កម្មករ​កាត់ដេរ​នៅ​រោងចក្រ​មួយ​ក្រុង​ភ្នំពេញ ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​រំលឹក​អតីតភាព​ការងារ

ដោយ ថន ថារ៉ូ
2019-08-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​កម្មករ​រោងចក្រ​ ហ៊ឹង ជីង (Hoeng Chhing Garment Factory) ក្នុង​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​ នាំគ្នា​ធ្វើបាតុកម្ម ទាមទារ​ប្រាក់​រំលឹក​អតីតភាព​ការងារ​ពី​ថៅកែ នៅ​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៩។
សកម្មភាព​កម្មករ​រោងចក្រ​ ហ៊ឹង ជីង (Hoeng Chhing Garment Factory) ក្នុង​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​ នាំគ្នា​ធ្វើបាតុកម្ម ទាមទារ​ប្រាក់​រំលឹក​អតីតភាព​ការងារ​ពី​ថៅកែ នៅ​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៩។
Photo Provided

កម្មករ​កាត់ដេរ​ប្រមាណ ៥០​នាក់​ដែល​ធ្វើការ​អស់​ជាច្រើន​ឆ្នាំ នៅ​រោងចក្រ ហ៊ឹង ជីង (Hoeng Chhing Garment Factory) ក្នុង​សង្កាត់​ស្ទឹងមានជ័យ នាំគ្នា​ធ្វើបាតុកម្ម ទាមទារ​ប្រាក់​រំលឹក​អតីតភាព​ការងារ​ពី​ថៅកែ ជាច្រើន​ដង​តែ​មិន​នៅ​ទាន់​ទទួល​បាន។ ចំណែក​តំណាង​រោងចក្រ ស្នើ​ឱ្យ​កម្មករ​វិល​ចូល​ធ្វើ​ការ​វិញ និង​អត់ធ្មត់​រង់ចាំ​ការ​ដំណោះស្រាយ​នៅ​ចុងខែ​កញ្ញា ពីព្រោះ​ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ គ្មាន​ប្រាក់​គ្រប់​គ្រាន់​បើក​ឱ្យ​កម្មករ។

ក្រុម​កម្មករ​ដែល​ភាគច្រើន​ជា​ស្ត្រី​ធ្វើការ​នៅ​រោងចក្រ ហ៊ឹង ជីង មិន​តិច​ជាង​៥​ឆ្នាំ ឱ្យ​ដឹង​ថា ក្រុមហ៊ុន​មិន​បាន​គោរព​ទៅ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ ដែល​តម្រូវ​ឱ្យ​ថៅកែ​បើកប្រាក់​រំលឹក​អតីតភាព​ការងារ ២​ដង ក្នុង​ ១​ឆ្នាំ។

កម្មការិនី​ផ្នែក​ដេរ លោកស្រី ពៅ លីណា ដែល​ធ្វើការ​នៅ​រោងចក្រ​មួយ​នេះ ៨​ឆ្នាំ​ហើយ ថ្លែង​ថា ខាង​ថៅកែ​រោងចក្រ​ចេះតែ​ពន្យារពេល ៥​ដង​ហើយ នៅតែ​មិន​ព្រម​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ឱ្យ​ពួកគាត់​នៅឡើយ​ទេ។ លោកស្រី ពៅ លីណា យល់​ថា ភាគី​ហាក់បីដូចជា​ចង់​គេចវេះ​ពី​រឿង​នេះ ក្រោយពី​ឮ​ដំណឹង​ថា ថៅកែ​ចង់​បិទ​រោងចក្រ​ដោយ​ប្រកាស​ថា ក្ស័យធន​។ កម្មការិនី​ផ្នែក​ដេរ ស្នើ​ដល់​អធិការកិច្ច​ក្រសួង​ការងារ​ជួយ​ចុះ​ដោះស្រាយ​ឱ្យ​កម្មករ​ផង៖ «និយាយ​ទៅ​ពួក​ខ្ញុំ សំណូមពរ​តែ​ខាង​ក្រសួង និង​ខាង​អាជ្ញាធរ​ទេ និង​ខាង​កាសែត​ជួយ​ផ្ដល់​ព័ត៌មាន​ឱ្យ​ពួកគាត់​មក​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​ផង ព្រោះ​រឿង​ហ្នឹង​មិន​ឥឡូវៗ​ទេ គឺ​៤ ទៅ​ ៥​សា​​ហើយ​។ រឿង​លុយ​ហ្នឹង​ខាង​ក្រសួង​ក៏​គាត់​ដឹង​ដែរ​ថា ​ខាង​ក្រុមហ៊ុន​គាត់​មាន​បញ្ហា​ហ្នឹង ហើយ​អត់​ធ្វើការ​រហូត។ ហើយ​សូម​ឱ្យ​ខាង​ក្រសួង​មក​សម្របសម្រួល​បញ្ហា​ហ្នឹង»

ចំណែក​កម្មករ​ម្នាក់ទៀត​ដែល​ធ្វើការ​ជាង ៥​ឆ្នាំ លោក គឹម រិទ្ធី លើកឡើង​ចំនួន​ទឹកប្រាក់​រំលឹក​អតីតភាព​ការងារ​សម្រាប់​កម្មករ​ម្នាក់​គឺ ចន្លោះ​ពី​ ៨០​ដុល្លារ ដល់​១​រយ​ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែ​ខាង​រដ្ឋបាល​រោងចក្រ​ឆ្លើយ​ថា គ្មាន​ប្រាក់​បើក​ឱ្យ​កម្មករ​នៅ​ពេល​នេះ​ទេ​។ លោក គឹម រិទ្ធី បន្ត​ថា ប្រាក់​អតីតភាព​ការងារ​នេះ គឺ​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​កម្មករ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ៖ «រឿង​លុយ​ធម្មតា​ទេ កម្មករ​គាត់​ធ្វើការ​ដើម្បី​លុយ​។ រឿង​លុយ​អតីតភាព​ការងារ ខាង​ក្រសួង​គាត់​ប្រកាស​មក​ហើយ​ថា ខាង​ក្រុមហ៊ុន​និយោជក​ហើយ​គ្រប់​សហគ្រាស​បើក​ឱ្យ​ហ្នឹង គឺ​កម្មករ​គាត់​ចង់​បាន។ ធម្មតា ឱ្យ​តែ​ខាង​ក្រសួង និង​សម្ដេច​គាត់​ប្រកាស​ម​កថា បើក​ឱ្យ​កម្មករ កម្មករ​យក​លុយ​ហ្នឹង​បែង​ចែក​ហើយ ព្រោះ​ធម្មតា ត្រូវ​ជួល​ថ្លៃ​ផ្ទះ​គេ​ផង ហូបចុក​ផង​ហើយ​ផ្ញើ​ឱ្យ​កូនចៅ​ឈឺ​ស្កាត់​អី​ផង​។ គាត់​ចេះតែ​ចង់បាន​ហើយ ឱ្យ​តែ​ខាង​ក្រសួង​គាត់​ប្រកាស​អ៊ីចឹង គាត់​អរ​ណាស់»

ប្រធាន​រដ្ឋបាល​ខាង​រោងចក្រ ហ៊ឹង ជីង លោកស្រី អួយ ណៃស៊ីម ប្រាប់​អាស៊ីសេរី​ថា ថៅកែ​រោងចក្រ​នៅតែ​រក្សា​ជំហរ​ដោះស្រាយ​រឿង​នេះ​ឱ្យ​កម្មករ ទៅតាម​ការណែនាំ​របស់​ក្រសួង​ការងារ។ លោកស្រី អួយ ណៃស៊ីម ស្នើ​ដល់​កម្មករ​ទាំងអស់​យោគយល់​ដល់​ក្រុមហ៊ុន​នៅ​ពេល​នេះ ដោយសារ​ទំនិញ​មិនទាន់​បញ្ជូន​ចេញ​ទៅ​អ្នក​បញ្ជា​ទិញ ហើយ​ប្រាក់​ក៏​មិនទាន់​បង្វិល​ចូល​ក្រុមហ៊ុន​ដែរ។ តំណាង​រោងចក្រ​រូប​នេះ បញ្ជាក់​ថា ថៅកែ​នឹង​គិតគូរ​ទូទាត់​ប្រាក់​រំលឹក​អតីតភាព​ការងារ​ឱ្យ​កម្មករ​នៅ​ត្រឹម​ដំណាច់​ខែក្រោយ៖ «មួយ​រយៈពេល​ហ្នឹង អីវ៉ាន់​ខ្ញុំ​អត់​មាន​ចេញ​អ៊ីចឹង។ ហើយ​ប៉ុន្មាន​ថ្ងៃនេះ អីវ៉ាន់​ខ្ញុំ​ក៏​នាំចូល​ច្រើន ហើយ​ទម្រាំ​តែ​អីវ៉ាន់​វា​ចេញ គឺ​ដល់​ខែ​៩​។ ខែ​៩ ថ្ងៃ​ទី​៣០ បាន​ខ្ញុំ​បង្វិល​លុយ​ទាន់​បើក​ឱ្យ​គាត់​។ អ៊ីចឹង​! ខ្ញុំ​សូម​ថ្ងៃ​ទី​៣០ អា​ហ៊ា​គាត់​និយាយ​អ៊ីចឹង​។ អីវ៉ាន់​ខ្ញុំ​បង្វិល​ទាន់ ខ្ញុំ​នឹង​បើក​ឱ្យ​គាត់​អស់ហើយ​។ អត់​ទុក​ទេ ពី​ព្រោះ​ថា អត់​ចង់​ធ្វើ​អី​ឱ្យ​ខុសច្បាប់​ការងារ​ដែរ​។ តែ​កម្មករ​គាត់​ក្រឡុក​ទៅ​ក្រឡុក​មក គាត់​អត់​ព្រម​ដែរ គាត់​នាំគ្នា​ចេញ​មុន​ម៉ោង​។ គាត់​ដេរ​ឱ្យ​ខ្ញុំ​អត់​ចេញ​ចំនួន។ ដល់​ពេល​អ៊ីចឹង! វា​ស្ទះ​អីវ៉ាន់​ខ្ញុំ​ចេញ​អត់​ដល់ដៃ​អ្នក​កុម្ម៉ង់ (Order)។ ដល់​អ៊ីចឹង​! វា​ធ្វើ​ឱ្យ​ខ្ញុំ​ស្ទះ​លុយ​នៅ​ហ្នឹង»

មន្ត្រី​អធិការកិច្ច​ក្រសួង​ការងារ លោក ឈុត រ៉ាវុធ ប្រាប់​អាស៊ីសេរី​ថា ខាង​ក្រសួង​បាន​ចុះ​ទៅ​រំលឹក​និង​ដាក់​ពិន័យ​ថៅកែ​រោងចក្រ ហ៊ឹង ជីង ម្ដង​រួច​មក​ហើយ រឿង​មិន​បើកប្រាក់​រំលឹក​អតីតភាព​ការងារ​​ឱ្យ​កម្មករ។ លោក ឈុត រ៉ាវុធ មិន​ទាន់​អាច​ប្រាប់​បាន​ទេ អំពី​ចំណាត់​របស់​ក្រសួង​ថា នឹង​ធ្វើ​អ្វី​បន្ត​ទៀត ដោយ​ត្រូវ​រង់ចាំ​ការសម្រេច​ពី​ថ្នាក់លើ​ដោះស្រាយ​បញ្ហា​នេះ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ នៅ​ថ្ងៃ​ទី​១៤ សីហា បាន​នៅឡើយ​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

មន្ត្រី​ផ្នែក​ច្បាប់​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវ​ឌូ (C-CAWDU) លោក ស៊ា​ង យ៉ូ​ត ដែល​តាមដាន​រឿង​នេះ យល់ថា​ក្រសួង​ការងារ អាច​ប្រើ​​យន្តការ ដែល​ធ្លាប់​ប្រើ​កន្លងមក គឺ​ផ្ដល់​ប្រាក់​បុរេប្រទាន​ដល់​កម្មករ​ជា​មុន​សិន ហើយ​ចាំ​ពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ជា​ក្រោយ​ក៏បាន៖ «មើល​រូបមន្ត​តាំងពី​ឆ្នាំ​២០១៧ ២០១៨ ហើយ​ដោយសារតែ​សហគ្រាស​មួយ​ចំនួន​ត្រូវ​បាន​ថៅកែ​រត់ចោល អត់​មាន​លទ្ធភាព ហើយ​ក្ស័យធន​អ៊ីចឹង​ទៅ រដ្ឋាភិបាល​បាន​ចេញ​ប្រាក់​បុរេប្រទាន​របស់​ខ្លួន​ដើម្បី​ជួយ​សម្រួល​ឱ្យ​បងប្អូន​កម្មករ​ដែល​ទាក់ទង​នឹង​ច្បាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហើយ​ថ្មីៗ​ ហ្នឹង ប្រកាស​៤៤៣ ក៏​ទាក់ទង​នឹង​ប្រាក់​រំលឹក​អតីតភាព​ការងារ​ហ្នឹង​ដែរ​។ អ៊ីចឹង​! ក្រសួង​ការងារ​គាត់​ចេញ​មក ដើម្បី​ឱ្យ​និយោជក​អនុវត្ត។ បើសិនជា​អត់​អនុវត្ត​ទេ អ៊ីចឹង​ក្រសួង ​និង​និយោជក​ ត្រូវតែ​ធ្វើការ​ដោះស្រាយ​រឿង​ហ្នឹង និង​បើក​ឱ្យ​បងប្អូន​កម្មករ»

ក្នុង​នៅ​សេចក្ដីណែនាំ​អំពី​ការ​បើក​ប្រាក់​រំលឹក​អតីតភាព​ការងារ​មុខ​ឆ្នាំ​២០១៩​ របស់​ក្រសួង​ការងារ កាល​ខែ​មីនា​ ២០១៩ ក្រសួង​តម្រូវ​ឱ្យ​សហគ្រាស គ្រឹះស្ថាន​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​ទាំងអស់ ត្រូវ​បើក​រំលឹក​ប្រាក់​អតីតភាព មិន​អាច​លើស​ពី ៦​ខែ នៃ​ប្រាក់​ឈ្នួល​សុទ្ធសាធ គិត​ជា​មធ្យម​តាម​ឆ្នាំ​នីមួយៗ ដែល​ស្មើនឹង​ចំនួន ១៥៦​ថ្ងៃ។ ត្រង់​ចំណុច​នេះ កម្មករ​គឺ​ត្រូវ​ទទួល​បាន​ប្រាក់​រំលឹក អតីតភាព​ការងារ ចាប់ពី​ឆ្នាំ​២០០៨ រហូតដល់​ឆ្នាំ​២០១៨ គឺ​ស្មើនឹង​ចំនួន ១៥៦​ថ្ងៃ។ លើក​ទី​១ ត្រូវ​បើក​ឱ្យ​កម្មករ​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៩ និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២០។

ក្រសួង​ការងារ​បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​២០០៨ រហូត​ដល់​ឆ្នាំ​២០១៨ ចំពោះ​ឆ្នាំ​ការងារ​ដំបូង​ដែល​ជា​មូលដ្ឋាន​ត្រូវ​រំលឹក​អតីតភាព​ការងារ កម្មករ​និយោជិក​ពេញ​សិទ្ធិ ដែល​បាន​បំពេញការងារ​ជាប់​ជានិច្ច ចាប់ពី​១​ខែ ដល់​៦​ខែ ត្រូវ​ទទួល​បាន​ប្រាក់​បំណាច់​អតីតភាព​ការងារ ស្មើ​នឹង​ចំនួន ៧​ថ្ងៃ។ ប្រសិនបើ​បំពេញការងារ​បាន​លើស​ពី ៦​ខែ ត្រូវ​គិត​ស្មើនឹង ​១​ឆ្នាំ​ពេញ ដោយ​ត្រូវ​ទទួល​បាន​ប្រាក់​បំណាច់​អតីតភាព​ការងារ​ស្មើ​នឹង​ចំនួន ១៥​ថ្ងៃ ក្នុង ​១​ឆ្នាំ។

រោងចក្រ​ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ស្ទឹងមានជ័យ គឺជា​រោងចក្រ​ដែល​ទទួល​ផលិត​មិន​ទាន់​សម្រេច​បន្ត​ពី​រោងចក្រ​ដទៃ ដោយមាន​កម្មករ​ធ្វើការ​សរុប ១៤០​នាក់​។ កម្មករ​ខ្លះ​ជា​កម្មករ​ជាប់​កិច្ចសន្យា​រយៈពេល​ខ្លី និង​កម្មករ​ខ្លះ​ទៀត ជា​កម្មករ​ទទួល​បាន​ឈ្នួល​ប្រចាំថ្ងៃ​។ ក្រុម​កម្មករ​ដែល​ទាមទារ​ប្រាក់​រំលឹក​អតីតភាព​ការងារ ប្រកាន់​ជំហរ​ថា ពួកគាត់​នឹង​បន្ត​ការ​តវ៉ា​មុខ​រោងចក្រ​ត​ទៅ​ទៀត ដរាប​មាន​ដំណោះស្រាយ​ពី​ខាង​ក្រសួង​ការងារ តម្រូវ​ឱ្យ​ថៅកែ​រោងចក្រ បើក​ប្រាក់​ខែ​​ឱ្យ​​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល