គ្រួសារ​ជន​រងគ្រោះ​ដោយ​ការ​បាញ់​បង្ក្រាប​កន្លែង​ជល់​មាន់​នៅ​ត្បូងឃ្មុំ​ស្នើ​អាជ្ញាធរ​ពន្លឿន​នីតិវិធី

ដោយ សូត សុខប្រាថ្នា
2015-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤
សាលា​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤
RFA/Saut Sokprathna

ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដែល​ត្រូវ​អាជ្ញាធរ​បាញ់​ស្លាប់​ដោយសារ​ការ​បង្ក្រាប​កន្លែង​ជល់​មាន់​នៅ​ឃុំ​ច័ន្ទមូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​តែ​ទទឹង​ចាំ​យុត្តិធម៌ បើ​ទោះ​ពេល​ខ្លះ​ពួក​គាត់​យល់​ថា អាជ្ញាធរ​ហាក់​មិន​មាន​បំណង​ស៊ើប​អង្កេត​រឿង​នេះ​ក៏ដោយ។ យ៉ាង​ណា អាជ្ញាធរ​បញ្ជាក់​ថា ករណី​នេះ​ពួក​គេ​កំពុង​បន្ត​នីតិវិធី​ដើម្បី​ឈាន​ទៅ​ឃាត់​ខ្លួន​អ្នក​បង្ក។

ក្រោយ​ពី​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​តុលាការ​ជាង​ពីរ​ខែ​មក ក្រុម​គ្រួសារ​ជន​រងគ្រោះ នៅ​តែ​អំពាវនាវ​រក​យុត្តិធម៌ ប៉ុន្តែ​ពួក​គាត់​ហាក់​ខក​បំណង ដោយសារ​មិន​មាន​ពន្លឺ​ពី​អាជ្ញាធរ​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា អាជ្ញាធរ​ស្រុក​មេមត់ ជាច្រើន​នាក់​ចុះ​បង្ក្រាប​កន្លែង​ប្រជល់​មាន់​មួយ​នៅ​ឃុំ​ច័ន្ទមូល បណ្ដាល​ឲ្យ​ពលរដ្ឋ​ម្នាក់​ឈ្មោះ លោក ឆាយ អឿន អាយុ ២៤​ឆ្នាំ​ស្លាប់។ ក្រោយ​មក អាជ្ញាធរ​បញ្ជាក់​ថា ការ​ស្លាប់​នោះ​ដោយសារ​តែ​ប្លាត​គ្រាប់​កាំភ្លើង ខណៈ​សមត្ថ​កិច្ច​បាញ់​គំរាម ប៉ុន្តែ​ហេតុផល​នេះ ក្រុម​គ្រួសារ​សព​បាន​ច្រាន​ចោល ពីព្រោះ​ជន​រងគ្រោះ​ត្រូវ​គ្រាប់​កាំភ្លើង​របស់​អាជ្ញាធរ​រហូត​ដល់​ទៅ ៣​គ្រាប់។ ពួក​គាត់​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​ឲ្យ​អាជ្ញាធរ បំភ្លឺ​រឿង​គ្រោះថ្នាក់​នោះ​ឲ្យ​បាន​ច្បាស់លាស់។

ពលរដ្ឋ​នៅ​ឃុំ​ច័ន្ទមូល លោក សេង កុន ត្រូវ​ជា​ឪពុកក្មេក​ជន​រងគ្រោះ​យល់​ថា អាជ្ញាធរ​ហាក់​មិន​ចង់​ស៊ើប​អង្កេត​ករណី​ស្លាប់​កូន​ខ្លួន​នោះ​ទេ ពីព្រោះ​ជាច្រើន​ខែ​មក​ហើយ​ដែល​ខាង​លោក​មិន​បាន​ទទួល​ដំណឹង​សោះ៖ «ខ្ញុំ​ឡើង​ទៅ​កំពង់ចាម បី​ដង​ហើយ ដាក់​ពាក្យ​ប្ដឹង​ចោល​ព្រះរាជ​អាជ្ញា​ហើយ ប៉ុន្តែ​វា​បាត់​ដំណឹង វា​អត់​មាន​ចម្លើយ​ណា​តិច​ណា​ផង»

លោក​បន្ត​ថា លោក​ចង់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ គប្បី​ពន្លឿន​នីតិវិធី​ក្នុង​រឿង​នេះ ដើម្បី​ធ្វើ​ឲ្យ​ពួក​គាត់​អាច​ស្ងប់​ចិត្ត។ ជាង​នេះ​ទៀត គ្រួសារ​លោក​ត្រូវ​ការ​សំណង​ជា​ប្រាក់​ខ្លះ ដើម្បី​យក​មក​ជួយ​ឧបត្ថម្ភ​ប្រពន្ធ និង​កូនស្រី​របស់​អ្នក​ស្លាប់។

ទាក់ទង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ពៅ មិន​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​ទេ ដោយ​លោក​ថា​ជាប់​ប្រជុំ។

ចំណែក​ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក ប្រាក់ ប៊ុនណុន មាន​ប្រសាសន៍​ថា ករណី​នេះ​អាជ្ញាធរ​បាន​ធ្វើ​សំណុំ​បែបបទ​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​នៅ​រង់ចាំ​លទ្ធផល​ធ្វើ​កោសល្យវិច័យ​ក្បាល​គ្រាប់​កាំភ្លើង ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់​នៅ​ពេល​នោះ។ លោក​បន្ត​ថា ពេល​ចុះ​ប្រតិបត្តិការ​មាន​សមត្ថកិច្ច ១៣​នាក់ ក្នុង​នោះ​មាន​កាំភ្លើង ៦​ដើម ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ថា​គ្រាប់​កាំភ្លើង​ចេញ​ពី​សមត្ថកិច្ច​មួយ​ណា​ទេ ទើប​ទាមទារ​ឲ្យ​ធ្វើ​កោសល្យវិច័យ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ឈាន​ទៅ​ឃាត់​ខ្លួន​អ្នក​ប្រព្រឹត្តិ៖ «រក​អត់​ទាន់​ឃើញ យើង​យក​កាំភ្លើង​ហ្នឹង​ធ្វើ​កោសល្យវិច័យ។ សំណុំ​ឯកសារ​មាន​គ្រប់គ្រាន់​ហើយ ហើយ​យើង​យក​សម្បក​ខ្ទុះ និង​គ្រាប់​កាំភ្លើង​ធ្វើ​កោសល្យវិច័យ​នៅ​នាយកដ្ឋាន»

លោក​ថា អាជ្ញាធរ​មិន​បាន​បំភ្លេច​រឿង​នេះ​ឡើយ ហើយ​កំពុង​បន្ត​នីតិវិធី​លើ​សំណុំ​រឿង​នេះ​បន្ថែម​ទៀត។

យ៉ាង​ណា មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ ប៉ុន្តែ​លោក​ខ្លាច​ក្រែង​តែ​ជា​ចេតនា​របស់​សមត្ថកិច្ច​មិន​ចង់​ធ្វើ​ការងារ​នេះ​ទៅ​វិញ​ទេ៖ «រឿង​បាញ់​នៅ​តំបែរ រឿង​គំរាម​កំហែង​ផ្សេងៗ​ទៀត​ក៏​អ៊ីចឹង​ដែរ។ អ៊ីចឹង​បាន​ជា​ទាំង​ប្រជាពលរដ្ឋ ទាំង​អ្នក​តាម​ដាន​សភាពការណ៍​យល់​ថា ប្រសិន​បើ​រឿង​នេះ​បង្ក​ឡើង​ដោយ​នរណា​ផ្សេង មិន​មែន​សមត្ថកិច្ច អា​ការ​ធ្វើ​ហ្នឹង​វា​លឿន​ជាង»

លោក​បន្ថែម​ថា ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ និង​អ្នក​តាម​ដាន​រឿង​នេះ​អស់​ចិត្ត គប្បី​អាជ្ញាធរ​បង្ហាញ​ពី​ចំណាត់​ការ​របស់​ខ្លួន​ឲ្យ​មាន​តម្លាភាព ដោយ​ប្រាប់​ពី​ការ​វិវឌ្ឍ​ថ្មីៗ​នៃ​សំណុំ​រឿង ជៀសវាង​ធ្វើ​ឲ្យ​ពលរដ្ឋ​ចោទ​ប្រកាន់​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​គ្មាន​ប្រសិទ្ធភាព និង​អាច​ធ្វើ​ឲ្យ​ពួក​គាត់​លែង​មាន​ជំនឿ​លើ​អាជ្ញាធរ​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

In front of Khmer people ,Khmer police used the gun shoot Khmer people. But in front of illegal Vietnamese in Cambodia like in Kampot province Khmer police use the foot run away. It's shame for Khmer police receive the money from Khmer government.

Jan 31, 2015 09:08 AM

គេហទំព័រ​ទាំងមូល