HRWដាក់​សម្ពាធ​ក្រុមហ៊ុន​បញ្ជា​​ទិញ​របស់​អាល្លឺម៉ង់​ឲ្យ​គោរព​​លក្ខខណ្ឌ​ការងារ​និង​សិទ្ធិ​កម្មករ

ដោយ អាន ស៊ីថាវ
2015-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​សហជីព​កម្មករ​លើក​បដា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ អេច្ឆ.អេន.អឹម (H&M) ពិចារណា​ដំឡើង​ប្រាក់​ឈ្នួល​គោល​កម្មករ ១៧៧​ដុល្លារ នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៤។
ក្រុម​សហជីព​កម្មករ​លើក​បដា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ អេច្ឆ.អេន.អឹម (H&M) ពិចារណា​ដំឡើង​ប្រាក់​ឈ្នួល​គោល​កម្មករ ១៧៧​ដុល្លារ នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Leng Maly

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Right Watch) បាន​ដាក់​សម្ពាធ​ក្រុមហ៊ុន​បញ្ជា​ទិញ​​ផលិត​ផល​សំខាន់ៗ របស់​អាល្លឺម៉ង់ ដូច​ជា​ក្រុមហ៊ុន​អាឌីដាស (Adidas) ក្រុម​ អេច្ឆ.អេន.អឹម (H&M) និង​ក្រុម​ហ៊ុន​​ធំៗ​ជា​ច្រើន​ទៀត ត្រូវ​តែ​ពិនិត្យ​មើល​ឡើង​វិញ​អំពី​សង្វាក់​ផលិតកម្ម​នៅ​កម្ពុជា។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ចេញ​របាយការណ៍​ផ្ទួន​ៗ​គ្នា នៅ​កំឡុង​​ខែ​មីនា​នេះ​ ដែល​គេ​បាន​រក​ឃើញ​ថា វិស័យ​កាត់​ដេរ​សំលៀក​បំពាក់​ដែល​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ នៅ​ក្នុង​សង្វាក់​ផលិតកម្ម​របស់​ខ្លួន។ អង្គការ​ដដែល​នេះ បាន​ក្រើន​រំលឹក​ដល់​រោងចក្រ​ដែល​ផ្គត់ផ្គង់​ទៅ​​អ្នក​បញ្ជាទិញ​ធំ​​ៗ នៅ​លើ​ទីផ្សារ​អន្តរជាតិ​នោះ ជា​ពិសេស​​រោងចក្រ​របស់​អាល្លឺម៉ង់ ដែល​ផ្គត់ផ្គង់​ម៉ាក​សំខាន់ៗ​ដូច​ជា ​អាឌីដាស់ ជា​ដើម ត្រូវ​លើក​កម្ពស់​ការ​​គោរព​សិទ្ធិមនុស្ស និង​សុវត្ថិភាព​តាម​រយៈ​​ការ​ធានា​ឲ្យ​​សង្វាក់​ផ្គត់ផ្គង់​​ឲ្យ​មាន​តម្លា​ភាព។

ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អាល្លឺម៉ង់ លោក វិនហ្សែល មិសាលស្គី (Wenzel Michalski) មាន​ប្រសាសន៍​ស្រប​ពេល​បញ្ចេញ​របាយការណ៍ កាល​ពី​ថ្ងៃ​ទី​២៧ មីនា​ថា ម៉ាក​​ផលិតផល​ អាឌីដាស គឺ​ម៉ាក​ល្បី​របស់​អាល្លឺម៉ង់ ដែល​ម្ចាស់​គ្រប់គ្រង​ត្រូវ​តែ​លើក​កម្ពស់​​សិទ្ធិ​កម្មករ និង​ធានា​លក្ខខណ្ឌ​ការងារ​ឲ្យ​កាន់​តែ​ប្រសើរ នៅ​ក្នុង​ប្រតិបត្តិការ​ផលិត​ចែកចាយ​លក់​នៅ​លើ​ទីផ្សារ​របស់​​ខ្លួន។

ម៉្យាង​វិញ​ទៀត ការ​អនុវត្ត​​ច្បាប់​​​ការងារ​ធូរ​រលុង​ គឺ​ជា​មូលហេតុ​ចម្បង​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់។ រោងចក្រ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា ​ជា​ច្រើន បាន​ផ្ដល់​កិច្ច​សន្យា​ការងារ​រយៈ​ពេល​ខ្លី ដើម្បី​គេចវេះ​លើ​ការ​ផ្ដល់​អត្ថប្រយោជន៍​​បន្ថែម​ចំពោះ​កម្មករ។ កម្មករ​ដែល​ទទួល​បាន​​​កិច្ច​សន្យា​ការងារ​ខ្លី​ទាំង​នោះ ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យ​បង្កើត​សហជីព ​ឬ​ទាមទារ​ឲ្យ​ថៅកែ​​ គោរព​សិទ្ធិ​ដល់​ពួក​គេ នឹង​មិន​ត្រូវ​គេ​​ឲ្យ​បន្ត​​ កិច្ច​សន្យា​ការងារ​ជា​ថ្មី​ឡើយ។ បន្ថែម​លើ​នេះ របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​រក​ឃើញ​ថា ផលិតផល​រោងចក្រ​កាត់​ដេរ​សំខាន់​ជា​ច្រើន ពុំ​មាន​វិធាន​ការ​គ្រប់គ្រាន់​និង​ជាក់លាក់ ដើម្បី​បញ្ចប់​លើ​ការ​ផ្ដល់​កិច្ច​សន្យា​ការងារ​រយៈ​ខ្លី។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា លោក ជាតិ ខេមរា មាន​ប្រសាសន៍​ថា ទោះ​បី​ជា​កិច្ច​សន្យា​ការងារ​ខ្លី ក៏​មិន​មាន​ផ្ដល់​ការងារ​ថ្មី​​ដល់​កម្មករ​ទៀត​ឡើយ ព្រោះ​​ស្ថានភាព​​​បញ្ជា​​ទិញ​​ទំនិញ​​ពី​អន្តរជាតិ​ធ្លាក់​ចុះ។ ម៉្យាង​វិញ​ទៀត លោក​បញ្ជាក់​​ថា កត្តា​ប្រាក់​ឈ្នួល​​អប្បបរមា​ខ្ពស់ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​បញ្ជា​ទិញ​​មួយ​ចំនួន​ងាក​ទៅ​​ទិញ​ពី​ប្រទេស​ដទៃ​ ជំនួស​​​ទិញ​ពី​ប្រទេស​កម្ពុជា៖ «ទម្លាក់​ថ្លៃ អា​ណា​ថោក គេ​ទិញ​អា​ហ្នុង​ហើយ។ ហ្នឹង​ល្បិច​រក​ស៊ី របៀប​របប​រក​ស៊ី។ …​មួយៗ​អត់​ចង់​រើស​កម្មករ​ទៀត​ទេ រោងចក្រ​មួយៗ​នៅ​ទ្រឹង​ទាំង​អស់»

ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ស្រាវជ្រាវ​នានា បាន​រក​ឃើញ​ថា​ រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា គួរ​តែ​​ផ្ដល់​លក្ខខណ្ឌ​ការងារ​សមរម្យ​សម្រាប់​កម្មករ ដោយ​សារ​តែ​កម្មករ​ម្នាក់​អាច​រក​ចំណូល​ ឲ្យ​ថៅកែ​រោងចក្រ​ យ៉ាង​ហោច​ណាស់​​ ២០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ជា​ពិសេស​រោងចក្រ​ដែល​ផ្គត់ផ្គង់​ម៉ាក​ផលិត​ផល​ល្បី​របស់​អាល្លឺម៉ង់ បើ​ទៅ​ជា​អ្នក​គ្រប់គ្រង​រោងចក្រ​នោះ ភាគ​ច្រើន​ជា​ជនជាតិ​ចិន ហុងកុង និង​តៃវ៉ាន់ ​ក៏​ដោយ។

បន្ថែម​លើ​នេះ យោង​តាម​គោលការណ៍​សិទ្ធិមនុស្ស និង​ធុរកិច្ច​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នានា​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​ការ​ការពារ​អំពី​ផល​ប៉ះពាល់​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ផលិត និង​ចែកចាយ​ផលិតផល​​​របស់​ខ្លួន។

ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អាល្លឺម៉ង់ លោក វិនហ្សែល មិសាលស្គី អះអាង​​ថា ការ​​គោរព​សិទ្ធិមនុស្ស ត្រូវ​តែ​ចាប់​ផ្ដើម​ពី​ក្រុម​​ហ៊ុន​បញ្ជា​ទិញ​របស់​អាល្លឺម៉ង់ ដើម្បី​ធានា​បទដ្ឋាន​សុវត្ថិភាព ថា​ផលិតផល​របស់​ខ្លួន​​ជា​ផលិត​ផល​ស្អាត​ស្អំ​សម្រាប់​អតិថិជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Be careful H&M, people could organize protests in U.S, Europe and Canada. This would give a bad press.

Mar 29, 2015 05:22 PM

គេហទំព័រ​ទាំងមូល