ពលរដ្ឋ​ទទូច​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ដង្កោ​ដោះស្រាយ​បញ្ហា​សំណង់​ប៉ះពាល់​​លំនៅឋាន

ដោយ យាង សុជាមេត្តា
2015-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុយ សុផល ដែល​អះអាង​ថា ផ្ទះ​របស់​គាត់​រង​ផល​ប៉ះពាល់​ដោយសារ​ការ​សាងសង់​របស់​លោក ឈឹម ម៉ុល និង​លោកស្រី ព្រំ ណារឿន នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥។
លោក ហ៊ុយ សុផល ដែល​អះអាង​ថា ផ្ទះ​របស់​គាត់​រង​ផល​ប៉ះពាល់​ដោយសារ​ការ​សាងសង់​របស់​លោក ឈឹម ម៉ុល និង​លោកស្រី ព្រំ ណារឿន នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Yeang Socheametta

តំណាង​ពលរដ្ឋ ២​គ្រួសារ​នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ទទូច​ឲ្យ​អាជ្ញាធរ​នៅ​មូលដ្ឋាន​នេះ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​ពី​រឿង​អ្នក​ជិត​ខាង​សាងសង់​ផ្ទះ​ខ្វះ​បច្ចេកទេស ធ្វើ​ឲ្យ​ប៉ះពាល់​លំនៅឋាន​របស់​ពួកគាត់។ ពលរដ្ឋ​ទាំង​នោះ​អះអាង​ថា បើ​ទោះ​ជា​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ធ្លាប់​បាន​ចេញ​លិខិត​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ដង្កោ បញ្ជា​ឲ្យ​ម្ចាស់​ផ្ទះ​ផ្អាក​ការ​សាងសង់​ក្តី ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ម្ចាស់ផ្ទះ​មិន​គោរព​តាម​ឡើយ។

តំណាង​ពលរដ្ឋ​តវ៉ា គឺ​លោក ហ៊ុយ សុផល និង​លោកស្រី ផល ភក្ដី សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​ខណ្ឌ​ដង្កោ ដែល​មិន​ព្រម​ចុះ​រារាំង​ម្ចាស់ផ្ទះ​ឈ្មោះ ឈឹម ម៉ុល ផ្អាក​ការសាងសង់​តាម​ការ​បង្គាប់​របស់​សាលា​រាជធានី​ភ្នំពេញ។

ម្ចាស់ផ្ទះ​រង​ផល​ប៉ះពាល់ លោក ហ៊ុយ សុផល រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥ បន្ទាប់​ពី​លោក ឈឹម ម៉ុល បាន​សាងសង់​លំនៅឋាន​ជាប់​ព្រំ​ដី​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះសម្បែង​របស់​លោក។ លោក​បាន​ប្ដឹង​ទៅ​កាន់​អាជ្ញាធរ​សង្កាត់​ដង្កោ ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​ដោយសារ​តែ​អាជ្ញាធរ​សង្កាត់​មិន​អាច​ដោះស្រាយ​បាន​លោក​ក៏​ប្ដឹង​បន្ត​ទៅ​កាន់​អាជ្ញាធរ​ខណ្ឌ​ដង្កោ ទៀត។

យ៉ាង​ណា​លោក​ថា នៅ​តែ​មិន​មាន​ដំណោះស្រាយ ហើយ​ម្ចាស់​ផ្ទះ​នៅ​តែ​បន្ត​សាងសង់ បើ​ទោះ​ជា​មន្ត្រី​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ភូមិបាល​ខណ្ឌ​ដង្កោ បាន​ចុះ​ពិនិត្យ​កន្លែង​សាងសង់​ជា​ច្រើន​លើក ហើយ​វាយ​តម្លៃ​ថា សំណង់​សាងសង់​ខុស​ប្លង់​នគរូបនីយកម្ម និង​បាន​ណែនាំ​ឲ្យ​ម្ចាស់ផ្ទះ​ផ្អាក​ការ​សាងសង់ រុះរើ និង​កែតម្រូវ​តាម​ប្លង់​នគរូបនីយកម្ម​ដែល​អនុញ្ញាត​ក្តី។ ដោយ​មើល​ឃើញ​ថា ម្ចាស់ផ្ទះ​មិន​ព្រម​ផ្អាក​សាងសង់​តាម​ការ​ណែនាំ លោក ហ៊ុយ សុផល ក៏​បាន​យក​រឿង​នេះ​ប្ដឹង​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ បន្ត​ទៀត ព្រោះ​ថា សំណង់​នោះ​បាន​សាងសង់​ប៉ះពាល់​លើ​លំនៅឋាន​ពួកគាត់ គឺ​ធ្វើ​ឲ្យ​ញ័រ​រំជួយ និង​មាន​ស្នាម​ប្រេះ។

​លិខិត​របស់​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ផ្ញើ​ទៅ​កាន់​អភិបាល​ខណ្ឌ​ដង្កោ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៥ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន សរសេរ​ថា លោក ប៉ា សុជាតិវង្ស បាន​ណែនាំ​ឲ្យ​សាលា​ខណ្ឌ​ដង្កោ ចុះ​ផ្អាក​ការ​សាងសង់​នេះ​ជា​បន្ទាន់ ហើយ​តម្រូវ​ឲ្យ​ម្ចាស់​សំណង់​សម្របសម្រួល​ផល​ប៉ះពាល់​នានា និង​ត្រូវ​ស្នើ​សុំ​លិខិត​អនុញ្ញាត​សាងសង់​តាម​នីតិវិធី ទើប​អាច​បន្ត​ការ​សាងសង់​បាន។

ទោះ​ជា​យ៉ាង​ណា លោក ហ៊ុយ សុផល បញ្ជាក់​ថា ម្ចាស់​ផ្ទះ​លោក ឈឹម ម៉ុល នៅ​តែ​បន្ត​ការ​សាងសង់ ចំណែក​អាជ្ញាធរ​ខណ្ឌ​ដង្កោ​វិញ ក៏​មិន​បាន​ចុះ​ទៅ​រារាំង​នោះ​ដែរ៖ «សាលាក្រុង​បាន​ចេញ​ការ​ណែនាំ​ដល់ ២​លើក ឲ្យ​ផ្អាក​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​នូវ​ផល​ប៉ះពាល់​ជាមួយ​អ្នក​ជិត​ខាង ហើយ​ឲ្យ​ធ្វើ​តាម​នីតិវិធី​នៃ​ច្បាប់​ទៀត អ៊ីចឹង​យើង​ឃើញ​ហើយ​ថា ហេតុ​អ្វី​សាលាក្រុង​ឲ្យ​ធ្វើ​តាម​នីតិវិធី? ខ្ញុំ​មិន​ដឹង​ថា ម៉េច​សំណង់​ហ្នឹង​ខាង​ខណ្ឌ​សរសេរ​អក្សរ​មក​ប្រាប់​ថា ឲ្យ​ផ្អាក​ព្រឹក ល្ងាច​ធ្វើ ផ្អាក​ថ្ងៃ​នេះ ស្អែក​ធ្វើ ដល់​អ៊ីចឹង​ទៅ​ខ្ញុំ​មិន​យល់​ដែរ មិន​ដឹង​ថា មាន​វិធានការ​ណា​ទេ ខ្ញុំ​មិន​យល់​ការងារ​ខាង​លើ»

ចំណែក​ពលរដ្ឋ​តវ៉ា​មួយ​រូប​ទៀត គឺ​លោកស្រី ផល វត្តី ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ សំណង់​ផ្ទះ​ល្វែង​នោះ ត្រូវ​បាន​ម្ចាស់​គេ​សាងសង់​រួច​រាល់​សឹង​តែ ៩០​ភាគរយ​ហើយ នៅ​តែ​មិន​មាន​អាជ្ញាធរ​ណា​ចុះ​អន្តរាគមន៍​ផ្អាក​ទៀត៖ «ដូច​ខាង​ខ្ញុំ​អ៊ីចឹង ធ្លាក់​សព្វ​បែប​យ៉ាង ថ្ម សម្ភារៈ​សំណង់ ធ្លាក់​បែក​ឥដ្ឋការ៉ូ ប្រេះ​ជញ្ជាំង​បន្ទប់​ទឹក​ខ្ញុំ តែ​ការ​សុំទោស​មួយ​ម៉ាត់​ក៏​មិន​មាន។ បែក​លូ​គ្រប់​បែប​យ៉ាង ហើយ​ឈ្លើយ ជេរ​ប្រមាថ មើល​ងាយ​យើង​សព្វ​បែប​យ៉ាង ហើយ​ខ្ញុំ​ដាក់​ទៅ​ដល់​សង្កាត់ ដល់​ខណ្ឌ ក៏​មិន​មាន​ការ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ»

វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ បាន​ទាក់ទង​អភិបាល​ខណ្ឌ​ដង្កោ លោក នុត ពុធដារ៉ា ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម តែ​លោក​ថា លោក​ត្រូវ​ពិនិត្យ​មើល​ករណី​នេះ​សិន។ ចំណែក​នៅ​ថ្ងៃ​ទី​២២ ធ្នូ លោក​មិន​លើក​ទូរស័ព្ទ​ឡើយ។

វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​ស្វែង​រក​ប្រភព​ទាក់ទង​ម្ចាស់​សំណង់​អគារ​លោក ឈឹម ម៉ុល និង​លោកស្រី ព្រំ ណារឿន ដើម្បី​ឆ្លើយ​តប​បាន​ដែរ។ រី​ឯ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ​លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​អាច​អត្ថាធិប្បាយ​យ៉ាង​ណា​ចំពោះ​ករណី​បាន​នៅ​ឡើយ​ទេ បើ​លោក​មិន​ទាន់​មើល​ឯកសារ ទាក់ទង​នឹង​ករណី​នេះ​​ទេ​នោះ៖ «ប្រសិន​រឿង​មួយ​ករណី​ឯកជន​អ៊ីចឹង ខ្ញុំ​ពិបាក​ឆ្លើយ​បាន​ភ្លាមៗ ទាល់តែ​ខ្ញុំ​សុំ​យក​ឯកសារ​មក​មើល​សិន​ដើម្បី​ខ្ញុំ​តាម​សួរ​រក​ហេតុ​ទើប​ខ្ញុំ​ឆ្លើយ​បាន»។​

ពលរដ្ឋ​ទាំង ២​គ្រួសារ​នៅ​តែ​ទទូច​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់។ ពួកគាត់​ថា នឹង​យក​ឯកសារ​ពាក់ព័ន្ធ​ទាំង​អស់​ទៅ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ពិនិត្យ​មើល​ជា​ថ្មី​ទៀត ដើម្បី​ជួយ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល