សមាគម​យុវជន​ជនជាតិ​ដើម​ភាគ​តិច​ប្រារព្ធ​មហា​សន្និបាត​លើក​ទី​៤​នៅ​ខេត្ត​រតនគិរី

ដោយ រដ្ឋា វិសាល
2015-12-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាគម​យុវជន​ជនជាតិ​ដើម​ភាគ​តិច​ស៊ីយ៉ា ប្រារព្ធ​មហា​សន្និបាត​លើក​ទី​៤ នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥។
សមាគម​យុវជន​ជនជាតិ​ដើម​ភាគ​តិច​ស៊ីយ៉ា ប្រារព្ធ​មហា​សន្និបាត​លើក​ទី​៤ នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Ratha Visal

តំណាង​យុវជន​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​ខេត្ត​ចំនួន​៨ និង​រាជធានី​ភ្នំពេញ មាន​គ្នា​សរុប​ជាង ៥០​នាក់ បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​មហា​សន្និបាត​សមាគម​លើក​ទី​៤ ដើម្បី​បូក​សរុប​លទ្ធផល​អនុវត្ត​ការងារ​សមាគម ការ​ធ្វើ​វិសោធនកម្ម​មាត្រា​ខ្លះ​នៃ​លក្ខន្តិកៈ​សមាគម និង​ជ្រើសរើស​ប្រធាន​សមាគម​អាណត្តិ​ទី​៤។

ពួក​គេ​រំពឹង​ថា យុវជន​ជនជាតិ​ដើម​កាន់​តែ​ច្រើន នឹង​ចូលរួម​បណ្ដាញ​បែប​នេះ ដើម្បី​ការពារ​អត្តសញ្ញាណ និង​បង្កើន​ចំណេះ​ដឹង​ដែល​អាច​តាម​ទាន់​ការ​អភិវឌ្ឍ​របស់​សង្គម។

តំណាង​សមាគម​យុវជន លើក​ឡើង​ថា យុវជន​ជនជាតិ​ដើម​ភាគ​តិច ភាគ​ច្រើន​នៅ​ពុំ​ទាន់​ទទួល​បាន​ការ​គាំទ្រ​ដែល​អាច​ឲ្យ​ពួក​គេ​រឹងមាំ មាន​សមត្ថភាព​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ និង​រក្សា​អត្តសញ្ញាណ​ពួក​គេ​នៅ​ឡើយ។

ថ្លែង​នៅ​ក្នុង​មហា​សន្និបាត​សមាគម​យុវជន​ជនជាតិ​ដើម​ភាគ​តិច ហៅ​កាត់​ថា ស៊ីយ៉ា ប្រធាន​សមាគម​ដែល​ជាប់​ឆ្នោត​ពីរ​អាណត្តិ​កន្លង​ទៅ គឺ​លោក ភាព សុជា កត់​សម្គាល់​ថា គោល​បំណង​នៃ​ការ​បង្កើត​សមាគម​នេះ គឺ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់​យុវជន​ជនជាតិ​ដើម​ភាគ​តិច ធ្វើ​យ៉ាង​ណា​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​រឹងមាំ រុងរឿង និង​អាច​ការពារ​វប្បធម៌​ប្រពៃណី សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច និង​ធនធាន​ធម្មជាតិ មាន​ដីធ្លី​ព្រៃ​ឈើ ជាដើម។ លើស​ពី​នេះ​ទៀត លោក​ទទួល​ស្គាល់​ថា ការ​បំពេញ​តួនាទី​ដឹក​នាំ​សហគមន៍ តែង​មាន​ឧបសគ្គ ប៉ុន្តែ​ការ​ចូលរួម​របស់​យុវជន គឺ​ជា​ចំណុច​ស្នូល​ដើម្បី​កែប្រែ​ភាព​អសកម្ម​ទាំងអស់​នោះ៖ «ការ​បញ្ជាក់​ពី​ស្មារតី​សាមគ្គី​ភាព​នៃ​សមាគម​របស់​យើង និង​ការ​ប្ដេជ្ញា​ខ្ពស់​របស់​យើង​ទាំងអស់​គ្នា ដើម្បី​ចូលរួម​ការ​សម្រេច​នៃ​ការ​កកើត​សមាគម​យើង​ដំបូង​តាំង​ពី​ឆ្នាំ​២០០៥ មក។ យើង​ចង់​ឲ្យ​សមាគម​យើង​រឹងមាំ រុងរឿង ការពារ​ផល​ប្រយោជន៍​ជនជាតិ​ដើម​ភាគ​តិច​មាន​តាំង​ពី​ដីធ្លី​ព្រៃ​ឈើ ជាដើម»

សមាគម​យុវជន​ជនជាតិ​ដើម​ភាគ​តិច បាន​រៀបចំ​មហា​សន្និបាត​លើក​ទី​៤ ទូទាំង​ប្រទេស​នៅ​ឯ​សាល​ប្រជុំ​នៃ​សណ្ឋាគារ សុល ឆេង ឋិត​ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ដោយ​មាន​រៀបចំ​ពិធី​សែន​ព្រេន និង​ការ​សម្ដែង​របាំ​បែប​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ដើម្បី​បើក​មហា​សន្និបាត។

តំណាង​យុវជន​ជនជាតិ​ដើម​ភាគ​តិច​ពណ៌ មក​ពី​ខេត្ត​ពោធិ៍សាត់ យុវជន​ជនជាតិ​ដើម​ភាគ​តិច​សួយ មក​ពី​ខេត្ត​កំពង់ស្ពឺ តំណាង​យុវជន​ជនជាតិ​ដើម​ភាគ​តិច​កួយ មក​ពី​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ តំណាង​យុវជន​ជនជាតិ​ដើម​ភាគ​តិច​ព្នង មក​ពី​ខេត្ត​មណ្ឌលគិរី ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង តំណាង​យុវជន​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង ចារ៉ាយ មក​ពី​ខេត្ត​រតនគិរី រួម​ទាំង​តំណាង​ជនជាតិ​ដើម​ភាគ​តិច​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​អញ្ជើញ​ចូលរួម​មហា​សន្និបាត​នេះ ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​អនុវត្ត​សកម្មភាព​សមាគម​តាម​បណ្ដា​ខេត្ត-រាជធានី​រៀងៗ​ខ្លួន។

មហា​សន្និបាត​នេះ ប្រារព្ធ​ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ ធ្នូ តាម​កម្មវិធី​រួម​មាន កម្មវិធី​គាំទ្រ​សហគមន៍ កម្មវិធី​ទំនាក់ទំនង និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ កម្មវិធី​គាំទ្រ​ការ​អប់រំ និង​បណ្ដាញ​យុវជន បង្ហាញ​ពី​សមិទ្ធផល និង​ផែនការ​បន្ត​របស់​សមាគម ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​របស់​សមាគម ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ការ​ប្រកួត​ប្រជែង​ផ្នែក​សិល្បៈ​របាំ​ជនជាតិ​ដើម​ភាគ​តិច និង​ដំណើរ​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​រតនគិរី។

តំណាង​ជនជាតិ​ដើម​កួយ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​ស៊ីយ៉ា លោក សៅ សុខកល រៀបរាប់​ថា កន្លង​ទៅ​នេះ ការ​ចងក្រង​សមាគម​នៅ​តាម​បណ្ដា​ខេត្ត ជាពិសេស​ការ​បង្កើត​ក្រុម​សន្សំ​ប្រាក់ បាន​ជួយ​ឲ្យ​យុវជន​ជនជាតិ​ដើម​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​តាម​រយៈ​ប្រាក់​សន្សំ​របស់​សមាជិក​នៅ​មូលដ្ឋាន។ ករណី​នេះ ជា​កត្តា​សំខាន់​ធ្វើ​ឲ្យ​យុវវ័យ​កាន់​តែ​ច្រើន បាន​ចូលរួម​ជា​សមាជិក​សមាគម​នៅ​ថ្នាក់​មូលដ្ឋាន។ លោក​សម្ដែង​មោទនភាព ខណៈ​ឃើញ​សមាជិក​ស៊ីយ៉ា ពង្រឹង​សាមគ្គី​ភាព​បាន​កាន់​តែ​ប្រសើរ៖ «យើង​ឃើញ​ការ​កើន​ឡើង​នៃ​យុវជន កើន​ឡើង​ទាំង​នៅ​តាម​សហគមន៍​ទាំង​នៅ​ទីក្រុង បាន​ទៅ​រៀន។ ចាប់​ផ្តើម​ចូលរួម​ទាំងអស់​គ្នា បច្ចុប្បន្ន​ឃើញ​ថា​មាន​គ្រួសារ​ស៊ីយ៉ា ទៀត»

រីឯ​យុវនារី​ជនជាតិ​គ្រឹង ជា​សមាជិក​សមាគម​ស៊ីយ៉ា មួយ​រូប​ថ្លែង​កត់​សម្គាល់​ថា សីលធម៌​សង្គម គឺ​ជា​កត្តា​សំខាន់​ដែល​យុវវ័យ​ជនជាតិ​ដើម​ភាគ​តិច​ត្រូវ​ប្រកាន់​យក និង​ត្រូវ​ចេះ​បត់​បែន​ការ​រស់នៅ​តាម​ភាព​ជាក់ស្តែង​ក្នុង​សង្គម។ កញ្ញា​អំពាវនាវ​សុំ​ឲ្យ​យុវវ័យ ចូលរួម​ជា​សមាគម​ស៊ីយ៉ា​បន្ថែម​ទៀត ដើម្បី​បន្ត​លើក​ស្ទួយ​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​ឲ្យ​កាន់​តែ​មាន​ភាព​ទាន់​សម័យ​បច្ចុប្បន្ន៖ «អ៊ីចឹង​ការ​រស់នៅ​របស់​យើង​មិន​ថា​ចាស់​ទុំ ឬ​មនុស្ស​យើង​ស្គាល់​មិន​ស្គាល់​ទេ សុជីវធម៌​យើង​ត្រូវ​មាន​ក្នុង​ខ្លួន​ជានិច្ច»

យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទំពួន រស់នៅ​ខេត្ត​រតនគិរី និង​ជា​សមាជិក​ស្ថាបនិក​សមាគម​ស៊ីយ៉ា លោក សុវណ្ណ ប៊ុនថៃ មាន​ប្រសាសន៍​ដែរ​ថា ១០​ឆ្នាំ​កន្លង​ទៅ​នេះ បញ្ហា​ប្រឈម​របស់​យុវវ័យ​ជនជាតិ​ដើម​ភាគ​តិច គឺ​ភាព​បោះបង់​ចោល​សាលា​រៀន​ដោយសារ​ជីវភាព​អ្នក​ភូមិ​ក្រីក្រ មិន​មាន​លទ្ធភាព​ឲ្យ​កូន​រៀន​បញ្ចប់​សាលា​មធ្យម​សិក្សា ឬ​បន្ត​ទៅ​រៀន​ថ្នាក់​ឧត្តម​សិក្សា​បាន។ ករណី​នេះ ធ្វើ​ឲ្យ​យុវជន​ជនជាតិ​ដើម​គ្មាន​សមត្ថភាព​រក​ការងារ​ធ្វើ ហើយ​យុវជន​ខ្លះ​ធ្លាក់​ខ្លួន​ប្រើប្រាស់ ឬ​ជួញ​ដូរ​គ្រឿង​ញៀន​ទៀត​ផង៖ «កន្លង​យើង​ឃើញ​ថា យុវជន​ជនជាតិ​ដើម​ភាគ​តិច​គាត់​ប្រឈម​ការ​ប្រើប្រាស់​គ្រឿង​ញៀន សេពសុរា គេចវេះ​ពី​សាលា​រៀន ដោយសារ​គ្មាន​ការ​លើក​ទឹក​ចិត្ត»

សមាគម​យុវជន​ជនជាតិ​ដើម​ភាគ​តិច បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៥។ រហូត​បច្ចុប្បន្ន សមាគម​នេះ​មាន​កំណើត ១០​ឆ្នាំ​ហើយ និង​មាន​សមាជិក​សរុប​ជិត ៧០០​នាក់​ជា​យុវជន និង​យុវនារី​ជនជាតិ​ដើម​ភាគ​តិច ១១​ក្រុម នៅ​ខេត្ត​ចំនួន​៨ បាន​ចូលរួម​គាំទ្រ និង​ដឹក​នាំ​សមាគម​ឆ្ពោះ​ទៅ​រក​ទិសដៅ​អភិវឌ្ឍន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល