អ្នក​ភូមិ​នៅ​រតនគិរី​បារម្ភ​ពី​ការ​កើន​ឡើង​នៃ​ការ​ប្រើ​ឧបករណ៍​កែច្នៃ​ពី​អាគុយ​ឆក់​សត្វ​ព្រៃ​និង​ត្រី

ដោយ រដ្ឋា វិសាល
2015-04-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាច់​សត្វ​ព្រៃ​ដែល​ត្រូវ​គេ​សម្លាប់​យក​មក​ធ្វើ​ម្ហូប
សាច់​សត្វ​ព្រៃ​ដែល​ត្រូវ​គេ​សម្លាប់​យក​មក​ធ្វើ​ម្ហូប
Photo courtesy of Asean-Wen

ប្រជាពលរដ្ឋ​នៅ​ខេត្ត​រតនគិរី បាន​កែច្នៃ​អាគុយ​ប្រើប្រាស់​សម្លាប់​សត្វ​ព្រៃ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សត្វ​ព្រៃ ជីវិត​មនុស្ស និង​សត្វ​ពាហនៈ។ កន្លង​មក​គេ​ធ្លាប់​តែ​ឮ​ថា គេ​កែច្នៃ​អាគុយ​ដើម្បី​ឆក់​ត្រី។

តើ​ការ​កែច្នៃ​អាគុយ​ដើម្បី​សម្លាប់​សត្វ​ព្រៃ​នេះ ផ្តល់​គ្រោះថ្នាក់​ដូចម្តេច​ខ្លះ?

ឧបករណ៍​ឆក់​សម្លាប់​សត្វ​នេះ ត្រូវ​បាន​អ្នក​ភូមិ​នៅ​តំបន់​ជនបទ យក​ទៅ​ប្រើប្រាស់​ដោយ​មិន​បាន​គិតគូរ​ទៅ​ដល់​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ដូច​គ្នា និង​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​មាន​មច្ឆជាតិ រួម​ទាំង​សត្វ​ព្រៃ​ទៀត​ផង។

អាគុយ​បំពាក់​ដោយ​ឧបករណ៍​បំប្លែង​ជា​អគ្គិសនី​ដើម្បី​ឆក់​សម្លាប់​ត្រី ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​រតនគិរី ច្នៃ​បន្ថែម​ទៀត​ទៅ​ជា​ឧបករណ៍​ឆក់​សម្លាប់​សត្វ​ព្រៃ សម្រាប់​អាជីព​លក់​សាច់​សត្វ​ព្រៃ​នា​ពេល​បច្ចុប្បន្ន។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​សេដា លោក សុខ ខេត កត់​សម្គាល់​ថា ឧបករណ៍​ប្រភេទ​នេះ​កើត​កាន់​តែ​ច្រើន​នា​ពេល​បច្ចុប្បន្ន តាម​រយៈ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឆក់​យក​ត្រី​តាម​ត្រពាំង បឹងបួ អូរ​ធម្មជាតិ និង​ក្នុង​ទន្លេ ដែល​សម្បូរ​ទៅ​ដោយ​ជីវៈ​ច្រើន​ប្រភេទ។ លោក​បន្ត​ថា នៅ​ឃុំ​សេដា ស្រុក​លំផាត់ អ្នក​ភូមិ​មួយ​ចំនួន​កំពុង​នាំ​គ្នា​ប្រើប្រាស់​ឧបករណ៍​នេះ ចំណែក​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប ឬ​ទប់ស្កាត់​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ ស្ថានភាព​បែប​នេះ​លោក​បារម្ភ​ថា ត​ទៅ​ថ្ងៃ​អនាគត សត្វ​ព្រៃ ត្រី និង​ជីវៈ​ផ្សេង​ទៀត នឹង​ត្រូវ​វិនាស​បាត់បង់។ ដោយ​ឡែក​ទៀត ឧបករណ៍​នេះ​ក៏​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស និង​សត្វ​ពាហនៈ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ដាក់​អន្ទាក់​អាគុយ​ឆក់​នេះ៖ «ឆក់​ត្រី​ឆក់​សត្វ​ទាំង​យប់ អត់​ដឹង​ប៉ូលិស​ស្អី​ទេ ប៉ូលិស​មើល​ឃើញ​ធ្វើ​មិន​ឃើញ ព្រងើយ។ ប្រជាពលរដ្ឋ​អត់​ស្អី​រក​ស៊ី​អ្នក​ក្រ​ចេះ​តែ​រក»

មិន​មាន​តួលេខ​ជាក់លាក់​ពី​ការ​ប្រើ​ឧបករណ៍​ឆក់​សម្លាប់​សត្វ​នេះ​ទេ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​សហគមន៍ និង​មន្ត្រី​មូលដ្ឋាន​ជាច្រើន​នៅ​ខេត្ត​រតនគិរី ទទួល​ស្គាល់​ថា សកម្មភាព​ឆក់​ត្រី និង​អន្ទាក់​ឆក់​សត្វ ត្រូវ​បាន​ពលរដ្ឋ​ប្រើប្រាស់​កាន់​តែ​ច្រើន បន្ថែម​ទៅ​លើ​អន្ទាក់​ដាក់​សត្វ​បែប​ប្រពៃណី ដែល​អ្នក​ភូមិ​ធ្លាប់​ប្រើប្រាស់​ដើម្បី​ចាប់​សត្វ​ជា​អាហារ និង​ការ​ប្រើ​ឧបករណ៍​នេសាទ​ត្រី​បែប​បុរាណ។

អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន ចាត់​ទុក​ការ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី ឬ​ឆក់​សម្លាប់​សត្វ​ព្រៃ​ថា ជា​អំពើ​ខុស​ច្បាប់​ត្រូវ​តែ​បង្ក្រាប និង​ហាម​ឃាត់​ដាច់​ខាត។ លោក​បញ្ជាក់​ថា ក្រៅ​ពី​បាត់បង់​ពូជ​ត្រី និង​សត្វ​ព្រៃ ការ​ប្រើ​ឧបករណ៍​ឆក់​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្តិ​ល្មើស នឹង​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​ទៀត​ផង៖ «យើង​ត្រូវ​ហាម​ដាច់​ខាត​មិន​ឲ្យ​កើត​មាន​អ៊ីចឹង​ទេ សត្វ​ដែល​ប៉ះពាល់ ហើយ​ចាប់​មិន​បាន​ក៏​វា​បាត់​ពូជ​ពង្ស​វា​ដែរ។ អាច​បាត់បង់​អាយុ​ជីវិត​គាត់​ដែល​ដើរ​រក​វល្លិ​រក​ផ្ដៅ​រក​អនុផល​ព្រៃ​ឈើ ប៉ះពាល់​ទៅ​លើ​អាគុយ​ហ្នឹង ក៏​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ដែរ អ៊ីចឹង​យើង​ត្រូវ​ហាម​ឃាត់​ដាច់​ខាត»

កាល​ពី​ឆ្នាំ​២០១៣ អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​សត្វ​ព្រៃ​មួយ បាន​រក​ឃើញ​អន្ទាក់​ប្រមាញ់​សត្វ​ព្រៃ​ច្រើន​ប្រភេទ និង​រាប់​រយ​អន្ទាក់ ត្រូវ​គេ​បង្កប់​ទុក​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់។ អន្ទាក់​ទាំង​នោះ​អាច​ប្រមាញ់​សត្វ​រហូត​ដល់​ប្រភេទ​សត្វ​ខ្លា រមាស ទន្សោង ជាដើម។

ទាក់ទិន​ការ​ប្រមាញ់​សត្វ​ព្រៃ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នេះ​ដែរ នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក ផាន់ ភីន អះអាង​ថា សមត្ថកិច្ច​ជំនាញ​បាន​បង្ក្រាប និង​ចាប់​ខ្លួន​អ្នក​ប្រមាញ់​មួយ​ចំនួន ដែល​បាន​ប្រើប្រាស់​ឧបករណ៍​ប្រមាញ់​សត្វ​ខុស​ច្បាប់​មក​អប់រំ​ណែនាំ ឬ​កសាង​សំណុំ​រឿង​តាម​ផ្លូវ​ច្បាប់​ទៅ​តុលាការ ដើម្បី​បញ្ឈប់​សកម្មភាព​ប្រមាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​នេះ។ លោក​ថ្លែង​ថា ច្បាប់​ព្រៃ​ឈើ​បាន​កំណត់​ដាក់​ទោស​ទណ្ឌ ផាក​ពិន័យ រឹប​អូស​វត្ថុ​តាង​ចំពោះ​ជន​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​ប្រមាញ់​សត្វ​ព្រៃ៖ «ច្បាប់​វា​ខុស ហើយ​គេ​មក​បង្ក្រាប​រាល់​ដង​ហ្នឹង ខាង​វាយ​អេត​សហការ​ជាមួយ​មូលដ្ឋាន​ចាប់​បាន​សឹង​តែ​រាល់​ខែ​ហ្នឹង។ អា​ហ្នឹង​វា​ឋិត​ក្នុង​ការ​បរបាញ់​ហ្នឹង​ណា! ទាល់​តែ​គេ​បាន​សត្វ​បាន​គេ​បែង​ចែក​ថា​ជា​សត្វ​ប្រភេទ​កម្រ ប្រភេទ​ស្អី បាន​ត្រូវ​ជាប់​ទោស​តាម​ហ្នឹង»

ច្បាប់​ព្រៃ​ឈើ​ចែង​ថា ពពួក​សត្វ​ព្រៃ​គ្រប់​ប្រភេទ គឺ​ជា​សម្បត្តិ​របស់​រដ្ឋ និង​ជា​សមាសភាគ​នៃ​ធនធាន​ព្រៃ​ឈើ។ សត្វ​ព្រៃ​ទាំងអស់​នេះ ឋិត​ក្រោម​ការ​គ្រប់គ្រង ស្រាវជ្រាវ និង​អភិរក្ស​ដោយ​រដ្ឋបាល​ព្រៃ​ឈើ។ ច្បាប់​នេះ​ដែរ ក៏​បាន​កំណត់​ដាក់​ទោស​ទណ្ឌ និង​ផាក​ពិន័យ​ចំពោះ​ជន​ទាំង​ឡាយ និង​មន្ត្រី​ព្រៃ​ឈើ ដែល​ធ្វេសប្រហែស​មិន​រាយការណ៍ ផ្តល់​ព័ត៌មាន​ក្លែង​បន្លំ និង​ចូលរួម ឬ​ផ្តល់​ការ​អនុញ្ញាត​ក្នុង​បទល្មើស​ព្រៃ​ឈើ ឬ​សត្វ​ព្រៃ។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​បរិស្ថាន​ធនធាន​ធម្មជាតិ អង្គការ​ទន្លេ​បី លោក មៀច មាន សម្ដែង​ការ​បារម្ភ​ចំពោះ​សកម្មភាព​បំផ្លាញ​ធនធាន​ធម្មជាតិ ជាពិសេស​សម្លាប់​ត្រី និង​សត្វ​ព្រៃ​ដែល​ធ្វើ​ឲ្យ​ប្រភេទ​ត្រី និង​សត្វ​ព្រៃ​កម្រ​មួយ​ចំនួន អាច​នឹង​ផុត​ពូជ។ លោក​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​ផ្នែក បង្កើន​ការ​បំពេញ​ភារៈ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រួម​ចំណែក​ការពារ​ត្រី​ក្នុង​ទឹក និង​សត្វ​ព្រៃ​លើ​គោក​ឲ្យ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត៖ «ឃើញ​តែ​បង្ក្រាប​នៅ​តំបន់​ផ្សារ ឬ​ដេញ​ចាប់​ម៉ូតូ​តាម​ផ្លូវ។ ដល់​ក្នុង​ព្រៃ មិន​ឃើញ​បង្ក្រាប។ ត្រង់​នេះ​ហាក់​ដូចជា​សមត្ថកិច្ច​នៅ​ខ្សោយ​ណា!»

នៅ​ខេត្ត​រតនគិរី ត្រី​ក្នុង​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ដូចជា​ត្រី​ប៉ាសេអ៊ី ត្រី​ត្រសក់ ត្រី​ប្របែល កាន់​តែ​ក្រ​ខ្សត់​ជិត​ផុត​ពូជ និង​ត្រី​មួយ​ចំនួន​ទៀត​ដូចជា​ត្រី​ប្រម៉ា ត្រី​ដងកាំបិត មិន​ឃើញ​មាន​ក្នុង​ទន្លេ​នេះ​ដូច​មុន​ទេ។ ចំណែក​សត្វ​ព្រៃ​កាន់​តែ​ជិត​ផុត​ពូជ មាន​សត្វ​ខ្ទីង ទន្សោង ប្រើស ជាដើម។ ដោយ​ឡែក​សត្វ​ដំរី គោ​ព្រៃ ក៏​មិន​ឃើញ​មាន​សម្បូរ​ក្នុង​ព្រៃ​ដូច​មុន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល