ក្រសួងពាណិជ្ជកម្ម​រៀបចំ​ការ​ប្រកួត​គម្រោង​អាជីវកម្ម​ខាង​វិស័យ​បច្ចេកវិទ្យា

ដោយ ចេង ម៉េងជូ
2015-07-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ថ្លែង​បើក​កម្មវិធី​ប្រកួត​គម្រោង​អាជីវកម្ម​នា​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៥។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ថ្លែង​បើក​កម្មវិធី​ប្រកួត​គម្រោង​អាជីវកម្ម​នា​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Cheng Mengchou

ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា រៀបចំ​កម្មវិធី​ប្រកួតប្រជែង​គម្រោង​អាជីវកម្ម​ខាង​វិស័យ​បច្ចេកវិទ្យា ក្រោយ​ពី​បាន​រៀបចំ​ការ​ប្រកួត​ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា សម្រាប់​អាជីវកម្ម​ក្នុង​វិស័យ​ច្នៃប្រឌិត និង​កាល​ពី​ថ្ងៃ​ទី​១១ កក្កដា សម្រាប់​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម។

មន្ត្រី​ទទួលបន្ទុក​រៀបចំ​កម្មវិធី​នេះ លោក ផុន ចាន់សក្តិ មាន​ប្រសាសន៍​ថា គម្រោង​របស់​ក្រសួង​ពាណិជ្ជកម្ម​នេះ ចង់​ជំរុញ​ឲ្យ​សហគ្រិន​ក្នុង​គ្រប់​វិស័យ​ទាំង​អស់​ដែល​ចូលរួម​ក្នុង​ការ​ប្រកួត​នេះ ចេះ​ទាញ​យក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​អ៊ីនធឺណិត​សម្រាប់​ការ​ធ្វើ​អាជីវកម្ម។ កម្មវិធី​នេះ​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា។

កម្មវិធី​បណ្ដុះបណ្ដាល​របស់​ក្រសួង​ពាណិជ្ជកម្ម​នេះ មាន ៤​ដំណាក់កាល។ ដំណាក់កាល​ទី​១ ជា​ដំណាក់កាល​ជ្រើស​យក​ម្ចាស់​គំនិត​អាជីវកម្ម​ចំនួន ១០១ ដែល​លេចធ្លោ​ជាង​គេ។ ដំណាក់កាល​ទី​២ ជា​ដំណាក់​កាល​ដែល​ម្ចាស់​គំនិត​អាជីវកម្ម​ទាំង ១០១ ទទួល​ការ​បណ្ដុះបណ្ដាល​សមត្ថភាព​បន្ថែម​ពី​អ្នក​ជំនាញ​ទៅ​តាម​វិស័យ​នីមួយៗ​នៃ​ផែនការ​អាជីវកម្ម​របស់​ពួកគេ។ ឯ​ដំណាក់កាល​ទី​៣ ជា​ពេល​ដែល​ត្រូវ​ដាក់​តាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន​នៅ​តាម​ទីផ្សារ​ជាក់ស្ដែង។ នៅ​ដំណាក់កាល​ចុង​ក្រោយ ម្ចាស់​គំនិត​អាជីវកម្ម​ចំនួន ១០ ដែល​លេចធ្លោ​បំផុត​នឹង​មាន​ឱកាស​បង្ហាញ​គំនិត​អាជីវកម្ម​របស់​ខ្លួន​ដល់​អ្នក​វិនិយោគ​ដោយ​ផ្ទាល់ ដើម្បី​ទទួល​បាន​ទុន​សម្រាប់​ការ​អនុវត្ត​ជាក់ស្ដែង។

​នៅ​ក្នុង​កម្មវិធី​ប្រកួត​គម្រោង​អាជីវកម្ម​នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លើក​ឡើង​ថា ការ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត នឹង​រួមចំណែក​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ខណៈ​កម្ពុជា កំពុង​ឆ្ពោះ​ទៅ​កាន់​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន នៅ​ចុង​ឆ្នាំ​២០១៥ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល