អតីត​សិស្ស​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​ត្អូញត្អែរ​រឿង​សាលា​យឺតយ៉ាវ​ចេញ​សញ្ញាបត្រ

ដោយ ហ៊ុំ ចំរើន
2015-02-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង ឋិត​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥
វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង ឋិត​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥
RFA/Hum Chamroeun

អតីត​សិស្ស​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង អះអាង​ថា សិស្ស​ដែល​រៀន​ចប់​ពី​សាលា​នេះ​រាប់​ពាន់​នាក់ រៀន​ចប់​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ពួក​គេ​មិន​អាច​ដក​សញ្ញាបត្រ​យក​ទៅ​ប្រើប្រាស់​ជា​ផ្លូវ​ការ​បាន​ឡើយ។

បញ្ហា​នេះ ធ្វើ​ឲ្យ​ពួក​គេ​ស្វែងរក​ការងារ​ធ្វើ​ដោយ​លំបាក និង​ពុំ​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ក្នុង​ការងារ​ទេ ដោយសារ​ពុំ​មាន​សញ្ញាបត្រ​ពិត​យក​ទៅ​បង្ហាញ​ស្ថាប័ន​ដែល​ត្រូវ​ជ្រើសរើស​នោះ។

អតីត​សិស្ស​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ទង្វើ​របស់​ថ្នាក់​ដឹក​នាំ​សាលា​នេះ ថា​ជា​សកម្មភាព​មួយ​គិត​តែ​ពី​ផល​ប្រយោជន៍​របស់​ខ្លួន ដោយ​មិន​ខ្វល់​ពី​អនាគត​របស់​សិស្ស​ដែល​រៀន​ចប់​ឡើយ។

អតីត​យុវ​សិស្ស​ម្នាក់​រស់នៅ​សង្កាត់​ចំការសំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ថ្លែង​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ថា កាល​ពី​ឆ្នាំ​២០០៤-២០០៦ រូប​គេ​ជា​អតីត​សិស្ស​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង។

ពលរដ្ឋ​រូប​នេះ​បន្ត​ថា ចាប់​តាំង​ពី​រៀន​ចប់​នៅ​ឆ្នាំ​២០០៧ មក​រហូត​មក​ទល់​ពេល​នេះ គឺ​ពួក​គេ​ពុំ​អាច​ដក​សញ្ញាបត្រ​ពី​សាលា​នេះ យក​ទៅ​ប្រើប្រាស់​បាន​នៅ​ឡើយ​ទេ។ ការ​ដក​សញ្ញាបត្រ​មិន​បាន​នេះ ពុំ​មែន​មាន​តែ​សិស្ស​ជំនាន់​ពួក​គេ​រៀន​ប៉ុណ្ណោះ​ទេ គឺ​សិស្ស​ជំនាន់​ក្រោយៗ​ទៀត​សរុប​ប្រមាណ​ជាង ១​ពាន់​នាក់ ក៏​ជួប​បញ្ហា​នេះ​ដូច​គ្នា ធ្វើ​ឲ្យ​គេ​លំបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ស្វែងរក​ការងារ​ធ្វើ​ដូច​គ្នា​ដែរ៖ «ខាង​រដ្ឋបាល​គេ​តែង​ថា​បញ្ជូន​ទៅ​ឲ្យ​ថ្នាក់​លើ​ធ្វើ​ហើយ តែ​មិន​ចេះ​ឃើញ​ធ្លាក់​មក​ទេ។ ខ្ញុំ​ពេល​នៅ​គ្មាន​សញ្ញាបត្រ​ពិត​ទៅ​បង្ហាញ​គេ​អ៊ីចឹង​ទៅ វា​ជា​បញ្ហា​ដល់​ពួក​ខ្ញុំ​ពិបាក​រក​ការងារ​ណាស់។ ម្យ៉ាង​ទៀត​នៅ​សាលា​គេ​ផ្សេង ពេល​រៀន​ចប់​ប្រមាណ ២​ឆ្នាំ​បាន​ទទួល​សញ្ញាបត្រ​ហើយ មិន​ដូច​សាលា​ដែល​ធ្លាប់​រៀន​នេះ​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ផ្នែក​រដ្ឋបាល​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង លោក ផាន់ ផា មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ខាង​សាលា​ពិត​ជា​យឺតយ៉ាវ​ក្នុង​ការ​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​ខ្លះ​មែន។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា ការ​យឺតយ៉ាវ​នេះ​ដោយសារ​កំហុស​បច្ចេកទេស​ទេ ហើយ​ថា​ខាង​សាលា​កំពុង​ដំណើរ​ការ​លើ​ការងារ​នេះ៖ «បាទ! ព្រោះ​ខុស​ទី​១ ថ្ងៃ​ខែ​ឆ្នាំ​កំណើត។ ទី​២ ទម្រង់​ពណ៌​សញ្ញាបត្រ និង​ទំហំ​សន្លឹក។ ហើយ​ម្យ៉ាង​ទៀត ពី​ដើម​សាលា​ចំណុះ​ឲ្យ​ក្រសួង​អប់រំ ហើយ​ក្រោយ​មក​បាន​ប្ដូរ​ចំណុះ​ឲ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ វិញ។ ចំណែក​ឯ​នាយក​សាលា ក៏​មាន​ផ្លាស់ប្ដូរ​ដែរ ទើប​ធ្វើ​ឲ្យ​មាន​ការ​យឺតយ៉ាវ​ធ្វើ​សញ្ញាបត្រ​សិស្ស»

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​បាត់ដំបង លោក ស៊ុន តឹក មាន​ប្រសាសន៍​ថា សាលា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​យឺតយ៉ាវ​ប្រគល់​សញ្ញាបត្រ​ឲ្យ​សិស្ស ដើម្បី​ឲ្យ​ពួក​គេ​យក​ទៅ​ប្រើប្រាស់​ស្វែងរក​ការងារ​ធ្វើ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ លោក ស៊ុន តឹក ហៅ​ការ​បកស្រាយ​របស់​មន្ត្រី​សាលា​នេះ ថា​គ្រាន់​តែ​ជា​លេស​មួយ ដើម្បី​ដោះ​បន្ទុក​ពី​ការ​ទទួល​ខុស​ត្រូវ​មួយ​គ្រា​ប៉ុណ្ណោះ៖ «សាលា​មិន​ប្រគល់​សញ្ញាបត្រ​ជាច្រើន​ឆ្នាំ​នេះ មិន​ត្រឹមត្រូវ​ឡើយ បើ​ទោះ​ជា​ខុស​បច្ចេកទេស​យ៉ាង​ណា ក៏​សាលា​ត្រូវ​តែ​ធ្វើ​សញ្ញាបត្រ​សិស្ស​ឲ្យ​បាន​ដែរ»

វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង ជា​ស្ថាប័ន​បណ្ដុះបណ្ដាល​របស់​រដ្ឋ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ សាលា​នេះ​សព្វថ្ងៃ បណ្ដុះបណ្ដាល​មាន​ជាអាទិ៍​ផ្នែក​សំណង់ អគ្គិសនី និង​គ្រឿងយន្ត​កសិកម្ម ជាដើម និង​មាន​សិស្ស​កំពុង​សិក្សា​ប្រមាណ ៥០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល