ក្រុម​តន្ត្រី​ជន​ពិការ​នឹង​ប្រគំ​តន្ត្រី​រួម​គ្នា​ជាមួយ​តារា​ចម្រៀង​ល្បីៗ​ដើម្បី​ជួយ​សង្គ្រោះ​ជន​ពិការ

ដោយ សេក បណ្ឌិត
2015-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​តន្ត្រី​មូលនិធិ​មនុស្ស​ធម៌​ជួយ​ដល់​ជន​ពិការ​ភ្នែក​កម្ពុជា ខេត្ត​កណ្ដាល លោក ដា ល័ក្ខណ៍ ប្រគំ​តន្ត្រី​នៅ​ជិត​ស្តុប​ផ្សារ​ដើម​គ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៥។
ក្រុម​តន្ត្រី​មូលនិធិ​មនុស្ស​ធម៌​ជួយ​ដល់​ជន​ពិការ​ភ្នែក​កម្ពុជា ខេត្ត​កណ្ដាល លោក ដា ល័ក្ខណ៍ ប្រគំ​តន្ត្រី​នៅ​ជិត​ស្តុប​ផ្សារ​ដើម​គ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Uon Chhin

ក្រុម​តន្ត្រី​ជន​ពិការ នឹង​ប្រគំ​តន្ត្រី​រួម​គ្នា​ជាមួយ​តារា​ចម្រៀង​ល្បីៗ​មួយ​ចំនួន​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ សីហា នៅ​ផ្សារ​រាត្រី ស្ថិត​នៅ​ខាង​កើត​ផ្សារ​ចាស់ រាជធានី​ភ្នំពេញ។ ការ​ប្រគំ​តន្ត្រី​នេះ ក្នុង​គោលដៅ​សំខាន់​ជួយ​លើក​ទឹក​ចិត្ត​ជន​ពិការ​កម្ពុជា និង​ជួយ​គាំទ្រ​ជីវភាព​របស់​ពួក​គាត់ ដែល​កំពុង​ជួប​ការ​លំបាក។

"អ្នក និង​ខ្ញុំ មាន​ស្នាម​ញញឹម​ដូច​គ្នា" គឺ​ជា​ប្រធានបទ​ធំ​ក្នុង​គម្រោង​ប្រគំ​តន្ត្រី​ជន​ពិការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​សីហា ខាង​មុខ​នេះ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សកម្មភាព​លើ​យុវវ័យ​ពិការ ដើម្បី​អភិវឌ្ឍន៍ លោក អ៊ាង ចាន់ដារ៉ា ដែល​ជា​អ្នក​ដឹក​នាំ​ការ​ប្រគំ​តន្ត្រី​នេះ បាន​ឲ្យ​ដឹង​ថា ការ​ប្រគំ​តន្ត្រី​នេះ​ធ្វើ​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​លើក​ទី​មួយ​ដែល​ពុំ​ធ្លាប់​មាន។ កម្មវិធី​នេះ​ជា​ការ​រួម​គ្នា​រវាង​អ្នក​ចម្រៀង តន្ត្រីករ​ពិការ និង​តារា​ចម្រៀង​ល្បីៗ​ដូចជា លោក ណុប បាយ៉ារិទ្ធ កញ្ញា តាក់​ម៉ា កញ្ញា ពេជ្រ សោភា ក្រុម​កំប្លែង​នាយ​ពាក់​មី ព្រម​ទាំង​តារា​ល្បីៗ​ជាច្រើន​ផ្សេង​ទៀត ដោយ​ចាប់​ផ្តើម​ពី​ម៉ោង ៦​ល្ងាច​ដល់​ម៉ោង ១០​យប់​ថ្ងៃ​ទី​២៧ សីហា ក្នុង​បរិវេណ​ផ្សារ​រាត្រី ស្ថិត​នៅ​ខាង​កើត​ផ្សារ​ចាស់ រាជធានី​ភ្នំពេញ។

លោក អ៊ាង ចាន់ដារ៉ា បញ្ជាក់​ទៀត​ថា វត្ថុ​បំណង​សំខាន់​ក្នុង​ការ​ប្រគំ​តន្ត្រី​នេះ គឺ​ចង់​បង្ហាញ​ពី​សមត្ថភាព​ចំណេះ​ជំនាញ​របស់​បង​ប្អូន ជាពិសេស​យុវវ័យ​ជា​ជន​ពិការ ចង់​ទាក់ទាញ​សាធារណជន​ផ្ដល់​សេចក្ដី​ស្រឡាញ់​ដល់​ជន​ពិការ​គ្រប់​រូប ពីព្រោះ​ជន​ពិការ​ជា​ជន​ដែល​ងាយ​រងគ្រោះ និង​កំពុង​ជួប​ការ​លំបាក​គ្រប់​បែប​យ៉ាង៖ «អ៊ីចឹង​បាន​ជា​យើង​ដាក់​ចំណង​ថា អ្នក និង​ខ្ញុំ មាន​ស្នាម​ញញឹម​ដូច​គ្នា ចង់​និយាយ​ថា ជន​ពិការ​មាន​ការ​លំបាក​ច្រើន​អត់​សូវ​មាន​ស្នាម​ញញឹម​ទេ ចង់​ឲ្យ​សង្គម​គិតគូរ​ថា តើ​ត្រូវ​ផ្តល់​ស្នាម​ញញឹម​យ៉ាង​ម៉េច​ខ្លះ​ដល់​ពួក​គាត់»

លោក​បន្ត​ថា ជាង​នេះ​ទៅ​ទៀត កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​ប្រមូល​វិភាគទាន​យក​ទៅ​ជួយ​ដល់​ជីវភាព​ជន​ពិការ ដែល​កំពុង​ជួប​ការ​លំបាក​ខ្លាំង ជាពិសេស​ជួយ​ដល់​កុមារ​ពិការ​ផ្នែក​សតិបញ្ញា​ដែល​ខ្វះ​អ្នក​ថែ​ទាំ និង​ផ្គត់ផ្គង់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។

ទិន្នន័យ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា ជន​ពិការ​កម្ពុជា មាន​ប្រមាណ​ជាង ៣០​ម៉ឺន​នាក់។

ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន មាន​ប្រសាសន៍​ថា ការ​រួម​គ្នា​សម្ដែង​សិល្បៈ ដើម្បី​ទទួល​បាន​ថវិកា​ពី​សប្បុរសជន​ជួយ​ជន​ពិការ​ទី​ទាល់​ក្រីក្រ​នោះ គឺ​ជា​ការ​ប្រសើរ ប៉ុន្តែ​វិធី​នេះ​អាច​ជួយ​បាន​តែ​មួយ​ពេលៗ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ តែ​បើ​និយាយ​ពី​ផែនការ​ជួយ​ឧបត្ថម្ភ​ជន​ពិការ​ជា​អចិន្ត្រៃយ៍​នោះ គឺ​មាន​តែ​រដ្ឋាភិបាល​ទេ​ដែល​មាន​តួនាទី ភារកិច្ច​តាម​ផ្លូវ​ច្បាប់​ក្នុង​រឿង​នេះ៖ «អ៊ីចឹង​បើ​និយាយ​ពី​និរន្តរភាព​របស់​ក្រុម​គាត់ គឺ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​រដ្ឋាភិបាល ជាពិសេស​រដ្ឋាភិបាល​ត្រូវ​តែ​បន្ត​ការ​អនុវត្ត​ច្បាប់ ស្ដីពី​កិច្ច​ការពារ​សិទ្ធិ​ជន​ពិការ ច្បាប់​មាន​ហើយ តែ​ការ​អនុវត្ត​ច្បាប់​ការ​ផ្សព្វផ្សាយ​ច្បាប់​នៅ​តាម​អន្តរ​ក្រសួង មិន​ទាន់​បាន​ទូលំទូលាយ​នៅ​ឡើយ​ទេ។ អ៊ីចឹង​យើង​សុំ​ឲ្យ​រដ្ឋាភិបាល​ដាក់​កញ្ចប់​ថវិកា​ជាតិ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ការ​អនុវត្ត​ច្បាប់​នោះ​បាន​ល្អ​សម្រាប់​ជន​ពិការ»

លោក ងិន សៅរ័ត្ន បាន​ឲ្យ​ដឹង​ទៀត​ថា ទាក់ទង​នឹង​របប​គោល​នយោបាយ​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​ផ្តល់​ថវិកា​ដល់​ជន​ពិការ​ម្នាក់ ២​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​នោះ បច្ចុប្បន្ន​ពួក​គាត់​មិន​ទាន់​មាន​ការ​អនុវត្ត​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​បន្ទាត់​ថវិកា​សម្រាប់​អនុវត្ត​នយោបាយ​នេះ​រយៈពេល ៣​ឆ្នាំ​កន្លង​មក​ហើយ​ក្តី។

ទាក់ទង​បញ្ហា​នេះ លោក​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ឬ​ក្រសួង​សង្គមកិច្ច និង​អតីត​យុទ្ធជន អនុវត្ត​នូវ​គោល​នយោបាយ​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​គ្រួសារ​ជន​ពិការ​ឲ្យ​រស់នៅ​បាន​សមរម្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

sound good!

Aug 26, 2015 11:47 PM

គេហទំព័រ​ទាំងមូល