កម្មករ​រោងចក្រ​ហាណា​បន្ត​តវ៉ា ខណៈ​កម្មករ​រោងចក្រ​ញូវបេស​ទទួល​បាន​ដំណោះស្រាយ ក្រោយ​តវ៉ា​ច្រើន​ខែ

ដោយ ម៉ៅ សុធានី
2020-07-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ ហាណា ខេមបូឌា (Hana Cambodia) បន្ត​ការ​តវ៉ា​រក​ប្រាក់ខែ នៅ​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២០ ដែល​ពួក​គាត់​អះអាង​ថា ថៅកែ​បិទ​រោងចក្រ​មិន​បាន​ជូន​ដំណឹង។
កម្មករ​រោងចក្រ ហាណា ខេមបូឌា (Hana Cambodia) បន្ត​ការ​តវ៉ា​រក​ប្រាក់ខែ នៅ​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២០ ដែល​ពួក​គាត់​អះអាង​ថា ថៅកែ​បិទ​រោងចក្រ​មិន​បាន​ជូន​ដំណឹង។
រូប៖ កម្មករ

កម្មករ​រោងចក្រ ហា​ណា (HANA (Cambodia) 1Inc) នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នាំគ្នា​តវ៉ា មុខ​រោងចក្រ​ទាំង​ថ្ងៃ ទាំង​យប់ បន្ត​ទៀត ករណី​ថៅកែ​បិទ​រោងចក្រ មិន​ផ្ដល់​សំណង​ត្រឹមត្រូវ តាមច្បាប់​ការងារ។ ចំណែក​កម្មករ​រោងចក្រ​ញូវបេស (NEW BEST GLOBAL TEXTILE CO., LTD.) នៅ​ខេត្ត​កំពង់ស្ពឺ​វិញ ទទួល​បាន​ដំណោះស្រាយ​ខ្លះ​ហើយ ក្រោយ​ការ​តវ៉ា​ជាង ៣​ខែ។

ក្រុម​កម្មករ​រោងចក្រ​ហាណា អះអាង​ថា ពួកគេ បណ្ដាក់​វេន​គ្នា​ដេក​យាម​នៅមុខ​រោងចក្រ​ទាំង​ថ្ងៃ ទាំង​យប់ ដើម្បី​បង្អាក់​ឡាន​ក្រុមហ៊ុន កុំ​ឱ្យ​ដឹកទំនិញ​ចេញ ព្រោះ​ថៅកែ​រោងចក្រ​ជនជាតិ​កូរ៉េ បាន​លួច​បិទ​រោងចក្រ​ស្ងាត់ៗ និង​មិន​ព្រម​ទូទាត់​សំណង​ឱ្យ​កម្មករ​ជាង​ប្រាំមួយ​រយ (៦៦៩) នាក់ ឱ្យ​ត្រឹមត្រូវ​តាមច្បាប់​ការងារ។

កម្មការិនី​រោងចក្រ ហាណា លោកស្រី ប៊ុន ចិន្តា ប្រាប់​អាស៊ីសេរី​ថា ក្រុមហ៊ុន​បាន​ព្យាយាម​ដឹកទំនិញ​ចេញពី​រោងចក្រ​ច្រើន​លើក​ច្រើនសា​ហើយ តាំងពី​ពេល​ចាប់ផ្ដើម​តវ៉ា ថ្ងៃ​ទី​២២ មិថុនា មក តែ​ខាង​កម្មករ​រារាំង​ជានិច្ច​។ លោកស្រី ថា តំណាង​ក្រសួង​ការងារ ធ្លាប់​បាន​កោះហៅ​តំណាង​កម្មករ​ទៅ​ចរចា​រក​ដំណោះស្រាយ​ដែរ តែ​មិន​ត្រូវរ៉ូវ​គ្នា ហើយ​ក្រុម​កម្មករ នឹង​ប្រមូល​ផ្ដុំគ្នា តវ៉ា​ទ្រង់ទ្រាយ​ធំ នៅ​មុខ​រោងចក្រ បើ​បន្ត​គ្មាន​ដំណោះស្រាយ​ទៀត។

រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ហា​ណា ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ។ ក្រុម​កម្មករ​ជាង​ប្រាំមួយរយ​នាក់ នៃ​រោងចក្រ​នេះ បាន​នាំ​គ្នា តវ៉ា កាលពី​ថ្ងៃ​ទី​២៣ មិថុនា ដោយសារ​ភាគី​រោងចក្រ​ប្រកាស​ក្ស័យធន​ភ្លាមៗ ព្រោះតែ​វិបត្តិ​ជំងឺ​កូវីដ១៩ (Covid-19)

ក្រុម​កម្មករ​បាន​ទាមទារ​លក្ខខណ្ឌ ៥​ចំណុច តាមច្បាប់​ស្ដីពី​ការងារ ដែល​តម្រូវ​ឱ្យ​ថៅកែ​បង់​ប្រាក់​ឱ្យ​កម្មករ និយោជិក នៅ​ពេល​បិទ​រោងចក្រ។ តែ​ខាង​ភាគី​ថៅកែ យល់ព្រម​បង់​ប្រាក់​ឱ្យ​តែ ៣​ចំណុច​ទេ ដោយ ២​ចំណុច​ទៀត ខាង​ក្រុមហ៊ុន​មិន​ព្រម​ទូទាត់​ឱ្យ​កម្មករ​ឡើយ។

ខាង​ភាគី​រោងចក្រ​ហាណា អះអាង​ថា រោងចក្រ​បាន​អនុវត្ត​ស្របតាម​ច្បាប់​ការងារ និង​គោលការណ៍​របស់​ក្រសួង​ការងារ​ហើយ។ រោងចក្រ​ហាណា បាន​ព្រមាន ប្ដឹង​កម្មករ បើ​នៅតែ​បន្ត​សកម្មភាព​រារាំង​ឡាន​ក្រុមហ៊ុន មិន​ឱ្យ​ដឹក​អីវ៉ាន់​ចេញពី​រោងចក្រ​ទៀត។

ប្រធាន​រដ្ឋបាល​រោងចក្រ ហាណា អ្នកស្រី ទី សុធីតា អះអាង​ថា កម្មករ​​រោងចក្រ​សរុប​ចំនួន ៦៦៩​នាក់ បាន​ព្រម​ទទួល​យក​លុយ​៣​ចំណុច ដែល​រោងចក្រ​ផ្ដល់​ឱ្យ និង​បាន​ផ្ដិតមេដៃ​បញ្ចប់​កិច្ចសន្យា និង​ប្រគល់​កាត​ជូន​ក្រុមហ៊ុន​វិញ អស់​ហើយ តាំងពី​ថ្ងៃ​ទី​២៥ មិថុនា​មក​។ អ្នកស្រី ចោទ​ថា មាន​ការ​ញុះញង់​ពី​ខាងក្រៅ ទើប​កម្មករ​ចំនួន​៥០​នាក់ ទាមទារ​បន្ថែម​ពីរ​ចំណុច​ទៀត ដែល​ធ្វើ​ឱ្យ​មាន​ការ​តវ៉ា មក​ដល់​ពេល​នេះ។

ទោះជា​យ៉ាងណា អ្នកគ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ យល់​ថា វិវាទ​នេះ គឺ​ផ្ដើម​ចេញ​ពី​ភាព​មិន​ច្បាស់​លាស់​នៃ​សេចក្ដី​បំភ្លឺ​របស់​អគ្គនាយកដ្ឋាន​អធិការកិច្ច​ក្រសួង​ការងារ ដែល​បំភ្លឺ​ថា ការ​បិទ​រោងចក្រ​ក្នុង​ស្ថានភាព​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ១៩ មិន​ចាំបាច់​ទូទាត់​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត និង​ប្រាក់​ជូនដំណឹង​។ លោក ឃុន ថារ៉ូ អះអាង​ថា ការ​បំភ្លឺ​របស់​មន្ត្រី​ក្រសួង​ការងារ គឺ​ផ្ទុយ​ពី​ច្បាប់​ការងារ និង​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​កម្មករ។ «»

អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅ​ថ្ងៃ​ទី៤ កក្កដា ដោយសារ លោក​មិន​ទទួល​ទូរស័ព្ទ​។ តែ​យ៉ាងណា ក្នុង​កំណត់ហេតុ​របស់​អនុប្រធាន​គណៈកម្មកា​រដោះ​ស្រាយ​កូដកម្ម បាតុកម្ម​គ្រប់មុខ​សញ្ញា លោក ខៀវ សាវុធ បង្ហាញ​ថា ការចរចា​គ្នា នៅ​ថ្ងៃ​ទី​២៩ មិថុនា មិន​សះ​ជា​ទេ ដោយសារ​ភាគី​ខាង​កម្មករ និយោជិក ជម្នះ​ទាមទារ ៥​ចំណុច​ដដែល ឯ​ភាគី​រោងចក្រ ទូទាត់​តែ​៣​ចំណុច​។ មន្ត្រី​ក្រសួង​ការងារ​រូប​នេះ មិនបាន​បង្ហាញ​ថា តើ​នឹង​បន្ត​ដោះស្រាយ ឬ​ត្រូវ​បញ្ជូន​វិវាទ​នេះ ទៅ​ស្ថាប័ន​ណា​បន្ត​ទេ ដោយ​លោក​ស្នើសុំ​ឱ្យ​ភាគី​ទាំងពីរ ស្ដាប់​ការរៀបចំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ស្រប​ពេល​ដែល​កម្មករ​រោងចក្រ​ហាណា កំពុង​បន្ត​ការ​តវ៉ា​ដដែល កម្មករ​មួយ​ក្រុម​ទៀត នៅ​ខេត្ត​កំពង់ស្ពឺ ដែល​មាន​វិវាទ​ការងារ​ជាមួយ​ថៅកែ​រោងចក្រ ញូវបេស (NEW BEST GLOBAL TEXTILE CO., LTD.) បាន​បញ្ចប់​ការ​តវ៉ា​ហើយ នៅ​ថ្ងៃ​ទី​៣ កក្កដា ក្រោយ​មាន​ដំណោះស្រាយ។

កម្មករ​រោង​ចក្រ​ញូវបេស ម្នាក់ លោកស្រី ព្រុំ តុលា ប្រាប់​ថា ក្រុម​កម្មករ​នាំគ្នា​ឈប់​តវ៉ា​មុខ​រោងចក្រ​ទៀត​ហើយ ក្រោយពី​ទទួល​បាន​ប្រាក់​ឈ្នួល​ខែ​ចុងក្រោយ ប្រាក់​ឈប់សម្រាក​ប្រចាំឆ្នាំ ប្រាក់​បំណាច់​អតីតភាព​ការងារ និង​ប្រាក់​លំហែ​មាតុភាព​។ តែ​យ៉ាងណា លោកស្រី ថា កម្មករ​មិនទាន់​ទទួល​បាន​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត និង​ប្រាក់​ជូនដំណឹង​ទេ។ «»

ក្រុម​កម្មករ​នៃ​រោងចក្រ​ញូវបេស បាន​តវ៉ា​មុខ​រោងចក្រ ជាង​៣​ខែ​មក​ហើយ ដោយសារ​ថៅកែ​រត់ចោល​រោងចក្រ មិន​ព្រម​ទូទាត់​សំណង​ឱ្យ​កម្មករ​។ វិវាទ​នេះ បាន​ឈាន​ដល់​ដំណាក់កាល​តុលាការ ដោយ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​ដីកា​អនុវត្ត​ចាត់ចែង​រក្សា​ការពារ​ទ្រព្យសម្បត្តិ​របស់​រោងចក្រ កាល​ថ្ងៃ​ទី​២៤ ខែ​មីនា តែ​នៅ​បន្ត​ដោះស្រាយ​មិន​ចេញ រហូត​ដល់​ក្រុម​កម្មករ លើកគ្នា​តវ៉ា​នៅមុខ​ក្រសួង​ការងារ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ ពី​ឧកញ៉ា អ៊ឹង ស្រ៊ុនទ្រី ដែល​កម្មករ​អះអាង​ថា ជា​ម្ចាស់​អគារ​នៃ​រោង​ចក្រ​ញូវបេស និង​ជា​អ្នក​ចេញមុខ​ដោះស្រាយ​វិវាទ​នេះ ជំនួស​ថៅកែ​ជនជាតិ​ចិន បានទេ នៅ​ថ្ងៃទី៤ កក្កដា។

មន្ត្រី​ចងក្រង និង​ដោះស្រាយ​វិវាទ​នៃ​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី ម៉ន ចាន់ណា យល់​ថា ត្បិត​តែ​តំណាង​រោងចក្រ បាន​យល់ព្រម​ទូទាត់​លុយ ឱ្យ​កម្មករ តែ​មិនទាន់​គ្រប់​ចំនួន​តាមច្បាប់​ការងារ​ទេ ដែល​នៅតែ​ធ្វើ​ឱ្យ​កម្មករ​ខាត​ប្រយោជន៍​។ អ្នកស្រី បន្ត​ថា សហជីព នឹង​ដាក់​លិខិត​ទាមទារ​អត្ថប្រយោជន៍​របស់​កម្ម​ករ ឱ្យ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ ទៅ​ក្រុម​អ្នកបញ្ជា​ទិញ​បន្ត​ទៀត។

រោងចក្រ​ញូវបេស ស្ថិតនៅ​ឃុំ​កាហែង ស្រុក​សំរោងទង គឺជា​រោងចក្រ​ផលិត​ខោ​អាវ​បុរស ស្ត្រី និង​ក្មេង ម៉ាក ព្រីម៉ាក និង​អាឌែន (Primark & Ardene) ដែល​មាន​កម្មករ​ធ្វើការ​សរុប​ជិត​៨​រយ​នាក់ (៧៦៤)

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ អះអាង​ថា តាម​តួលេខ​ក្រសួង​ការងារ គិត​ត្រឹម​ដើម​ខែ​កក្កដា មាន​រោងចក្រ ជាង ២៥០​រោងចក្រ មាន​ព្យួរ​ការងារ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ ហើយ​មាន​កម្មករ ជាង ១​សែន ៣​ម៉ឺន​នាក់ បាន​រង​ផល​ប៉ះពាល់​ពី​ការ​ព្យួរ​ការងារ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល