នាយក​វិទ្យាល័យ​រមាសហែក​ខេត្ត​ស្វាយរៀង​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

ដោយ ម៉ែន សុធីរ
2015-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វិទ្យាល័យ​រមាសហែក ឋិត​នៅ​ភូមិ​តាត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥
វិទ្យាល័យ​រមាសហែក ឋិត​នៅ​ភូមិ​តាត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥
RFA/Men Sothyr

ថ្នាក់​ដឹក​នាំ​នៃ​វិទ្យាល័យ​រមាសហែក ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង រង​ការ​ចោទ​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រុម​គ្រូបង្រៀន​រក​ឃើញ​ថា នាយក​សាលា និង​នាយក​រង​វិទ្យាល័យ​រមាសហែក កិបកេង​កញ្ចប់​ថវិកា​ភីប៊ី (PB) ដែល​បាន​មក​ពី​ក្រសួង​អប់រំ និង​ប្រាក់​ម៉ោង​គ្រូបង្រៀន​ជាច្រើន​ឆ្នាំ​មក​ហើយ។

ចំណែក​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អះអាង​ថា ករណី​នេះ​មិន​មែន​ជា​រឿង​ថ្មី​ឡើយ គឺ​កើត​ឡើង​ស្ទើរ​តែ​គ្រប់​សាលា តែ​លោក​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​លើ​បញ្ហា​នេះ​ពី​ក្រសួង​ឡើយ។

ក្រុម​គ្រូបង្រៀន​វិទ្យាល័យ​រមាសហែក ឋិត​នៅ​ភូមិ​តាត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៩ ឧសភា ទាមទារ​ឲ្យ​ក្រសួង​អប់រំ ដក​នាយក​វិទ្យាល័យ​រមាសហែក លោក ម៉ៅ គឹមលី ចុះ​ចេញ​ពី​តំណែង។ ការ​ទាមទារ​នេះ បន្ទាប់​ពី​ក្រុម​គ្រូបង្រៀន​រក​ឃើញ​ថា នាយក​វិទ្យាល័យ​រមាសហែក បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ ដូចជា​លក់ និង​ប្រើប្រាស់​សម្ភារៈ​សាលា​ជា​កម្មសិទ្ធិ​របស់​ខ្លួន កិបកេង​កញ្ចប់​ថវិកា​ភីប៊ី​របស់​ក្រសួង​អប់រំ ចុះ​ហត្ថលេខា​ជំនួស​លោកគ្រូ​អ្នកគ្រូ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន។

តំណាង​គ្រូបង្រៀន​មុខវិជ្ជា​សីលធម៌ ពលរដ្ឋ ថ្លែង​សុំ​លាក់​ឈ្មោះ​រៀបរាប់​ថា លោក​នាយក​វិទ្យាល័យ​រមាសហែក បាន​កិបកេង​លុយ​កញ្ចប់​ថវិកា​ភីប៊ី​របស់​ក្រសួង​អប់រំ ជាច្រើន​ឆ្នាំ​កន្លង​មក។ បន្ថែម​ពី​នេះ​ទៀត នាយក​សាលា​នេះ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ជាច្រើន​ករណី ដូចជា​ការ​កេង​ប្រវ័ញ្ច​ប្រាក់​ម៉ោង​លោកគ្រូ​អ្នកគ្រូ ៤% ការ​កាត់​លុយ​អង្គការ CAP និង​លុយ​លក់​អគារ​ឈើ​បី​ខ្នង ជាដើម។ លោក​បន្ត​ថា អំពើ​ពុក​រលួយ​ទាំង​នេះ លោក​នាយក ម៉ៅ គឹមលី បាន​ប្រព្រឹត្ត​តាំង​ពី​ឆ្នាំ​២០០៨ រហូត​បច្ចុប្បន្ន បណ្ដាល​ឲ្យ​ក្រុម​គ្រូបង្រៀន​បាក់​ទឹក​ចិត្ត​ក្នុង​ការ​បង្រៀន​សិស្ស និង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​អប់រំ​ធ្ងន់ធ្ងរ៖ «នៅ​ពេល​ដែល​នាយក​ចាស់​គាត់​ចូល​និវត្តន៍​ទៅ លុយ​ដែល​នៅ​សេសសល់​ជាង ១០​លាន​ក៏​បាត់​ដែរ ចឹង​វា​សព្វ​ទិស​សព្វ​ទី ហើយ​ចឹង​វា​បាត់​ទៅ ហើយ​អភិវឌ្ឍ​ឃើញ​តិចតួច​បំផុត​បាទ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយក​វិទ្យាល័យ​រមាសហែក លោក ម៉ៅ គឹមលី បដិសេធ​ការ​លើក​ឡើង​របស់​លោកគ្រូ​អ្នកគ្រូ ថា​ជា​ការ​មួលបង្កាច់​ដោយ​លើក​ហេតុផល​ថា ការ​គ្រប់គ្រង​របស់​សាលា​មាន​នាយក​រង​ផ្នែក​នីមួយៗ​ដើម្បី​ទទួល​ខុស​ត្រូវ និង​បាន​ធ្វើ​របាយការណ៍​ចំណូល​ចំណាយ​ថវិកា​សាលា៖ «ខ្ញុំ​ដឹង​បាន​មួយ​ចំនួន​ដែរ​បាទ! គាត់ៗ​ហ្នឹង​គាត់​ចោទ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​គិត​ថា រឿង​របស់​គាត់​ចោទ​ខុស​ត្រូវ អា​ហ្នឹង​នៅ​លើ​ថ្នាក់​លើ​ដែល​គាត់​ដោះស្រាយ»

កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ក្រុម​គ្រូបង្រៀន​សរសេរ​លិខិត​ផ្ដិត​មេដៃ​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួង​អប់រំ សំណើ​ឲ្យ​ក្រសួង​ចុះ​អន្តរាគមន៍​លើ​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ ករណី​ចាយ​វាយ​ថវិកា​ភីប៊ី និង SIG ព្រម​ទាំង​ប្រើប្រាស់​សម្ភារៈ​សាលា​ក្រោម​ការ​ដឹក​នាំ​របស់ លោក ម៉ៅ គឹមលី។

ទាក់ទិន​ករណី​នេះ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​រមាសហែក លោក ចាប់ សាឡន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ឧសភា ថា លោក​បាន​ហៅ​អ្នក​ពាក់ព័ន្ធ នាយក និង​តំណាង​លោកគ្រូ​អ្នកគ្រូ សួរ​នាំ និង​ធ្វើ​របាយការណ៍​ទៅ​មន្ទីរ ក៏ប៉ុន្តែ​មន្ទីរ​ក៏​ធ្លាប់​បាន​ចុះ​ត្រួត​ពិនិត្យ​ដែរ។ លោក​បន្ត​ថា ការ​សម្រេច​ចំពោះ​បញ្ហា​នេះ គឺ​អាស្រ័យ​លើ​មន្ទីរ​អប់រំ៖ «នីតិវិធី​ត្រង់​មន្ទីរ​ដោះស្រាយ​យ៉ាង​ម៉េច? យើង​ខ្ញុំ​អត់​ទាន់​ដឹង​ទេ ព្រោះ​ខ្ញុំ​សុំ​យោបល់​គាត់»

ប្រធាន​ស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែង​ថា ក្រសួង​ត្រូវ​តែ​ចាត់​វិធានការ​រឿង​នេះ​ជា​បន្ទាន់ ព្រោះ​វា​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ស្មារតី​បង្រៀន​របស់​លោកគ្រូ​អ្នកគ្រូ​ជា​ឧបសគ្គ​ចម្បង​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស៖ «សុំ​ឲ្យ​ក្រសួង​អប់រំ ចុះ​ទៅ​សង្កេត​ចាយ​លុយ​ភីប៊ី​ខុស​ប្រក្រតី​នេះ ដើម្បី​ដក​បែក​ភាព​នាយក​សាលា​ចេញ​ពី​នាយក​សាលា ដែល​ធ្វើ​ឲ្យ​វិស័យ​អប់រំ​បាន​ធ្លាក់​ចុះ»

នាយក​វិទ្យាល័យ​រមាសហែក ឲ្យ​ដឹង​ថា វិទ្យាល័យ​នេះ​មាន​អគារ​ចំនួន​១៦ ក្នុង​នោះ​មាន​សិស្ស​កំពុង​សិក្សា​សរុប​ចំនួន​ជិត ២​ពាន់​នាក់ ក្នុង​នោះ​សិស្ស​ស្រី​ជាង ៨០០​នាក់។ វិទ្យាល័យ​នេះ​មាន​គ្រូ​សរុប​ចំនួន ៩២​នាក់ ក្នុង​នោះ​មាន​គ្រូ​ស្រី​ចំនួន​ជាង ២០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល