បុគ្គលិក​សណ្ឋាគារ​ហ្គ្រេតឌ្យូក​ភ្នំពេញ ទទួល​បាន​ប្រាក់​សំណង​ពី​ក្រសួង​ការងារ

ដោយ ខែ សុណង
2020-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុគ្គលិក​សណ្ឋាគារ ដឺ ហ្គ្រេត ឌ្យូក (The Great Duke) លើក​បដា​តវ៉ា​មុខ​សណ្ឋាគារ នៅ​ព្រឹក​ថ្ងៃ​ទី៣ កញ្ញា ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល។
បុគ្គលិក​សណ្ឋាគារ ដឺ ហ្គ្រេត ឌ្យូក (The Great Duke) លើក​បដា​តវ៉ា​មុខ​សណ្ឋាគារ នៅ​ព្រឹក​ថ្ងៃ​ទី៣ កញ្ញា ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល។
រូប៖ លោក ឃុន ថារ៉ូ សង់ត្រាល់ (CENTRAL) ផ្ដល់​ឲ្យ

អតីត​បុគ្គលិក​សណ្ឋាគារ​ហ្គ្រេតឌ្យូក​ភ្នំពេញ (Great Duke Phnom Penh) ទទួល​បាន​ប្រាក់​សំណង​ការងារ ពី​ក្រសួង​ការងារ​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ក្រោយ​ពួកគាត់​ចេញ​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​ពី​ម្ចាស់​សណ្ឋាគារ និង​អាជ្ញាធរ​ពាក់ព័ន្ធ អស់​រយៈពេល​ជិត ៥​ខែ​មក​នេះ។

អតីត​អ្នកធ្វើការ​ផ្នែក​សម្អាត​បន្ទប់ នៅ​សណ្ឋាគារ​ហ្គ្រេតឌ្យូក ភ្នំពេញ លោកស្រី ហេង មួយអេង បង្ហាញ​អារម្មណ៍​សប្បាយរីករាយ នៅ​ពេល​ទទួល​បាន​ប្រាក់​សំណង​ការងារ ជាង ៨​រយ​ដុល្លារ ពី​ក្រសួង​ការងារ។លោកស្រី​ឱ្យ​ដឹង​ថា ប្រាក់​ដែល​បាន​មក​នេះ អាច​ទប់ទល់​ការ​ចំណាយ​ប្រចាំថ្ងៃ និង​យក​ទៅ​សងបំណុល​គេ ក្នុង​អំឡុង​ពេល​គ្មាន​ការងារ​ធ្វើ​ជិត ៥​ខែ​មកនេះ ចំណែក​ប្រាក់​នៅសល់ លោកស្រី​ទុក​ទំនុកបម្រុង​កូនស្រី​អាយុ​៩​ឆ្នាំ​ឲ្យ​បន្ត​ការសិក្សា ហើយ​លោកស្រី​នឹង​បន្ត​ស្វែងរក​ការងារ​ធ្វើ​នៅ​តាម​សណ្ឋាគារ​ផ្សេង​ទៀត៖ «បាន​ប៉ុណ្ណឹង​សម្រាប់​វា​តិច​ទេ បង​អើយ​បាន​តាម​អតីតភាព​ការងារ​យើង​តិច វា​បាន​តិច​អ៊ីចឹង ទម្រាំ​យើង​ដើរ​រក​ការងារ​បាន​ទៀត»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល ថ្លែង​ថា ក្នុង​ចំណោម​បុគ្គលិក​១៥២​នាក់ គឺ​មាន​បុគ្គលិក​១២០​នាក់ បាន​បើក​ប្រាក់​អត្ថប្រយោជន៍​ការងារ​ពី​ក្រសួង​ការងារ​រួចរាល់​ហើយ ចំណែក​បុគ្គលិក​៣២​នាក់​ទៀត ជាប់រវល់​ធុរៈ​ផ្ទាល់ខ្លួន មិនទាន់​មាន​ពេល​ទៅ​ទទួល​ប្រាក់​សំណង​ឡើយ​ទ។

លោក​ឱ្យ​ដឹង​ថា ក្នុងចំណោម​មនុស្ស​៣២​នាក់​នេះ គឺ​មាន ៦​នាក់​បាត់​ប័ណ្ណ​សំគាល់​ការងារ ដែល​អាច​បង្ក​ការ​លំបាក​ដល់​ពួកគាត់ ។ លោក​ថា ក្រសួង​ការងារ​ទុក​ពេល​ឱ្យ​បុគ្គលិក​ទាំងនេះ ស្វែងរក​ប័ណ្ណ​ការងារ ដោយ​ភ្ជាប់​ជាមួយ​អត្តសញ្ញាណប័ណ្ណ និង​ប័ណ្ណ​របប​សន្តិសុខ​សង្គម (​បសស​) ដើម្បី​ទៅ​ទទួល​បាន​សំណង​នៅ​ក្រសួង​ការងារ ត្រឹម​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាងមុខ។

វិវាទ​ការងារ​រវាង​ក្រុម​បុគ្គលិក និង​ម្ចាស់​សណ្ឋាគារ​ហ្គ្រេតឌ្យូក​ភ្នំពេញ អតីត​សណ្ឋាគារ​អ៊ីនធ័រ​ខន់ធីណិនថល (Intercontinental) បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ៥​ខែ ចាប់​តាំង​ពី​ពេល​សណ្ឋាគារ​នេះ​បាន​ប្រកាស​បិទទ្វារ កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៩ ក្រោម​ហេតុផល​ក្ស័យធន បន្ទាប់​ពី​បើក​ដំណើរ​អាជីវកម្ម​អស់​រយៈពេល ២៣​ឆ្នាំ​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល