រដ្ឋាភិបាល​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​សម្រាប់​ភ្ញៀវ​បរទេស​ចាប់​ពី​ថ្ងៃ​ទី​១​កុម្ភៈ

ដោយ ហង្ស សាវយុត
2017-02-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កន្លែង​លក់​សំបុត្រ​របស់​គ្រឹះស្ថាន​អង្គរ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ ខេត្ត​សៀមរាប ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth
កន្លែង​លក់​សំបុត្រ​របស់​គ្រឹះស្ថាន​អង្គរ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ ខេត្ត​សៀមរាប ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth
RFA/Hang Savyouth

មន្ត្រី​រដ្ឋាភិបាល​យល់​ថា តម្លៃ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ គឺ​ថោក​ជាង​គេ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក ដែល​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​ដែរ​នោះ។

ដោយសារ​តែ​រដ្ឋាភិបាល​យល់​ថា​តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយ​អង្គរ​ថោក​នេះ ទើប​រដ្ឋាភិបាល​ប្រកាស​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ថែម​ទៀត។

មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​ជាមួយ​នឹង​គ្រឹះស្ថាន​អង្គរ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ឲ្យ​សាធារណជន​ដឹង​ថា ថ្លៃ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ម្នាក់​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​ធ្លាប់​តែ ២០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ឥឡូវ​នេះ​បាន​ដំឡើង​ទៅ​ដល់ ៣៧​ដុល្លារ​ហើយ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ទទួល​បន្ទុក​ផ្នែក​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ ឲ្យ​ដឹង​ថា តម្លៃ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​រយៈពេល​មួយ​ថ្ងៃ ដែល​ពី​មុន​ថ្លៃ​តែ ២០​ដុល្លារ នឹង​ដំឡើង​ទៅ ៣៧​ដុល្លារ ថ្លៃ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​រយៈពេល ៣​ថ្ងៃ ដែល​ពី​មុន​តែ ៤២​ដុល្លារ នឹង​ដំឡើង​ទៅ ៦២​ដុល្លារ និង​ថ្លៃ​ចូល​ទស្សនា ៧​ថ្ងៃ ដែល​ពី​មុន​តែ ៦០​ដុល្លារ នឹង​ដំឡើង​ទៅ ៧២​ដុល្លារ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ត​ទៅ។

អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​គ្រឹះស្ថាន​អង្គរ គឺ​លោក ឈន សុភាព។ លោក​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​មករា ថា រដ្ឋាភិបាល​បាន​កំណត់​ឲ្យ​អនុវត្ត​ការ​ដំឡើង​ថ្លៃ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ត​ទៅ។ ការ​ដំឡើង​ថ្លៃ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​អង្គរ​នេះ គឺ​យោង​ទៅ​លើ​ការ​សិក្សា​ផ្នែក​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ផ្នែក​បច្ចេកទេស ឃើញ​ថា ថ្លៃ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គឺ​នៅ​ថោក​ជាង​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភពលោក​នៅ​ឡើយ៖ «មូលដ្ឋាន​នៃ​ការ​ដំឡើង​ថ្លៃ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​នេះ យើង​មាន​ហេតុផល​ច្រើន​ជា​លក្ខណៈ​បច្ចេកទេស​ផង និង​ជា​ការ​សិក្សា​ស្ទាបស្ទង់​មតិ​ផង»

អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​គ្រឹះស្ថាន​អង្គរ លោក សុង តុងហាប់ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​ហេតុផល​សំខាន់ៗ​ជាច្រើន​ក្នុង​ការ​ដំឡើង​ថ្លៃ​លក់​សំបុត្រ​នេះ។ លោក​បញ្ជាក់​ថា ថ្លៃ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​បរទេស​ម្នាក់​ចូល​ទស្សនា​តំបន់​អង្គរ​មួយ​ថ្ងៃ​តម្លៃ ២០​ដុល្លារ រយៈពេល ៣​ថ្ងៃ ៤០​ដុល្លារ និង ១​អាទិត្យ ៦០​ដុល្លារ​នោះ គឺ​ជា​គោលការណ៍​ចាស់​មាន​រយៈពេល ២២​ឆ្នាំ​មុន ប៉ុន្តែ​បច្ចុប្បន្ន តម្លៃ​នេះ​ត្រូវ​តែ​ដំឡើង ពីព្រោះ​តំបន់​ទេសចរណ៍​បាន​កើន​ឡើង​មាន​ផ្លូវ​ល្អ​ស្អាត​ច្រើន​ជាង​ពី​ពេល​មុន ហើយ​បើ​គិត​ពី​អតិផរណា​នៃ​ប្រាក់ ២០​ដុល្លារ​កាល​ពី ២២​ឆ្នាំ​មុន មក​ដល់​ឆ្នាំ​២០១៦ គឺ​តម្លៃ​ពិត​របស់​វា​ចំនួន ៣២​ដុល្លារ​ទៅ​ហើយ៖ «សំបុត្រ ២០​ដុល្លារ ៣០-៤០ និង ៦០​ដុល្លារ​កាល​ពី​ឆ្នាំ​១៩៩៤ គាត់​ទៅ​មើល​រមណីយដ្ឋាន​អង្គរ បាន​តែ​វង់​តូច​ទេ គឺ ១០-២០​ប្រាសាទ​ប៉ុណ្ណោះ ពីព្រោះ​អត់​ទាន់​មាន​ផ្លូវ​ចូល​ទៅ​ដល់​ប្រាសាទ​ជាច្រើន​ទៀត​ទេ»

ទោះ​ជា​យ៉ាង​ណា អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង បាន​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​ដែល​សម្រេច​ចិត្ត​ដំឡើង​ថ្លៃ​លក់​សំបុត្រ​ទស្សនា​អង្គរ​នេះ។

អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​លេង​ស្រុក​ខ្មែរ គេ​មិន​កំណាញ់​ក្នុង​ការ​ចាយ​លុយ​ទិញ​សំបុត្រ​ចូល​មើល​អង្គរ​នោះ​ទេ ប៉ុន្តែ​លោក​ចង់​សួរ​ថា មុន​នឹង​ដំឡើង​ថ្លៃ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ​នោះ តើ​រដ្ឋាភិបាល​បាន​សិក្សា​អំពី​ការ​ប៉ះពាល់​នានា​បាន​សព្វ​ជ្រុងជ្រោយ ព្រម​ទាំង​ពង្រឹង​ផ្នែក​បម្រើ​សេវា និង​គ្រប់គ្រង​ចំណូល​នោះ​ឲ្យ​ចូល​ទៅ​ក្នុង​ថវិកា​ជាតិ​បាន​ត្រឹមត្រូវ​ហើយ​ឬ​នៅ?«ការ​ដែល​គេ​បង់ គេ​ទិញ​របៀប Tour ជា​ក្រុម ហើយ​គេ​ចាយ​ជា Cheque ប័ណ្ណ​ធនាគារ ឬ​ក៏ Visa កាត​អី​ហ្នឹង គឺ​នៅ​មាន​ការ​លួច​បំបាត់​គេ​នៅ​ឡើយ​ទេ»

លោក សុន ឆ័យ ឲ្យ​ដឹង​ថា ការ​ដំឡើង​ថ្លៃ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ​នេះ គឺ​គណៈកម្មការ​របស់​លោក​មាន​គម្រោង​នឹង​ជួប​សួរ​ដេញដោល​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ក៏​ចង់​ធ្វើ​សវនកម្ម​ជុំវិញ​ការ​ប្រមូល​ចំណូល​ពី​ការ​លក់​សំបុត្រ​នោះ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល