ប្រជា​កសិករ​នៅ​ខេត្ត​កំពង់ចាម​ត្អូញត្អែរ​រឿង​សត្វ​កណ្ដុរ​ស៊ី​ស្រូវ

ដោយ សូត សុខប្រាថ្នា
2015-12-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​ភូមិ​ព្រែកលីវ ឃុំ​រកាអារ ស្រុក​កងមាស ខេត្ត​កំពង់ចាម ដើរ​រើស​ដើម​ស្រូវ​ដែល​សត្វ​កណ្ដុរ​កាត់​តាម​វាល​ស្រែ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥។
កសិករ​ភូមិ​ព្រែកលីវ ឃុំ​រកាអារ ស្រុក​កងមាស ខេត្ត​កំពង់ចាម ដើរ​រើស​ដើម​ស្រូវ​ដែល​សត្វ​កណ្ដុរ​កាត់​តាម​វាល​ស្រែ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Saut Sokprathna

ប្រជាពលរដ្ឋ​ជាច្រើន​ឃុំ​នៅ​ស្រុក​កងមាស ខេត្ត​កំពង់ចាម កំពុង​ព្រួយ​បារម្ភ​ថា ទិន្នផល​ស្រូវ​នៅ​ឆ្នាំ​នេះ​នឹង​កាន់​តែ​ធ្លាក់​ចុះ ហើយ​នឹង​អាច​ប្រឈម​ជំពាក់​បំណុល​គេ​ទៀត​ផង។ ក្តី​បារម្ភ​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ កើត​ឡើង​បន្ទាប់​ពី​ដំណាំ​ស្រូវ​របស់​ពួក​គាត់​នៅ​ឆ្នាំ​នេះ រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​សត្វ​ល្អិត​ចង្រៃ ពិសេស​សត្វ​កណ្ដុរ។ បញ្ហា​នេះ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បញ្ជាក់​ថា ខាង​លោក​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ចាត់​វិធានការ។

វាល​ស្រែ​ខៀវ​ខ្ចី​រាប់​រយ​ហិកតារ ទាំង​ស្រូវ​ដែល​ទើប​សាបព្រោះ ទាំង​ស្រូវ​ទើប​មូល​ដើម បើ​គេ​សម្លឹង​មួយ​ភ្លែត​ទៅ ហាក់​ជា​ក្តី​សង្ឃឹម​របស់​ប្រជា​កសិករ​ក្នុង​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​រកាអារ និង​ឃុំ​ខ្ចៅ ស្រុក​កងមាស ដែល​មាន​ស្រែ​ជាប់​គ្នា ប៉ុន្តែ​បើ​គេ​ពិនិត្យ​ឲ្យ​ច្បាស់ ស្រូវ​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​សត្វ​កណ្ដុរ​ស៊ី​ដោយ​ដុំៗ។

ស្រែ​ខ្លះ កណ្ដុរ​ស៊ី​នៅ​ក្បែរៗ​ភ្លឺ​ស្រែ រីឯ​ស្រូវ​ខ្លះ​ទៀត កណ្ដុរ​កាត់​ស៊ី​នៅ​ផ្នែក​កណ្ដាល​ស្រែ។ លើស​ពី​នេះ​ទៀត ស្រែ​ខ្លះ ប្រជាពលរដ្ឋ​សម្រេច​បោះបង់​ចោល​តែ​ម្តង ដោយសារ​មិន​អាច​ទប់ស្កាត់​ចំពោះ​បញ្ហា​កណ្ដុរ​ស៊ី​ស្រូវ​បាន ពិសេស​ស្រូវ​ដែល​ស្ថិត​នៅ​ជាប់​គុម្ពោត​ព្រៃ ឬ​តាម​មាត់​ប្រឡាយ​ទឹក ជាដើម។

ប្រជា​កសិករ​នៅ​ភូមិ​ព្រែកលីវ ឃុំ​រកាអារ លោក ភឿន ផូ មាន​ប្រសាសន៍​ថា ស្រែ​របស់​លោក​នៅ​ចំណុច​ក្បែរ​ជ្រុង​ទំនប់​ក្រឡា​តោក ប្រមាណ ៤០​ភាគរយ​ក្នុង​ចំណោម​ស្រូវ​របស់​លោក​ជិត ១​ហិកតារ គឺ​ត្រូវ​សត្វ​កណ្ដុរ​បំផ្លាញ។ លោក​បន្ត​ថា ឆ្នាំ​នេះ គឺ​មិន​សូវ​មាន​សង្ឃឹម​ថា នឹង​អាច​ទទួល​ផល​បាន​ដូច​រាល់​ឆ្នាំ​ឡើយ ត្បិត​រាល់​ឆ្នាំ​គ្មាន​សត្វ​ល្អិត​បំផ្លាញ​ដំណាំ​ស្រូវ​របស់​អ្នក​ភូមិ​ខ្លាំង​ដូច​ឆ្នាំ​នេះ​ទេ៖ «មិន​មែន​ស៊ី​ប៉ះពាល់​តែ​ខ្ញុំ​ទេ គ្រប់​កន្លែង​ហ្នឹង។ អា​ខ្លះ​ស៊ី​ទៅ ដក​ម៉ាស៊ីន​ចេញ​ទៅ ខ្លះ​ចោល​ទៅ។ អា​ហ្នឹង​ខ្ញុំ​ចេះ​តែ​ទ្រាំ​ដាក់​តិចតួចៗ​អ៊ីចឹង​ទៅ»

ស្រូវ​ស្រែ​ប្រាំង​របស់​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ក្នុង​ឃុំ​ទាំង​ពីរ​នេះ ស្រែ​នៅ​ផ្នែក​ខាង​លើ​ដែល​នៅ​ក្បែរៗ​ភូមិ គឺ​ត្រូវ​ខ្វះ​ប្រភព​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ។ ចំណែក​ស្រូវ​ផ្នែក​ខាង​ក្រោម ឬ​ស្រូវ​ប្រាំង មាន​ប្រភព​ទឹក​គ្រប់គ្រាន់ ប៉ុន្តែ​ត្រូវ​ប្រឈម​បញ្ហា​កណ្ដុរ​ស៊ី​ទៅ​វិញ។ បញ្ហា​ទាំង​នេះ ធ្វើ​ឲ្យ​ប្រជា​កសិករ​ត្រូវ​ប្រឈម​ជំពាក់​បំណុល​ចិន ឬ​ធនាគារ ជាដើម ពីព្រោះ​ដើមទុន​ធ្វើ​ស្រូវ​របស់​ប្រជា​កសិករ​ទាំង​នោះ ភាគ​ច្រើន​ខ្ចី​បុល​ធនាគារ ឬ​ជំពាក់​ថ្លៃ​សាំង ជី ថ្នាំ​បាញ់​ផ្សេងៗ រួច​ទើប​បង្វិល​សង​អ្នក​លក់​វិញ​បន្ទាប់​ពី​ទទួល​បាន​ផល​ស្រូវ។

លោក ភឿន ផូ បញ្ជាក់​ថា លោក​សង្ឃឹម​ផល​ស្រូវ​ដើម្បី​បាន​ប្រាក់​សង​ទៅ​ចិន ប៉ុន្តែ​បើ​ស្រូវ​មិន​បាន​ផល គឺ​មាន​តែ​សុំ​ពន្យារ​ពេល​សង​ប្រាក់​ប៉ុណ្ណោះ។

ឃុំ​រកាអារ មាន​ប្រជាពលរដ្ឋ​ជាង ២​ពាន់​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ប្រមាណ ៧០ ទៅ ៨០​ភាគរយ ជា​អ្នក​ប្រកប​របរ​ធ្វើ​ស្រែ និង​ចម្ការ ហើយ​ផ្ទៃ​ដី​ធ្វើ​ស្រែ​ប្រាំង គឺ​មាន​ចំនួន​ជិត ៥០០​ហិកតារ (៤៩៨,៤៨​ហិកតារ)។

ស្រដៀង​គ្នា​នេះ កសិករ​នៅ​ភូមិ​វ៉ារិន្ទ ឃុំ​ខ្ចៅ លោក ជួង សុង មាន​វ័យ​ជាង ៦០​ឆ្នាំ និយាយ​ថា លោក​បាន​ចំណាយ​លើ​ពូជ​ស្រូវ​ប្រមាណ ៥០​ម៉ឺន​រៀល ដើម្បី​សាបព្រោះ​ស្រូវ​ប្រាំង​ឆ្នាំ​នេះ។ លោក​បន្ត​ថា គ្រាប់​ពូជ​ស្រូវ​ព្រោះ​ពីរ​លើក​ដំបូង គឺ​សត្វ​កណ្ដុរ​រើស​ស៊ី​អស់​ទៅ​ហើយ ក្រោយ​មក​ក៏​សាបព្រោះ​ជា​ថ្មី​ទៀត។ និយាយ​បណ្ដើរ ភ្នែក​ក្រឡេក​មើល​ទៅ​វាល​ស្រែ​បណ្ដើរ លោក ជួង សុង ឲ្យ​ដឹង​ទៀត​ថា រាល់​ឆ្នាំ​មាន​ករណី​សត្វ​ល្អិត​ចង្រៃ​បំផ្លាញ​ដំណាំ​ស្រូវ​ពលរដ្ឋ​ខ្លះ​ដែរ ប៉ុន្តែ​តិចតួច​ប៉ុណ្ណោះ ឬ​ស្ទើរ​តែ​គ្មាន។ ដោយឡែក​ឆ្នាំ​នេះ ដោយសារ​ទឹក​តូច សត្វ​កណ្ដុរ​ស៊ី​ស្រូវ​ខ្លាំង​ជាង​ឆ្នាំ​មុនៗ៖ «អា​ហ្នឹង បើ​កាត់​ត​ទៅ​ទៀត បើ​ទ្រាំ​មិន​បាន​ទេ មាន​តែ​លាង​ដៃ​ទៅ​ផ្ទះ​ហ្នឹង​ហើយ»

ពលរដ្ឋ​ម្នាក់​ទៀត​នៅ​ភូមិ​វ៉ារិន្ទ ដៃ​ដក​ស្រូវ​បណ្ដើរ មាត់​និយាយ​បណ្ដើរ លោក ទ្រី ចាន់ធឿន សម្រេច​បោះបង់​ដី​របស់​ខ្លួន ១​ហិកតារ​ចោល ដោយសារ​តែ​សត្វ​កណ្ដុរ​ស៊ី​ខ្លាំង​ពេក ហើយ​សម្រេច​ដក​ស្រូវ​នៅ​សេសសល់​យក​ទៅ​ស្ទូង​ជួស​ស្រូវ​របស់​ខ្លួន​នៅ​ស្រែ​ផ្សេង​ទៀត។ លោក​បន្ត​ថា ប្រសិន​បើ​កណ្ដុរ​នៅ​តែ​បន្ត​ស៊ី​ស្រូវ​របស់​អ្នក​ភូមិ​ទៀត លោក​ប្រហែល​ជា​ត្រូវ​ចំណាក​ស្រុក​ដើម្បី​រក​ប្រាក់​មក​សង​បំណុល​គេ​ទើប​បាន៖ «អាច​ប្រឈម បើ​យើង​ធ្វើ​មួយ​ហិកតារ​ហ្នឹង​ទៀត បើ​អត់​បាន​ទៀត ប្រហែល​អត់​បាន​ស៊ី​ហើយ​មើល​ទៅ»

ប្រជា​កសិករ​ទាំង​ពីរ​ឃុំ​នេះ​ត្អូញត្អែរ​ដូចៗ​គ្នា ហាក់​គ្មាន​កសិករ​ណា​ម្នាក់​ជៀស​ផុត​ពី​ការ​បំផ្លាញ​របស់​សត្វ​កណ្ដុរ​នៅ​ឆ្នាំ​នេះ​ទេ។ ប្រជា​កសិករ​ទាំង​នេះ ចាត់​វិធានការ​ជា​ហូរហែ​លើ​សត្វ​កណ្ដុរ រួម​មាន ដាក់​ថ្នាំ​ពុល​លាយ​ជាមួយ​ស្រូវ ឬ​ចំណី​ផ្សេងៗ ដុត​បាវ ដាក់​របាំង​កៅស៊ូ​ព័ទ្ធ​ស្រែ ព្រម​ទាំង​មាន​រាយ​ខ្សែ​ភ្លើង​ឆក់​ទៀត​ផង ប៉ុន្តែ​កណ្ដុរ​នៅ​តែ​បន្ត​កាត់​ស្រូវ​ដដែល។

ពលរដ្ឋ​មួយ​រូប​ទៀត លោក ធឹម ចក់ និយាយ​ថា ដី​ស្រែ​នៅ​ក្បែរៗ​ស្រែ​របស់​លោក​ប្រមាណ ៣០​ហិកតារ ត្រូវ​បាន​កសិករ​ផ្សេង​សម្រេច​បោះបង់​ចោល ហើយ​ក៏​លើក​យក​ម៉ាស៊ីន​ទៅ​ទុក​នៅ​ផ្ទះ​តែ​ម្តង ដោយ​ពួក​គាត់​គិត​ថា តស៊ូ​បន្ត​ទៀត​ក៏​គ្មាន​ចំណេញ​ដែរ។ លោក​ថា កសិករ​ជួប​បញ្ហា​បែប​នេះ ប៉ុន្តែ​មិន​ដែល​ឃើញ​ក្រុម​អាជ្ញាធរ​ណា​មក​ពិនិត្យ​មើល​បញ្ហា​ទាំង​នេះ ឬ​ប្រាប់​ពី​វិធី​ដោះស្រាយ​ឡើយ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​ខាង​រដ្ឋាភិបាល​ជួយ​ពិនិត្យ​មើល តើ​ប្រជាពលរដ្ឋ​ខូចខាត​ប៉ុន្មាន? ហើយ​ស្នើសុំ​ពូជ​ខ្លះ​ផង»

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​កងមាស លោក មឿន ផា មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ស្រូវ​ស្រែ​ប្រាំង​របស់​ប្រជាពលរដ្ឋ​នៅ​ឆ្នាំ​នេះ ពិត​ជា​ជួប​បញ្ហា​ខ្លះ​មែន។ ទី​មួយ គឺ​បញ្ហា​ទឹក និង​មួយ​ទៀត គឺ​បញ្ហា​សត្វ​កណ្ដុរ។ លោក​បន្ត​ថា បញ្ហា​ទឹក​ខាង​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ខេត្ត បាន​ដោះស្រាយ​តំបន់​ខ្លះ ដោយ​បញ្ជូន​ម៉ាស៊ីន​បូម​ទឹក​ពី​តំបន់​មាន​ប្រភព​ទឹក បែង​ចែក​ដាក់​ស្រែ​របស់​ពួក​គាត់ ប៉ុន្តែ​កន្លែង​ខ្លះ​គ្មាន​ប្រភព​ទឹក ម្យ៉ាង​លទ្ធភាព​នៃ​ការ​ចំណាយ​មិន​បាន​គ្រប់គ្រាន់ ជាដើម។ ចំណែក​បញ្ហា​សត្វ​ល្អិត​ចង្រៃ​វិញ ខាង​លោក​ថា ក៏​បាន​រាយការណ៍​ព័ត៌មាន​នេះ​ទៅ​មន្ត្រី​ជំនាញ ដើម្បី​ចាត់​វិធានការ​ដែរ៖ «ដូចជា​មិន​ប៉ះ​ធ្ងន់​ប៉ុន្មាន ប៉ះ​តែ​លើ​ទេ ស្រូវ​ស្រែ​ប្រាំង​ក្រោម​ហ្នឹង»

អភិបាល​ស្រុក​ដដែល​បន្ត​ទៀត​ថា ដោយសារ​ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​ធ្លាក់​ចុះ ហើយ​ពលរដ្ឋ​អាច​ប្រឈម​បញ្ហា​មួយ​ចំនួន ទើប​ខាង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ បាន​ចុះ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ប្រកប​មុខ​របរ​បន្ទាប់​បន្សំ រួម​មាន ដាំ​ដំណាំ ឬ​បន្លែ​បង្ការ និង​ចិញ្ចឹម​សត្វ ឬ​ត្រី ជាដើម។

ចំនួន​ផ្ទៃ​ដី​ស្រែ​ប្រាំង​នៅ​ទូទាំង​ស្រុក​កងមាស គឺ​មាន​ចំនួន​ជិត ៩​ពាន់​ហិកតារ (៨.០៨៨​ហិកតារ) ហើយ​ស្រែ​វស្សា គឺ​មាន​ជិត ១​ពាន់​ហិកតារ (៩៤០​ហិកតារ)។ ចំណែក​បញ្ហា​ប្រឈម​ពេល​នេះ រួម​មាន ឃុំ​រកាអារ ឃុំ​កងតាណឹង ឃុំ​ស្ដៅ ឃុំ​ព្រែកកុយ ឃុំ​រាយប៉ាយ និង​ឃុំ​ខ្ចៅ។

បន្ថែម​ពី​នេះ​ទៀត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ចាម លោក គឹម សាវឿន មាន​ប្រសាសន៍​ថា មូលហេតុ​នាំ​ឲ្យ​សត្វ​ល្អិត​ចង្រៃ​នៅ​ឆ្នាំ​នេះ​កើត​ឡើង​ខ្លាំង ដោយសារ​តែ​ទឹក​ទន្លេ​តូច ដែល​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​រស់នៅ​របស់​សត្វ​ល្អិត​ចង្រៃ​ទាំង​នោះ ពិសេស​សត្វ​កណ្ដុរ។ បើ​ទោះ​បី​ជា​ប្រធាន​មន្ទីរ​កសិកម្ម​រូប​នេះ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ស្ដីពី​សត្វ​កណ្ដុរ​ស៊ី​ស្រូវ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កងមាស ក៏ដោយ ប៉ុន្តែ​លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ជាទូទៅ មន្ទីរ​កសិកម្ម​បាន​ធ្វើ​ការ​ណែនាំ​ឲ្យ​កសិករ​មាន​ការ​ប្រុង​ប្រយ័ត្ន»

លោក​ណែនាំ​វិធីសាស្ត្រ​មួយ​ចំនួន ដែល​ខាង​មន្ទីរ​បាន​ពន្យល់​ពលរដ្ឋ​កន្លង​មក រួម​មាន សម្អាត​ព្រៃ​នៅ​តាម​ភ្លឺ​ស្រែ ឬ​ប្រឡាយ​ឲ្យ​ស្អាត និង​ដាក់​នុយ ជាដើម ប៉ុន្តែ​ត្រូវ​ដាក់​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជៀសវាង​សត្វ​ស្រុក​មក​ស៊ី។ ចំណែក​វិធីសាស្ត្រ​ឆក់​នោះ គឺ​ខាង​មន្ទីរ​កសិកម្ម​មិន​បាន​ណែនាំ​ឡើយ ពីព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស និង​សត្វ​ស្រុក​ទៀត​ផង។ លោក​ថា នឹង​ចាត់​វិធានការ​លើ​បញ្ហា​នេះ ក្រោយ​ពេល​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ភាព​ជាក់ស្តែង​រួច​រាល់។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​កសិករ ទាំង​សម្ភារៈ និង​បច្ចេកទេស ពិសេស​ត្រូវ​ដោះស្រាយ​បញ្ហា​ទឹក​ជា​ចាំបាច់។ បើ​ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី​ខំ​ស្រែក​យ៉ាង​ណា​ក៏ដោយ ក៏​បញ្ហា​ប្រឈម​មួយ​ចំនួន​របស់​ប្រជា​កសិករ​នៅ​ឆ្នាំ​នេះ នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល