តំណាង​កម្មករ​រោងចក្រ​ហ៊ូលូ (HULU) ជួប​អាជ្ញាធរ​​ការងារ ស្នើសុំ​ឲ្យ​ដោះស្រាយ​ករណី​ថៅកែ​បញ្ឈប់​កម្មករ​ ដើម្បី​បិទ​​រោងចក្រ

ដោយ អាស៊ីសេរី
2020-05-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ ហ៊្វូ លូ (HULU Garment) ដែល​ក្រុមហ៊ុន​បញ្ឈប់​ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​មុខ​រោងចក្រ នៅ​ភូមិ​ព្រៃ​ទា ១ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទាមទារ​ក្រុមហ៊ុន​ឱ្យ​ផ្ដល់​ប្រាក់​បំណាច់​ឆ្នាំ។
កម្មករ​រោងចក្រ ហ៊្វូ លូ (HULU Garment) ដែល​ក្រុមហ៊ុន​បញ្ឈប់​ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​មុខ​រោងចក្រ នៅ​ភូមិ​ព្រៃ​ទា ១ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទាមទារ​ក្រុមហ៊ុន​ឱ្យ​ផ្ដល់​ប្រាក់​បំណាច់​ឆ្នាំ។
រូប៖ កម្មករ

តំណាង​កម្មករ​រោងចក្រ​ហ៊ូលូ (HULU Investment Cambodia) នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្នើសុំ​ឲ្យ​អាជ្ញាធរ​ទទួល​បន្ទុក​វិស័យ​ការងារ ដោះស្រាយ​ករណី​ថៅកែ​រោងចក្រ​បញ្ឈប់​កម្មករ ដើម្បី​បិទ​រោង​ចក្រ ដោយ​មិន​ផ្ដល់​សំណង​ត្រឹមត្រូវ តាម​ច្បាប់​ការងារ​ឲ្យ​កម្មករ។

ប្រធាន​សហព័ន្ធ​សហជីព​ឯករាជ្យ (INTUFE) លោក រី សិទ្ធីណែត ប្រាប់​ថា ក្នុង​ជំនួប​​នៅ​រសៀល​ថ្ងៃ​ទី៤ ឧសភា ក្រុម​កម្មករ​ស្នើសុំ​ឲ្យ​ខាង​រោងចក្រ ប្រាប់​ពី​មូលហេតុ​នៃ​ការ​បញ្ឈប់​កម្មករ និង​បញ្ជាក់​​ស្ថានភាព​រោងចក្រ​ថា បន្ត​បើក ឬ​បិទ។ ក្នុង​ករណី​បិទ​ទ្វារ​ ក្រុម​កម្មករ ស្នើសុំ​​ឲ្យ​ទូទាត់​សំណង ​ឲ្យ​កម្មករ​គ្រប់​ចំនួន​តាម​ច្បាប់។

ប្រធាន​សហជីព​រូប​នេះ ឲ្យ​ដឹង​ថា មន្ត្រី​ក្រសួង​ការងារ សន្យា​នឹង​កោះ​ហៅ​ភាគី​​រោងចក្រ​ហ៊ូលូ ចូល​ដោះស្រាយ​នៅ​ថ្ងៃ​ទី៥ ឧសភា ហើយ​នីតិវិធី​បន្ត គឺ​ខាង​ក្រសួង​នឹង​កោះ​ហៅ​ទាំង​ភាគី​តំណាង​កម្មករ និង​ថៅកែ ចូល​ដោះ​ស្រាយ​រួម​គ្នា។ ក្នុង​ករណី​វិវាទ​នេះ មិន​អាច​ដោះ​ស្រាយ​បាន ក្រសួង​ការងារ នឹង​បញ្ជូន​សំណុំ​រឿង​នេះ ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល។

លោក​បន្ត​ថា រោងចក្រ​នេះ បាន​ព្យួរ​ការងារ​កម្មករ ២ខែ​​ហើយ ចាប់​តាំង​ពី​ខែ​មីនា និង​ខែ​មេសា​ ​ ដោយ​ខាង​រដ្ឋបាល​រោង​ចក្រ​ បាន​ទូរស័ព្ទ​​ហៅ​កម្មករ​​​ទៅ​ជួប​ម្នាក់​ម្ដង និង​ណែនាំ​ឲ្យ​ដាក់​លិខិត​លា​ឈប់​ពី​ការងារ ដោយ​ប្រាប់​ថា ខាង​រោងចក្រ​បិទ​ទ្វារ​ ដោយសារ​គ្មាន​អ្នក​បញ្ជា​ទិញ។

កម្មករ​ខ្លះប្រាប់​ថា ខាង​រោងចក្រ​ទូទាត់​ប្រាក់​ឈ្នួល ប្រាក់​អតីតភាព ប្រាក់​បំណាច់ និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​ មិន​គ្រប់​ចំនួន​តាម​ច្បាប់​ការងារ ទើប​ពួក​គេ​ផ្ទុះ​ការ​តវ៉ា។ កម្មករ​បាន​ប្រ​មូល​ផ្ដុំ​គ្នា​តវ៉ា​ តាំង​ពី​ថ្ងៃ​ទី២៤ មេសា​មក។ កម្មករ​អះអាង​ថា ក្រោយ​ការ​តវ៉ា រោងចក្រ​បាន​ផ្អាក​បញ្ឈប់​កម្មករ​ខ្លះ ប្រហែល​ជិត ៤០០​នាក់ ដោយ​​តែ​បន្ត​ការ​ព្យួរ​ការងារ​ដដែល។

រោងចក្រ​នេះ មាន​កម្មករ​​សរុប ១.៣០០​នាក់ ថៅកែ​ជនជាតិ​ចិន និង​ដេរ​ផលិតផល យីហោ Adidas។ តែ​កម្មករ​មិន​ដឹង​ថា នាំ​ចេញ​ទៅ​ប្រទេស​ណា​ខ្លះ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល