​លើ​ចំនួន​ជន​បរទេស ដែល​ចូល​មក​ស្នាក់នៅ ឬ​ក៏​ប្រកប​របរ​ផ្សេងៗ​នា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​សព្វថ្ងៃ​នេះ​សង្កេត​ឃើញ​មាន​ជន​បរទេស​ខ្លះ​គ្មាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់ ឬ​គ្មាន​សិទ្ធិ​ប្រកប​មុខ​របរ​ផ្សេង​ក្នុង​ប្រទេស​កម្ពុជា ទេ។

ត្រង់​ចំណុច​នេះ លោក​ឧត្តមសេនីយ៍ត្រី ស៊ាង កុសល ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ថា កាល​ពី​ដើម​ខែ​មីនា ធ្លាប់​បាន​បណ្ដេញ​ជន​បរទេស ២​នាក់​ចេញ​ពី​កម្ពុជា។ ជន​បរទេស​ទាំង ២​នាក់​នោះ​មាន​ឈ្មោះ ជែក ប្រ៊ែនតុន (JAKES BRANTON) ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ ជា​ជនជាតិ​អង់គ្លេស។ ជន​បរទេស​រូប​នេះ​គ្មាន​លិខិត​ឆ្លង​ដែន និង​គ្មាន​មុខ​របរ​ពិត​ប្រាកដ ហើយ​បាន​ធ្វើ​សកម្មភាព​រំខាន ធ្វើ​ឲ្យ​បាត់​ស្ថិរភាព ឬ​បង្ក​អសន្តិសុខ​ធ្ងន់ធ្ងរ​ដល់​ខេត្ត​ព្រះសីហនុ និង​ឈ្មោះ អាមែលីន អាឡិចហ្សិន (AMELIN ALEKSANDR) សញ្ជាតិ​លីតូនៀ ភេទ​ប្រុស អាយុ ៦០​ឆ្នាំ មាន​មុខ​របរ​ចុងភៅ បាន​ផុត​កំណត់​ទិដ្ឋាការ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

អាជ្ញាធរស៊្មែពូកែធើការណាស់ ចង់ឲ្យចុះថយ ចុះភ្លាម ចង់ឲ្យឡើង ឡើងវឹប ... ប៉្ថយ ប៉្ថែមតួលេខបានភ្លាម ធើការងារស្វិតស្វាញ សក្តិសិទ្ធិណាស់ ២៤ម៉ោងថែមសៅរ៍អាទិត្យ ឲ្យតែមានដួងដុងដុល្លារបោះឲ្យ ...ប្រជាជនស្លោភ្នែកលើសដើម។

Mar 31, 2015 11:28 AM

គេហទំព័រ​ទាំងមូល