រដ្ឋាភិបាល​ប្រកាស​ឲ្យ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​រយៈពេល​១០​ឆ្នាំ

ដោយ ចេង ម៉េងជូ
2015-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រកាស​ឲ្យ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ នា​វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រកាស​ឲ្យ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ នា​វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Cheng Mengchou

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៦ សីហា បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដែល​រដ្ឋាភិបាល​ចាត់​ទុក​ជា "យុទ្ធសាស្ត្រ​កំណើន​សេដ្ឋកិច្ច​ថ្មី"។ គោល​នយោបាយ​នេះ នឹង​បម្រើ​ជា​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ចាប់​ពី​ពេល​នេះ​រហូត​ដល់ ១០​ឆ្នាំ​ខាង​មុខ។

"គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥" ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ដាក់​ឲ្យ​ចាប់​ផ្ដើម​អនុវត្ត​ជា​ផ្លូវ​ការ ជា​របត់​សេដ្ឋកិច្ច​ថ្មី​មួយ​របស់​កម្ពុជា។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​គោល​នយោបាយ​ថ្មី​នេះ​ថា ការ​បង្កើត​គោល​នយោបាយ​នេះ​មាន​ភាព​ចាំបាច់ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា។

គោល​នយោបាយ​សេដ្ឋកិច្ច​ថ្មី​មាន​គោលដៅ​ចម្បង​ចំនួន​បី គឺ​ទី​១ បង្កើន​ចំណែក​នៃ​វិស័យ​ឧស្សាហកម្ម​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​ពី ២៤% កាល​ពី​ឆ្នាំ​២០១៣ ឲ្យ​បាន​ដល់ ៣០% ត្រឹម​ឆ្នាំ​២០២៥។ ក្នុង​នោះ វិស័យ​កម្មន្តសាល ត្រូវ​រំពឹង​ថា​នឹង​កើន​ឡើង​ពី ១៥,៥% នៃ​ផលិតកម្ម​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ​២០១៣ ទៅ​ដល់ ២០% ត្រឹម​ឆ្នាំ​២០២៥។ ទី​២ គោល​នយោបាយ​នេះ​មាន​គោលដៅ​ជំរុញ​ពិពិធកម្ម​មុខ​ទំនិញ ដោយ​បង្កើន​ការ​នាំ​ចេញ​ទំនិញ​កម្មន្តសាល​មិន​មែន​ជា​វាយនភ័ណ្ឌ​ឲ្យ​បាន ១៥% នៃ​បរិមាណ​នាំ​ចេញ​សរុប​នៅ​ឆ្នាំ​២០២៥។ គោល​នយោបាយ​នេះ ក៏​ផ្ដោត​លើ​ការ​អភិវឌ្ឍ​វិស័យ​កសិឧស្សាហកម្ម ដោយ​ដាក់​គោលដៅ​នាំ​ចេញ​ទំនិញ​កែច្នៃ​កសិកម្ម​ឲ្យ​បាន ១២% នៃ​បរិមាណ​នាំ​ចេញ​សរុប​ត្រឹម​ឆ្នាំ​២០២៥។ គោលដៅ​ទី​បី ដែល​បាន​កំណត់​ក្នុង​គោល​នយោបាយ គឺ​ការ​លើក​ស្ទួយ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម។

ក្នុង​គោលដៅ​អនុវត្ត​គោល​នយោបាយ​ថ្មី​ឲ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​បាន​កំណត់​វិធានការ​គន្លឹះ ៤​យ៉ាង ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​មុន​ដំណាច់​ឆ្នាំ​២០១៨។ វិធានការ​ទី​១ គឺ​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី​សម្រាប់​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម។ ទី​២ គឺ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន និង​ឡូជីស្ទីក (Logistics)។ ទី​៣ គឺ​ការ​គ្រប់គ្រង​ទីផ្សារ​ពលកម្ម និង​ការ​បណ្ដុះបណ្ដាល​ជំនាញ និង​ទី​៤ គឺ​ការ​ប្រែ​ក្លាយ​ខេត្ត​ព្រះសីហនុ ឲ្យ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង។

នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ខាង​ពាណិជ្ជកម្ម​ដើម្បី​កម្ពុជា និង​ជា​អ្នក​សេដ្ឋកិច្ច​ជនជាតិ​ជប៉ុន មួយ​រូប លោក ស៊ូហ្ស៊ូគី ហ៊ីរ៉ូស្ហ៊ិ (Suzuki Hiroshi) ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ ក៏​បាន​ចាត់​ទុក​ការ​បង្កើត​គោល​នយោបាយ​នេះ ថា​ជា​រឿង​ល្អ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា៖ «ខ្ញុំ​ក៏​រីករាយ​ដែរ​ចំពោះ​ការ​សម្រេច​បាន​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ពីព្រោះ​ជប៉ុន ក៏​មាន​គោល​នយោបាយ​បែប​នេះ​ដែរ។ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ ហើយ​វា​ជា​គោល​នយោបាយ​ដ៏​សំខាន់​មួយ សម្រាប់​ដំណាក់​កាល​អភិវឌ្ឍន៍​នៃ​ប្រទេស​ជប៉ុន»

យ៉ាង​ណា​ក៏ដោយ លោក​បាន​សង្កត់​ធ្ងន់​លើ​វិស័យ​អប់រំ ដែល​មាន​តួនាទី​ផ្គត់ផ្គង់​ធនធាន​មនុស្ស​សម្រាប់​វិស័យ​នេះ៖ «ចាប់​ពី​ពេល​នេះ​ទៅ មិន​ត្រឹម​តែ​កម្លាំង​ពលកម្ម​មិន​មាន​ជំនាញ​ទេ កម្លាំង​ពលកម្ម​មាន​ជំនាញ​កាន់​តែ​ចាំបាច់​ទៅ​ទៀត​សម្រាប់​ប្រទេស​នេះ ក្នុង​ការ​អភិវឌ្ឍ​បែប​ថ្មី​នេះ។ ដូច្នេះ ដើម្បី​បម្រើ​ដល់​គោល​បំណង​នេះ វិស័យ​អប់រំ​មាន​សារសំខាន់​ខ្លាំង​ណាស់។ យើង​រំពឹង​ទុក​នូវ​លទ្ធផល​វិជ្ជមាន​ពី​កំណែ​ទម្រង់​ដែល​ដឹក​នាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន»

ស្រដៀង​គ្នា​នេះ នាយក​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ស្ការ៉ូនី អេន អាសូស៊ីអឹត (Sciaroni & Associates) ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​ខាង​វិនិយោគ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ លោក ស្ការ៉ូនី ប្រេតតុន (Sciaroni Bretton) ចាត់​ទុក​ការ​ដែល​កម្ពុជា ងាក​ទៅ​រក​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ថា​ជា​រឿង​ដែល​គួរ​ឲ្យ​សាទរ។ ពាណិជ្ជករ​រូប​នេះ​រំពឹង​ថា កម្ពុជា នឹង​បង្កើត​បាន​ក្របខ័ណ្ឌ​គតិយុត្តិ​បន្ថែម​ទៀត ដែល​អនុគ្រោះ​ដល់​ការ​វិនិយោគ៖ «ខ្ញុំ​គិត​ថា គោល​នយោបាយ​នេះ​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​កម្ពុជា។ នេះ​ជា​ក្របខ័ណ្ឌ​គោល​នយោបាយ​សម្រាប់​ការ​លូតលាស់​ក្នុង​ពេល ១០​ឆ្នាំ​ខាង​មុខ។ ខ្ញុំ​គិត​ថា វា​ជា​គោល​នយោបាយ​ដែល​មាន​មហិច្ឆតា​ខ្ពស់ ប៉ុន្តែ​យើង​ត្រូវ​ការ​វា ដើម្បី​ឲ្យ​យើង​អាច​ទទួល​បាន​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​ទាំងឡាយ​ណា​ដែល​គោល​នយោបាយ​នេះ​ត្រូវ​ការ​សម្រាប់​ការ​អនុវត្ត»

ពាក់ព័ន្ធ​រឿង​នេះ អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ជា​ស្ថាប័ន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ថ្មី​នេះ លោក សុខ ចិន្តាសោភា មាន​ប្រសាសន៍​ថា ជំហាន​បន្ទាប់ គឺ​ការ​បង្កើត​ក្រុមប្រឹក្សា​ផ្ដល់​យោបល់​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា ហើយ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិនិយោគ និង​ច្បាប់​ស្ដីពី​តំបន់​សេដ្ឋកិច្ច​ពិសេស នឹង​ត្រូវ​លើក​យក​មក​ពិនិត្យ ពិភាក្សា និង​អនុម័ត​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី នៅ​ដំណាច់​ខែ​តុលា ឆ្នាំ​២០១៥ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Industry??????. What kind of industry do you have??????.

Aug 27, 2015 04:26 AM

គេហទំព័រ​ទាំងមូល