កម្មករ​រោងចក្រ​ហ៊ូលូ (HULU) តវ៉ា ទាមទារ​ប្រាក់​អត្ថប្រយោជន៍​តាម​ផ្លូវ​ច្បាប់ ក្រោយ​ពេល​ថៅកែ​ជូន​ដំណឹង​អំពី​ការ​បិទ​រោងចក្រ

ដោយ អាស៊ីសេរី
2020-04-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ ហ៊្វូ លូ (HULU Garment Co. Ltd.) នៅ​ភូមិ​ព្រៃ​ទា ១ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នាំ​គ្នា​តវ៉ា​មុខ​រោងចក្រ នៅ​ថ្ងៃ​ទី២៣ ខែមេសា ឆ្នាំ២០២០ ទាមទារ​ក្រុមហ៊ុន​ឱ្យ​ផ្ដល់​ប្រាក់​បំណាច់​ឆ្នាំ។
កម្មករ​រោងចក្រ ហ៊្វូ លូ (HULU Garment Co. Ltd.) នៅ​ភូមិ​ព្រៃ​ទា ១ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នាំ​គ្នា​តវ៉ា​មុខ​រោងចក្រ នៅ​ថ្ងៃ​ទី២៣ ខែមេសា ឆ្នាំ២០២០ ទាមទារ​ក្រុមហ៊ុន​ឱ្យ​ផ្ដល់​ប្រាក់​បំណាច់​ឆ្នាំ។
រូប៖ កម្មករ

ក្រុម​កម្មករ​រោងចក្រ​ហ៊ូលូ (HULU Garment Factory) ជា​ច្រើន​នាក់ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ ដើម្បី​ទាមទារ​សំណង​​ប្រាក់​អត្ថប្រយោជន៍ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ ក្រោយ​ពេល​ពួក​គេ​ទទួល​បាន​ដំណឹង​ថា ថៅកែ​នឹង​បិទ​រោងចក្រ។

កម្មការិនី​ម្នាក់ លោកស្រី ហុក ហឿន ប្រាប់​អាស៊ី​សេរី​ថា ក្រុម​កម្មករ​ បាន​ជួបជុំ​គ្នា​មុខ​រោងចក្រ នៅ​ព្រឹក​ថ្ងៃ​ទី២៧ មេសា ប្រហែល​ជាង ១០០នាក់ ក្នុង​ចំណោម​កម្មករ ១.៣០០​នាក់ ដើម្បី​តវ៉ា សុំ​ឲ្យ​ថៅកែ​ពន្យល់​ប្រាប់​កម្មករ​ឲ្យ​ច្បាស់​ថា រោងចក្រ​នៅ​បន្ត ឬ​បិទ​ទ្វារ និង​ទាមទារ​ឲ្យ​ទូទាត់​សំណង។

លោកស្រី អះអាង​ថា បើ​ទោះ​កម្មករ​តវ៉ា​ពេញ​មួយ​ព្រឹក តែ​ខាង​រោងចក្រ​មិន​បាន​ចេញ​មក​ដោះ​ស្រាយ​ឱ្យ​កម្មករ​នោះ​ទេ ហើយ​កម្មករ​បាន​រំសាយ​ការ​តវ៉ា​វិញ នៅ​ពេល​ថ្ងៃ​ត្រង់។ លោកស្រី​បន្ត​ថា ក្រុម​កម្មករ បាន​ពឹង​ពាក់​សហជីព​ដាក់​ញត្តិ ទៅ​ក្រសួង​ការងារ ដើម្បី​រក​ដំណោះ​ស្រាយ​បន្ត​ទៀត។ កម្មករ​រូប​នេះ សម្ដែង​ការ​ហួស​ចិត្ត​នៅ​ពេល មាន​​អតីត​ភាព​ការងារ​នៅ​រោងចក្រ​ហ៊ូលូ​ជាង​​៩​ឆ្នាំ តែ​ទទួល​បាន ប្រាក់​អត្ថ​ប្រយោជន៍​សរុប​ ជាង ៣០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

អាស៊ី​សេរី មិន​មាន​​ប្រភព​ខាង​​ភាគី​​រោងចក្រ​ហ៊ូលូ (HULO) ដើម្បី​សុំ​ការ​បញ្ជាក់​ទេ ពី​ករណី​បញ្ឈប់​កម្មករ និង​ទូទាត់​សំណង​មិន​គ្រប់​ចំនួន​នេះ នៅ​ថ្ងៃ​ទី២៧ មេសា។ បើ​ទោះ​យ៉ាង​ណា រដ្ឋ​លេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ ធ្លាប់​បញ្ជាក់​ថា កម្មករ​អាច​ប្ដឹង​ទៅ​ក្រសួង​ការងារ ករណី​ថៅកែ​ទូទាត់​សំណង​​​មិន​គ្រប់​ចំនួន។

រោងចក្រ ហ៊ូលូ បាន​ព្យួរ​ការងារ​កម្មករ​មួយ​ខែ​មក​ហើយ ​ចាប់​​ពី​ថ្ងៃ​ទី២៤ មីនា។ នៅ​ជិត​ដល់​ថ្ងៃ​កំណត់​បញ្ចប់​ការ​ព្យួរ​កិច្ច​សន្យា​ការងារ​​ ខាង​រដ្ឋបាល​រោង​ចក្រ​ បាន​ទូរស័ព្ទ​ ហៅ​កម្មករ​​ម្ដង​ម្នាក់ ទៅ​ជួប និង​ណែនាំ​ឲ្យ​ដាក់​លិខិត​លា​ឈប់​ពី​ការងារ ដោយ​ប្រាប់​ថា ខាង​រោងចក្រ​បិទ​ទ្វារ​ ដោយសារ​គ្មាន​អ្នក​បញ្ជា​ទិញ។ កម្មករ​ថា ខាង​រោងចក្រ​បាន​ទូទាត់​ប្រាក់​ឈ្នួល អតីតភាព ប្រាក់​បំណាច់ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ មិន​គ្រប់​ចំនួន តាម​ច្បាប់​ការងារ​នោះ​ទេ ទើប​ពួក​គេ​ផ្ទុះ​ការ​តវ៉ា៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល