ឪពុក និង​កូន​ប្រកាស​ស្វែង​រក​យុត្តិធម៌​បន្ទាប់​ពី​មន្ត្រី​ជល​ផល​ខេត្ត​ស្ទឹង​ត្រែង​វាយ​ឱ្យ​របួស

ដោយ ហេង រស្មី
2020-05-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​នេសាទ​នៅ​តាម​ដង​ទន្លេ​មេគង្គ​លើ ឋិត​នៅ​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាល​ពី​​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៦។
ពលរដ្ឋ​នេសាទ​នៅ​តាម​ដង​ទន្លេ​មេគង្គ​លើ ឋិត​នៅ​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាល​ពី​​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

ជនរងគ្រោះ​ឪពុក និង​ កូន​ប្រកាស​ស្វែង​រក​យុត្តិធម៌​ក្រោយ​ពី​មន្ត្រី​ជលផល​មាន​គ្នា​ប្រមាណ​៥​នាក់​បាន​ចាប់​វាយ​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ចោទ​ប្រកាន់​រត់​ពន្ធ​ត្រី​ខុស​ច្បាប់។ ​ប៉ុន្តែ​មន្ត្រី​ជលផល​បាន​បដិសេធ​ថា បាន​ការ​ប្រើ​អំពើ​ហិង្សា​ដូច​កា​ចោទ​ប្រកាន់​។​

ប្រជាពលរដ្ឋ​ឪពុក និង​ កូន​អះអាង​ថា រង​គ្រោះ​ដោយ​អំពើ​ហិង្សា​វាយ​ដំ​ពី​មន្ត្រី​ជលផល​ខេត្ត​ស្ទឹងត្រែង​និយាយ​ថា​ ពួកគេ​ទាំង​ពីរ​នាក់​គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​តុលាការ​ដើម្បី​រក​យុត្តិធម៌​ចំពោះ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃម្សិលមិញ។

ប្រជាពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​លោក​ អេង មុន្នី បញ្ជាក់​ថា​ លោក​និង​កូន​ប្រុស​ឈ្មោះ​ អាត មេសា​ អាយុ​១២ឆ្នាំ ត្រូវ​បាន​មន្ត្រី​ជល​ផល និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចំនួន ៥នាក់ បាន​ចាប់​វាយ​ធ្វើ​បាប​យ៉ាង​ដំណំ​រហូត​ដល់​មាន​ស្នាម​ជាំ​មុខ ចង្កេះ និង​ខ្នង។ ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​ឧសភា​ នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ត្រពាំង​ក្រសាំង​ ស្រុក​សៀម​បូក​ ខេត្ត​ស្ទឹង​ត្រែង។ លោក​បញ្ជាក់​ថា មន្ត្រី​ជល​ផល​ដឹក​នាំ​ដោយ​លោក វង្ស សាវឿន​ បាន​មក​ឃាត់​ចាប់​រថយន្ត​របស់​លោក​ដោយ​ចោទ​ប្រកាន់​ថា បាន​ដឹក​ត្រី​ដែល​បាន​មក​ពី​បទ​ល្មើស​នេសាទ​ខុស​ច្បាប់។ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុម​សមត្ថកិច្ច​កំពុង​ឆែក​នោះ​លោក​បាន​ប្រាប់​ទៅ​កូន​ប្រុស​អាយុ ១២ឆ្នាំ​ឱ្យ​ថត​រួប​វីដេអូ​ពី​សកម្មភាព​ឆែក​ឆេ​នោះ​ ស្រាប់​តែ​ក្រុម​សមត្ថកិច្ច​ឆក់​យក​ទូរស័ព្ទ​កូន​របស់​លោក​បោក​ចោល​ និង​ចាប់​ជាន់​ក​លោក​ផ្ទាល់​ទៅ​នឹង​ដី​បណ្ដាល​ឱ្យ​លោក​មាន​រង​របួស​យ៉ាង​ដំណំ៖ «វៃ​ខ្ញុំ​ហើយ វា​ជាន់​ក​ខ្ញុំ​ហើយ វា​ជាន់​ចង្កេះ​ខ្ញុំ​ហើយ វា​សង្កត់​ខ្ញុំ​នៅ​នឹង​ដី​ហើយ​ដៃ​ខ្ញុំ​ព័ទ្ធ​ស្លាប​សេក តែ​ខ្ញុំ​រើ​រួច។ ក្រោយ​មក​លោក វង្ស សាវឿន គាត់​ថា ព្រះ​រាជអាជ្ញា​ឱ្យ​ដាក់​ខ្នោះ​យក​មក​ដល់​កន្លែង​គេ​ហើយ​បញ្ជា​កូន​ចៅ​យក​មក​ដាក់​បញ្ជូន​ឡាន។ គ្នា​វា​ហ្នឹង ៥នាក់​ទាំង វង្ស សាវឿន»

អាស៊ី​សេរី​បាន​ទាក់​ទង​ទៅ​មន្ត្រី​ជលផល លោក វង្ស សាវឿន ដែល​ពលរដ្ឋ​ចោទ​ថា បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​នោះ ប៉ុន្តែ​តែ​លោក​មិន​លើក​ទូរស័ព្ទ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹង​ត្រែង​លោក​ ស៊ុម នីរ៉ូ​ បាន​បដិសេធ​ថា ​មិន​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​ទេ។ លោក​បញ្ជាក់​ថា​ ប្រជា​សហគមន៍​នេសាទ​បាន​រាយការណ៍​ប្រាប់​មន្ត្រី​ជលផល​ថា មាន​ជនល្មើស​បាន​ដឹក​ត្រី​នេសាទ​ខុស​ច្បាប់​យក​មក​លក់​នៅ​ទី​រួម​ខេត្ត ទើប​លោក​បញ្ជា​អោយ​ស្ទាក់​ចាប់​រថយន្ត​សង្ស័យ​នោះ។ លោក​បន្ត​ថា​នៅ​ពេល​ដែល​ឃាត់​ចាប់​រថយន្ត​នោះ​រក​មិន​​ឃើញ​មាន​ភស្តុតាង​ទេ ហើយ​មន្ត្រី​របស់​លោក​បាន​ដោះ​លែង​ប្រជាពលរដ្ឋ​អោយ​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ហើយ។

លោក​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ថា​មន្ត្រី​ជលផល​ថា បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​នោះ ជា​ការ​និយាយ​បំផ្លើស​ពី​ការ​ពិត៖ «បើ​គាត់​និយាយ​ពាក្យ​ហ្នឹង​គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​សោក​ស្ដាយ​ជា​រឿង​មួយ​ដែល​​ពួក​គាត់​មិន​គួរ​មក​ចោទ​ប្រកាន់​ទាំង​ងងើល​អ៊ីចឹង​ទេ។ គាត់​នៅ​ពេល​ដែល​និយាយ​គ្នា​មុខ​នគរ​បាល​ ជាមួយ​នឹង​មុខ អ្នក​សម្របសម្រួល​ខាង​ខ្ញុំ​ហ្នឹង​ ។​ និយាយ​គ្នា​ជា​លក្ខណៈ​មិត្តភាព លក្ខណៈ​ស្រុះស្រួល​គ្នា​តាម​ធម្មតា​អត់​មាន​ពី​ណា​ម្នាក់​ប្រើ​ហិង្សា​ទៅ​លើ​គាត់​ទេ។ បើ​គាត់​លើក​ឡើង​របៀន​នេះ​គឺ​ជា​ការ​មួល​បង្កាច់​មួយ​មក​លើ​ខាង​សមត្ថកិច្ច​វិញ​ហើយ»

បើ​ទោះ​បី​មន្ត្រី​ជលផល​បដិសេធ​ថា មិន​មាន​អំពើ​ហិង្សា​ក៏​ដោយ ក៏​លោក អេង មុន្នី បញ្ជាក់​ថា មាន​ពលរដ្ឋ​រង​គ្រោះ​ប្រមាណ ៣នាក់​ហើយ ដែល​ត្រូវ​មន្ត្រី​ជលផល​វាយ​ឱ្យ​រង​របួស​ដោយ​ចោទ​ប្រកាន់​ថា​បាន​ដឹក​ផល​នេសាទ​ខុស​ច្បាប់។ តែ​ពួក​គេ​មិន​ហ៊ាន​ប្ដឹង​ដោយ​សារ​ខ្លាច​ការ​គំរាម​ពី​មន្ត្រី​ជល​ផល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល